របប​ក្រុង​ភ្នំពេញ​ពង្រាយ​យោធា និង​សមត្ថកិច្ច​ប្រដាប់​អាវុធ​ល្បាត​តាម​ព្រំដែន ពេល​ជិត​ដល់​ថ្ងៃ​កំណត់​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី

ដោយ ខែ សុណង
2019-10-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កង​កម្លាំង​នគរបាល​កំពុង​ដើរ​ល្បាត​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ថៃ នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មាន​ជ័យ នៅ​ថ្ងៃ​ទី២៩ ខែ​តុលា ឆ្នាំ២០១៩។
កង​កម្លាំង​នគរបាល​កំពុង​ដើរ​ល្បាត​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ថៃ នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មាន​ជ័យ នៅ​ថ្ងៃ​ទី២៩ ខែ​តុលា ឆ្នាំ២០១៩។
ហ្វេសប៊ុក

របប​ក្រុង​ភ្នំពេញ​បាន​បញ្ជូន​កងទ័ព និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចម្រុះ​ប្រដាប់​អាវុធ​ជា​ច្រើន ដើរ​ល្បាត​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ថៃ ខណៈ​ថ្ងៃ​កំណត់​នៃ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី កាន់​តែ​ខិត​ជិត​ចូល​មក​ដល់។ អ្នក​វិភាគ​ថា សកម្មភាព​នេះ​ទំនង​ជា​ដើម្បី​ត្រៀម​ទប់ទល់ និង​គំរាម​កំហែង​ក្រុម​ពលករ​ខ្មែរ ដែល​គ្រោង​វិល​ចូល​ស្រុក ដើម្បី​អម​ដំណើរ លោក សម រង្ស៊ី។ ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ បាន​បង្ហាញ​ពី​សកម្មភាព​នគរបាល និង​សមត្ថកិច្ច​ចម្រុះ​ជា​ច្រើន​ក្រុម​ប្រដាប់​អាវុធ​ដើរ​ល្បាត តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ថៃ ក្រោម​ហេតុផល​រក្សា​សន្តិសុខ និង​សណ្ដប់ធ្នាប់។

អ្នកវិភាគ និងមន្ត្រីសង្គមស៊ីវិល ហៅ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​បែប​នេះ​ថា ជា​រឿង​មិន​សម​ហេតុ​ផល និង​មិន​ត្រឹមត្រូវតាមខ្លឹមសាររដ្ឋធម្មនុញ្ញ។ ពួក​គេ​មើល​ឃើញ​ថា អាជ្ញាធរ​បាន​ពង្រាយ​កម្លាំង​ទ័ព​ច្រើន​ស្អេកស្កះ តាមបណ្តោយព្រំដែនបែបនេះ ឆ្លុះបញ្ចាំងពីអំណាចផ្តាច់មុខ របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​បញ្ជា​កងទ័ព​ជាតិ​តាម​អំពើ​ចិត្ត ដោយ​មើល​រំលង​ឧត្តម​ក្រុម​ប្រឹក្សា​ការពារ​ជាតិ ដែល​មាន​ព្រះមហាក្សត្រ​ជា​ព្រះ​ប្រធាន។

អ្នកវិភាគឯករាជ្យ​លោក បណ្ឌិត ឡៅ ម៉ុងហៃ យល់​ថា ការ​ពង្រាយ​កម្លាំង​ប្រដាប់​អាវុធ និង​យោធា​តាម​ព្រំដែន​ទាំង​នេះ គឺ​ផ្ទុយ​ពី​ច្បាប់​រដ្ឋធម្មនុញ្ញ។ លោក​ពន្យល់​ថា កងទ័ព​ជាតិ​អាច​ប្រើប្រាស់​បាន លុះ​ត្រា​មាន​សេចក្តី​សម្រេច​ពី​ឧត្តម​ក្រុម​ប្រឹក្សា​ការពារ​ជាតិ ដែល​មាន​ព្រះមហាក្សត្រ​ជា​ព្រះប្រធាន និង​ជា​មេបញ្ជាការ​​កំពូល​នៃ​កង​យោធពល​ខេមរភូមិន្ទ៖ «សិទ្ធិ​អំណាច​ការពារ​កងទ័ព​ហ្នឹង​ គេ​ត្រូវ​ធ្វើតាម​ឧត្តម​ក្រុម​ប្រឹក្សា​ការពារ​ជាតិ​ អាហ្នឹង​វា​ត្រឹមត្រូវ​តាម​ច្បាប់។ បើស​ម្រេច​អត្តនោ​ម័ត​ដោយ​នាយក​រដ្ឋមន្ត្រី​ ឬអគ្គ​មេ​បញ្ជា​ ឬ​មេទ័ព ហ្នឹង​ដូច​ជា​មិន​សមស្រប​និង​ច្បាប់​ទេ។ ច្បាប់​រដ្ឋធម្មនុញ្ញ គឺ​ព្រះមហាក្សត្រ​ ជា​មេបញ្ជាការ​កំពូល​ហើយ​លោក​ជា​ ព្រះប្រធាន​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​ការពារ​ជាតិ»

ចំណែក អ្នកនាំពាក្យ​សមាគម អាដហុក (ADHOC) លោក ស៊ឹង សែនករុណា វិញ ថ្លែង​ថា លោក​មិន​ចង់​ឃើញ​ការ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ ធ្វើ​ឡើង​ដោយ​ការ​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ និង​កងទ័ព​ជាតិ​នោះ​ទេ។ លោក​ចង់​ឃើញ អ្នក​នយោបាយ​ចរចា​គ្នា​ដោយ​សន្តិវិធី និង​ស្មោះ​ត្រង់ ចំពោះ​ជាតិ ផ្អែក​តាម​ច្បាប់​ជា​មូលដ្ឋាន។ លោក​បារម្ភ​ថា ប្រសិន​បើ​អ្នក​នយោបាយ យក​កម្លាំង​ប្រដាប់​អាវុធ និង​កងទ័ព​ជាតិ ប្រើប្រាស់​ដើម្បី​ដោះ​ស្រាយ​បញ្ហា នោះ​នឹង​បង្ក​គ្រោះថ្នាក់​​ដល់​ប្រទេស​ជាតិ៖«ការប្រើ​ប្រាស់​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​នេះ​ ហើយ​យក​ទៅ​ប្រើប្រាស់​ជាមួយ​ និង​ពលរដ្ឋ​ ឬកម្ម​ករ​ ពួក​គាត់​មាន​ជំនឿ​លើ​ក្រុម​នយោបាយ​ណា​មួយ​ ដែល​សិទ្ធិ​របស់​គាត់​មាន​ ក្នុង​ច្បាប់​កំពូល​ និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ ហ្នឹង​ជា​ការរំលោភ​សិទ្ធិ​របស់​គាត់​ហើយ»

អ្នក​វិភាគ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បញ្ចេញ​ប្រតិកម្ម​បែប​នេះ បន្ទាប់​ពី​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​លោក អ៊ុច សុខុន បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook) ថ្មីៗ នេះ​ថា លោក​កំពុង​ត្រួត​ពិនិត្យ​កង​កម្លាំង​នគរបាល  ដើម្បី​ត្រៀម​លក្ខណៈ​ចេញ​អន្តរាគមន៍ តាម​គោលដៅ​នានា បំណង​ធានា​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន។ ចំណែក​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​វិញ ក៏​បាន​បង្ហោះ​ទិដ្ឋភាព​នគរបាល​ប្រដាប់​អាវុធ​ជា​ច្រើន​ក្រុម ចុះ​ល្បាត​តាម​ច្រក​ព្រំដែន​សំខាន់ៗ នៅ​ក្នុង​ខេត្ត​នេះ​ដែរ។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា។

ពលករ​ធ្វើ​នៅ​ប្រទេស​ថៃ អ្នក​នាង ជួយ សុភាព ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៩ តុលា​ថា បើ​ទោះ​បី​ជា​អាជ្ញាធរ​បាន​ពង្រាយ​កម្លាំង​ទ័ព និង​សមត្ថកិច្ច​ចម្រុះ​តាម​ព្រំដែន​បែប​នេះ​ក្តី ក៏​អ្នក​នាង និង​ពលករ​ផ្សេង​ទៀត បាន​សម្រេច​ចិត្ត​រួច​ហើយ​ថា នឹង​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ដើម្បី​ទទួល​លោក សម រង្ស៊ី។ អ្នក​នាង​ថា ជំហរ​បែប​នេះ គឺ​ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព យុត្តិធម៌​សង្គម និង​ប្រជាធិបតេយ្យ៖ «បើ​ទោះ​បី​ជា​មាន​កម្លាំងទ័ព​យ៉ាងណា​ក៏​ត្រូវ​ចូល​ដែរ ឱ្យ​តែ​លោក​ប្រធាន​មក​ពិ​ប្រាកដ។ ទាមទារ​សិទ្ធិ​សេរីភាព​ រាល់ថ្ងៃ​ខ្មែរយើង​បាត់បង់​សិទ្ធិ​សេរីភាព បញ្ចេញ​មតិ គាត់​បិទ​សិទ្ធិ​មិន​ឱ្យ​និយាយ​ស្តី និយាយ​ជាប់​គុ​គ និង​និយាយ​លាប​ពណ៌​ថា​ យើង​ក្បត់ជាតិ​ក្បត់​អី។ ប្រទេស​ប្រជាធិបតេយ្យ​តែ​មាត់​គាត់។ ភ័យខ្លាច​តែ​ដើម្បី​ជាតិ​ស៊ូ​លះបង់»

អ្នក​នាំពាក្យ​សមាគម​អាដហុក លោក ស៊ឹង សែនករុណា មើលឃើញថា រដ្ឋាភិបាល​កំពុង​បង្កើន​កម្លាំង​ទប់ទល់ លើ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង ស្រប​ពេល​ដែល​លោក សម រង្ស៊ី ប្រកាស​វិល​ចូល​ស្រុក​វិញ​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​ខាង​មុខ។

លោក​ពន្យល់​ថា ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​សេរីភាព​យ៉ាង​ពេញលេញ​ស្រប​តាម​ច្បាប់ជាតិ និង​អន្តរជាតិ​ ក្នុង​ការ​ចូល​រួម​ជីវភាព​នយោបាយ សេដ្ឋកិច្ច និង​សង្គម ហើយ​ការ​ប្រកាស​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី មិន​មែន​ជារឿង​ខុស​ច្បាប់​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល