ទស្សនៈ​ពលករ​ធ្វើការ​នៅ​ប្រទេស​ថៃ​ក្នុង​ការ​អម​ដំណើរ លោក សម រង្ស៊ី វិល​ចូល​កម្ពុជា

ដោយ ខែ សុណង
2019-11-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលករ​ខ្មែរ​នៅ​ប្រទេសថៃធ្វើពិធីហូបនំបញ្ចុកសាមគ្គីនៅទីក្រុងបាងកក នៅ​ថ្ងៃ​ទី៩ ខែ​មិថុនា ឆ្នាំ​២០១៩។
ពលករ​ខ្មែរ​នៅ​ប្រទេសថៃធ្វើពិធីហូបនំបញ្ចុកសាមគ្គីនៅទីក្រុងបាងកក នៅ​ថ្ងៃ​ទី៩ ខែ​មិថុនា ឆ្នាំ​២០១៩។
Photo Provided

ក្រុម​ពលករ​ខ្មែរ​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ កំពុង​អន្ទះសា ចង់​ឱ្យ​ដល់​ថ្ងៃ​ទី៩ វិច្ឆិកា​ឱ្យ​ឆាប់ៗ ដើម្បី​អម​ដំណើរ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​មាតុភូមិនិវត្តន៍ ចូល​ប្រទេស​កម្ពុជា​វិញ​។ របប​ក្រុងភ្នំពេញ មិន​ជឿ​ថា មាន​ពលករ​ខ្មែរ​ច្រើន អម​ដំណើរ​មេ​បក្ស​ប្រឆាំង ចូល​កម្ពុជា​ឡើយ។

ពលករ​សំណង់​មួយ​ក្រុម ធ្វើការ​នៅ​ខេត្ត​ប៉ាធុមឋានី (Phathum Thani) ជាប់​ទីក្រុង​បាងកក ប្រទេស​ថៃ ប្រាប់​ថា ពួកគាត់ សុខចិត្ត​បោះបង់ចោល​ការងារ ហើយ​ត្រលប់​ទៅ​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​វិញ​។ ពួកគាត់ ប្រាប់​ថា ការ​ស្ម័គ្រចិត្ត​នេះ ដោយសារ​ពួកគាត់​ចង់បាន​ការងារ​ប្រសើរ​ជាង​សព្វថ្ងៃ នៅ​ក្នុង​ប្រទេស ដើម្បី​បាន​ជួបជុំ​ក្រុម​គ្រួសារ។

ពលករ​សំណង់​ម្នាក់ លោក ឆន សុខឿន លើកឡើង​ថា មូលហេតុ​នៃ​ការ​សុខចិត្ត​អម​ដំណើរ​លោក សម រង្ស៊ី នៅ​ថ្ងៃទី៩ វិច្ឆិកា ដោយសារ លោក​មើល​ឃើញ របប​លោក ហ៊ុន សែន ធ្វើបាប​ពលរដ្ឋ​ដឹកនាំ​តាម​បែប​ផ្ដាច់ការ​ហើយ​គំរាម​មិន​រើសមុខ សូម្បី​ពលករ​ចំណាកស្រុក ក៏​លោក​ថា របប​នេះ​មានបំណង​ធ្វើបាប ចាប់​ពលករ​ណា ហ៊ាន​បញ្ចេញមតិ​រិះគន់​ដែរ។ លោក​ថា ទង្វើ​នេះ ជាហេតុ​ធ្វើ​ឱ្យ​ពលករ ស្អប់​របប​លោក ហ៊ុន សែន។ លោក​ថា លោក និង​កម្មករ​សំណង់​ផ្សេងទៀត សុខចិត្ត​លាឈប់ ពី​ការងារ​សំណង់ នៅ ខេត្ត​ប៉ាធុមឋានី (Phathum Thani) ហើយ​អម​ដំណើរ លោក សម រង្ស៊ី ដោយ​គ្មាន​ភាព​ភ័យខ្លាច ឬ​តក់​ស្លុក​ចំពោះ​ការ​គំរាម​ឡើយ។ «»

ពលករ​សំណង់​ម្នាក់ទៀត ជា​មិត្ត​រួមការ​ងារ​របស់ លោក ឆន សុខឿន គឺ លោក សា ថៃ លើកឡើង ថា មូលហេតុ​នៃ​ការ​សុខចិត្ត​អម​ដំណើរ លោក សម រង្ស៊ី ដោយសារ​របប លោក ហ៊ុន សែន បង្កើត​ភាព​ផ្ដាច់ការ​ខ្លាំង​ឡើងៗ​។ លោក​ប្រាប់​ថា លោក​មាន​អារម្មណ៍ ចង់​មានការ​ផ្លាស់ប្ដូរ នៅ​ប្រទេស​កម្ពុជា​ឱ្យ​បាន​ឆាប់ ព្រោះ​លោក​សង្ឃឹម​ថា ក្រោយ​ការផ្លាស់ប្ដូរ លោក​នឹង​អាច​រក​បាន​ការងារ ដែល​មាន​ប្រាក់កម្រៃ​សមរម្យ ធ្វើ​នៅ​ក្នុង​ប្រទេស។

ពលករ​រូប​នេះ ប្រាប់​ថា លោក​មិន​ជឿ​ថា កងកម្លាំង​ហ៊ាន​វាយ​ធ្វើបាប​ពលករ​តោកយ៉ាក ដូច​រូបលោក ឡើយ ព្រោះ​កងកម្លាំង​ទាំង​នោះ ក៏​មាន​បងប្អូន កូនក្មួយ មក​ធ្វើការ​ជា​ពលករ​នៅ​ស្រុក​ថៃ​ដែរ​។ លោក​ថា បងប្អូន​របស់​លោក ដែល​ធ្វើជា​កងទ័ព បាន​ផ្ដាំ​ឱ្យ​លោក​ប្រុងប្រយ័ត្ន​ខ្លួន​។ លោក ថា កងទ័ព​ទាំងនោះ លួច​ប្រាប់​ថា ពួកគេ​មិន​ចង់​វាយ​ធ្វើបាប​ពលករ​ខ្មែរ​នោះ​ទេ។ «»

លោក​អះអាង​ទៀត​ថា ក្នុង​ការដ្ឋាន​ដែល​លោក​កំពុង​ធ្វើ​ការ មាន​ពលករ​ខ្មែរ ប្រមាណ​៥០ ទៅ​៦០​នាក់ ហើយ​ពួកគេ​ទាំងអស់​គ្នា​បាន​ស្រុះស្រួល​គ្នា ថា នឹង​អម​ដំណើរ លោក សម រង្ស៊ី វិល​ចូល​កម្ពុជា ទាំងអស់​គ្នា​។ ពួកគេ​ថា មូលហេតុ​នៃ​ការ​សុខចិត្ត​អម​ដំណើរ មេ​បក្ស​ប្រឆាំង​លើក​នេះ គឺ​សុទ្ធតែ​កើត​ពី​ឆន្ទៈ មិន​ពេញចិត្ត នឹង​ទង្វើ​ផ្ដាច់ការ​របស់​របប លោក ហ៊ុន សែន។

ពលករ​សំណង់​ស្រុក​ថៃ​ម្នាក់ទៀត គឺជា​អតីត​ទាហាន​ឈរជើង​នៅ​ប្រាសាទ​ព្រះវិហារ និង​តំបន់​ភ្នំ​ទ្រព្យ កាល​ពេល​មាន​សង្គ្រាម ជាមួយ​ប្រទេស​ថៃ លោក ឆៃ វុទ្ធី និយាយ​ថា លោក​មិន​ខ្លាច​កងកម្លាំងប្រដាប់អាវុធ ដែល​សម្ញែង​តាម​ព្រំដែន​ទេ ព្រោះ​លោក​ធ្លាប់​រត់​កាត់​គ្រាប់ ក្នុង​សង្គ្រាម​ឆ្អែតឆ្អន់​ហើយ​។ លោក​ថា លោក​ធ្លាក់ខ្លួន ធ្វើជា​ពលករ​សំណង់​សព្វថ្ងៃ​នេះ ដោយសារ​លោក​មិន​ចេះ​រណប​របប លោក ហ៊ុន សែន និង​លោក​ចង់បាន​របប​ថ្មី ការដឹកនាំ​បែប​ថ្មី ដែល​គិតគូរ​សុខទុក្ខ​កងទ័ព​ជាង​របប​សព្វថ្ងៃ។ លោក​ក៏​ជឿ​ថា កងកម្លាំង​នឹង​បាញ់​ប្រហារ លើ​ពលករ ដែល​រងគ្រោះ​ពី​របប​ក្រុងភ្នំពេញ ដូចគ្នា​នោះ​ទេ។ «»

ចំណែក​ពល​ការិនី ផ្នែក​លើក​អីវ៉ាន់​ដាក់​ឃ្លាំង នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្ត​សាមុតប្រាកាន (Samut Prakan) កញ្ញា ដាំ ស្រី​ធាន ប្រាប់​ថា ពលករ ពលការិនី នៅ​តំបន់​កញ្ញា​ធ្វើការ ក៏​នឹង​អម​ដំណើរ​លោក សម រង្ស៊ី ធ្វើ​មាតុភូមិនិវត្តន៍​ថ្ងៃ​ទី៩ វិច្ឆិកា ដែរ។ កញ្ញា​អះអាង​ថា ពលករ នៅ​រោងចក្រ​កញ្ញា​ធ្វើការ មាន​ជាង​៤​ម៉ឺន​នាក់ បាន​មូលមតិ​គ្នា​អម​ដំណើរ លោក សម រង្ស៊ី។ ពលការិនី​រូបនេះ លើកឡើង​ថា អ្វី​ដែល​ជា​មូលហេតុ ធ្វើ​ឱ្យ​ពលករ នៅ​ខេត្ត​សាមុតប្រាកាន ចង់​អម​ដំណើរ​លោក សម រង្ស៊ី គឺ ពួកគេ​ចង់បាន​លទ្ធិប្រជាធិបតេយ្យ សម្រាប់​ប្រទេស​កម្ពុជា​ពិតប្រាកដ ដែល​មិនមែន​ជា ប្រជាធិបតេយ្យ​ក្លែងក្លាយ​ដូច​សព្វថ្ងៃ​នេះ​ឡើយ។

ទោះ​យ៉ាង​ណា កញ្ញា​ប្រាប់​ថា នាង ក៏​មិន​ខុស​ពី​ពលករ​ផ្សេង​ខ្លះ​ទៀត​ដែរ គឺ​ត្រូវ​ថៅកែ​ថៃ បញ្ឈប់​ពី​ការងារ ដោយសារ​ជម្នះ​ចង់​ដាក់​ច្បាប់​ឈប់​សម្រាក អម​ដំណើរ លោក សម រង្ស៊ី វិល​ចូល​ប្រទេស​កម្ពុជា​។ ពលការិនី​រូប​នេះ ថា នាង​សុខចិត្ត​ឈប់​ពី​ការងារ ដើម្បី​អម​ដំណើរ ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង ព្រោះ​កញ្ញា​បាន​ទ្រាំធ្វើការ​ងារ​បែបនេះ​ច្រើន​ឆ្នាំ​ហើយ​។ កញ្ញា ដាំ ស្រី​ធាន ថា នាង​ចង់បាន​ការងារ​មួយ ដែល​មាន​ប្រាក់ខែ​សមរម្យ​នៅ​ក្នុង​ប្រទេស ជាជាង​ការ​ធ្វើ​ពលករ​ចំណាកស្រុក ដូច​សព្វថ្ងៃ​នេះ។ «»

ពាក់ព័ន្ធ​នឹង​គម្រោង​មាតុភូមិនិវត្តន៍​របស់ លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​០៩ វិច្ឆិកា​នេះ ក្រុម​ពលករ​នៅ​ប្រទេស​ថៃ កាន់តែ​ច្រើន នាំគ្នា​បង្ហោះ​វីដេអូ គាំទ្រ​ដំណើរ​មាតុភូមិនិវត្តន៍​នេះ ខណៈ​របប​ក្រុងភ្នំពេញ ចាត់​ទុក​គម្រោង​មាតុភូមិនិវត្តន៍​នេះ ជា​សកម្មភាព​រដ្ឋ​ប្រហារ ឬ​ជា​ទង្វើ​ក្បត់ជាតិ​។ តែ​យ៉ាងណា លោក សម រង្ស៊ី អះអាង​ថា របប​ក្រុងភ្នំពេញ មិនមែន​ជា​របប​ស្របច្បាប់​ឡើយ ព្រោះ​កើត​ចេញ​ពី​ការ​បោះឆ្នោត​មិន​ត្រឹមត្រូវ ដូច្នេះ​លោក​ថា រឿង​នេះ​មិន​អាច​ចាត់ទុកជា​រដ្ឋប្រហារ​នោះ​ទេ។

ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ថៃ លោក លី រតនៈរស្មី ប្រាប់​ថា តួលេខ​ពិតប្រាកដ គឺ​នឹង​មាន​ពលករ ចំនួន​ជាង ២​សែន ៤​ម៉ឺន (២៤៣ ៧៨៦)​នាក់​។ លោក ថា តួលេខ​នេះ ជា​ចំនួន​ពលករ​ក្នុង​ប្រទេស​ថៃ មិនបាន​រាប់បញ្ចូល ជាមួយ​ក្រុម​ពលករ​នៅ​ប្រទេស​កូរ៉េខាងត្បូង ជប៉ុន ហ្វីលីពីន ឬ​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស ដែល​នឹង​មក​ចូលរួម​ជាមួយ​ឡើយ​។ លោ​កថា​ចំនួន​អ្នក​អម​ដំណើរ​សរុប​គណបក្ស​សង្គ្រោះជាតិ នឹង​ប្រកាស​នៅ​ពេល​កៀក​ថ្ងៃ​ទី៩ វិច្ឆិកា។

លោក លី រតនៈរស្មី បន្ថែម​ថា ក្រុម​ពលករ​ទាំង​ជាង ២សែន ៤​ម៉ឺន​នាក់ បាន​ត្រៀមខ្លួន​រួចជាស្រេច​អស់ហើយ ខណៈ​រថយន្ត​តូច​ធំ សម្រាប់​ដឹក​ពលករ ទៅ​ព្រំដែន ក៏​រៀបចំ​រួច​អស់​ដែរ​។ យ៉ាងណា លោក​ប្រាប់​ថា នៅ​ពេល លោក សម រង្ស៊ី ចូល​ដល់​ប្រទេស​ថៃ នឹង​មាន​ការ​បញ្ជាក់​ថា ពលករ​ទាំងនោះ ត្រូវ​អម​ដំណើរ​លោក សម រង្ស៊ី ចូល​កម្ពុជា តាម​ច្រក​ព្រំដែន​មួយ​ណា។ «»

លោក លី រតនៈ​រស្មី អះអាង​ថា ពលករ​ខ្មែរ​ទាំងអស់ គ្មាន​អាវុធ និង​គ្មាន​បំណង​តតាំង​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​ឡើយ គឺ​ពួកគាត់​នឹង​ដើរចូល​ទាមទារ​ដោយ​អហិង្សា​។ មេដឹកនាំ​ពលករ និង​ជា​ប្រធាន​ក្រុមការងារ​បក្ស​ប្រឆាំង​រូប​នេះ អំពាវនាវ​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ កុំ​វាយ​បង្ក្រាប ឬ ធ្វើបាប​ពលករ​ខ្មែរ ចំណាកស្រុក​ព្រោះ​ពួកគេ​សុទ្ធតែ ជា​មាន​ឈាមជ័រ​ខ្មែរ​ដូចគ្នា។

របប​ក្រុងភ្នំពេញ​នៅតែ​មិន​ជឿ​ថា មាន​ពលករ​ចំនួន​ច្រើន​ម៉ឺន​នាក់ ស្ម័គ្រចិត្ត​អម លោក សម រង្ស៊ី នោះ​ទេ​។ ប្រធាន​ក្រុម​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ហៅ​ការ​លើកឡើង​ពី​តួលេខ​ពលករ ជាង​២៤​ម៉ឺន​នាក់ ជា​តួលេខ​បោកប្រាស់។ «»

បើទោះជា លោក ផៃ ស៊ីផាន មិន​ជឿ​ថា មាន​ពលករ ច្រើន​ម៉ឺន​នាក់ នឹង​អម​ដំណើរ​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី៩ វិច្ឆិកា ក៏ដោយ ក៏​របប​ក្រុងភ្នំពេញ នៅតែ​បន្ត​បង្កើន​វិធានការ​ពង្រាយ​កងកម្លាំង​ប្រដាប់​អាវុធ​បំពាក់​ដោយ​សព្វាវុធ​ទំនើប​នៅ​ទូទាំង​ប្រទេស និង​បង្កើន​វិធានការ​បង្ក្រាប​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល