សកម្មជន​បក្ស​ប្រឆាំង​ជា​ច្រើន​នាក់​នៅ​ខេត្ត​ឧត្ដរមានជ័យ​​រត់​ភៀស​ខ្លួន​ពី​ការ​បង្ខំ​ឱ្យ​សារភាព

ដោយ សេក បណ្ឌិត
2019-10-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្នងការដ្ឋាន​​នគរបាល​ខេត្ត​ឧត្ដរមានជ័យ
ស្នងការដ្ឋាន​​នគរបាល​ខេត្ត​ឧត្ដរមានជ័យ
រូប៖ ហ្វេសប៊ុក​ស្នងការដ្ឋាន​​នគរបាល​ខេត្ត​ឧត្ដរមានជ័យ

សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​ឧត្ដរមានជ័យ​អះអាង​ថា អាជ្ញាធរ​ខេត្ត​នេះ​កំពុង​បង្កើន​យុទ្ធនាការ​បង្ខិតបង្ខំ​ដល់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តាម​មូលដ្ឋាន​ឱ្យ​ចូល​សារភាព​ពី​ទោស​កំហុស​​ និង​ឱ្យ​ឈប់​គាំទ្រ​នយោបាយ​របស់​លោក សម រង្ស៊ី ដើម្បី​ជា​ថ្នូរ​ឱ្យ​រួច​ផុត​ពី​ការ​ចាប់​ចង។ សកម្មជន​មួយ​ចំនួន​ សុខចិត្ត​រត់​ភៀស​ខ្លួន​ទៅ​រក​ទី​មាន​សុវត្ថិភាព​ដោយ​មិន​ធ្វើ​តាម​បញ្ជា​របស់​អាជ្ញាធរ​ឡើយ។

សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​ឧត្ដរមានជ័យ​លើក​ឡើង​ស្រដៀង​គ្នា​ថា សកម្មជន​នៅ​តាម​មូលដ្ឋាន​នៅ​ក្នុង​ខេត្ត​នេះ ភាគច្រើន​នៅ​តែ​រឹងមាំ​ដោយ​ស្មោះស្ម័គ្រ​ជា​មួយ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល។

ចៅសង្កាត់​រង​ទី​១ សង្កាត់​អូស្មាច់ ក្រុង​សំរោង ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ លោក ញាណ សារុំ ដែល​កំពុង​ភៀស​ខ្លួន​នៅ​កន្លែង​មាន​សុវត្ថិភាព​ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី​២៩​ តុលា​ថា អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ប៉ូលិស​ខេត្ត​ឧត្ដរមានជ័យ កំពុង​ធ្វើ​យុទ្ធនាការ​បង្ខិតបង្ខំ​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​តាម​ភូមិ​ឱ្យ​ចូល​សារភាព​ពី​ទោស​កំហុស ដែល​បាន​គាំទ្រ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​កន្លង​មក ដើម្បី​ជា​ថ្នូរ​បាន​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​របស់​តុលាការ។ លោក​បញ្ជាក់​​ថា កាល​ពី​ថ្ងៃ​ទី​២៤ ​និង​២៥​ តុលា​កន្លង​ទៅ​ អភិបាល​ក្រុង​សំរោង និង​ចៅសង្កាត់​អូរ​ស្មាច់ បាន​បង្ខំ​ឱ្យ​សកម្មជន​​ជា​ច្រើន​នាក់​នៅ​ក្នុង​ស្រុក​នេះ ចូល​សារភាព​ពី​ទោស​កំហុស ប៉ុន្តែ​​ពួកគេ​មិន​ព្រម​ធ្វើ​តាម​បញ្ជា​របស់​អាជ្ញាធរ​នោះ​ទេ ហើយ​សុខ​ចិត្ត​នាំ​គ្នា​រត់​គេច​ខ្លួន​ទៅ​រក​ទី​សុវត្ថិភាព៖ «គេ​ថា បើ​ខ្ញុំ​ទៅ​សារភាព​គេ​លើក​លែង​ទោស​ឱ្យ​បើ​ខ្ញុំ​មិន​សារភាព​ទេ​គេ តុលាការ​នឹង​ចេញ​ដីកា​ចាប់​ខ្ញុំ។ អ៊ីចឹង​ខ្ញុំ​មិន​ទៅ​ទេ ព្រោះ​ខ្ញុំ​អត់​មាន​កំហុស​អី​ផង ពួកខ្ញុំ​អត់​មិន​មែន​ជា​អ្នក​ក្បត់ជាតិ​ លក់​ដី​លក់​ព្រៃ លក់​ប្រទេស​ដូច​គេ​ចោទ​ប្រកាន់​ទេ»

លោក​បន្ត​ថា ​សកម្មជន​មួយ​ចំនួន​ដែល​បាន​សារភាព​កន្លង​មក​ ដោយសារ​អាជ្ញាធរ​បង្ខិតបង្ខំ​ដល់​ពួកគាត់​ដល់​ផ្ទះ​ ហើយ​ពួកគាត់​គ្មាន​ជម្រើស​ក៏​សម្រេច​ធ្វើ​តាម​បញ្ជា​របស់​អាជ្ញាធរ​ ព្រោះ​ប៉ូលិស​ជា​ច្រើន​នាក់​ព័ទ្ធជុំវិញ​ពួកគាត់​ ហើយ​គំរាម​ថា​ចាប់​ដាក់​គុក​ប្រសិន​បើ​មិន​ព្រម​សារភាព​នោះ។

រីឯ​ជំទប់​ទី​២ ឃុំ​ពង្រ ស្រុក​ចុងកាល់ ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សុខ វិល ដែល​កំពុង​ភៀស​ខ្លួន​នៅ​ទី​សុវត្ថិភាព​ដែរ​នោះ​ ថ្លែង​ថា ប៉ូលិស​ខេត្ត​ឧត្ដរមានជ័យ​ជា​ច្រើន​នាក់​បាន​ទៅ​គំរាម​​គាត់ ឱ្យ​សារភាព​ពី​ទោសកំហុស​ម្ដង​ហើយ​ម្ដង​ទៀត ប៉ុន្តែ​លោក​មិន​ព្រម​ធ្វើ​តាម​បញ្ជា​របស់​ប៉ូលិស​នោះ​ទេ​ ហើយក៏​បាន​រត់​គេច​ខ្លួន​។លោក​ថា​ លោក​គ្មានអ្វី​ត្រូវ​សារភាពនោះទេ ព្រោះ​លោក​​​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ផង៖ «គេ​ប្រាប់​ខ្ញុំ​ថា​ចូល​សារភាព​ទៅ​រួច​ខ្លួន គេ​មាន​អ្នក​ណា​គេ​ធ្វើ​កម្ម​ធ្វើ​ពារ​អី​ទេ ដោយសារ​ខ្លាច​ខ្ញុំ​អូស​ទាញ​កម្លាំង​ពលរដ្ឋ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ទទួល​លោក សម រង្ស៊ី ។ទោះ​បី​ជា​យ៉ាង​ណា​ក៏​ខ្ញុំ​មិន​ទៅ​សារភាព ខ្ញុំ​មិន​អត់​ចាញ់​ល្បិចកល​អាជ្ញាធរ​ទេ ល្បិច​បញ្ឆោត​ចាប់​ខ្លួន​ខ្ញុំ បាន​ជា​ខ្ញុំ​រត់គេច​ខ្លួន»

លោក​បន្ត​ថា មួយ​រយៈ​នេះ​អាជ្ញាធរ​ខេត្ត​ឧត្ដរមានជ័យ​បង្កើន​ការ​គំរាមកំហែង​​សកម្មជន​គណបក្ស​ប្រឆាំង​កាន់​តែ​ខ្លាំង​ឡើង ហើយ​មាន​រហូត​មក​ទល់​ថ្ងៃ​ទី២៩ តុលា មាន​សកម្មជន​ប្រមាណ​២០​នាក់​ បាន​ចូល​​សារភាព​តាម​ការ​បង្ខិតបង្ខំ​របស់​អាជ្ញាធរ។

អាស៊ី​សេរី​មិន​ទាច​ទាក់​ទង​អភិបាល​រង​ខេត្ត​ឧត្ដរមានជ័យ លោក វ៉ាត ប៉ារ៉ានីន និង​ស្នងការ​រង​នគរបាល​ខេត្ត​ឧត្ដរមានជ័យ​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​ លោក ឡឹក សុខា ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី២៩ វិច្ឆិកា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន បាន​ប្រកាស​​ជា​ម្ដង​ហើយ​ម្ដង​ទៀត​ថា ក្រុម​បក្ស​ប្រឆាំង​ទាំង​ឡាយ​ដែល​ទៅ​ចូល​អម​ដំណើរ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ចូល​ស្រុក​ គឺ​ជន​ក្បត់​ជាតិ ហើយ​សមត្ថកិច្ច​នឹង​ចាប់​ពួកគេ​ដាក់គុក។ ​លោក​ហ៊ុន សែន​ បញ្ជាក់​ថា ប្រសិន​បើ​សកម្មជន​ណា​ចូល​សារភាព នោះ​ពួក​គេ​នឹង​រួច​ផុត​ពី​ទោស។

​​​​អ្នក​វិភាគ​នយោបាយ​ដែល​ធ្លាប់​ជា​ទីប្រឹក្សា​របស់​អតីត​អនុ​ប្រធាន​រដ្ឋសភា​លោក​កឹម សុខា គឺ លោក បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា សកម្មជន​គណបក្ស​ដែល​ប៉ូលិស​ចាប់​ខ្លួន ​និង​អ្នក​ចូល​សារភាព​កន្លង​មក​នោះ​ សុទ្ធតែ​ជា​ការ​បង្ខំ​ឱ្យ​ពួកគេ​សម្ដែង​ល្ខោន​ប៉ុណ្ណោះ​ ពីព្រោះ​លោក​ថា សកម្មជន​ទាំង​នោះ​មិន​​បាន​ប្រព្រឹត្ត​​ខុស​ច្បាប់​អ្វី​ឡើយ។ លោក​កត់សំគាល់​ថា ​ការ​បង្ខំ​សកម្មជន​នេះ គឺ​ជា​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ ដើម្បី​ទប់ទល់​​គម្រោង​ធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី ខែ​វិច្ឆិកា​ខាង​មុខ៖ «នេះ​ជា​វិធានការណ៍ ដែល​សមស្រប​ជា​មួយ​ការ​រៀបចំ​ច្បាំង​ទប់ទល់​ហ្នឹង​បាទ! ហើយ​ជា​ការ​ឃោសនា ដើម្បី​ឱ្យ​មាន​ការ​ចុះ​ចូល​មក ដើម្បី​ឱ្យ​ភាគី​ម្ខាង​ទៀត​ចុះ​ខ្សោយ​ទៅ»

សកម្ម​ជន​បក្ស​ប្រឆាំង​ដែល​រត់​ភៀស​ខ្លួន​អះអាង​ថា​ ប្រមាណ​មួយ​សប្ដាហ៍​មក​នេះ​ មាន​សកម្មជន​ប្រហែល ២០នាក់​ បាន​រត់​ភៀស​ខ្លួន​រកទី​សុវត្ថិភាព​ ដើម្បី​ត្រៀម​កម្លាំង​ដឹក​នាំ​ពលរដ្ឋ​ទៅ​ទទួល​ថ្នាក់​ដឹក​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ចូល​ស្រុក​នៅ​ពេល​ខាង​មុខ។ ពួកគេ​បន្ត​ថា​ អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​​ ក្នុង​ខេត្ត​ឧត្ដរ​មាន​ជ័យ​​ ភាគ​ច្រើន​ចង់​ឱ្យ​លោក​ សម រង្ស៊ី ធ្វើ​មាតុភូមិ​និវត្តន៍​តាម​ច្រក​ព្រំដែន​កម្ពុជា​ថៃ ដើម្បី​ងាយ​ស្រួល​ដល់​ពលរដ្ឋ​តាម​ព្រំដែន​​ទៅ​ចូល​រួម​អម​ដំណើរ​បាន​ច្រើន​កុះករ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល