មតិ​យល់​ឃើញ​របស់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជុំវិញ​សវនាការ​លោក កឹម សុខា

ដោយ សេក បណ្ឌិត
2020-01-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
RFA

នៅមុន និង​ក្នុង​ពេល​តុលាការ​កំពុង​បើក​សវនាការ ជុំវិញ​ករណី លោក កឹម សុខា ក្រោម​បទ​ចោទ​ថា ក្បត់ជាតិ​នោះ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​បាន​បញ្ចេញ​ទស្សនៈ ឬ Comments ផ្សេងៗ​គ្នា។

ភាគច្រើន​នៃ​Comments ទាំងនោះ ពួកគេ​មិន​ជឿ​​ថា តុលាការ​ឯករាជ្យ និង​ឈ​រលើ​គោលការណ៍​យុត្តិធម៌ និង​អព្យាក្រឹត្យ​ឡើយ ហើយ​ថា ការ​កាត់ក្តី លោក កឹម សុខា គឺជា​រឿង​នយោបាយ។
នៅ​ពេល​ដែល​តុលាការ​កំពុង​ដំណើរការ​បើក​សវនាការ​ជុំវិញ​ករណី លោក កឹម សុខា នោះ អ្នកខ្លះ​ចាប់​អារម្មណ៍ អ្នកខ្លះ​ទៀត​មិន​ចាប់អារម្មណ៍​ឡើយ ដោយ​ចាត់ទុកថាសវនាការ​នោះ​គឺជា​ឆាក​សម្ដែង​​ល្បែង​អ្នក​នយោបាយ។

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក ម្នាក់ ឈ្មោះ ទីនីកូ សេង ​(Tinekor Seng) សរសេរ​ថា​៖ សវនាការ​នេះ ខាត​លុយ ខាត​ពេលវេលា ខាត​កម្លាំង​មនុស្ស គឺ​ប្រៀប​ដូចជា​ល្បែង​បាយឡុក​បាយឡ​​របស់​កូនក្មេង​អ៊ីចឹង​។ គួរ​ឱ្យ​អស់សំណើច​ណាស់! វ៉ល់​អស់ហើយ​សង្គម​កម្ពុជា។

ជាមួយគ្នា​នេះ​ដែរ ព្រះតេជព្រះគុណ យស ហ៊ុត ខេមចារោ ក៏បាន​សរសេរ​ជា​ពាក្យកាព្យ​ឌឺដង​ដែរ​ថា​៖ យុត្តិធម៌ ឆាក ល្ខោន ឥត​បានការ មុខ​ក្រាស​អស្ចារ្យ តុលាការ​តេឡេ ឃើញច្បាស់​ក្រឡែត ប្រឹង​ហែក​កេរ្តិ៍ ឥត​អ្នកណា​ជឿ​ទេ ល្បិច​រាក់​កំភែល។

អ្នក​ប្រើ​ប្រាស់​បណ្តាញ សង្គម​ហ្វេសប៊ុក ម្នាក់ទៀត ឈ្មោះ សូផាត ផេង (Sophath Pheng) សរសេរ​យ៉ាង​ខ្លី​ថា​៖ លោក កឹម សុខា អត់​មានទោស​ផង តើ​គេ​យក​ច្បាប់​អ្វី​ទៅមក​កាត់ទោស​គាត់?

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក ម្នាក់ទៀត ឈ្មោះ Boffa Son ៖ សរសេរ​បញ្ជាក់​ដែរ​ថា តុលាការ​ស្រុក​ខ្មែរ​ឡប់ឡែ​ធ្វើការ​ដើម្បី​លុយកាក់​អូស​បន្លាយ​បម្រើ​ជន​ក្បត់ជាតិ ដូចជា​រឿង​ក្ដីក្ដាំ​របស់​លោក កឹម សុខា គឺ​ច្បាស់​ហើយ ជា​គោលការណ៍​របស់ ហ៊ុន សែន នៅ​ពី​ក្រោយខ្នង​ធ្វើ​យ៉ាងណា​ឱ្យ​រំលាយ​បក្ស​ប្រឆាំង។

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក ម្នាក់ទៀត ឈ្មោះ Jame Johnson ៖ សរសេរ​ថា​៖ តាម​ខ្ញុំ​ទាយ​ទុក លោក កឹម សុខា នឹង​ត្រូវ​បាន​កាត់​ឱ្យ​មាន​ទោស។ រួច​នឹង​ត្រូវ​បាន​លើកលែងទោស ដោយមាន​លក្ខខណ្ឌ​ទៅ​បង្កើត​បក្ស​ថ្មី ឬ​ទៅ​ដំណើរការ​បក្ស​សិទ្ធិមនុស្ស​វិញ។

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ផ្សេងទៀត​សូម​ឱ្យ លោក ហ៊ុន សែន កោះហៅ​ស្ថានទូត​អាមេរិក មក​បកស្រាយ​ពី​រឿង​ពាក់ព័ន្ធ​ជាមួយ​លោក កឹម សុខា ផង។

អ្នក​ខ្លះ​ទៀត​សរសេរ​ចោទ​សួរ​ថា​៖ តើ​អាច​ជា​ឆាកល្ខោន ដើម្បី​រៀបចំ​ដើម្បី​បំបែកបំបាក់ សម រង្សី និង កឹម សុខា​ដែរ​?

ចំណែក ទីប្រឹក្សា​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា មាន​ប្រសាសន៍ នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្តាប់​អាស៊ីសេរី នៅ​ថ្ងៃ​អង្គារ ទី​១៤ មករា គឺ​មុន​ពេល​ចាប់ផ្ដើម​បើកសវនាការ​មួយថ្ងៃ​ថា ការ​ចោទ​ប្រកាន់​​លោក កឹម សុខា ឬ អ្នកនយោបាយ ពី​រឿង​ក្បត់ជាតិ​ដោយមាន​ទំនាក់​ទង​ជាមួយ រដ្ឋ​បរទេស​នោះ​ជា​រឿង​ហួស​សម័យ​ហើយ៖ «រឿង​ក្បត់ជាតិ​នេះ​ខ្ញុំ​ចង់​និយាយ​ថា គេ​ឈប់​ប្រើ​ហើយ​នៅ​សតវត្ស​ទី​២១​នេះ សម្រាប់​ចោទ​គណបក្ស មេដឹកនាំ​គណបក្ស​នយោបាយ កាលណា​យើង​ប្រើ​ករណី​នេះ​នៅ​កម្ពុជា គឺថា​យើង​បង្កើត​នូវ​ករណី​ដ៏​អាក្រក់​មួយ​រាលដាល​ដល់​ប្រទេស​ប្រជាធិបតេយ្យ​នានា ពីព្រោះ​គណបក្ស​នយោបាយ​នានា គេ​ត្រូវ​មាន​ទំនាក់ទំនង​គ្នា​រវាង​បក្ស​និង​បក្ស សូម្បីតែ​គណបក្ស​ប្រជាជន​ហ្នឹង ក៏​មាន​សមាគម​គណបក្ស​អន្តរជាតិ​មួយ​ដែល​គេ​ហៅថា គណបក្ស​សេរី​និយម​​កណ្ដាល​…!!

ចំណែក យុវជន លោក មួង សូ​នី វិញ សរសេរ​ថា​៖ ដោះ លែង លោក កឹម សុខា ដើម្បី​ប្រយោជន៍​ជាតិ​ទាំងមូល សូម​ថ្នាក់ដឹកនាំ​ទាំងអស់​មេត្តា ពិចារណា​!

ដោយឡែក​អ្នក​ប្រើ​បណ្ដាញ សង្គម​ហ្វេសប៊ុក ម្នាក់ទៀត ឈ្មោះ សម្រស់ ត្បូងឃ្មុំ សរសេរ​​ថា​៖ ក្នុង​នាម​​ខ្ញុំ​​ជា​​ប្រជាជន​កម្ពុជា ខ្ញុំ​​​ចង់​​ឃើញ​​ថ្នាក់​ដឹក​នាំ​​ទាំង​អស់​​ឈរ​លើ​​គោល​​ការណ៍​​​ឯកភាព​​ជាតិ ការ​បង្រួបបង្រួម​ជាតិ ឈរ​លើ​ការ​វែកញែក​ស្វែងរក​ដំ​ដោះ​ស្រាយ​​នយោបាយ​​ឱ្យ​​បាន​​ល្អ​​បំផុត ដោយ​​បញ្ឈប់​​ការ​​លាប​​ពណ៌​​គ្នា​​ទៅ​វិញ​ទៅ​មក​ទៅ​ ដើម្បី​ឱ្យ​ប្រជាជន​ខ្មែរ​មាន​ស្នាមញញឹម​ពោរ​ពេញ ដោយ​​ក្ដី​ស្រលាញ់ ប្រជាជន​ទាំងអស់​ចង់​ឃើញ​​ថ្នាក់​ដឹក​នាំ​​ទាំង​អស់​​ចាប់​​ដៃ​​គ្នា​​កសាង​​សេដ្ឋកិច្ច​ឱ្យ​​មាន​​ល្បឿន​​លឿន​​គ្រប់​វិស័យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល