បក្ស​បង្កើត​ថ្មី​ដើរ​អូស​ទាញ​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​បាត់ដំបង​ចូល​រួម​ធ្វើ​នយោបាយ​ជា​មួយ​បក្ស​ខ្លួន

ដោយ មាន ឫទ្ធិ
2020-05-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​មន្ត្រី និង​អ្នក​គាំទ្រ​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ នៅ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង។ រូប៖ ហ្វេសប៊ុក​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ
ក្រុម​មន្ត្រី និង​អ្នក​គាំទ្រ​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ នៅ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង។ រូប៖ ហ្វេសប៊ុក​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ
រូប៖ ហ្វេសប៊ុក​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​បាត់ដំបង​អះអាង​ថា ​មន្ត្រី​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ​ដែល​ទើប​បង្កើត​ថ្មី ចាប់​ផ្ដើម​ដើរ​អូស​ទាញ​សកម្មជន​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន​ឱ្យ​ចូល​រួម​​ធ្វើ​នយោបាយ​ជា​មួយ​គណបក្ស​នេះ​ជា​បន្តបន្ទាប់។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​ការងារ​បោះ​ឆ្នោត យល់​ថា បរិបទ​នយោបាយ​សព្វ​ថ្ងៃ​នេះ ក្រៅ​អំពី​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​មាន​គណបក្ស​ណា​មាន​លទ្ធភាព​អាច​ប្រកួត​ប្រជែង​​យក​ឈ្នះ​គណបក្ស​កាន់​អំណាច​នោះ​ទេ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា សកម្មជន​គណបក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន ​នៅ​ក្នុង​ស្រុក​របស់​លោក​នៅ​តែ​ស្មោះ​ស្ម័គ្រ​​​ជា​មួយ​​គណបក្ស​លោក​ដដែល។ ជំទប់​ទី១ ឃុំ​ព្រែក​នរិន្ទ ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​​ស្រុក​ឯកភ្នំ​ខេត្ត​បាត់ដំបង​ លោក សុខ សុភ័ក្រ ថ្លែង​នៅ​ថ្ងៃ​ទី២៧ ឧសភា​ថា មន្ត្រី​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ​ឈ្មោះ ហ៊ុយ ហ៊ាង បាន​​មក​ចែចូវ​លោក​ និង​សកម្មជន​ដទៃ ​ក្នុង​ឃុំ​ជា​មួយ​គាត់​ ឱ្យ​បោះ​បង់​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​ ហើយ​ងាក​មក​រួម​រស់​​ជា​មួយ​គណបក្ស​​បង្កើត​ថ្មី​របស់​គេ​វិញ៖ «ហើយ​បើ​ម្នាក់​ទៅ​បង្កើត​គណបក្ស​ក្នុង​ស្ថានភាព​​សេដ្ឋកិច្ច​អត់​សឹង​តែ​រក​បាយ​​ស៊ី​គ្មាន​អីចឹង​ទៅ​បង្កើត​គណបក្ស​​មាន​ន័យ​យ៉ាង​ម៉េច?។ ខ្ញុំ​អត់​យល់​ទៅ​បង្កើត​គណបក្ស​ហ្នឹង​មិន​ថា​យក​អី​ បើ​ប្រជាពលរដ្ឋ​គាត់​ចេះ​ដឹង​គាត់​ស្គាល់​​នីតិវិធី​ក្នុង​ការ​បោះ​ឆ្នោត​ ហើយ​គាត់​ផ្ដួចផ្ដើម​ចង់​បោះ​ឆ្នោត​ហ្នឹង​​រួច​បាត់​ទៅ​ហើយ​ ទៅ​បង្កើត​ធ្វើ​យ៉ាង​ម៉េច​បាន​សន្លឹក​ឆ្នោត»

ចំណែក​​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​មោង​ឫស្សី លោក អ៊ុត ជឿន​ វិញ​ មាន​ប្រសាសន៍​ថា ​​មន្ត្រី​របស់​គណបក្ស​ដែល​ទើប​បង្កើត​ថ្មី​នេះ ក៏​លួងលោម​លោក​ឱ្យ​ទៅ​រួម​រស់​ជា​មួយ​គេ​ដែរ​ ក៏​ប៉ុន្តែ​​លោក​​មិន​​បាន​ចូល​រួម​តាម​ការ​អំពាវនាវ​នោះ​​ទេ​។​លោក​បញ្ជាក់​ថា ​មូលហេតុ​ដែល​​លោក​មិន​​ធ្វើ​នយោបាយ​ជា​មួយ​គណបក្ស​នេះ ពីព្រោះ​​​ជា​ក្រុម​មនុស្ស​ឱកាស​និយម​​ ធ្វើ​នយោបាយ​​ដើម្បី​បម្រើ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ៖ «ចំពោះ​ប្រជាពលរដ្ឋ​និយាយ​ឱ្យ​ចំ​សកម្មជន​​គេ​សំដៅ​ទៅ​លើ​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ តែ​ពួក​ខាង​សកម្មជន​ហ្នឹង​គាត់​ដូច​ជា​មាន​បទពិសោធន៍​ គាត់​ធុញទ្រាន់​ហ្នឹង​នយោបាយ​ ថា​មិន​ទៅ​គណបក្ស​ណា​ទាំង​អស់​ គាត់​នៅ​ធ្វើ​​ជា​ពលរដ្ឋ​ធម្មតា​ស្រួល​ជាង​ គាត់​លែង​ខ្វល់ខ្វាយ​ហើយ»

ឆ្លើយតប​នឹង​បញ្ហា​នេះ មន្ត្រី​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ លោក ហ៊ុយ ហ៊ាង ប្រាប់​អាស៊ី​សេរី​ថា គណបក្ស​របស់​លោក គឺ​ជា​ជម្រើស​ថ្មី ដើម្បី​ជួយ​ស្រោចស្រង់​ដល់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ឱ្យ​បាន​ចូល​ធ្វើ​នយោបាយ​​ឡើង​វិញ​។​លោក​បន្ត​ថា ​គណបក្ស​សង្គ្រោះ​ជាតិ ​មិន​អាច​រស់​ឡើង​វិញ​បាន​ទេ ដូច្នេះ​ហើយ​បាន​ជា​ពួក​លោក​រួម​កម្លាំង​អ្នក​ស្នេហាជាតិ​បង្កើត​គណបក្ស​ថ្មី​នេះ​ឡើង ដើម្បី​ចូល​រួម​ប្រកួតប្រជែង​នយោបាយ​ជា​មួយ​គណបក្ស​កាន់​អំណាច​នៅ​ពេល​ខាង​មុខ៖ «យើង​បើក​ចំហ​ក្នុង​នាម​យើង​ដែល​ជា​អ្នក​ប្រជាធិបតេយ្យ​ យើង​ត្រូវ​តែ​ប្រមូល​មតិ​គ្នា ដើម្បី​តស៊ូ មតិ​ធ្វើ​ការងារ​បន្ត​ យើង​មិន​អាច​រង់​ចាំ​បាន​ទេ។ ខ្ញុំ​ឧទាហរណ៍​តែ​មួយ​ទេ​​បើ​មេ​បញ្ជាការ​ហ្នឹង​លោក​រង​របួស ឬ​ក៏​យ៉ាង​ម៉េច​ត្រូវ​មាន​មេ​បញ្ជាការ​រង​ហ្នឹង​ងើប​តស៊ូ​ ហើយ​ខ្ញុំ​ទាញ​ឧទាហរណ៍​តែ​មួយ​ទេ​នៅ​ពេល​ដែល​យើង​ធ្វើ​សង្គ្រាម​ តើ​សុខ​ចិត្ត​ចាញ់​សមរភូមិ​ឬ​ក៏​សុខ​ចិត្ត​ចាញ់​សង្គ្រាម»

លោក​បន្ត​ថា ក្រសួង​មហា​ផ្ទៃ​បាន​ទទួល​ស្គាល់​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ​ជា​គណបក្ស​នយោបាយ នៅ​ថ្ងៃ​ទី២ ខែ ​កុម្ភៈ ឆ្នាំ២០២០ ហើយ​លោក ជីវ កត្តា ជា​ប្រធាន​បណ្ដោះ​អាសន្ន​របស់​គណបក្ស​មួយ​នេះ។លោក​ថា គណបក្ស​នេះ​មាន​សមាជិក ៨០នាក់​ដំបូង បាន​ឈរ​ឈ្មោះ​ជា​ស្ថាបនិក​របស់​គណបក្ស។

ទោះ​ជា​យ៉ាង​ណា​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ ខុមហ្រែល (Comfrel) លោក កង សាវាង្ស មាន​ប្រសាសន៍​ថា ការ​បង្កើត​គណបក្ស​នយោបាយ​ជា​សិទ្ធ​សេរីភាព​របស់​ប្រជាពលរដ្ឋ ក៏​ប៉ុន្តែ​ការ​សម្រេច​បោះ​ឆ្នោត​ជូន​គណបក្ស​ណា​មួយ​នោះ ​ជា​សិទ្ធិ​របស់​ម្ចាស់​ឆ្នោត​។​លោក​កត់សំគាល់​ទៀត​​ថា ​​ចាប់​តាំង​ពី​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មក មិន​ទាន់​មាន​គណបក្ស​ណា​មួយ​​​មាន​ប្រជាពលរដ្ឋ​គាំទ្រ​ច្រើន ដែល​អាច​​មាន​កម្លាំង​ប្រកួតប្រជែង​ជា​មួយ​គណបក្ស​កាន់​អំណាច​បាន​នៅ​ឡើយ​ទេ៖ «ប្រជាពលរដ្ឋ​គួរ​ជ្រើស​អ្នក​នយោបាយ​ឬ​គណបក្ស​នយោបាយ​ ឬ​ក៏​សម្រេច​ចិត្ត​បែប​ណា​ ដើម្បី​ឱ្យ​អ្នក ដែល​យើង​បាន​ជ្រើស​យើង​ហ្នឹង​បម្រើ​យើង​ពិតប្រាកដ​ មាន​ន័យ​ឆន្ទៈ​ក្នុង​ការ​​ជួយ​គិត​គួរ​បញ្ហា​របស់ ដូច​ការ​សួរ​សុខទុក្ខ​យើង​ពិត​ប្រាកដ។ អីចឹង​បាន​តែ​ប្រជាពលរដ្ឋ​​ខ្លួន​ឯង​ទេ​ ធ្វើ​តាម​ដាន​ហើយ​វិនិច្ឆ័យ ហើយ​កុំ​ឱ្យ​ការ​វិនិច្ឆ័យ​របស់​ខ្លួន​ឯង​​ទៅ​តាម​អ្នក​ដទៃ»

មក​ទល់​ពេល​នេះ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បាន​លើក​ស្លាក​ចំនួន ៧ខេត្ត​រួច​មក​ហើយ រួម​មាន​ ខេត្ត​បាត់ដំបង កំពង់ធំ ពោធិ៍សាត់ សៀមរាប ​និង​ខេត្ត​កំពង់ចាម បន្ទាយមានជ័យ​ និង​ត្បូងឃ្មុំ។

ទោះ​ជា​យ៉ាង​ណា លោក កង សាវាង្ស កត់​សំគាល់​ថា សព្វ​ថ្ងៃ​នេះ ​គណបក្ស​នយោបាយ មិន​ងាយ​បោក​បញ្ឆោត​ទាញ​ការ​គាំទ្រ​ពី​ពលរដ្ឋ​បាន​ដូច​ពេល​មុន​នោះ​ទេ ពីព្រោះ​ពួកគាត់​បាន​ឆ្លងកាត់​បទ​ពិសោធ​ការ​បោះ​ឆ្នោត​យ៉ាង​ជោកជាំ​រួច​មក​ហើយ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល