តុលាការ​ខេត្ត​កំពង់ចាម បិទ​បញ្ចប់​ការ​ស៊ើបសួរ​​សំណុំ​​រឿង​រួម​គំនិត​ក្បត់ និង​ញុះញង់ របស់​សកម្មជន​បក្ស​ប្រឆាំង​ពីរ​នាក់​​នៅ​ស្រុក​បាធាយ

ដោយ វ៉ែន សុមេធ
2020-02-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហម វុទ្ធី (ឆ្វេង) និង​លោក ដុង សុវណ្ណារិទ្ធិ ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​បាធាយ ដែល​ត្រូវ​បាន​តុលាការ​ខេត្ត​កំពង់ចាម ដែល​សាលា​ដំបូង​ខេត្ត​កំពង់ចាម​បិទ​បញ្ចប់​ការ​ស៊ើបសួរ។
លោក ហម វុទ្ធី (ឆ្វេង) និង​លោក ដុង សុវណ្ណារិទ្ធិ ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​បាធាយ ដែល​ត្រូវ​បាន​តុលាការ​ខេត្ត​កំពង់ចាម ដែល​សាលា​ដំបូង​ខេត្ត​កំពង់ចាម​បិទ​បញ្ចប់​ការ​ស៊ើបសួរ។
រូប៖ ហ្វេសប៊ុក

សាលា​ដំបូង​ខេត្ត​កំពង់ចាម បាន​ជូន​ដំណឹង​ពី​ការ​បិទ​បញ្ចប់​ការ​ស៊ើបសួរ​ក្នុង​សំណុំ​រឿង​រួម​គំនិត​ក្បត់ និង​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​លើ​សកម្មជន​បក្ស​ប្រឆាំង ២នាក់​​នៅ​ស្រុក​បាធាយ។ អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​កំពង់ចាម​ជំរុញ​តុលាការ​ឱ្យ​ទម្លាក់​បទ​ចោទ​លើ​សកម្មជន​បក្ស​ប្រឆាំង​ទាំង​អស់​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ដាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​បាធាយ ដែល​ត្រូវ​បាន​តុលាការ​ខេត្ត​កំពង់ចាម បិទ​បញ្ចប់​ការ​ស៊ើបសួរ គឺ លោក ដុង សុវណ្ណារិទ្ធិ និង​លោក ហម វុទ្ធី។

លោក​មេធាវី សំ សុគង់ កាន់​ក្ដី​ឲ្យ​​​សកម្មជន​បក្ស​ប្រឆាំង​ទាំង​២​ឲ្យ​ដឹង​​ថា ក្រោយ​ការ​ជូន​ដំណឹង​នេះ ចៅក្រម​ស៊ើបសួរ មាន​សិទ្ធិ​ទម្លាក់​ចោល​បទ​ចោទ ឬ បញ្ជូន​សំណុំ​រឿង​ទៅ​ជម្រះ។ លោក​មេធាវី ជំរុញ​ឲ្យ​ចៅក្រម​ស៊ើបសួរ​ទម្លាក់​បទ​ចោទ​ប្រឆាំង​កូន​ក្ដី​លោក។

លោក សំ សុគង់ ឲ្យ​ដឹង​​ទៀត​ថា ក្នុង​ដំណាក់​កាល​ស៊ើបសួរ ប៉ុន្មាន​ខែ​មក​នេះ ចៅក្រម​បាន​សួរ​នាំ​កូន​ក្ដី​លោក តែ​កំឡុង​ពេល​ចាប់​ខ្លួន ដូច្នេះ​ការ​ស៊ើបសួរ​មាន​ថេរវេលា​តិច ហើយ​ណាមួយ​សំណុំ​រឿង​នេះ ជា​ប្រភេទ​នយោបាយ គួរ​តែ​ទទួល​បាន​ការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់៖ «ប៉ុន្តែ​នៅ​ក្នុង​រឿង​នេះ ខ្ញុំ​គិត​ថា វា​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ហើយ​កាល​ដែល​សម្រេច​ចុង​ក្រោយ ចៅក្រម​ស៊ើបសួរ​គួរ​តែ​ទម្លាក់​បទ​ចោទ​ឲ្យ​ពួកគាត់​ដើម្បី​ឲ្យ​ពួកគាត់​មាន​សេរីភាព​ពេញ​លេញ មាន​ពេល​វេលា​ក្នុង​ការ​រក​ស៊ី ចិញ្ចឹម​ជីវភាព​​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​ផង​ដែរ»

ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​កំពង់ចាម ឈ្មោះ លី ម៉ារីណា បាន​ជូន​ដំណឹង​ទៅ​លោក ដុង​សុវណ្ណារិទ្ធិ កាល​ពី​ថ្ងៃ​ទី​១៧ កុម្ភៈ​ថា សំណុំរឿង​បទ​ចោទ​រួម​គំនិត​ក្បត់ និង​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ បាន​​បិទ​បញ្ចប់​ការ​ស៊ើបសួរ​ហើយ។

ចំណែក លោក ហម វុទ្ធី មិន​ទាន់​ទទួល​បាន​លិខិត​ជូន​ដំណឹង​ពី​អាជ្ញាធរ​ទេ។ លោក ហម វុទ្ធី ប្រាប់​អាស៊ី​សេរី​ថា តុលាការ​ បាន​កោះហៅ​លោក​ឲ្យ​ទៅ​ទទួល​យក​លិខិត​តែ​មិន​ដឹង​លិខិត​អ្វី​ទេ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន តែ​ដោយសារ​លោក​រវល់ បាន​ឲ្យ​ប្រពន្ធ​ទៅ​យក​ជំនួស ហើយ​មន្ត្រី​តុលាការ​ប្រាប់​ថា បាន​ផ្ញើ​ទុក​នៅ​ស្នងការដ្ឋាន​ខេត្ត​ហើយ។ លោក ហម វុទ្ធី ថា លោក​មិន​ទាន់​មាន​ពេល​វេលា​ទៅ​យក​លិខិត​នោះ​ទេ។

សកម្មជន​បក្ស​ប្រឆាំង​លោក ដុង សុវណ្ណារិទ្ធិ និង​លោក ហម វុទ្ធី មិន​ទាន់​ហ៊ាន​បញ្ចេញ​មតិ ឬ​ទស្សនៈ​លើ​លិខិត​ជូន​ដំណឹង​របស់​តុលាការ​ខេត្ត​កំពង់ចាម​ទេ ដោយសារ​លោក​បារម្ភ​ពី​សុវត្ថិភាព នៅ​ពេល​តុលាការ​មិន​ទាន់​ទម្លាក់​បទ​ចោទ។

អាស៊ី​សេរី មិន​​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ប្រធាន​លេខាធិការដ្ឋាន និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​កំពង់​ចាម លោក ជុំ ណារ៉ាន់ បាន​ទេ នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ ដោយសារ​ទូរស័ព្ទ​រោទ៍​គ្មាន​អ្នក​ទទួល។

អាជ្ញាធរ​ខេត្ត​កំពង់​ចាម​បាន​ចាប់ និង​ឃុំ​ខ្លួន សកម្មជន​បក្ស​ប្រឆាំង​ចំនួន ១០នាក់ កាល​ពី​កំឡុង​មុន​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩។ មនុស្ស​ទាំង ១០នាក់ ទទួល​បាន​ការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​អស់​ហើយ តែ​មិន​ទាន់​ទទួល​បាន​ការ​ទម្លាក់​បទ​ចោទ​ប្រកាន់​ទេ។

បុគ្គលិក​អង្កេត​សមាគម​សិទ្ធិ​មនុស្ស អាដហុក ប្រចាំ​ខេត្ត​កំពង់ចាម និង​ត្បូងឃ្មុំ លោក ឡេង សេង​ហាន សង្កេត​ឃើញ​ថា ការ​ចាប់​ខ្លួន ចោទ​ប្រកាន់​ប្រឆាំង​នឹង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពង់​ចាម​កន្លង​មក គឺជា​រឿង​នយោបាយ ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។ លោក សំណូម​ពរ​ឲ្យ​តុលាការ​ទម្លាក់​ចោទ​បទ​ចោទ​ប្រកាន់​លើ​សកម្មជន​បក្ស​ប្រឆាំង​ទាំង​នោះ​ដើម្បី​ឲ្យ​ពួកគេ​មាន​ភាព​កក់ក្ដៅ​​និង​ទទួល​បាន​សេរីភាព​ពេញ​លេញ ក្នុង​​ការ​ធ្វើ​សកម្មភាព​​តាម​ផ្លូវ​​ច្បាប់៖ «យើង​មើល​ឃើញ​អ្នក​ទាំង២ ដូចជា​មិន​មាន​អ្វី​ត្រូវ​ប្រព្រឹត្តិ​ឬ​ក៏​ត្រូវ​លាក់​បាំង​ដូច អ្វី​ដែល​តុលាការ​បាន​ចោទ។ រហូត​មក​ដល់​ថ្ងៃ​នេះ អ្វី​ដែល​តុលាការ​ចោទ​ប្រកាន់​វា​អត់​មាន​ព្រឹត្តិការ​អ្វី​កើត​ឡើង»

កាល​ពី​យុទ្ធនាការ​បង្ក្រាប​សកម្មជន​បក្ស​ប្រឆាំង ដើម្បី​រារាំង​ការ​ប្រមូល​ពលរដ្ឋ ទៅ​ទទួល​ដំណើរ​មាតុភូមិ​និវត្តន៍​របស់ លោក សម រង្ស៊ី នៅ​ឆ្នាំ២០១៩ របប​ក្រុង​ភ្នំពេញ បាន​ចាប់​ខ្លួន​សកម្មជន​របស់​គណ​បក្ស​ប្រឆាំង​ជិត ១០០នាក់ ដាក់​ឃុំ​ក្នុង​ពន្ធនាគារ ដោយ​ចោទ​ថា បាន​រួម​គំនិត​ជាមួយ​លោក សម រង្ស៊ី មាន​បំណង​បំផុស​ពលរដ្ឋ​ឲ្យ​ប្រឆាំង​របប​ក្រុង​ភ្នំពេញ។

មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង ជាង ៧០នាក់ ត្រូវ​បាន​ដោះលែង​តែ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​អនុវត្ត​លក្ខខណ្ឌ ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន តាម​បទ​បញ្ជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។ ប៉ុន្តែ​មេដឹកនាំ​រូប​នេះ​ហាមមិន​ឲ្យ​មន្ត្រី​ក្រសួង​យុត្តិធម៌ សម្រប​សម្រួល​ឲ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​លើ​សកម្មជន​បក្ស​ប្រឆាំង ទាំង​នោះ​ទេ ប៉ុន្តែ​លោក​ថា ស្រេច​លើ​តុលាការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល