សកម្មជន​បក្ស​ប្រឆាំង លោក ម៉ៃ ហុងស្រៀង៖ ការ​ឃុំ​ខ្លួន​ជាង​កន្លះ​ឆ្នាំ​មក​នេះ​ជា​រឿង​អយុត្តិធម៌

ដោយ យន់ សាមៀន
2020-04-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ម៉ៃ ហុងស្រៀង (អាវ​ពណ៌​បៃតង) សកម្មជន​បក្ស​ប្រឆាំង ពេល​ចេញ​ពន្ធនាគារ​ព្រៃស និង​​អ្នក​ទៅ​ទទួល​លោក នៅ​ល្ងាច​ថ្ងៃ​ទី៣ ខែ​មេសា ឆ្នាំ២០២០។
លោក ម៉ៃ ហុងស្រៀង (អាវ​ពណ៌​បៃតង) សកម្មជន​បក្ស​ប្រឆាំង ពេល​ចេញ​ពន្ធនាគារ​ព្រៃស និង​​អ្នក​ទៅ​ទទួល​លោក នៅ​ល្ងាច​ថ្ងៃ​ទី៣ ខែ​មេសា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​ព្រះសីហនុ​លោក ម៉ៃ ហុងស្រៀង ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃុំ​ខ្លួន​ជាង​កន្លះ​ឆ្នាំ នៅ​ពន្ធនាគារ​ព្រៃស​ ត្រូវ​បាន​តុលាការ​ដោះ​លែង​​ឲ្យ​មាន​សេរីភាព​ហើយ​។ លោក ម៉ៃ ហុងស្រៀង និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ថា រឿង​នេះ ករណី​ឃាត់​ខ្លួន​លោក ជា​ករណី​អយុត្តិធម៌។

មន្ត្រី​ពន្ធនាគារ បាន​ដោះ​លែង លោក ម៉ៃ ហុងស្រៀង នៅ​ម៉ោង​ជាង ៤រសៀល ថ្ងៃ​ទី៣ មេសា ទោះ​បី​សាល​ដី​កា​ឧទ្ធរណ៍​ឲ្យ​ពន្ធនាគារ ដោះ​លែង​លោក​តាំង​ពី​ថ្ងៃ​ទី១ មេសា​មក​ម្ល៉េះ។ លោក​ ប្រាប់​អាស៊ី​សេរី ក្នុង​ពេល​ចេញ​ពី​ពន្ធនាគារ​ភ្លាមៗ ថា ការ​ឃុំ​ខ្លួន​ជាង ៨ខែ​មក​នេះ ជា​រឿង​នយោបាយ​សុទ្ធ​សាធ និង​អះអាង​ថា​លោក មិន​បាន​ប្រព្រឹត្តិ​កំហុស ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ លោក​ អះអាង​ថា នៅ​តែ​មាន​ស្មារតី​ដដែល បើ​ទោះ​ជាប់​ពន្ធនាគារ ដោយ​អយុត្តិធម៌​ក៏​ដោយ៖ «ការ​ឃុំ​ខ្លួន​នេះ ខ្ញុំ​យល់​ថា ជា​ការ​ព្រួយ​បារម្ភ​របស់​ខាង​បក្ស​កាន់​អំណាច។ តែ​មិន​អ្វី​ទេ ខ្ញុំ​ទ្រាំ​បាន។ សុំ​ផ្ដាំ​ផ្ញើ​ទៅ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ថា ឧត្ដម​គតិ​របស់​ខ្ញុំ​នៅ​តែ​ដដែល គឺ​គ្មាន​បំណង​អ្វី​ ទៅ​ជាន់​ពន្លិច​រដ្ឋាភិបាល​ទេ។ គ្រាន់​ថា ដើម្បី​ឲ្យ​ប្រទេស​ជាតិ​យើង ដើរ​ទៅ​មុខ​ទាំង​អស់​គ្នា ឲ្យ​រីក​ចម្រើន​ដូច​ប្រទេស​គេ​ដទៃ គ្មាន​បំណង​អ្វី​ទៅ​ជាន់​ពន្លិច​ទេ»

ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កាត់​ទោស​ លោក ម៉ៃ ហុងស្រៀង ឲ្យ​ជាប់​ពន្ធនាគារ ១ឆ្នាំ​កន្លះ (១៨ខែ) ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ ឲ្យ​​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជា​អាទិ៍។ សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ មិន​សុខ​ចិត្ត នឹង​ការ​សម្រេច​នេះ ហើយ​បាន​ប្ដឹង​បន្ត​ ទៅ​សាលា​ឧទ្ធរណ៍ ទាមទារ​ឲ្យ​ទម្លាក់​បទ​ចោទ និង​ស្នើសុំ​​ដោះលែង ដោយ​គ្មាន​លក្ខខណ្ឌ។ កាល​ពី​ដើម​ឆ្នាំ២០២០ ចៅក្រម​សាលាឧទ្ធរណ៍ បាន​កាត់​ក្ដី​បន្ថយ​ទោស​លោក ពី ១៨ខែ ឲ្យ​នៅ​ជាប់​ទោស ៨ខែ ក្នុង​បទ​ចោទ​ដដែល។

ប្រធាន​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស នៃ​សមាគម អាដហុក លោក នី សុខា សង្កេត​ឃើញ​ថា ការ​ដោះ​លែង​លោក ម៉ៃ ហុងស្រៀង មិន​មែន​ធ្វើ​ឡើង​តាម​ការ​ស្នើសុំ​ទេ តែ​ជា​ការ​បញ្ចប់​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ តាម​ការ​សម្រេច​របស់​តុលាការ។ ដូច្នេះ លោក​សោក​ស្ដាយ​ចំពោះ​ការ​ឃុំ​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ជាង ៨ខែ ដោយ​ថា នេះ​ជា​ការ​ឃុំ​បែប​អយុត្តិធម៌។

លោក​ស្នើសុំ​ឲ្យ​សមត្ថកិច្ច បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ លើ​សកម្មជន​នយោបាយ​ត​ទៅ​ទៀត ព្រោះ​លោក​សង្កេត​ឃើញ​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ ប៉ូលិស​ធ្វើ​សកម្មភាព​តាម​ចាប់​សកម្មជន​បក្ស​ប្រឆាំង​ឡើង​វិញ។ លោក ស្នើ​សុំ​ឲ្យ​មាន​ការ​ផ្សះផ្សា​គ្នា ប្រមែប្រមូល​យក​គំនិត​ខ្មែរ​ទាំង​អស់ ដើម្បី​រួម​គ្នា​ទប់​ទល់​នឹង​ជំងឺ​កូវីដ១៩ (Covid 19) ល្អ​ជា​ជាង ការ​បន្ត​តាម​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​អ្នក​ចូលរួម​ផ្ដល់​យោបល់៖ «ខ្ញុំ​យល់​ថា មិន​មែន​តែ​ លោក ម៉ៃ ហុងស្រៀង​ ទេ។ តុលាការ គួរ​តែ​ពិចារណា​ទៅ​លើ​អ្នក​ដែល​ជាប់​ឃុំ​ដទៃៗ ទៀត ដែល​គ្រាន់​តែ​ជា​អ្នក​ធ្វើ​កិច្ចការ​ងារ​ជួយ​ទៅ​ដល់​សង្គម​ជាតិ​យើង​ហ្នឹង គឺ​គួរ​តែ​ពិចារណា​មើល​អ្នក​ទាំងអស់​នោះ។ មុន​ពេល​រដូវ​ចូល​ឆ្នាំ​នេះ តុលាការ​គួរ​តែ​ ពិចារណា​ទៅ​លើ​អ្នក​ដទៃ​ទៀត ដែល​គាត់​ជាប់ ពន្ធនាគារ​ ដោយសារ​តែ​គាត់​បញ្ចេញ​មតិ បញ្ចេញ​យោបល់ ហើយ​នឹង​ទាក់ទង​ទៅ​នឹង​បញ្ហា​រឿង​ខ្លះ​ទៀត វា​ពាក់ព័ន្ធ​ទៅ​នឹង​កិច្ចការ​ងារ​នយោបាយ​ ការងារ​អ្វី​ហ្នឹង។ ខ្ញុំ​គិត​ថា តុលាការ​គួរ​តែ​ពិចារណា ដោះលែង​ពួកគេ​ ឲ្យ​មាន​សេរីភាព ក្នុង​រដូវ​ចូល​ឆ្នាំ​ហ្នឹង​ទៅ»

លោក ម៉ៃ ហុងស្រៀង សកម្មជន​បក្ស​ប្រឆាំង ពេល​ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស និង​អ្នក​ទៅ​ទទួល​លោក នៅ​ថ្ងៃ​ទី៣ ខែ​មេសា ឆ្នាំ២០២០។ រូប៖ សកម្មជន
លោក ម៉ៃ ហុងស្រៀង សកម្មជន​បក្ស​ប្រឆាំង ពេល​ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស និង​អ្នក​ទៅ​ទទួល​លោក នៅ​ថ្ងៃ​ទី៣ ខែ​មេសា ឆ្នាំ២០២០។ រូប៖ សកម្មជន

លោក ម៉ៃ ហុងស្រៀង គឺ​ជា​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់ ក្នុង​ចំណោម​សកម្មជន​បក្ស​ប្រឆាំង​ជិត ១០០នាក់ ដែល​ត្រូវ​បាន​របប​ក្រុង​ភ្នំពេញ បង្ក្រាប​ក្នុង​យុទ្ធនាការ​ទប់​ទល់​នឹង​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី។ លោក ហ៊ុន សែន មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ បាន​បញ្ជា​ឲ្យ​មន្ត្រី​ក្រសួង​យុត្តិធម៌ ទៅ​សម្រួល​ជាមួយ​តុលាការ​ឱ្យ​ដោះ​លែង​សកម្មជន​ទាំង​នោះ បាន​ជាង ៧០នាក់​ហើយ។ មេធាវី​កាន់​ក្ដី​ឲ្យ​អ្នក​ទោស​នយោបាយ នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក សំ សុគង់ ធ្លាប់​និយាយ​ថា នៅ​សល់​អ្នក​ជាប់​ឃុំ​ពាក់ព័ន្ធ​ នឹង​រឿង​នយោបាយ​ចន្លោះ មុន​ឆ្នាំ២០១៩ ចំនួន ៧នាក់​ទៀត មិន​ទាន់​ទទួល​បាន​ការ​ដោះ​លែង៕

លោក ម៉ៃ ហុងស្រៀង សកម្មជន​បក្ស​ប្រឆាំង ម្ដាយ និង​ប្រពន្ធ ទៅ​ទទួល​លោក​ពេល​ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃ​ទី៣ ខែ​មេសា ឆ្នាំ២០២០។ រូប៖ សកម្មជន
លោក ម៉ៃ ហុងស្រៀង សកម្មជន​បក្ស​ប្រឆាំង ម្ដាយ និង​ប្រពន្ធ ទៅ​ទទួល​លោក​ពេល​ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃ​ទី៣ ខែ​មេសា ឆ្នាំ២០២០។ រូប៖ សកម្មជន


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល