សារ​នយោបាយ​មេ​បក្ស​កាន់អំណាច និង​មេ​ដឹកនាំ​បក្ស​ប្រឆាំង​ក្នុង​ឆ្នាំ​២០២០

ដោយ សុ ជីវី
2019-12-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ឆ្វេង) លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។
(ឆ្វេង) លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។
Photo courtesy of their Facebook

មេដឹកនាំ​គណបក្ស​កាន់​អំណាច និង​ប្រធាន​គណបក្ស​ប្រឆាំង បាន​សរសេរ​សារ​ជូនពរ​ពលរដ្ឋ​នាឱកាស​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​២០២០ តាមរយៈ​ហ្វេសប៊ុក​របស់​ពួកគេ នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ឆ្នាំ ២០១៩ ប៉ុន្តែ ពួកគេ​មិនបាន​បង្ហាញ​ការ​ព្យាយាម​បញ្ចប់​វិបត្តិ​នយោបាយ​ដែល​អូស​បន្លាយ​មួយ​ឆ្នាំ​កន្លង​មក​នេះ​ទេ។

សារ​មេដឹកនាំ​បក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង​មាន អត្ថន័យ​ស្រដៀង​គ្នា គឺ​ចង់​ឃើញ​កម្ពុជា​មាន​សុខ​សន្តិភាព និង ប្រជាពលរដ្ឋ​រស់នៅ​បាន​សុខ​សប្បាយ​។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​កំពុង​ជាប់​បម្រាម​តុលាការ បាន​សរសេរ​សារ​ដ៏​កម្រ​លើ​ហ្វេសប៊ុក នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ផ្ដើម​ដោយ​ពាក្យ សួស្ដី​ឆ្នាំ​ថ្មី ២០២០។

ប្រធាន​គណបក្សប្រឆាំង​រូប​នេះ ក៏​បួងសួង​សូម​ឱ្យ​ទសវត្សរ៍​ថ្មី​នេះ​នាំមក​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី ដែល​នាំ​កម្ពុជា​ឆ្ពោះ​ទៅ​រក​សន្តិភាព​ពិតប្រាកដ និង​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​ទទួល​បាន​សេចក្តី​សុខ​ទាំង​កាយ​និង​ចិត្ត​។​

ចំណែក​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន វិញ​ក្នុង​សារ​ជូនពរ​ឆ្នាំ​ថ្មី មិន​ភ្លេច​អួតអាង​ថា ប្រទេស​មាន​សុខ​សន្តិភាព​គឺ​ផ្តល់​ឱកាស​ឱ្យ​ប្រជា​ពលរដ្ឋ ធ្វើដំណើរ​កម្សាន្ត​សប្បាយ​ឆ្ងាយ​ជិត ទាំង​នៅ​ក្នុង និង​ក្រៅ​ប្រទេស ជាពិសេស​នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ដោយ​គ្មាន​ការ​បារម្ភ​ភ័យ​ព្រួយ។

ប៉ុន្តែ អ្នកវិភាគ​នយោបាយ គឹម សុខ យល់​ថា ឆ្នាំ​២០២០ នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​ភាព​តានតឹង និង​ពោរពេញ​ដោយ​ភាព​ស្មុគស្មាញ​ក្នុង​ចិត្ត ត្បិត​លោក ហ៊ុន សែន ជា​អ្នកដឹកនាំ​ប្រទេស នៅតែ​បន្ត​ធ្វើទុក្ខបុកម្នេញ​លើ​គណបក្សប្រឆាំង​ដដែល​ដើម្បី​រក្សា​អំណាច​របស់​ខ្លួន​។ លោក​បន្ត​ថា បញ្ហា​ធំៗ​នឹង​កើតមាន​ដូចជា​ការ​ជាប់​គាំង​នយោបាយ​នៅតែ​បន្ត​កើតមាន​ដដែល កម្ពុជា​ប្រឈម​នឹង​ការ​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ ដូចជា​បញ្ហា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​EBA ជាដើម៖ «ភាព​ត្រាំត្រែង​នៃ​ស្ថានការណ៍​ដ៏​តឹងតែង​នយោបាយ​គឺ​ស្ថិត​ក្នុង​អំណាច​ហួងហែង​ដោយ​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​ដដែល​ពីព្រោះ​ស្ថានភាព​នៅតែ​ច្របូកច្របល់​តឹងតែង​នៅ​ឡើយ​ណា»។​

ដោយឡែក ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី វិញ ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា គណបក្ស​នេះ នឹង​ធ្វើ​យុទ្ធសាស្ត្រ​នយោបាយ​សម្រាប់​ឆ្នាំ​២០២០​ ខាងមុខ ក្រោយ​ពេល​គណៈកម្មការ​​អឺរ៉ុប ធ្វើ​សេចក្តី​សម្រេច​ចិត្ត​នៅ​ខែ​កុម្ភៈ​ខាងមុខនេះ​។ លោក សង្ឃឹមថា នៅ​ឆ្នាំ ២០២០ នឹង​មាន​ព្រឹត្តិការណ៍​វិជ្ជមាន​កើតឡើង​ដោយសារតែ​គំនាប​សេដ្ឋកិច្ច និង​នយោបាយ​ពី​សហគមន៍​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល