មន្ត្រី​បក្ស​ប្រឆាំង​ម្នាក់​​នៅ​ខេត្ត​កំពង់ចាម​ បារម្ភ​ពី​សុវត្ថិភាព​បន្ទាប់​ពី​​មាន​ជន​មិន​ស្គាល់​មុខ​ទូរស័ព្ទ​គំរាម

ដោយ វ៉ែន សុមេធ
2020-01-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សយ ស៊ីន​ថាត មេ​ឃុំ​ស្ពឺ​ជាប់​ឆ្នោត​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​ចម្ការ​លើ ខេត្ត​កំពង់ចាម។
លោក សយ ស៊ីន​ថាត មេ​ឃុំ​ស្ពឺ​ជាប់​ឆ្នោត​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​ចម្ការ​លើ ខេត្ត​កំពង់ចាម។
Provided photo

សកម្មជន​គណបក្ស​ប្រឆាំង​ម្នាក់​នៅ​ស្រុក​ចម្ការ​លើ ខេត្ត​កំពង់ចាម ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន បន្ទាប់​ពី​មាន​ជន​មិន​ស្គាល់​មុខ​២នាក់​បាន​អះអាង​ថា ពួក​គេ​ជា​មន្ត្រី​តុលាការ​ខេត្ត​កំពង់ចាម បាន​ទូរស័ព្ទ​ជំរិត​ទារ​ប្រាក់ ដើម្បី​ជា​ថ្នូរ​ឱ្យ​រួច​ផុត​ពី​ការ​ចាប់​ខ្លួន។ មន្ត្រី​សង្គម​ស៊ីវិល​ ចាត់​ទុក​បញ្ហា​នេះ​ថា ជា​ការ​គំរាម​កំហែង​បំភិតបំភ័យ​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់។

មេឃុំ​ស្ពឺ​ស្រុក​ចម្ការ​លើ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក​ សយ ស៊ីន​ថាត ​ឱ្យ​អាស៊ី​សេរី​ដឹង​ថា​បុរស​ម្នាក់​ដែល​ប្រាប់​ថា ខ្លួន​ឈ្មោះ អាត កាល​ពី​ថ្ងៃ​ទី​២២​ មករា ​បាន​ទូរស័ព្ទ​គំរាម​លោក​ឱ្យ​ប្រញាប់​រត់​គេច​ខ្លួន ព្រោះ​អាជ្ញាធរ​កំពុង​តាម​ចាប់​ខ្លួន​លោក​ជា​ថ្មី​ទៀត។លោក​បន្ត​ថា នៅ​ថ្ងៃ​ទី​២៨​ មករា ស្រាប់តែ​មាន​មនុស្ស​ម្នាក់​ទៀត​ ​ដែល​មិន​បាន​ប្រាប់​ឈ្មោះ​ ប៉ុន្តែ​អះអាង​ថា ​ជា​មន្ត្រី​ក្រឡា​បញ្ជី​សាលាដំបូង​ខេត្ត​កំពង់ចាម និង​ថា ជា​មិត្ត​រួម​ការងារ​ជា​មួយ​ឈ្មោះ អាត បាន​ទូរស័ព្ទ​មក​ជំរិត​ទារ​ប្រាក់​ពី​លោក​ចំនួន​ ៦ពាន់​ដុល្លារ​អាមេរិក ដើម្បី​ជា​ថ្នូរ​ឱ្យ​រួច​ផុត​ពី​ការ​ចាប់​ខ្លួន៖ «រឿង​ច្រើន​ណាស់​ចំពោះ​ខ្ញុំ​តែ​ខ្ញុំ​ចេះ​តែ​លាក់​ដោយសារ​មិន​ចង់​មាន​បញ្ហា​ជា​មួយ​អាជ្ញាធរ​នៅ​ស្រុក​ចម្ការ​លើ តែ​ឥឡូវ​នេះ​ពួក​គាត់​មិន​ទុក​ខ្ញុំ​ក្នុង​កែវ​ភ្នែក​ ខ្ញុំ​ត្រូវ​តែ​បញ្ចេញ​ ព្រោះ​បើ​ទុក​អីចឹង​គេ​ធ្វើ​បាប​ខ្ញុំ​រហូត​។ ខ្ញុំ​ជា​អ្នក​នយោបាយ​ខ្ញុំ​អត់​មាន​ពាក់​ព័ន្ធ​អី​រឿង​លុយ​កាក់​ទេ​ ខ្ញុំ​អត់​បាន​ប្រព្រឹត្ត​អី​ខ្ញុំ​ច្បាប់​ផង​។ រួច​ណា​មួយ​ខ្ញុំ​ត្រូវ​បាន​សម្ដេច​ហ៊ុន សែន​ ប្រកាស​ឱ្យ​ដោះលែង​អស់​ហើយ​ ក្រដាស​ស្នាម​ខ្ញុំ​មាន​តើ​ បើ​សិន​ជា​មាន​ការ​អី​ប្រាកដ​ជា​មាន​តុលាការ​ចេញ​ដីកា​កោះ​ហើយ»

លោក សយ ស៊ីន​ថាត ជា​មន្ត្រី​គណបក្ស​ប្រឆាំង​ម្នាក់​ ក្នុង​ចំណោម​សកម្មជន​គណបក្ស​នេះ​ប្រមាណ ៨០នាក់ ដែល​ត្រូវ​​បាន​ដោះ​លែង​ចេញ​ពី​ពន្ធនាគារ​ ក្រោយ​ពី​យុទ្ធនាការ​បង្ក្រាប​អ្នក​ប្រឆាំង​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន កាល​ពី​ចុង​ឆ្នាំ២០១៩។

ទាក់​ទង​នឹង​បញ្ហា​នេះ អាស៊ី​សេរី​បាន​ទាក់ទង​ទៅ​ម្ចាស់​លេខ​​ទូរស័ព្ទ​ដែល​មន្ត្រី​បក្ស​ប្រឆាំង​អះអាង​ថា ​ឈ្មោះ អាត នោះ​ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​​ប៉ុន្តែ​អ្នក​​លើក​​ទូរស័ព្ទ​ប្រាប់​អាស៊ី​សេរី​យ៉ាង​ខ្លី​ថា លោក អាត រវល់​នៅ​ក្នុង​បន្ទប់​សវនាការ​នៅ​ខេត្ត​កំពង់ចាម៖ «គាត់​ឡើង​សវនា​ការ​ហើយ​ គាត់​ទុក​ទូរស័ព្ទ​នៅ​លើ​តុ បាទ

អាស៊ី​សេរី​ក៏​បាន​ទាក់ទង​ទៅ​ម្ចាស់​លេខ​ទូរស័ព្ទ​មួយ​ខ្សែ​ទៀត ដែល​រង​ការ​ចោទ​ថា បាន​ជំរិត​ទារ​ប្រាក់​មន្ត្រី​បក្ស​ប្រឆាំង​ដែរ​នោះ ក៏​ប៉ុន្តែ​អ្នក​លើក​ទូរស័ព្ទ​ហាក់​ព្យាយាម​បិទបាំង​ព័ត៌មាន​ដោយ​ម្ដង​និយាយ​ថា ​លោក​មិន​បាន​គំរាម​ទារ​ប្រាក់​ពី​សកម្មជន​បក្ស​ប្រឆាំង​នោះ​ទេ​ ហើយ​ក្រោយ​មក​ក៏​ថា អ្នក​ដែល​គំរាម​ទារ​ប្រាក់​នោះ ត្រូវ​បាន​ប៉ូលិស​​ចាប់​ខ្លួន​ហើយ​ ប៉ុន្តែ​លោក​មិន​ប្រាប់​ទី​តាំង​ដែល​ប៉ូលិស​ចាប់​ខ្លួន​នៅ​កន្លែង​​ណា​ទេ។ នៅ​ពេល​អាស៊ី​សេរី​សួរ​ដេញ ស្រាប់​តែ​ម្ចាស់​ទូរស័ព្ទ​រូប​នេះ ប្រាប់​ថា​ ជន​មិន​ស្គាល់​មុខ​​នោះ​ ឈ្មោះ អាត ហើយ​ជា​មន្ត្រី​តុលាការ​ខេត្ត​កំពង់ចាម បាន​ខ្ចី​ទូរស័ព្ទ​របស់​ខ្លួន​ទាក់ទង​ទៅ​សកម្មជន​បក្ស​ប្រឆាំង រួច​ក៏​បើក​ឡាន​​​ចេញ​ទៅ​បាត់៖ «ទើប​តែ​ព្រឹក​មិញ​ ខ្ញុំ​អត់​ដឹង​អី​ផង គាត់​ថា​ទូរស័ព្ទ​ទៅ​បងប្អូន​មួយ​ភ្លេច​ខ្ញុំ​ក៏​ឱ្យ​ទៅ​ រឿង​អីចឹង​អី​ខ្ញុំ​អត់​រវល់​ទេ​ ខ្ញុំ​ដឹង​តែ​បង្រៀន​ក្មេង»

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្ត​កំពង់ចាម​ លោក​ ជុំ ណា​រ៉ាន់​ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ ទី​២៨​មករា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​កំពង់ចាម អ្នក​ស្រី ធីម ណារិន្ទ ចាត់​ទុក​បញ្ហា​នេះ​ថា ​ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ និង​ការ​ជំរិត​ទារ​ប្រាក់ ពី​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់ ។ អ្នក​ស្រី​​បន្ត​ថា ជនរងគ្រោះ​ត្រូវ​តែ​ប្ដឹង​ទៅ​តុលាការ ដើម្បី​ឱ្យ​ចាត់​វិធានការ​លើ​ជន​ប្រព្រឹត្ត​តាម​ច្បាប់៖ «ក្នុង​ច្បាប់​មិន​តម្រូវ​ឱ្យ​បង់​ថវិកា​ដើម្បី​បញ្ចប់​រឿង នៅ​តុលាការ​ទេ ប្រសិន​ជា​រឿង​ព្រហ្មទណ្ឌ​ ត្រូវ​តែ​ធ្វើ​តាម​នីតិ​វិធី ទោះ​បី​ថា​បង់​លុយ​ដើម្បី​ធានា​នៅ​ក្រៅ​ឃុំ​ វា​នីតិ​ហ្នឹង​វា​ហួស​បាត់​ហើយ ពីព្រោះ​គាត់​បាន​នៅ​ក្រៅ​ឃុំ​រួច​ហើយ ហើយ​បើ​សិន​ជា​ជំរិត​ឱ្យ​គាត់​បង់​លុយ​វា​ជា​ប្រយោជន៍​បុគ្គល គឺ​វា​ជា​រឿង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ទៅ​វិញ​។ អីចឹង​រដ្ឋាភិបាល​ និង​ក្រសួង​យុត្តិធម៌​ត្រូវតែ​ចាត់​វិធាន​ការ​តាម​ច្បាប់​ហើយ​ទៅ​ជន​ហ្នឹង»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​​បន្ថែម​ថា ថ្វីត្បិត​តែ​សកម្មជន​នយោបាយ ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​បញ្ជា​ឱ្យ​ដោះលែង​​ កាល​ពី​ចុង​ឆ្នាំ២០១៩ នោះ​ នៅ​មិន​ទាន់​មាន​សេរីភាព​ពេញលេញ​​ក្ដី​ ក៏​មិន​អាច​មាន​ការ​ជំរិត​ទារ​ប្រាក់​ពី​ពួកគាត់​បាន​ដែរ​ គឺ​ត្រូវ​ដោះស្រាយ​តាម​ច្បាប់​។​អ្នក​ស្រី​ថា សមាគម​អាដហុក នឹង​បន្ត​តាមដាន​រឿង​នេះ​បន្ត​ទៀត ដើម្បី​ជួយ​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ​ និង​ដើម្បី​កុំ​ឱ្យ​ជន​ល្មើស​ចេះ​តែ​ដើរ​គំរាមកំហែង​ប្រជាពលរដ្ឋ​តាម​ទំនើង​ចិត្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល