ពលរដ្ឋ​ខ្មែរ និង​សកម្មជន​គណបក្សប្រឆាំង​នៅ​ក្រៅ​ស្រុក​ធ្វើបាតុកម្ម​មុខ​ស្ថានទូត​ចិន​ទាមទារ​ឱ្យ​ចិន​បញ្ឈប់​វត្តមាន​មូលដ្ឋាន​យោធា​របស់​ខ្លួន​លើទឹក​ដី​កម្ពុជា

ដោយ ឡេង ម៉ាលី
2020-10-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បាតុករ​នៅ​ប្រទេស​ជប៉ុន​ផ្ញើ​សារ​ទៅ​ស្ថានទូត​ចិន​ប្រចាំ​ទេស​នេះ ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ២០២០ ថា ពួក​គាត់​ច្រានចោល​វត្តមាន​មូលដ្ឋាន​យោធា​ចិន​លើទឹក​ដី​កម្ពុជា។
បាតុករ​នៅ​ប្រទេស​ជប៉ុន​ផ្ញើ​សារ​ទៅ​ស្ថានទូត​ចិន​ប្រចាំ​ទេស​នេះ ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ២០២០ ថា ពួក​គាត់​ច្រានចោល​វត្តមាន​មូលដ្ឋាន​យោធា​ចិន​លើទឹក​ដី​កម្ពុជា។
រូប៖ លោក ហៃ វណ្ណា ប្រធាន​ចលនា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ជប៉ុន

ពលរដ្ឋ​ខ្មែរ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស រួម​មាន កាណាដា អូស្ត្រាលី ណូវែលហ្សេឡង់ (New Zealand) ជប៉ុន និង​ប្រទេស​កូរ៉េ​ខាង​ត្បូង ជា​ដើម បាន​យក​ថ្ងៃ​ទី២៣ ខែតុលា ដែល​ជា​ថ្ងៃ​រម្លឹក​ខួប ២៩ឆ្នាំ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​ពួកគេ​រស់នៅ។ ក្រុម​បាតុករ​ប្រាប់​ទៅ​ប្រទេស​ចិន​ថា ត្រូវ​បញ្ឈប់​វត្តមាន​មូលដ្ឋាន​យោធា​របស់​ខ្លួន​លើទឹក​ដី​កម្ពុជា។ រីឯ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​បញ្ជាក់​ជាថ្មី​ថា​រដ្ឋាភិបាល​មិនបាន​ប្រើប្រាស់​កំពង់ផែ និង​វាលយន្តហោះ​កម្ពុជា​សម្រាប់​បម្រើ​ការ​ឱ្យ​យោធា​បរទេស​ឡើយ។

ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ទាមទារ​ឱ្យ​ប្រទេស​ចិន​ដែល​ជា​ភាគី​មួយ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ត្រូវ​គោរព​កិច្ចព្រមព្រៀង​នេះ​ដោយ​មិន​ត្រូវ​សាងសង់​មូលដ្ឋាន​យោធា​លើទឹក​ដី​កម្ពុជា​និង​ត្រូវ​គោរព​អធិបតេយ្យភាព​កម្ពុជា។

ក្រុម​បាតុករ​នៅ​ប្រទេស​អូស្ត្រាលី​ជាង ៣០នាក់ បាន​ទៅ​ជួបជុំ​គ្នា​នៅ​ទីក្រុង​កង់បេរ៉ា (Canberra) មុខ​ស្ថានទូត​ចិន។ តំណាង​បាតុករ​ម្នាក់ ដែល​ជា​ប្រធាន​គណ​សង្គ្រោះ​ជាតិ​ប្រចាំ​ទីក្រុង​ស៊ីដនី (Sydney) លោកស្រី សុវណ្ណីរង្គ គេយ ឱ្យ​អាស៊ី​សេរី​ដឹង​ថា ក្រៅ​ពី​ការ​ស្រែក​ទាមទារ ក្រុម​បាតុ​ក៏បាន​ដាក់​ញត្តិ​ទៅ​ស្ថានទូត​ចិន​និង​ក្រសួងការបរទេស​អូស្ត្រាលី។ លោកស្រី​ឱ្យ​ដឹង​ទៀត​ថា ខ្លឹម​សារ​សំខាន់ៗ នៃ​ការ​ទាមទារ​គឺ​ប្រឆាំង​ការ​សាងសង់​មូលដ្ឋាន​យោធា​ចិន​នៅ​កម្ពុជា​និង​ទាមទារ​ឱ្យ​ចិន​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៖ «បើកាលណាចិនអាចតាំងទ័ពនៅលើទឹកដីយើងគឺថាចិនអាចវាតទីនូវឥទ្ធិពលហើយជាទីតាំងមួយបង្កសង្គ្រាម»

នៅ​ជាប់​នឹង​ព្រំដែន​ប្រទេស​អូស្ត្រាលី ពលរដ្ឋ​ខ្មែរ​នៅ​រស់នៅ​ប្រទេស​ណូវែលហ្សេឡង់ (New Zealand) ក៏​បាន​នាំគ្នា​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​ពួកគេ​រស់​នៅ​ដែរ ដោយ​ការ​ទាមទារ​នេះ​មាន​គោលបំណង​សំខាន់​ប្រឆាំង​ការ​សាងសង់​មូលដ្ឋាន​យោធា​ចិន​នៅ​កម្ពុជា។

ចំណែក​ក្រុម​បាតុករ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង (South Korea) លើក​ឡើង​ថា ពួកគេ​ឈឺ​ចាប់​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ដែល​រស់នៅ​ប្រទេស​កម្ពុជា។ បាតុករ​ទាំង​នោះ ព្រួយ​បារម្ភ​ថា ករណី​ចិន​យក​ទឹកដី​កម្ពុជា​ជា​មូលដ្ឋាន​យោធា​បែប​នេះ​នឹង​អាច​ទាញ​ប្រទេស​កម្ពុជា​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សង្គ្រាម​ក្នុង​តំបន់​នា​ពេល​ខាង​មុខ៖ «រដ្ឋាភិបាលបានឈ្លានពាននៅសមុទ្រចិនខាងត្បូងហើយបើចិនដាក់ទីតាំងយោធានៅប្រទេសយើងពេលសង្គ្រាមកើតឡើងសួរថាតើចុងកាណុងកាំភ្លើងបែរទៅ​ណាច្បាស់ជាបែរ​ដាក់ប្រទេសយើងហើយ»

ស្រដៀងគ្នា​នេះ​ដែរ ប្រធាន​ចលនា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ជប៉ុន លោក ហៃ វណ្ណា ប្រាប់​អាស៊ី​សេរី​ថា ក្រុម​បាតុករ​នៅ​ប្រទេស​ជប៉ុន​ផ្ញើ​សារ​ទៅ​ស្ថានទូត​ចិន​ប្រចាំ​ទេស​នេះ​ក្នុង​ពេល​ទាមទារ​ថា ពួកគេ​ច្រានចោល​វត្តមាន​មូលដ្ឋាន​យោធា​ចិន​លើទឹក​ដី​កម្ពុជា។ បាតុករ​ក៏​បាន​ទាមទារ​ឱ្យ​មាន​ការបោះឆ្នោត​មុន​អាណត្តិ​ដែល​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ប្រកួត​ផង​ដែរ។ លោក​ថា ក្នុង​ពេល​បាតុករ​ស្រែក​ទាមទារ​ឃើញ​មាន​វត្តមាន​មន្ត្រី​ស្ថានទូត​ចិន​ឃ្លាំមើល​ការ​ទាមទារ​នេះ​ដែរ៖ «ទាមទារឱ្យចិនត្រូវតែគោរពកិច្ច​ព្រមព្រៀងទីក្រុងប៉ារីសហើយយើងទាមទារដូចគ្នាហ្នឹងទៅរបបលោក ហ៊ុន សែន ថា បោះឆ្នោតមុនអាណត្តិ ដែលមានគណបក្សសង្គ្រោះជាតិចូលរួម»

ពលរដ្ឋ​ខ្មែរ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​បន្ត​ចោទ​ប្រកាន់​ថា ប្រទេស​ចិន​កំពុង​សាងសង់​មូលដ្ឋាន​យោធា​លើទឹក​ដី​កម្ពុជា​ផ្ទុយពី​រដ្ឋធម្មនុញ្ញ និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ដែល​ចិន​ជា​ភាគី​ហត្ថលេខី។ ការ​លើកឡើង​បែប​នេះ​ក្រោយពេល​សារ​ព័ត៌មាន​អន្តរជាតិ​និង​ក្រុម​អ្នក​ជំនាញ​សន្តិសុខ​អន្តរជាតិ​ព្រួយ​បារម្ភ​ថា ចិន​អាច​ប្រើប្រាស់​មូលដ្ឋានទ័ព​ជើងទឹក​រាម​ក្នុង​ខេត្ត​ព្រះ​សីហនុ និង​វាល​យន្តហោះ​របស់​ក្រុមហ៊ុន​យូឌីជី (UDG) ក្នុង​ខេត្ត​កោះកុង​ជា​ទីតាំង​ឈរ​ជើង​របស់​យោធា​ចិន​នៅ​កម្ពុជា ដោយមាន​ការ​បើកដៃ​ពី​របប​លោក ហ៊ុន សែន។

ទោះ​យ៉ាង​ណា រដ្ឋាភិបាល​លោក ហ៊ុន សែន បន្ត​ច្រាន​ចោល​លើក​ឡើង​នេះ និង​អះអាង​ថា គ្មាន​មូលដ្ឋាន​យោធា​ចិន​លើទឹក​ដី​កម្ពុជា​ទេ។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ សរសេរ​លើ​ហ្វេសប៊ុក​ថា នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី២៣ តុលា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា លោក​មិនដែល​និយាយ​ជាមួយ​ចិន​ឬ​ប្រទេស​ណាមួយ​ស្ដីពី​ការប្រើប្រាស់​កំពង់ផែ និង​វាល​យន្តហោះ​កម្ពុជា​សម្រាប់​យោធា​បរទេស​ទេ ហើយ​រដ្ឋធម្មនុញ្ញ​ក៏​មិន​អនុញ្ញាត​ឱ្យ​ដែរ។

ចំណែក​រដ្ឋាភិបាល​ចិន​វិញ ធ្លាប់​អះអាង​ថា ចិន​គាំទ្រ​យ៉ាង​មុតមាំ ធ្វើ​យ៉ាងណា​ឱ្យ​កម្ពុជា​រក្សា​បាន​នូវ​អធិបតេយ្យ​ជាតិ​ដ៏​ថ្លៃថ្នូរ។

ទោះ​ជា​បែប​នេះ​ក្ដី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​អំពាវនាវ​ដល់​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឱ្យ​ការ​កោះ​ប្រជុំ​ជាបន្ទាន់​មួយ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ស្មារតី​នៃ​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ គណបក្ស​នេះ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​មាន​កិច្ច​ព្រមព្រៀង​សម្ងាត់​ខុស​ច្បាប់​ជាមួយ​ចិន​ដោយ​អនុញ្ញាត​ឱ្យ​យោធា​ចិន​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ខេត្ត​ព្រះ​សីហនុ ធ្វើជា​មូលដ្ឋាន​យោធា​ចិន។
កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ ខែតុលា ឆ្នាំ១៩៩១ គឺជា​កិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាមស៊ីវិល​រ៉ាំរ៉ៃ និង​ធានា​អធិបតេយ្យភាព ឯករាជ្យ បូរណភាព និង​ភាព​មិន​អាច​រំលោភបំពាន​បាន​នៃ​ដែនដី​កម្ពុជា​ព្រមទាំង​ធានា​ការពារ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល