ទស្សនៈ​ផ្សេងៗ​នៅ​លើ​បណ្ដាញ​សង្គម​ជុំវិញ​រឿង​លោក សម រង្ស៊ី វិល​ទៅ​កម្ពុជា​​ថ្ងៃ​ទី​៩ វិច្ឆិកា

ដោយ សេក បណ្ឌិត
2019-11-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី និង​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ នៅ​ប្រទេស​នូវែលហ្សេឡង់ កាល​ពី​ថ្ងៃ​ទី២២ ខែ​សីហា ឆ្នាំ​២០១៩។
លោក សម រង្ស៊ី និង​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ នៅ​ប្រទេស​នូវែលហ្សេឡង់ កាល​ពី​ថ្ងៃ​ទី២២ ខែ​សីហា ឆ្នាំ​២០១៩។
រូប​ពី​ហ្វេសប៊ុក លោក សម រង្ស៊ី

នៅ​ស្រប​ពេល លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ប្រកាន់​ជំហរ វិល​ចូល​ស្រុកកំណើត​វិញ​នោះ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) មួយ​ចំនួន​បាន​បញ្ចេញមតិ ឬ Comments ជា​បន្តបន្ទាប់​ជុំវិញ​រឿង​នេះ។

អ្នក​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​ចាប់អារម្មណ៍​បញ្ហា​នយោបាយ​របស់​ប្រទេសជាតិ​ទាំង​អ្នក​និយម​កណ្តាល បក្ស​ប្រឆាំង និង​អ្នកគាំទ្រ​បក្ស​កាន់អំណាច បាន បង្ហាញ​ជំហរ​រៀងៗ​ខ្លួន តាមរយៈ​ទស្សនៈ ឬ Comments ឆ្លើយឆ្លង​គ្នា ជុំវិញ ផែនការ​សកម្មភាព លោក សម រង្ស៊ី វិល​ទៅ​ស្រុក​វិញ និង​សកម្មភាព​របស់​រដ្ឋាភិបាល បក្ស​កាន់អំណាច បញ្ចេញ​សាច់ដុំ ទប់ស្កាត់​ចលនា​របស់​បក្ស​ប្រឆាំង​។​

ទស្សនៈ និង Comments ភាគច្រើន គឺ​ពួកគេ​បាន​លើកឡើង​នូវ​ចម្ងល់​ជាច្រើន ជុំវិញ​ការព្រមាន​របស់​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ចង់​ចាប់ខ្លួន លោក សម រង្ស៊ី ជា​មេដឹកនាំ​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ ពេល​វិលត្រឡប់​ទៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា។

ប៉ុន្តែ​ជាមួយ​គ្នា​នេះ អាជ្ញាធរ​របប​ក្រុងភ្នំពេញ បាន​ព្យាយាម​គ្រប់​មធ្យោបាយ​ទាំងអស់​ដើម្បី​រារាំង​ដំណើរ​វិលត្រឡប់​របស់ លោក សម រង្ស៊ី និង​មន្ត្រី​គណបក្សប្រឆាំង​ដទៃ​ទៀត មិន​ឱ្យ​ឆ្លង​ចូល​កម្ពុជា​បាន​នោះ​ទេ។

ដូចជា​ការ​ដាក់​ពង្រាយ​កងកម្លាំងប្រដាប់អាវុធ នៅ​តាម​បណ្ដោយ​ព្រំដែន ចាប់​សកម្មជន​គណបក្ស​ប្រឆាំង​ក្នុងស្រុក​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់ ដើម្បី​ព្រមាន​កុំ​ឱ្យ​ពួកគេ​កេណ្ឌ​គ្នា​ទៅ​ទទួល​លោក សម រង្ស៊ី ដែល​គ្រោង​ធ្វើដំណើរ​មក​ក្នុង​ប្រទេស​ដោយ​ឆ្លងកាត់​តាម​ប្រទេស​ថៃ។

ជាពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ អាកាសចរណ៍​ស៊ីវិល​កម្ពុជា បាន​ព្រមាន​ក្រុមហ៊ុន​យន្តហោះ​ចំនួន​៤៧ មិន​ឱ្យ​ដឹក​លោក សម រង្ស៊ី និង​មន្ត្រី​គណបក្សប្រឆាំង​ចូល​ប្រទេស​នោះ​ឡើយ​។ បើ​មិន​ដូច្នេះ​ទេ ពួកគេ​នឹង​ប្រឈមមុខ​ជាប់ទោស​ពី​បទ​ឧក្រិដ្ឋ។

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម ដែល​មាន​គណនី​ហ្វេសប៊ុក ឈ្មោះថា យានដ្ឋាន ដា​រ៉ា បាន​សរសេរ Comments ជុំវិញ​រឿង​នេះ​ថា​៖ ចង់​ចាប់​លោក​សម រង្ស៊ី តែ​ដាក់​កងទ័ពនិង​បិទ​ព្រំដែន​។ យានដ្ឋាន​ដា​រ៉ា សរសេរ​ទៀត​ថា​៖ បើ​ហ៊ាន​ចាប់​លោក សម រង្ស៊ី អន្តជាតិ​រួមគ្នា​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច តែ​បើ​ឱ្យ​លោក សម រង្ស៊ី ចូល​ស្រុក និង​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ​ដល់​ថ្ងៃ​បោះឆ្នោត​ប្រាកដជា​ចាញ់ តែ​បើ​សម្លាប់​លោក សម រង្ស៊ី និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ស្រឡាញ់​និង​គាំទ្រ​ឈឺចាប់​និង​ងើបឈរ ហើយ​អន្តជាតិ​នឹង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ដាក់​ខ្មែរ​ឱ្យ​នៅ​ឯកោ​ព្រមទាំង​ត្រូវ​តុលាការ​អន្តជាតិ​កត់​ឈ្មោះ​ទុក​ទៀត។

ហ្វេសប៊ុក ឈ្មោះ So Limseng សរសេរ​បែប​ចំអក​ថា ចង់​ចាប់​ទណ្ឌិត ម៉េច​មិន​បើកផ្លូវ​ឱ្យ​គេ​ចូល ធ្វើ​ម៉េច​ចាប់​បាន​...?

ហ្វេសប៊ុក ឈ្មោះ​កើតជា​ខ្មែរ កុំ​ភ្លេច​កំណើត សរសេរ​ថា​៖ ពួក​តិរច្ឆាន​នាំគ្នា​ខ្លាច​មនុស្ស​...​អ៊ីចឹង​ហើយ​ទើប​ពួកគេ​នាំគ្នា​បិទទ្វារ​ទប់ស្កាត់​មិនឱ្យ​ពលរដ្ឋ​អម​ដំណើរ​មាតុភូមិ​និវត្ត​របស់​លោក​សម រង្ស៊ី។

ចំណែក ហ្វេស ប៊ុ​ក ឈ្មោះ Jhonathon Cake ថា​៖ រលក​ទឹកភ្នែក​របស់​ប្រជាពលរដ្ឋ​នឹង​បុក​ទម្លាយ​ច្រក​ព្រំដែន​ទាំងអស់​នោះ ទាំង​ពី​ខាងក្រៅ​និង​ពី​ខាងក្នុង​ប្រទេស​គ្រប់ទិសទី​ទាំងអស់។

ចំណែក Vimean Chan សរសេរ​ដែរ​ថា​៖ លោក សម រង្សី គាត់​ជា​អ្នកនយោបាយ​ជាន់ខ្ពស់ ហើយ​ជា​តំណាង​ឱ្យ​ពលរដ្ឋ​ខ្មែរ ដូច្នេះ​គាត់​ត្រូវ​ប្រកាស​នូវ​កា​វិលត្រឡប់​ទៅ​មាតុភូមិ​របស់​គាត់។

ហ្វេសប៊ុក ឈ្មោះ Chan Pu សរសេរ​ដែរ​ថា​៖ យើង​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​ជាមួយ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ហេតុ​អ្វី​បានជា​អ្នក​បិទ​ផ្លូវ បិទ​ច្រក បិទទ្វា​យ៉ាង​នេះ​។ ពួក​យើង​អត់​មាន​កាំភ្លើង​ដូច​អ្នក​ទេ មានតែ​ដប​ទឹក និង​ក្រម៉ា ឬ កន្សែង សម្រាប់​ជូត​មុខតែ​ប៉ុណ្ណោះ​។ សូម​កុំ​ខ្លាច​អី មេត្តា​តាំងចិត្ត​ឱ្យ​ក្លាហាន​ទ្បើង យើង​ជា​ខ្មែរ​ដូចគ្នា​ទេ យើង​ត្រូវ​ចេះ​ស្រទ្បាញ់​គ្នា រួបរួម​គ្នា​កសាង​កម្ពុជា​ថ្មី តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ដ៏​ពិតប្រាកដ។

រីឯ​ប្រព័ន្ធ​ផ្សព្វផ្សាយ របស់​របប​ក្រុងភ្នំពេញ និង​អ្នកគាំទ្រ​មួយ​ចំនួន បាន​ហៅ ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​របស់ លោក សម រង្ស៊ី ថា​ជា​ផែន​ការ​ធ្វើ​បដិវត្ត​ពណ៌ ក្រោម ទិស​ស្លោក​«​ការ​ផ្លាស់ប្តូរ​..»​។​

ចំណែក កែវភ្នែក​ព្រះឥន្ទ សរសេរ​ថា ៖ កុំ​យក​ឈាម​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ទៅ​ក្រាល​ធ្វើជា​កម្រាលព្រំ​ពណ៌​ក្រហម​ដើម្បី​ឈាន​ទៅ​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់​ដើម្បី​អំណាច​ឱ្យ​សោះ។

ហ្វេសប៊ុក​ឈ្មោះ ស្រី កែវ សរសេរ​ចំអក​ថា ៖ ឮ​ថា​ពេល​ចូល​ដល់​កម្ពុជា អ្វី​ដែល លោក សម រង្ស៊ី ធ្វើ​មុនគេ​នោះ គឺ​ចូល​ទៅ​ចាប់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ តែ​សូម​បញ្ជាក់​ចាប់​នោះ គឺ​ចូល​ទៅ​ចាប់ដៃ​ទេ។

ហ្វេសប៊ុក ឈ្មោះ ឆាយ ទិនបតី សរសេរ​តប​ថា​៖ ចូល​មក​ដើម្បី​ផ្សះផ្សា​អ្នកនយោបាយ​ទាំងអស់​ខ្ញុំ​គាំទ្រ តែ​បើ​និយាយ​ថា មក​ដើម្បី​ចាប់​អ្នកនេះ ចាប់​អ្នកនោះ​ខ្ញុំ​អត់​គាំទ្រ​ទេ។

ដោយឡែក ហ្វេសប៊ុក​មួយទៀត​ឈ្មោះ Tor Nimol ដែល​តែងតែ​បង្ហាញ​ជំហរ​គាំទ្រ​បក្ស​ប្រឆាំង​ក៏បាន​សរសេរ ដោយ​អម​មក​ជា​មួយ​វីដេអូ​ខ្លីប បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ពល​ករ​ចំណាកស្រុក នៅ​ក្រៅ​ប្រទេស​ថា ពួកគាត់​នឹង​វិល​ទៅ​ស្រុក​វិញ​ជាមួយ លោក សម រង្ស៊ី «​ដោយ​ដាក់​ចំណងជើង ៩​វិច្ឆិកា ស្តារ​ប្រជាធិបតេយ្យ៖ «៩​វិច្ឆិកា ទៅផ្ទះ​យើង​វិញ​…… គាំទ្រ​លោក សម រង្ស៊ី មនុស្ស​តែមួយ ជ័យ​យោ​កម្ពុជា អមតៈ»

ម្ចាស់​គណនី ហ្វេសប៊ុក​ដដែល​នេះ​សរសេរ​ថា​៖ សម្រែក​ពុះកញ្ជ្រោល ប្រៀប​បាន​ដូចជា​រលក​យក្ស​ស៊ូណាមី។ ពលករ​ចំណាកស្រុក​រាប់​ម៉ឺន​នាក់ ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​ប្ដេជ្ញា​ចិត្ត ត្រៀម​អម​ដំណើរ​មាតុភូមិនិវត្តន៍ លោក សម រង្ស៊ី នា​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា។

ចំណែក មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នកវិភាគ​សង្គម​ក្នុងស្រុក​ខ្លះ ក៏បាន​សរសេរ​ទស្សនៈ នយោបាយ​នៅ​លើ​ហ្វេសប៊ុក​រៀងខ្លួន​ខ្លះៗ​ដែរ ប៉ុន្តែ​មានការ​ប្រយ័ត្នប្រយែង​បំផុត​ចំពោះ​ស្ថានការណ៍​ផុយ​ស្រួយ​ក្នុង​អំឡុង​ពេលនេះ​។ ពួកគាត់​ព្យាយាម​មិន​និយាយ​ចំៗ​ទេ ដោយ​គ្រាន់តែ​សរសេរ​សារ​បែប​បញ្ឆិតបញ្ឆៀង​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​អាច​ឱ្យ​សាធារណជន​យល់​បាន​ថា សារ​នោះ​ពាក់ព័ន្ធ​នឹង​ស្ថានការណ៍ លោក សម រង្ស៊ី មាន​ផែន​ការ​វិល​ចូល​ស្រុក​វិញ ប្រឈម​ជាមួយ​នឹង​ការ​គំរាមកំហែង​សព្វបែបយ៉ាង​ពី​របប​ក្រុងភ្នំពេញ។

ប្រធាន​អង្គការ​សង់ត្រាល់ លោក មឿន តុលា បាន​សរសេរ​បែប​កំប្លុកកំប្លែង​ថា​៖ នាំគ្នា​និយាយ​រឿង​មក​តាម​លូ​ទឹក​ស្អុយ តិច​គាត់​បិទ​លូ​ទឹក​ស្អុយ​ទៀត ស្ទះលូ​លិច​ទឹក​ពេញ​ក្រុង​ឥឡូវ​ហ្នឹង​...!!

លោក​បាន​សរសេរ​ទៀត​ថា នៅ​ពេល​គេ​យក​កងកម្លាំង​យោធា​ជាតិ និង​ចំណាយ​ថវិកាជាតិ​ទៅ​ប្រើ​ដើម្បី​ប្រយោជន៍​បក្ស តើ​គេ​បាន​សួរ​ពលរដ្ឋ​ដែល​ជា​ម្ចាស់​លុយ​ទេ​...?

ចំណែក អ្នកវិភាគ​សង្គម​ជើងចាស់ លោក បណ្ឌិត ឡៅ ម៉ុងហៃ (Lao Mong Hay) វិញ បាន​សរសេរថា​៖ លោក សម រង្ស៊ី ចង់​ចូល​តាម​ថៃ ដូច្នេះ​អាស្រ័យ ថា​តើ ថៃ បាន​ចំណេញ​អ្វី​ថែមទៀត​ពីលើ​អ្វី​ដែល​ថៃ កំពុង​ចំណេញ​សន្ធឹកសន្ធាប់​ពី​ខ្មែរ​សព្វថ្ងៃ​នេះ បើ​ថៃ​ឱ្យ​ចូល​។

លោក​បណ្ឌិត បាន​ដាក់​ជា​សំណួរ​ថា ចង់​ដាក់ទោស​..​ឱ្យ​គាត់​ហោះហើរ​ចូល​ស្រុក​មក​..!! កេណ្ឌ​កម្លាំង​មួយ​នគរ ដើម្បី​ទប់ទល់​កុំ​ឱ្យ​គាត់​ចូល​ស្រុក អញ្ចឹង​មិន​ធ្វើ​ឱ្យ​ទណ្ឌិត សម រង្ស៊ី ក្លាយ​ជា​ទៅជា​អមត​:​ទៅ​ហើយ​...?

ដោយ​ឡែក លោក បណ្ឌិត មាស នី (Meas Nee) ក៏បាន​សរសេរ នៅ​លើ​ហ្វេសប៊ុក​ដែរ​ថា​៖ ម្ខាង​ជា​កម្លាំង​ប្រដាប់​អាវុធ​ខ្មែរ​ដែល​ត្រៀម​អាវុធ​រួចស្រេច​ដើម្បី​..…(? ? ? ? ?) ត្រង់​ពាក្យ​ដើម្បី​នេះ លោក​មិន​អត្ថាធិប្បាយ​បន្ត​ថា យ៉ាង​ណា​ទេ ដោយ​លោក​គ្រាន់តែ​ដាក់​ជា​សញ្ញា​សួរ​ប៉ុណ្ណោះ​....​។ លោក​សរសេរ​បន្ត​ថា​៖ ក្រុម​ម្ខាង​ទៀត​ដែល​ជា​ពលរដ្ឋ​របស់​ខ្លួន​ឯង !!! លោក​បាន​ចោទ​ជា​សំនួរ​ចំហ​ថា​៖ តើ​អ្វី​ទៅ​ដែល​ជា​សោកនាដកម្ម​ចុងក្រោយ​..?៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល