មតិ​ពលរដ្ឋ​ជុំវិញ​សវនាការ កាត់​ក្ដី លោក កឹម សុខា នៅ​ថ្ងៃ​ដំបូង

ដោយ ថន ថារ៉ូ
2020-01-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ផ្ដល់​បទសម្ភាសន៍​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ក្នុង​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ផ្ដល់​បទសម្ភាសន៍​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ក្នុង​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។
RFA

ពលរដ្ឋ យុវជន និង​ព្រះសង្ឃ សុទ្ធតែ​អះអាង​ថា ពួកគេ​មិន​ជឿ​ថា លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រព្រឹត្តិ​កំហុស ដូច​ការចោទប្រកាន់​ឡើយ​។ ពួកគេ​ថា របប​ក្រុងភ្នំពេញ ជា​អ្នក​ប្រឌិត​បទ​ចោទ​ប្រឆាំង លោក កឹម សុខា ហើយ​បំបិទ​សិទ្ធិ​មន្ត្រី​បក្ស​ប្រឆាំង រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​សម្ដែង​ឆាកល្ខោន បើកសវនាការ លោក កឹម សុខា។

យុវជន​រស់នៅ​ខេត្ត​កំពង់ធំ​ម្នាក់ លោក ឆាយ ចែង លើកឡើង​ថា ជាង​២​ឆ្នាំ​មកនេះ លោក និង​ពលរដ្ឋ​ផ្សេង សុទ្ធតែ​មិន​ជឿ​លើ​បទ​ចោទ​ប្រឆាំង​លោក កឹម សុខា។ លោក​អះអាង​ថា បទ​ចោទ​ប្រឆាំង​លោក កឹម សុខា គឺជា​ចេតនា​នយោបាយ ដូច្នេះ​ករណី​លោក កឹម សុខា មិន​អាច​បញ្ចប់ តាម​ផ្លូវ​តុលាការ​ទេ គឺ​ទាល់​តែ​មាន​ការចរចា ដោះដូរ​នយោបាយ ឬ​សម្របសម្រួល​នយោបាយ​។​

ទោះ​យ៉ាង​ណា លោក​ចង់​ឱ្យ​គណបក្ស​នយោបាយ​ទាំង​២ ប្រញាប់​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ ហើយ​ស្នើសុំ​ឱ្យ​មានការ​ផ្ដល់​សេរីភាព​ពេញ​ទី ឱ្យ​លោក កឹម សុខា ឡើងវិញ ដើម្បី​រួបរួម​គ្នា​កសាង​ជាតិ​មាតុភូមិ​កម្ពុជា៖ «មិនមែន​ជា​បទល្មើស​អ្វី ដែល​លោក កឹម សុខា គាត់​បាន​ប្រព្រឹត្តិ​ទេ​។ គឺ​ទាក់ទង​ទៅ​នឹង​រឿង​នយោបាយ ទាក់ទង​ទៅ​នឹង​រឿង​នយោបាយ​។ អ៊ីចឹង​ទេ សុំ​ឱ្យ​តុលាការ ទម្លាក់​ចោល​បទ​ចោទ​ទៅលើ​រូប​គាត់​ទាំងស្រុង និង​ប្រគល់​សិទ្ធិ​ធ្វើ​នយោបាយ ក៏ដូចជា​ប្រគល់​សិទ្ធិ ឱ្យ​ពលរដ្ឋ​នៅ​ទូទៅ​ទូទាំង​ប្រទេស ដែល​ធ្លាប់​គាំទ្រ​លោក កឹម សុខា កន្លងមក​ហ្នឹង ឱ្យ​គាត់​មាន​សិទ្ធិ​មាន​សេរីភាព​ទាំងអស់​គ្នា​ឡើងវិញ»

ពលរដ្ឋ​ម្នាក់ទៀត ជា​អ្នក​តាមដាន​នយោបាយ រស់នៅ​ខេត្ត​សៀមរាប លោក សូរិយា បុត្រ យល់ថា ការ​យក លោក កឹម សុខា មក​កាត់ទោស ជា​រឿង​គួរ​ឱ្យ​ខកចិត្ត គឺ​គួរតែ​ដោះលែង​គាត់។ លោក អះអាង​ថា លោក​នឹង​ពលរដ្ឋ​ផ្សេងទៀត សុទ្ធតែ​មិន​ជឿ​ថា លោក កឹម សុខា មានទោស​សន្ទិដ្ឋិភាព​ជាមួយ​រដ្ឋ​បរទេស ឬ​ក្បត់ជាតិ​ឡើយ​។ លោក ថា ជាង​២​ឆ្នាំ​មកនេះ រដ្ឋាភិបាល និង​តុលាការ គ្មាន​ភស្តុតាង​ច្បាស់លាស់ ក្នុង​ការ​ឃុំខ្លួន និង​បំបិទ​សិទ្ធិ​សេរីភាព​របស់ លោក កឹម សុខា ទេ ព្រោះ​សេរីភាព​របស់​មេ​បក្ស​ប្រឆាំង មាន​តម្លៃ​ណាស់​សម្រាប់​ពលរដ្ឋ​ខ្មែរ​កន្លះ​ប្រទេស និង​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស ដែល​ជា​ម្ចាស់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះជាតិ៖ «រយៈពេល​២​ឆ្នាំ​ទៅ​ហើយ គឺ​មិនទាន់​រក​ឃើញ​ភស្តុតាង​ជាក់ច្បាស់​ណា ថា ឯកឧត្ដម កឹម សុខា បាន​ទាក់ទង​(​ប្រព្រឹត្តិ​បទល្មើស​)​ទៅ​នឹង​ប្រទេស​ណាមួយ ជា​ឧទាហរណ៍​សហរដ្ឋអាមេរិក ឬ​កាណាដា ឬ​អូស្ត្រាលី ឬ​ប្រទេស​ណាមួយ ដែល​ពិតប្រាកដ​នោះ គឺ​យើង​មិនទាន់​បាន​ឃើញ​។ នេះ​ជា​ការ​ពិត ដូច្នោះ បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​នោះ គាត់​មាន​ទស្សនៈ​យល់ឃើញ​ដូចគ្នា នូវ​ភាព​ជាក់ស្ដែង​នេះ»

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កូយ សៅ បាន​ចាប់ផ្ដើម​ជំនុំជម្រះ លោក កឹម សុខា លើ​បទ​ចោទ​សន្ទិដ្ឋិភាព​ជាមួយ​រដ្ឋ​បរទេស តាម​បណ្ដឹង​របស់​របប​ក្រុងភ្នំពេញ​ហើយ នៅ​ថ្ងៃ​ទី​១៥ មករា​។ សវនាការ​នេះ ធ្វើឡើង​២​ថ្ងៃ ជាប់​គ្នា ដោយមាន​ការ​ដាក់​ពង្រាយ​កងកម្លាំងប្រដាប់អាវុធ យាមកាម​តឹងរ៉ឹង នៅ​ទូទាំង​ប្រទេស​កម្ពុជា។

ជាង ២​ឆ្នាំ​មកនេះ របប​ក្រុងភ្នំពេញ បាន​បង្កើន​ការ​ឃោសនា គ្រប់​មធ្យោបាយ​ផ្សព្វផ្សាយ​របស់​រដ្ឋ ឯកជន និង​ការទូត ដោយ​ផ្ទាល់ និង​ប្រយោល ក្នុង​គោលបំណង​បំផុស​ឱ្យ​មានការ​ជឿជាក់​ថា លោក កឹម សុខា បាន​ឃុបឃិត​គ្នា ជាមួយ​សហរដ្ឋអាមេរិក ចង់​ផ្ដួល​របប​ក្រុងភ្នំពេញ​ពិតមែន​។ តែ​ការឃោសនា​នេះ ត្រូវ​បាន​ពលរដ្ឋ អះអាង​ថា មិន​ទទួល​បានការ​សាទរ​ពី​ពលរដ្ឋ​ឡើយ​។ មិនមែន​តែ​យុវជន ឬ ពលរដ្ឋ​ទេ ដែល​មិន​ជឿ ការឃោសនា​បែបនេះ សូម្បី​ព្រះសង្ឃ​ខ្លះ ក៏​មិន​ជឿ លើ​ការ​ឃោសនា​របស់​របប​ក្រុងភ្នំពេញ ក្នុង​ការ​ចោទប្រកាន់ លោក កឹម សុខា ដែរ។

ព្រះសង្ឃ​មួយ​អង្គ គង់នៅ​វត្ត​ពិភទ្ទរង្សី ហៅ​វត្ត​ចិនដំដែក នៅ​រាជធានី​ភ្នំពេញ ព្រះមហា ស៊ឹង សេងហ៊ន មាន​ព្រះថេរៈដីកា​ថា ព្រះអង្គ​សោកស្ដាយ ចំពោះ​មាន​ការ​អូយ​បន្លាយ​ទោសកំហុស មិន​ពិតប្រាកដ របស់​លោក កឹម សុខា មកដល់​សព្វថ្ងៃ​។ ព្រះអង្គ យល់ថា បទចោទប្រកាន់​លោក កឹម សុខា ជា​ចេតនា នយោបាយ មិនមែន​រឿងក្ដី​ក្ដាំ ដែល​អាច​ដោះស្រាយ​តាម​ផ្លូវ​តុលាការ​បាន​ឡើយ។ព្រះអង្គ​ថា ករណី​នយោបាយ​បែបនេះ កើតឡើង​ច្រើន​ណាស់ នៅ​តាម​ប្រទេស​ផ្សេង ក៏​ដូចគ្នា​ដែរ គឺ ឱ្យ​តែ​ប្រជាប្រិយភាព​មេ​បក្ស​ប្រឆាំង កើន​លើស​បក្ស​កាន់អំណាច តែង​រង​ការចោទប្រកាន់ ចាប់ខ្លួន ឬ​បង្ខំ​ឱ្យ​និទ្ទេស​ខ្លួន​។ ព្រះអង្គ​យល់​ថា គណបក្ស​នយោបាយ​ទាំង​២ គួរតែ​មាន​ការ​ជជែក ចរចា​គ្នា​ទើប​ជា​ការ​ប្រសើរ ព្រោះ​ពលរដ្ឋ​គ្រប់​បក្ស​សុទ្ធតែ​ចង់បាន​បែបនេះ៖ «អាត្មា​ចង់​បានតែ​ម្យ៉ាង​ទេ គឺ​ធ្វើ​ម្ដេច ដើម្បី​ឱ្យ​តុលាការ​ដោះលែង​ការចោទប្រកាន់ ឯកឧត្ដម កឹម សុខា ហើយ​ប្រជាពលរដ្ឋ​ទាំងអស់ គឺ​ពិតជា​សប្បាយចិត្ត ក្នុង​ការ​ទទួលយក​ការពិត​នូវ​ការបោះឆ្នោត ហើយ​ប្រជាពលរដ្ឋ​ទាំងអស់ គាត់​ពិតជា​មានការ​សប្បាយ​ចិត្ត ដ៏​មហាសាល​ណាស់ ពីព្រោះ​គ្មាន​អ្វី​ដែល​សប្បាយចិត្ត​ជាង​ដែល​ថា ឯកឧត្ដម​កឹម សុខា នេះ ត្រូវ​បាន​គេ​ដោះលែង​នៅ​ពេល​ហ្នឹង​ណា​បង​។ ម្យ៉ាងទៀត ប្រសិនបើ​មិន​ដោះលែង​ទេ ទាំង​អាត្មា ទាំង​ប្រជាពលរដ្ឋ ក្នុងនាម​ជា​ប្រជាពលរដ្ឋ​សាមញ្ញ គឺថា សោកស្ដាយ​នៅ​ក្នុង​ករណី​នេះ»

អាជីវករ​លក់​សាច់​មាន់​ម្នាក់ នៅ​ផ្សារ​ដើម​គ លោកស្រី ម៉ូវ លក្ខិណា ប្រាប់​ថា មិន​សូវ​បាន​តាមដាន​រឿង​នយោបាយ​ទេ។ ប៉ុន្តែ ​លោកស្រី​ចង់​ឃើញ តុលាការ​ដោះលែង លោក កឹម សុខា ហើយ​គណបក្ស​នយោបាយ​ទាំង​២ ដោះស្រាយ​បញ្ហា​ជាតិ​ជាមួយគ្នា ដោយ​សន្តិវិធី ទើប​ជា​ការ​ប្រសើរ​។ លោកស្រី​ថា ក្រុម​អាជីវករ​តែង​ជជែក​គ្នា ហើយ​សម្ដែង​ការពិបាក​ចិត្ត នៅ​ពេល​ជម្លោះ​នយោបាយ​នៅតែ​បន្ត​ដូច​សព្វថ្ងៃ៖ «ដូច​ថា លែង​គាត់​ហ្មង​ទៅ​។ ខ្ញុំ​មិន​ដឹង​ថា គាត់​មានទោស​អ្វី​ទេ ខ្ញុំ​អ្នក​លក់ដូរ​នៅ​ផ្សារ ខ្ញុំ​មិនសូវ​ដឹង​រឿង​នយោបាយ​ទេ​។ តែ​បើ​គាត់​ដូច​ថា អ្នកនយោបាយ​គាត់​ចាប់​ដៃ​គ្នា​អ៊ីចឹង​ទៅ ឱ្យ​ប្រទេសជាតិ​យើង​សុខ​សប្បាយ​ទាំងអស់​គ្នា​អ៊ីចឹង​ណា​។ ខ្ញុំ​អត់​ចង់​ឃើញ​អ្នកធំៗ ឈ្លោះ​គ្នា ឬ​ចាប់​គ្នា​ទៅវិញទៅមក​អ៊ីចឹង​ណា​។ រឿង​របស់​គាត់ ខ្ញុំ​អត់​សូវ​បាន​តាមដាន គ្រាន់តែ​ដឹង​ថា ខ្ញុំ​ឃើញ (​ផ្សាយ​)​ចាប់ខ្លួន ឃាត់ខ្លួន​គាត់​អ៊ីចឹង​ណា​។ អត់​ដឹង​ថា ទោស​អ្វី​ដែរ​។ ចង់​ឱ្យ​គាត់​ត្រូវរ៉ូវ​គ្នា ចរចា​គ្នា ដូច​ថា ឈប់​ឈ្លោះ​គ្នា​ទៅវិញទៅមក ខ្ញុំ​ពិបាកចិត្ត​ណាស់ ឃើញ​ប្រទេសជាតិ​យើង​នៅតែ​ឈ្លោះ​គ្នា រាប់​ឆ្នាំ រាប់​ខែ អ៊ីចឹង​(​មក​)​ហើយ អ៊ីចឹង​ណា​។ កុំ​ឱ្យ​គាត់​ឈ្លោះ​គ្នា​ទៀត មានតែ​សំណូមពរ​ប៉ិន​ហ្នឹង»

យុវជន ព្រះសង្ឃ និង​អាជីវករ ទទូច​ឱ្យ​អ្នកនយោបាយ​បញ្ចប់​ជម្លោះ​នេះ​ទៅ ហើយ​ចរចា​គ្នា​រក​វិធី​កសាង​ជាតិ ឱ្យ​ម្ចាស់​ឆ្នោត​រស់នៅ​ក្នុង​ភាព​ថ្លៃថ្នូរ មាន​ជីវភាព​ប្រសើរ ដូច​ប្រទេស​ដទៃ ជាជាង​ការ​គុំកួន ពាក់មុខយក្ស​ដាក់គ្នា ធ្វើ​សត្រូវ​ជាតិ​សាសន៍​ឯង ដូច​រាល់ថ្ងៃ​នេះ។

ពួកគេ​ថា ចាប់​តាំង​ពី​មន្ត្រី ដល់​ពលរដ្ឋ​សាមញ្ញ ហើយ​សូម្បីតែ​មន្ត្រី​តុលាការ​ខ្លះ ក៏​មិន​ទៅ​ជឿ​ថា ប្រធាន​គណបក្សប្រឆាំង ធ្វើ​ទង្វើ​ក្បត់ជាតិ ដូច​ការ​ចោទ​ប្រកាន់​ឡើយ​។ ពួកគេ​បង្ហាញ​អាការៈ​ថា ធុញទ្រាន់ ជាមួយ​អ្នក​នយោបាយ ក្នុង​ការ​ធ្វើ​នយោបាយ​យក​ប្រៀប តាមរបៀប​ការចោទប្រកាន់​គ្នា បែប​នេះ​ណាស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល