មេ​ប៉ូលិស​កម្ពុជា​ដាក់​ទិសដៅ​បង្ក្រាប​សំឡេង​ប្រឆាំង និង​ការ​តវ៉ា​ទាំងឡាយ​ណា​ពាក់ព័ន្ធ​រឿង​EBA

ដោយ សេក បណ្ឌិត
2020-01-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចូលរួម​សិក្ខាសាលា​ស្ដីពី​ប្រព័ន្ធ​សន្តិសុខ ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​សន្តិសុខ ចំពោះ​អាយុ​ជីវិត និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៥។
លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចូលរួម​សិក្ខាសាលា​ស្ដីពី​ប្រព័ន្ធ​សន្តិសុខ ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​សន្តិសុខ ចំពោះ​អាយុ​ជីវិត និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៥។
RFA

មន្ត្រី​ជាន់ខ្ពស់​ប៉ូលិស​ជាតិ​អះអាង​ថា ក្នុង​ឆ្នាំ​២០២០ នេះ សមត្ថកិច្ច​កិច្ច​នឹង​បន្ត​ទប់ស្កាត់​សកម្មភាព​ទាំងឡាយ​ណា​ដែល​សមត្ថកិច្ច​ចាត់ទុកថា ជា​ផែនការ​បដិវត្តន៍​ពណ៌​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល ដូច​អ្វី​ដែល​សមត្ថកិច្ច​បាន​ធ្វើ​កាល​ពី​ឆ្នាំ​២០១៩ យ៉ាង​ដូច្នេះ​ដែរ។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកការពារ​សិទ្ធិមនុស្ស​បារម្ភ​ថា វិធានការ​នេះ​នឹង​នាំ​ទៅ​រក​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជាច្រើន​ករណី​ទៀត​នៅ​ពេល​ខាងមុខ ជាពិសេស​ទៅលើ​សកម្មជន​បក្ស​ប្រឆាំង​នៅ​ក្នុង​ស្រុក។

អគ្គស្នងការ​នគរបាល​ជាតិ និង​ត្រូវជា​ក្មួយ​ប្រសា​របស់​លោក ហ៊ុន សែន គឺ​លោក នេត សាវឿន ថ្លែង​នៅ​ថ្ងៃ​ទី​២៩ មករា​ថា សមត្ថកិច្ច​កម្ពុជា​មាន​ផែន​ការធានា​ស្ថិរភាព សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ​ឱ្យ​បាន​ជាដាច់ខាត​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ ពីព្រោះ​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ នៅ​ខែ​វិច្ឆិកា​ខាង​មុខ។ លោក​បញ្ជាក់​ថា កង​នគរបាល​នឹង​ទប់ស្កាត់​មិន​ឱ្យ​មាន​អង្គការ​ចាត់តាំង និង​សកម្មភាព​បដិវត្តន៍​ពណ៌​កើត​មាននៅ​កម្ពុជា​ឡើយ ក្នុង​នោះ​ក៏​រួម​ទាំង​ការ​តវ៉ា​ដីធ្លី​របស់​ប្រជាពលរដ្ឋ ការ​តវ៉ា​រឿង​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ព្រមទាំង​ការ​តវ៉ា​ទាំងឡាយ​ណា​ពាក់ព័ន្ធ​នឹង​រឿង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង GSP ផង​ដែរ​។ លោក​បាន​ស្នើ​សុំ​ឱ្យ​ក្រសួងមហាផ្ទៃ​គាំទ្រ​ទាំង​ផ្នែក​សម្ភារៈ និង​បច្ចេកទេស​ដល់​កងកម្លាំង​នគរបាល​ជាតិ ដើម្បី​សម្រេច​ផែនការ​នេះ។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ឆ្លើយតប​ភ្លាមៗ​ទៅ​នឹង​សំណើ​នេះ​ថា លោក​គាំទ្រ​ទិសដៅ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក នេត សាវឿន ហើយ​លោក​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ផែនការ​សកម្មភាព​ទាំងនេះ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​។ បើ​ទោះ​ជា​អាជ្ញាធរ​កម្ពុជា​ជាប់​ឈ្មោះថា​អ្នក​បំផ្លាញ​ប្រជាធិបតេយ្យ​យ៉ាង​ណា​ក្តី ក៏​លោក ស ខេង បាន​ចោទ​ប្រកាន់​ថា គឺ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅវិញ​ទេ ដែល​មានបំណង​បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា និង​ការ​អនុគ្រោះ​ពន្ធ EBA ពី​ទីផ្សារ​សហភាព​អឺរ៉ុប។

នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​តាំង​មុខ​តំណែង​អភិបាល​ថ្មី​ខេត្ត​កំពត នា​សាលា​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦។
នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​តាំង​មុខ​តំណែង​អភិបាល​ថ្មី​ខេត្ត​កំពត នា​សាលា​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦។ RFA

ទោះជា​យ៉ាងណា ការ​លើកឡើង​របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នគរបាល​ជាតិ​នេះ មិន​ទទួល​បាន​ការ​សាទរ​ពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកការពារ​សិទ្ធិមនុស្ស​ឡើយ។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា ចាត់​ទុក​វិធានការ​របស់​អាជ្ញាធរ​នេះ ថា​ជា​ការ​យក​ប្រជាពលរដ្ឋ​ដែល​មិន​គាំទ្រ​ការដឹកនាំ​របស់​ខ្លួន គឺជា​ខ្មាំង​សត្រូវ​។ លោក​បន្ត​ថា រដ្ឋាភិបាល លោក ហ៊ុន សែន គឺជា​បង្កើត​បញ្ហា​ដោយ​ខ្លួនឯង រួម​មាន ការរំលោភ​យក​ដីធ្លី​ពលរដ្ឋ និង​ការ​រំលាយ​ប្រជាធិបតេយ្យ​ដែល​ធ្វើ​ឱ្យ​ជាតិ​ប្រឈម​ការបាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ EBA ដូច្នេះ​លោក​ថា អាជ្ញាធរ​ត្រូវ​ដោះស្រាយ​បញ្ហា​ទាំងនេះ មិនមែន​ទម្លាក់កំហុស​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ត្រៀម​វិធានការ​បង្ក្រាប​សំឡេង​ប្រឆាំង​បែបនេះ​ឡើយ​។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ យល់ថា វិធានការ​របស់​អាជ្ញាធរ​នេះ នឹង​ធ្វើ​ឱ្យ​ជាតិ​បែកបាក់ និង​បង្កើត​ភាព​វឹកវរ​នៅ​ក្នុង​ប្រទេស មិនមែន​ជា​វិធានការ​ថែរក្សា​សន្តិសុខ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​គ្រប់រូប​នោះ​ទេ។

ចំណែក នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត វិញ ថ្លែង​ថា លោក​គាំទ្រ​ចំពោះ​វិធានការ​របស់​សមត្ថកិច្ច​ក្នុង​ការ​បង្ក្រាប​បទល្មើស​ផ្សេងៗ ប៉ុន្តែ​មិន​គាំទ្រ​ឡើយ​ចំពោះ​វិធានការ​រឹតត្បិត​សិទ្ធិ​សេរីភាព ឬ​រំលោភ​សិទ្ធិមនុស្ស​។ លោក​បារម្ភ​ថា វិធានការ​របស់​សមត្ថកិច្ច​នៅ​ពេល​នេះ អាច​នឹង​ធ្វើ​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន រង​ការ​ធ្វើទុក្ខបុកម្នេញ ឬ​ការចោទប្រកាន់​តាម​ផ្លូវ​តុលាការ​ជា​បន្ត​ទៀត ជាពិសេស​នៅ​ក្នុង​បរិបទ​នៃ​គម្រោង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ពី​សំណាក់​ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស។ «»

ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជាពិសេស​សិទ្ធិ​នយោបាយ ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ វាយ​តម្លៃ​ថា ធ្លាក់​ចុះ​ដុនដាប​ខ្លាំង ដោយសារ​រដ្ឋអំណាច​លោក ហ៊ុន សែន បាន​ចាប់​មេ​បក្ស​ប្រឆាំង​លោក កឹម សុខា ដាក់​ពន្ធនាគារ ដោយ​ចោទប្រកាន់​ខ្វះ​មូលដ្ឋាន​ពី​បទ​ក្បត់ជាតិ ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ ហើយ​យក​អាសនៈ​សភា និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​បក្ស​នេះ ទៅ​ចែក​គ្នា​កាន់កាប់ និង​ការ​ហាម​ប្រាម​អ្នកនយោបាយ​បក្ស​នេះ​ជាង ១១៨​នាក់ មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ។

ក្រោយ​មក នៅ​ពេល​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រកាស​ពី​ការ​វិលត្រឡប់​ចូល​កម្ពុជា នៅ​ថ្ងៃ​ទី​០៩ វិច្ឆិកា ឆ្នាំ​២០១៩ អាជ្ញាធរ​បាន​ចោទប្រកាន់ និង​ចាប់ខ្លួន​សកម្មជន​មូលដ្ឋាន​បក្ស​ប្រឆាំង​ជាច្រើន​នាក់​ដោយ​ចោទ​ពួកគេ​ពី​បទ​រួមគំនិត​ក្បត់ជាតិ​។ ដោយសារ​តែ​មាន​បញ្ជា​ពី​លោក ហ៊ុន សែន ទេ ទើប​ពួកគេ​មួយ​ចំនួន​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​គ្មាន​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ។

ក្រៅពី​ការ​ធ្វើទុក្ខបុកម្នេញ​មន្ត្រី​បក្ស​ប្រឆាំង រដ្ឋាភិបាល លោក ហ៊ុន សែន ក៏បាន​វាយ​បង្ក្រាប​ឥត​ស្រាកស្រាន្ត​ទៅលើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល សហជីព និង​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ផង​ដែរ ជាពិសេស​អាជ្ញាធរ​បាន​រឹតត្បិត​កាន់តែ​ខ្លាំង​លើ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ដោយសារតែ​បញ្ហា​ទាំងនេះ​ហើយ ទើប​ធ្វើ​ឱ្យ​សហភាព​អឺរ៉ុប​ដាក់​ចេញ​នូវ​នីតិវិធី​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ដោយ​ការសម្រេច​ចិត្តជា​ចុងក្រោយ​នឹង​ត្រូវ​ធ្វើឡើង​ក្នុង​ពេល ២​សប្ដាហ៍​ខាងមុខ​ទៀត​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល