សកម្មជន​គណបក្ស​ប្រឆាំង​​មិន​ទទួល​យក​ចោទ​ប្រកាន់​​​​​របស់​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ដែល​ថា អ្នក​នៅ​ក្រៅ​ស្រុក​​​ជា​ក្រុម​ក្បត់ជាតិ

ដោយ ជាតិ ចំណាន
2020-06-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ឆ្វេង) លោក ម៉ៅ វិបុល ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ស្វាយរៀង និង​​លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ។
(ឆ្វេង) លោក ម៉ៅ វិបុល ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ស្វាយរៀង និង​​លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ។
រូប៖ ហ្វេសប៊ុក​លោក​ទាំង​ពីរ

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ប្រតិកម្ម​នឹង​ការ​លើក​របស់​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ដែល​ចោទ​ប្រកាន់​ក្រុម​បក្ស​ខ្លួន​ថា ជា​ក្រុម​ក្បត់​ជាតិ​គឺ​ជា​រឿង​អយុត្តិធម៌​មិន​អាច​ទទួល​យក​បាន​ឡើយ។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា នៅ​កម្ពុជា​ពុំ​មាន​ពលរដ្ឋ​ណា​មាន​សកម្មភាព​ជា​ជន​ក្បត់ជាតិ​នៅ​ឡើយ​ទេ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ស្វាយរៀង ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ លោក ម៉ៅ វិបុល ​ថ្លែង​ថា ​ពួក​លោក​ជា​ក្រុម​អ្នក​រងគ្រោះ​នយោបាយ​ពុំ​មែន​ជា​អ្នក​ក្បត់​ជាតិ​នោះ​ទេ​ ហើយ​មូលហេតុ​ដែល​ពួក​លោក​ខាំ​ស្មៅ​តស៊ូ​នៅ​ក្រៅ​ប្រទេស​នេះ ពី​ព្រោះ​ចង់​ស្ដារ​ប្រជាធិបតេយ្យ​​នៅ​កម្ពុជា​ឡើង​វិញ៖ «ចៅហ្វាយ​ខេត្ត​មន្ត្រី​ឯករាជ​មិន​មែន​ជា​មន្ត្រី​គណបក្ស​នយោបាយ​ទេ ហើយ​គាត់​និយាយ​ការពារ​តែ​បក្ស​ប្រជាជន​ មន្ត្រី​ទាំង​នោះ​ស៊ី​ប្រាក់​ខែ​ពលរដ្ឋ​ដែល​បាន​បង់ពន្ធ​ជូន​រដ្ឋ តែ​មិន​បម្រើ​ពលរដ្ឋ​ទៅ​បម្រើ​លោក ហ៊ុន សែន ទៅ​វិញ​ដែល​ធ្វើ​ឱ្យ​ប្រទេស​អាប់អន់​កិត្តិយស។ អីចឹង​ចោទ​ពួក​យើង​ខ្ញុំ​ជា​ឧទ្ទាម​ក្រៅ​ច្បាប់​ គឺ​ខុស​ទាំង​ស្រុង​តែ​ម្ដង ខ្ញុំ​អត់​ទទួល​បាន​ទេ​ ។ពួក​យើង​ខ្ញុំ​មាន​ច្បាប់​ទម្លាប់​ទាំង​អស់ តែ​លោក​ហ៊ុន សែន បាន​បំផ្លាញ​ ឥឡូវ​ហ្នឹង​លោក ហ៊ុន សែន ខុស​ច្បាប់​កាន់​តែ​ធ្ងន់ធ្ងរ ជា​ពិសេស​មន្ត្រី​ដែល​ស៊ី​ប្រាក់​ខែ​រាស្ត្រ​ទៅ​បំផ្លាញ​រាស្ត្រ​ទៅ​វិញ»

ចំណែក​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​បន្ទាយមានជ័យ​ដែល​ភៀស​ខ្លួន​នយោបាយ​នៅ​ក្រៅ​ប្រទេស​ម្នាក់​ទៀត លោក ឃ្លាំង ប៊ុន​ឡាយ ​មាន​ប្រសាសន៍​ថា ​​ពួក​លោក​ភៀស​ខ្លួន​ដោយសារ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជា ហើយ​ប្រមូល​យក​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​លោក​ជាង​៥ពាន់​អាសន្ន​(.០០៧)ដែល​ប្រជាពលរដ្ឋ​បោះ​ជូន​យក​​​ទៅ​ហែក​ចែក​គ្នា​គ្រប់គ្រង។ លោក​យល់​ថា ការ​ធ្វើ​បែប​នេះ​ជា​ទង្វើ​ខុស​ច្បាប់ ដូច្នេះ​បាន​ជា​លោក​សម្រេច​ចិត្ត​ភៀស​ខ្លួន ​ដើម្បី​​ចូល​រួម​ជា​មួយ​អ្នក​ស្នេហាជាតិ​ដទៃ​ទៀត ទាមទារ​​​យក​អំណាច​ទាំង​នោះ​ប្រគល់​ជូន​ម្ចាស់​ឆ្នោត​វិញ៖ «មន្ត្រី​គណបក្ស​ប្រជាជន​កាល​ណា​គេ​ចង់​បាន​ឡើង​តំណែង ឬ​បាន​មុខ​មាត់​គេ​តែង​តែ​ធ្វើ​ការ​វាយ​ប្រហារ ឬ​ក៏​កម្ទេច​​គណបក្ស​ប្រឆាំង​ ហើយ​គេ​និយាយ​​បំពង​សំឡេង​ទៅ​ឱ្យ​លោក​ហ៊ុន សែន​ ឮ ដើម្បី​គេ​ហ្នឹង​ទទួល​បាន​​តំណែង​បន្ថែម​ទៀត​។ តែ​ផ្ទុយ​ទៅ​វិញ​គឺ​​ពួក​មន្ត្រី​គណបក្ស​ដែល​ដឹក​នាំ​ប្រទេស​ហ្នឹង​ឯង​អ្នក​ដែល​បំផ្លាញ​ជាតិ​ ដូច​ជា​កាប់​បំផ្លាញ​ព្រៃ និង​កាត់​ដី​ឱ្យ​ជន​ជាតិ​វៀតណាម​៤០​ហិកតារ​នៅ​ខេត្ត​កំពង់ឆ្នាំង»

ប្រតិកម្ម​របស់​សកម្មជន​គណបក្ស​ប្រឆាំង​នេះ​បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ​អះអាង​ថា ​អាជ្ញាធរ​នៅ​ក្នុង​ខេត្ត​នេះ​បំពេញ​ការងារ​សម្រេច​បាន​យ៉ាង​ធំធេង​ជួយ​ដល់​ប្រទេស​ជាតិ ជា​ពិសេស​ទប់​ស្កាត់​ក្រុម​ប្រឆាំង​ជោគជ័យ​កាល​ពី​ខែ​វិច្ឆិកា​​ឆ្នាំ​កន្លង​ទៅ។

អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​ទី​៤​មិថុនា ចាត់ទុក​ក្រុម​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ថា ជា​ក្រុម​ក្បត់ជាតិ​ដដែល​។​លោក​បញ្ជាក់​ថា ​​ ភាព​​ជោគជ័យ​នេះ​ ដោយសារ​តែ​​កម្ពុជា​មាន​សុខ​សន្តិភាព​ពេញលេញ​ ទើប​​​​កងកម្លាំង​ប្រដាប់​អាវុធ​​​ក្នុង​ខេត្ត​របស់​លោក​ទប់​ស្កាត់​ក្រុម​ក្បត់ជាតិ​ទាំង​នោះ​មិន​ឱ្យ​ចូល​មក​កម្ពុជា​បាន​សម្រេច៖ «ដូច​ខ្ញុំ​បញ្ជាក់​ជូន​ពី​ខាង​ដើម​អីចឹង​ដោយសារ​មាន​សន្តិភាព​ជួរមុខ​ ដែល​ពួក​ក្រុម​ក្បត់​គ្រោង​ថា​​យក​ខេត្ត​បន្ទាយមានជ័យ​ក្រុង​ប៉ោយប៉ែត​ហ្នឹង​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ ប៉ុន្តែ​ទៅ​អត់​រួច​ទេ​ដោយសារ​យើង​ធ្វើ​ការ​សហការ​មាន​ន័យ​ថា​មាន​ការ​ដឹក​នាំ​​ចង្អុល​បង្ហាញ​ពី​ប្រមុខ​រដ្ឋាភិបាល​ មាន​សម្ដេច ហ៊ុន សែន និង​ថ្នាក់​ដឹក​នាំ​គ្រប់​ថ្នាក់​ទាំង​អស់​ បាន​ធ្វើ​ឱ្យ​ក្រុម​ការងារ​នៅ​ខេត្ត​របស់​យើង​ពង្រឹង​បាន​ហើយ​ទប់​ស្កាត់​បាន​ទាំង​អស់​​​មិន​មាន​បញ្ហា​អី​ទាំង​ហើយ​ធ្វើ​ឱ្យ​ពួក​វា​ចូល​មក​អត់​កើត»

មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ លោក នី សុខា ​​កត់​សំគាល់​​ថា ​​​​លោក​មើល​មិន​ឃើញ​​​ពលរដ្ឋ​ណា​ម្នាក់​ជា​​ជន​ក្បត់​ជាតិ​​នៅ​កម្ពុជា​នោះ​ទេ។​លោក​បញ្ជាក់​ថា​ករណី​អាជ្ញាធរ​ដាក់​កង​កម្លាំង​ទប់​ស្កាត់​នៅ​តាម​ព្រំដែន​ជាប់​ប្រទេស​ថៃ​កាល​ពី​ឆ្នាំ២០១៩ នោះ​ គឺ​ជា​រឿង​ជម្លោះ​គណបក្ស​​នយោបាយ ពុំ​មែន​ជា​ក្រុម​ក្បត់ជាតិ​ឡើយ៖‍ «ខ្ញុំ​គិត​ថា​បញ្ហា​ដែល​យើង​ប្រើ​កម្លាំង​ដើម្បី​បំបិទ​មាត់​ ឬ​បំបិទ​ការ​តស៊ូ​ការ​ទាមទារ​របស់​ក្រុម​ណា​មួយ​នោះ​ គួរ​តែ​បញ្ឈប់​ការ​ប្រើ​សកម្មភាព​​បែប​នេះ​ទៅ​ ហើយ​យើង​ងាក​មក​ស្វែង​រក​ការ​ដោះស្រាយ​គ្នា​តាម​មធ្យោបាយ​​ចរចា​ដោយ​សន្តិវិធី​ឬ​ក៏​ ធ្វើ​យ៉ាង​ម៉េច​ឱ្យ​ប្រទេស​មាន​ការ​ឯកភាព​​ជាតិ​ ដើម្បី​ឈាន​ទៅ​ដោះស្រាយ​បញ្ហា​ជាតិ​ធំៗ​​ស្វែង​រក​សន្តិភាព​ជូន​ពលរដ្ឋ»

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៩ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី មាន​ផែន​ការ​វិល​ចូល​ស្រុក​វិញ តាម​ច្រក​ព្រំដែន​កម្ពុជា​និង​ថៃ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ក៏​ប៉ុន្តែ​ត្រូវ​បាន​របប​លោក ហ៊ុន សែន កងកម្លាំង​ទប់ស្កាត់​នៅ​តាម​ព្រំដែន​ធ្វើ​ឱ្យ​មិន​អាច​ចូល​ទៅ​ដល់​កម្ពុជា​តាម​ការ​គ្រោង​ទុក។​នៅ​ក្នុង​យុទ្ធនាការ​បង្ក្រាប​គណបក្ស​ប្រឆាំង​នេះ​អាជ្ញាធរ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជិត ១០០​នាក់​ដាក់​ពន្ធនាគារ ដោយ​ប្រកាន់​ថា ជា​ក្រុម​ក្បត់ជាតិ។ ពួក​គេ​ត្រូវ​បាន​ដោះលែង​វិញ​នៅ​ចុង​ឆ្នាំ​ដដែល​នោះ បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ប្រកាស​ឱ្យ​អាជ្ញាធរ​លើកលែង​ទោស​ដល់​ពួក​គាត់។

ទោះ​ជា​យ៉ាង​ណា​មន្ត្រី​អង្គការ​ជាតិ​និង​អន្តរជាតិ​នានា​បាន​ថ្កោលទោស នឹង​ការ​ចាប់​ខ្លួន​នេះ​ ថា​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​មក​លើ​សកម្មជន​គណបក្ស​ប្រឆាំង និង​បាន​អំពាវនាវ​ឱ្យ​លោក​ ហ៊ុន សែន ​បញ្ឈប់​ការ​ចាប់​ពួក​គេ​ដាក់​គុក​តាម​អំពើ​ចិត្ត​​បន្ត​ទៀត៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល