សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​នៅ​ខេត្ត​បន្ទាយមានជ័យ​រត់​គេច​ខ្លួន​រក​ទី​សុវត្ថិភាព​ បន្ទាប់​ពី​សមត្ថកិច្ច​អុកឡុក​រំខាន​មុខ​ផ្ទះ

ដោយ ជី វិតា
2019-09-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មជន​គណបក្ស សង្គ្រោះ​ជាតិ ខេត្ត​បន្ទាយមានជ័យ ជួប​ជុំ​គ្នា​ពង្រឹង​សាមគ្គីភាព​នៅ​ភូមិ​ចាន់គិរី សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ២០១៩។
សកម្មជន​គណបក្ស សង្គ្រោះ​ជាតិ ខេត្ត​បន្ទាយមានជ័យ ជួប​ជុំ​គ្នា​ពង្រឹង​សាមគ្គីភាព​នៅ​ភូមិ​ចាន់គិរី សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ២០១៩។
រូបថត៖ ដោយ​ប្រជាពលរដ្ឋ

សកម្មជន​គណបក្ស​ប្រឆាំង​ម្នាក់​នៅ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ បាន​រត់​ភៀសខ្លួន​រក​កន្លែង​សុវត្ថិភាព។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ អះអាង​ថា មូលហេតុ​ដែល​លោក​រត់​គេច​ខ្លួន​ ​ដោយសារ​​ មន្ត្រី​ប៉ូលិស​ក្រុង​ប៉ោយប៉ែត​ជាច្រើន​នាក់ បាន​ទៅ​អុកឡុក​រំខាន​នៅ​មុខ​ផ្ទះ​របស់​លោក​ជា​ច្រើន​លើក​ច្រើន​សារ​ដោយ​មិន​ដឹង​មូលហេតុ​អ្វី​ឡើយ​។ មន្ត្រី​សង្គម​ស៊ីវិល​ ចាត់​ទុក​បញ្ហា​នេះ ថា​ ជា​ការ​គំរាមកំហែង​បំភិត​បំភ័យ​មក​លើ​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់។

សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ប៉ោយប៉ែត​ជាប់​ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក ឆាំ សុភាន់ ប្រាប់​អាស៊ី​សេរី​ នៅ​ថ្ងៃ​ទី៨ កញ្ញា​ថា ប្រមាណ ២សប្ដាហ៍​កន្លង​មក​នេះ មាន​មន្ត្រី​ប៉ូលិស​ក្រុង​ប៉ោយប៉ែត​ជា​ច្រើន​នាក់​ ស្លៀក​ពាក់​ស៊ីវិល​ផង និង​ឯកសណ្ឋាន​ប៉ូលិស​ផង បាន​ទៅ​ឃ្លាំមើល​នៅ​មុខ​ផ្ទះ​របស់​លោក​ជា​រៀង​រាល់​ថ្ងៃ ដោយ​មិន​ដឹង​មូលហេតុ​អ្វី​ឡើយ។ លោក​បន្ត​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មន្ត្រី​ប៉ូលិស​បន្ថែម​កម្លាំង​កាន់​តែ​ច្រើន​ឡើង​ ជា​ពិសេស​កាល​ពី​ថ្ងៃ​ទី៧ កញ្ញា មាន​ប៉ូលិស​ប្រហែល ១០នាក់ បាន​ជិះ​រថយន្ត ២គ្រឿង​បើក​ក្រឡឹង​មុខ​ផ្ទះ​របស់​លោក​ម្ដង​ហើយ​ម្ដង​ទៀត ធ្វើ​ឱ្យ​ក្រុម​​គ្រួសារ​មាន​ការ​ភ័យ​ខ្លាច និង​មិន​ហ៊ាន​នៅ​ក្នុង​ផ្ទះ៖ «ខ្ញុំ​ផ្ដាំ​ផ្ញើ​ទៅ​សមត្ថកិច្ច​ផង ខ្ញុំ​ធ្វើ​នេះ​មិន​មែន​ជា​ទោស​ក្បត់​ជាតិ​ទេ​ គ្រាន់​តែ​ទៅ​ទទួល​លោក​ប្រធាន សម រង្ស៊ី ហ្នឹង គឺ​យើង​ស្រលាញ់​ប្រជាធិបតេយ្យ​ចង់​ផ្ដាំផ្ញើ​ឱ្យ​គាត់​សម្លឹង​មើល​សង្គម​សព្វ​ថ្ងៃ​ថា តើ​អាក្រក់​ឬ​ល្អ? ហើយ​សូម​កុំ​ឱ្យ​អស់​លោក​ឈ្លក់​នឹង​សង្គម​សព្វ​ថ្ងៃ​ពេក ព្រោះ​អី​យើង​ឃើញ​ផ្ទាល់ៗ ភ្នែក​ អំពើ​អាក្រក់​យើង​ឃើញ​ភ្នែក​រាល់​ថ្ងៃ​ហើយ»

លោក ឆាំ សុភាន់ បាន​ភៀសខ្លួន​រក​ទី​សុវត្ថិភាព​កាល​ពី​ថ្ងៃ​ទី៥ កញ្ញា​កន្លង​ទៅ។ លោក​ថា ថ្វី​ដ្បិត​តែ​លោក​បាន​ចាកចេញ​ពី​ផ្ទះ​ហើយ​ក្ដី ក៏​ប៉ូលិស​នៅ​តែ​បន្ត​ដាក់​កម្លាំង​ឃ្លាំមើល​មុខ​ផ្ទះ​របស់​លោក​ដដែល ហើយ​លើស​ពី​នេះ ​ប៉ូលិស​តែង​តែ​សាកសួរ​ពលរដ្ឋ​នៅ​ក្បែរ​នោះ​អំពី​រូប​លោក​ជា​ប្រចាំ​ទៀត​ផង។

ទាក់ទង​នឹង​បញ្ហា​នេះ អធិការ​រង​ក្រុង​ប៉ោយប៉ែត​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ លោក ព្រហ្ម ពិសិដ្ឋ ប្រាប់​អាស៊ី​សេរី​យ៉ាង​ខ្លី​ថា ​ប៉ូលិស​ក្រុង​ប៉ោយប៉ែត​មិន​បាន​ទៅ​អុកឡុក​រំខាន​នៅ​មុខ​ផ្ទះ​របស់​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​ដូច​ការ​ចោទ​ប្រកាន់​​ឡើយ៖ «ខ្ញុំ​អត់​ដឹង​ដែរ​បង​ បាទៗ

ទោះ​ជា​យ៉ាង​ណា មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក(Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់សំគាល់​ថា មន្ត្រី​ប៉ូលិស​តាម​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​សកម្មជន​បក្ស​ប្រឆាំង​នេះ ដោយសារតែ​លោក ឆាំ សុភាន់ ជា​ក្រុម​ប្រឹក្សា​សង្កាត់​ប៉ោយប៉ែត​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តែង​ដឹក​នាំ​សកម្មជន​ដទៃ​ទៀត​ ប្រមូល​ផ្ដុំ​គ្នា​ថ្លែង​សារ​នយោបាយ​ និង​បាន​និយាយ​ចាំ​ទទួល​លោក​ សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ នៅ​ថ្ងៃ​ទី​៩​វិច្ឆិកា​ខាងមុខ​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ លោក ស៊ុំ ច័ន្ទគា អះអាង​ថា ការ​ជួប​ជុំ​គ្នា​របស់​បក្ស​ប្រឆាំង​កន្លង​មក​ គឺពុំ​មែន​ជា​ការ​ខុស​​ច្បាប់​អ្វី​នោះ​ទេ ​ពីព្រោះ​សកម្មភាព​របស់​ពួកគាត់​ គឺ​ជា​ការ​​ជួប​ប្រជុំ​ឈឺឆ្អាល​រឿង​នយោបាយ​ ដែល​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​របស់​ពលរដ្ឋ​ដែល​មាន​កំណត់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ៖ «អីចឹង​ការ​ទៅ​ពិនិត្យ​ទៅ​ឆែក​ជិះ​ឡាន​មើល​ជិះ​ថត​អី​គឺ ជា​ការ​បំពារបំពាន​ទៅ​លើ​សិទ្ធិ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួកគាត់​ ព្រោះ​ពួកគាត់​ត្រូវ​ការ​ភាព​កក់​ក្ដី​អំពី​រដ្ឋ​ ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ពី​រដ្ឋ​ មិន​មែន​ត្រូវ​ការ​បំភិតបំភ័យ​ពី​រដ្ឋ​នោះ​ទេ​។យើង​តែង​តែ​សួរ​សមត្ថកិច្ច​ដែរ​ ប៉ុន្តែ​សមត្ថកិច្ច​ថា​ជា​រឿង​មួយ​គេ​ចុះ​ល្បាត​ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​ផ្សេង​ៗ​ យើង​កំពុង​តែ​ឆ្ងល់​ថា​តើ​វា​ចំណេញ​អី​លាប​ពណ៌​លាប​អី​ក្លាយ​ទៅ​ជា​ឧទ្ទាម​ក្រៅ​ច្បាប់​អីចឹង​ វា​មិន​គួរ​ណា​កើត​ឡើង​នៅ​ក្នុង​សង្គម​ដែល​កាន់​របប​ប្រជាធិបតេយ្យ​ទេ»

កន្លង​មក​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​បាន​​​ព្រមាន​កម្ចាត់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ណា​ដែល​ហ៊ាន​ចេញ​មុខ​ធ្វើ​សកម្ម​ភាព​ឱ្យ​គណបក្ស​ប្រឆាំង និង​ក្នុង​ករណី​ដែល​​​សហភាព​អឺរ៉ុប​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធEBAពី​កម្ពុជា។ ក្រោយ​មាន​បញ្ជា​បែប​នេះ​ អាជ្ញាធរ​នៅ​តាម​ខេត្ត​មួយ​ចំនួន​ក៏​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​យាយី​រំខាន ​និង​​ចាប់ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់។

របាយការណ៍​អង្គការ​លីកាដូ​(Licadho)​បង្ហាញ​ថា​ គិត​ត្រឹម​ថ្ងៃ​ទី៨​កញ្ញា មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២១​នាក់​ហើយ ​ដែល​រដ្ឋាភិបាល​ចាប់​ខ្លួន​ និង​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ ដោយសារ​តែ​ពួកគេ​ធ្វើ​សកម្មភាព​នយោបាយ​ដែល​អនុញ្ញាត​ដោយ​ច្បាប់​កម្ពុជា។

លោក ឆាំ សុភាន់ អះអាង​ថា ​លោក​មិន​ខ្លាច​សមត្ថកិច្ច​ចាប់​ខ្លួន​​ឡើយ ក៏​ប៉ុន្តែ​លោក​​ថា ​ការ​រត់​គេច​ខ្លួននេះ គឺ​ដោយសារ​លោក​​បារម្ភ​ថា សមត្ថកិច្ច​ចាប់​ខ្លួន​លោក ​ធ្វើ​ឱ្យ​បាត់បង់​ធនធាន​មនុស្ស​ទៅ​ចូល​រួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ នៅ​ពេល​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល