ប៉ូលិស​ខេត្ត​បាត់ដំបង​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត​ នៅ​រសៀល​ថ្ងៃ​ទី​១៩ ​តុលា

ដោយ មួង ណារ៉េត
2019-10-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក អ៊ុត ជឿន សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​​ជាប់​ឆ្នោត​ខាង​គណបក្ស​សង្គ្រោះ​ជាតិ នៃ​ស្រុក​មោង​ឫស្សី ខេត្ត​បាត់ដំបង។
លោក អ៊ុត ជឿន សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​​ជាប់​ឆ្នោត​ខាង​គណបក្ស​សង្គ្រោះ​ជាតិ នៃ​ស្រុក​មោង​ឫស្សី ខេត្ត​បាត់ដំបង។
រូប៖ ហ្វេសប៊ុក​លោក អ៊ុត ជឿន

មន្ត្រី​ប៉ូលិស​នៃ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ចាប់​ខ្លួន​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​មោង​ឫស្សី ជាប់​ឆ្នោត​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ គឺ​លោក អ៊ុត ជឿន យក​ទៅ​ឃុំ​ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី​១៩​តុលា។​

ភរិយា​លោក អ៊ុត ជឿន គឺ​លោក​ស្រី សេង រ័ត្នមុនី ប្រាប់​អាស៊ី​សេរី​ក្រោយ​ពេល​​ចាប់​ស្វាមី​ថា ប៉ូលិស​ចាប់​លោក អ៊ុត ជឿន នៅ​ពេល​ដែល​គាត់​កំពុង​រត់​តាក់ស៊ី​នៅ​ឃុំ​ព្រៃតូច​ ស្រុក​មោង​ឫស្សី ដោយ​​ពុំ​បាន​​បង្ហាញ​ដីកា​ចាប់​ខ្លួន​ពី​តុលា​ឡើយ។ លោក​ស្រី​ចាត់​ទុក​ថា សកម្មភាព​របស់​ប៉ូលិស​នេះ​ថា ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​ស្វាមី​ដោយ​អយុត្តិធម៌ ព្រោះ​ស្វាមី​លោកស្រី​មិន​បាន​ប្រព្រឹត្តិ​ខុស​ច្បាប់​អ្វី​ឡើយ៖ «នៅ​សុខ​ៗ ​ស្រាប់​តែ​ប៉ូលិស​មក​ចាប់​ខ្លួន​ប្ដី​ខ្ញុំ​បណ្ដោយ​ វា​ហួស​ចិត្ត​និយាយ​មិន​រួច​។ ចង់​ឱ្យ​អាជ្ញាធរ​ដោះលែង​ប្ដី​ខ្ញុំ​មក​វិញ​ ព្រោះ​គ្រួសារ​ខ្ញុំ​ត្រូវ​ការ​គាត់​ខ្លាំង​ណាស់​ ដើម្បី​ចិញ្ចឹម​ជីវភាព​គ្រួសារ​ ក្នុង​បន្ទុក​មាន​សមាជិក​គ្រួសារ​៥​នាក់​ មាន​តែ​គាត់​ទេ​ដែល​រក​ប្រាក់​ចិញ្ចឹម​ប្រពន្ធ​កូន​ ហើយ​ដល់​ពេល​គេ​ចាប់​អីចឹង​ឱ្យ​ខ្ញុំ​រំពឹង​អ្នក​ណា»

អាស៊ី​សេរី​មិន​ទាច​ទាក់​ទង​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​ លោក អ៊ុច សុខុន ដើម្បី​សុំ​សេចក្ដី​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​ នៅ​ថ្ងៃ​ទី១៩ តុលា ដោយសារ​ទូរស័ព្ទ​ពុំ​មាន​អ្នក​ទទួល។

​​គិត​ត្រឹម​ថ្ងៃទី១៩ តុលា មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៤៩​នាក់​ហើយ ដែល​ត្រូវ​របប​លោក ហ៊ុន សែន ចាប់​ និង​ឃុំ​ក្នុង​ខ្លួន​ពន្ធនាគារ ហើយ​មាន​សកម្មជន​ចំនួន​ ១៨៤​នាក់​ផ្សេង​ទៀត ត្រូវ​បាន​កោះហៅ​​ទៅ​បំភ្លឺ និង​សមត្ថកិច្ច​តាម​​ចាប់​ខ្លួន ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់។ ក្រៅ​ពី​នេះ​ ក៏​មាន​សកម្មជន​បក្ស​ប្រឆាំង​ជា​ច្រើន​នាក់​ទៀត​ បាន​រត់​ភៀស​ខ្លួន​រក​កន្លែង​មាន​សុវត្ថិភាព ដើម្បី​គេច​ចេញ​ពី​ការ​តាម​យាយី និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ឬ​ចាប់​ខ្លួន​ពី​អាជ្ញាធរ​របប​ក្រុងភ្នំពេញ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល