តុលាការ​ខេត្ត​កំពង់ស្ពឺ ចោទ​ប្រកាន់​សកម្មជន​បក្ស​ប្រឆាំង ១១នាក់​

ដោយ ថន ថារ៉ូ
2019-10-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ
សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ
RFA Photo

តុលាការ​ខេត្ត​កំពង់ស្ពឺ ចោទ​ប្រកាន់​សកម្មជន​បក្ស​ប្រឆាំង ១១នាក់​ ​ពាក់ព័ន្ធ​នឹង​ការ គាំទ្រ​ផែនការ​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​របស់​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ។ សកម្មជន​បក្ស​ប្រឆាំង​ចាត់​ទុក​ថា ដីកា​ចោទ​ប្រកាន់​នេះ​គ្មាន​តម្លៃ​ឡើយ ហើយ​ពួក​គេ​នៅ​តែ​ប្តេជ្ញា​ចូលរួម​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​ដដែល

អយ្យការ​អម​​របស់​តុលាការ​ខេត្ត​កំពង់ស្ពឺ ចោទ​ប្រកាន់​សកម្មជន​បក្ស​ប្រឆាំង​ ១១នាក់ នៅ​ក្នុង​ខេត្ត​នេះ ​ពី​បទ «រួម​គំនិត​ក្បត់»

សកម្មជន​​ទាំង​នោះ រួម​មាន​ប្រធាន​ចលនា​ស្ត្រី​ខេត្ត អ្នកស្រី គុណ ម៉ាច អនុ​ប្រធាន​ប្រតិបត្តិ​ខេត្ត​កំពង់ស្ពឹ លោក ហុង ថេង និង​​លោក អ៊ុំ វីរៈរដ្ឋ លោក ឈឹម ម៉ារឌី អ្នកស្រី ជុំ សោភ័ណ្ឌ ព្រម​ទាំង​សកម្មជន​ចំនួន ៦នាក់​ផ្សេង​ទៀត។ ក្នុង​ចំណោម​នេះ​មាន​សកម្មជន​ម្នាក់ ឈ្មោះ ឈឹម ម៉ារឌី ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ កាល​ពី​ថ្ងៃ​ទី១០ ខែ​តុលា​កន្លង​ទៅ។

អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលាដបូង​ខេត្ត​កំពង់ស្ពឺ លើក​ឡើង​ក្នុង​សេក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី៣០ ខែ​តុលា​ថា ការ​ចោទ​ប្រកាន់​សកម្មជន​ទាំង ១១នាក់​នេះ គឺ​ដោយសារ​ពួក​គេ​បាន​សរសេរ​បង្ហាញ​ជំហរ ច្បាស់លាស់​នៅ​លើ​ហ្វេសបុក (Facebook) និង​ក្នុង​ក្រុម​ទំនាក់ទំនង​ហ្វេសបុក (Messenger Group) ឈ្មោះ «កំពង់ស្ពឺ​ប្រជាធិបតេយ្យ» ដែល​មាន​ខ្លឹមសារ​វាយ​ប្រហារ​រាជ​រដ្ឋាភិបាល បំផុសបំផុល ញុះញង់ ឃោសនា កៀរគរ ឱ្យ​មហាជន​ចូលរួម​ក្នុង​ផែនការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​របស់​លោក សម រង្ស៉ី។

ប្រធាន​ចលនា​ស្ត្រី​ខេត្ត​កំពង់ស្ពឺ អ្នកស្រី គុណ ម៉ាច មាន​ប្រសាសន៍​ថា ដីកា​ចោទ​ប្រកាន់​នេះ​គឺ ជា​រឿង​នយោបាយ​ ​ក្នុង​បំណង​គំរាម​កំហែង​បំបាក់​ស្មារតី​សកម្មជន​បក្ស​ប្រឆាំង មិន​ផ្អែក​លើ​ផ្លូវ​ច្បាប់​នោះ​ទេ។ ទោះ​យ៉ាង​ណាក្ដី អ្នកស្រី និង​សកម្មជន​ដទៃ​ទៀត បាន​ប្តេជ្ញា​ចិត្ត​រួច​ហើយ​ថា នឹង​នៅ​តែ​ចូលរួម​គាំទ្រ និង​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​វិញ ដោយ​គ្មាន​ខ្លាច​រអា​ឡើយ ទោះ​ជា​មាន​​​ដីកា​ចោទ​ប្រកាន់​ជា​បន្ត​បន្ទាប់​នេះ​​ក្ដី។ អ្នកស្រី​បញ្ជាក់​​ថា បច្ចុប្បន្ន​សកម្មជន​ភាគ​ច្រើន​កំពុង​រស់​នៅ​ទីកន្លែង​មាន​សុវត្ថិភាព ដើម្បី​រក្សា​កម្លាំង​ត្រៀម​ចូលរួម​អម​ដំណើរ​លោក សម រង្ស៊ី ឲ្យ​បាន​ច្រើន​កុះករ៖ «ការ​ចេញ​ដីការ​នេះ​គឺ​តម្លៃ​តុលាការ​អន់​បំផុត​ ដោយសារ​តែ​ដីកា វា​ច្រើន​ហួស​ហេតុ​ ដូច​ជា​អ្នក​ខ្លះ​មិន​បាន​ធ្វើ​ស្អី​ផង​ មក​ចេញ​ដីការ​ចោទ​ប្រកាន់​សុទ្ធតែ​រួម​គំនិត​ក្បត់​ជាតិ។ ការ​ចោទប្រកាន់​ក្បត់ជាតិ​នេះ​ មិន​មែន​ជា​រឿង​ធម្មតា​ទេ​ មនុស្ស​ម្នា​ក់ៗ​ក្បត់ជាតិ​ទាល់​តែ​លក់​ ទឹក​លក់​ដី​កាត់ទឹក​កាត់​ដី​ឲ្យ​ជន​បរទេស​ ឬក៏​ផ្តល់​សញ្ជាតិ​ឲ្យ​ជន​បរទេស​ ទើប​គេ​ហៅ​ថា​ រួមគំនិតក្បត់​ជាតិ​ ប៉ុន្តែ​ពួក​យើង​ខ្ញុំ​ជា​អ្នក​ស្នេហា​ជាតិ​ ជា​អ្នក​ស្រឡាញ់​ទឹក​ដី​ពិត​ប្រាកដ​ ដែល​គ្រាន់​តែ​តស៊ូ​មតិ​ ដើម្បី​ប្រទេស​ជាតិ​ ស៊ូ​លះ​បង់​ពេល​វេលា​ ប្រាក់​កាស​ និង​អាយុ​ជីវិត​ ដើម្បី​ប្រទេស​ជាតិ​ បែរជា​តុលាការ​ចោទ​ប្រកាន់​ខ្ញុំ​ទៅវិញ»

គិត​ត្រឹម​រសៀល​ថ្ងៃ​ទី៣០ ខែ​តុលា មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៥៧នាក់​ហើយ ដែល​ត្រូវ​របប​លោក ហ៊ុន សែន ចាប់​ និង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ហើយ​មាន​សកម្មជន​ ១៩៩នាក់​ផ្សេង​ទៀត ត្រូវ​បាន​កោះ​ហៅ​ទៅ​បំភ្លឺ និង​សមត្ថកិច្ច​តាម​ចាប់​ខ្លួន ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​ច្បាស់ លាស់។ ក្រៅ​ពី​នេះ​ ក៏​មាន​សកម្មជន​បក្ស​ប្រឆាំង​ជា​ច្រើន​នាក់​ទៀត​ បាន​រត់​ភៀស​ខ្លួន​រក​កន្លែង​មាន​សុវត្ថិភាព ដើម្បី​គេច​ចេញ​ពី​ការ​តាម​យាយី និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ឬ​ចាប់​ខ្លួន​ពី​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ។

នាយ​ករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ទិដ្ឋភាព​បច្ចុប្បន្ន​នេះ ទោះ​បី​ជា​រដ្ឋាភិបាល​យក​ប្រព័ន្ធ​តុលាការ​មក​អនុវត្ត​ក្នុង​ការ ចាប់ និង​ចោទ​ប្រកាន់​សកម្មជន​បក្ស​ប្រឆាំង​ក៏​ដោយ ក៏​​មជ្ឈដ្ឋាន​ទូទៅ​មើល​ឃើញ​ថា នេះ​​ជា​រឿង​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។ លោក​បន្ត​ថា ករណី​នេះ ជះ​ឥទ្ធិពល​មិន​ល្អ​នោះ​ទេ សម្រាប់​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា ដែល​​រង​ការ​​​រិះគន់​ស្រាប់​ទៅ​ហើយ​​ថា ជា​ប្រព័ន្ធ​យុត្តិធម៌​គ្រាន់​តែ​ជា​ឧបករណ៍​បម្រើ​នយោបាយ​បក្ស​កាន់​អំណាច។ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ នៅ​តែ​ទទូច​ឲ្យ​​មេដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះ​ជាតិ វិល​ចូល​តុ​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ​ដោយ​សន្តិវិធី ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់​និន្នាការ​នយោបាយ​អាច​រស់​នៅ​ជាមួយ​គ្នា​បាន ​ដោយ​សុខដុមរមនា៖ «យើង​ឃើញ​ថា​ ជា​ការ​គំរាម​កំហែង​ បំភិត​បំភ័​បំបាក់​ស្មារតី​ដើម្បី​ ទប់ស្កាត់​កុំ​ឲ្យ​គាំទ្រ​លើ​ផែនការ​វិល​ត្រឡប់​មក​វិញ​របស់​អតីត​គណបក្ស​សង្គ្រោះ​​ជាតិ។ ខ្ញុំ​យល់​ថា ការ​ចោទ​ប្រកាន់​ និង​ការ​ចាប់​ខ្លួន​បន្ថែម​ទៀត​នេះ​ វា​ជា​ស្ថានភាព​មួយ​មិនល្អ​សម្រាប់​កម្ពុជា​នោះ​ទេ។ សហគមន៍​អន្តរជាតិ​ មាន​សហ​គម​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​ ដែល​គេ​ទាមទារ​ឲ្យ​យើង​គោរព​នូវ​ គោល​ការណ៍​លិទ្ធិ​ប្រជាធិបតេយ្យ​ ដោយ​គេ​បាន​ដាក់​លក្ខខណ្ឌ​ក្នុង​ការ​ផ្អាក់​ ឬក៏​ព្យូរ EBA ហើយ​យើង​បារម្ភ​ដល់​ GSP ទៀត»

គិត​ត្រឹម​ថ្ងៃ​ទី៣០ តុលា នៅ​សល់​តែ ១០ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដល់​ថ្ងៃ​ដែល​លោក សម រង្ស៊ី និង​មន្រ្តី​បក្ស​ប្រឆាំង​ប្រកាស​វិល ចូល​ស្រុក​ខ្មែរ​វិញ​ហើយ។ ប្រទេស​ថៃ គឺ​ជា​គោលដៅ​សំខាន់ ដែល​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា នឹង​ដឹក​នាំ​អ្នក​គាំទ្រ​វិល​ចូល​ប្រទេស​កម្ពុជា​តាម ច្រក​ព្រំដែន។ មន្រ្តី​សន្តិសុខ​ថៃ បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ថៃ នឹង​មិន​ចាប់​ខ្លួន មន្រ្តី​បក្ស​ប្រឆាំង តាម​ការ​ស្នើសុំ​របស់​ភាគី​របប​ក្រុង​ភ្នំពេញ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល