មេ​ប៉ូលិស​កម្ពុជា​មិន​ទាន់​បង្ហាញ​ចំណាត់​ការ​ច្បាស់លាស់​លើ​លោក សម រង្ស៊ី ដែល​គ្រោង​ឆ្លង​ទឹកដី​ថៃ​ចូល​កម្ពុជា

ដោយ សុជីវី
2019-10-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អគ្គស្នងការ​រង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន (រូប​អង្គុយ​កណ្ដាល)។
អគ្គស្នងការ​រង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន (រូប​អង្គុយ​កណ្ដាល)។
រូប​៖ អគ្គស្នងការដ្ឋាន​នគរបាលជាតិ

មេ​ប៉ូលិស​កម្ពុជា​មិនទាន់​បង្ហាញ​ចំណាត់ការ​ច្បាស់លាស់​លើ​លោក សម រង្ស៊ី ដែល​គ្រោង​ធ្វើដំណើរ​ឆ្លងកាត់​ទឹកដី​ថៃ​ចូល​កម្ពុជា​ឡើយ។ ចំណែក​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា ពេល​នេះ​មាន​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ខ្លះ​បាន​អនុញ្ញាត​ឱ្យ​ពួកគេ​អាច​ធ្វើ​សកម្មភាព​រៀបចំ​ផែនការ​ក្នុង​ការ​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។

អ្នកនាំពាក្យ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន និយាយ​ថា លោក​មិន​អាច​ប្រាប់​លម្អិត​ថា ពី​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សមត្ថកិច្ច​ថៃ ក្នុង​ការ​ចាប់ខ្លួន​លោក សម រង្ស៊ី ពេល​ចូល​ប្រទេស​ថៃ​នោះ​ទេ​។ មន្ត្រី​ជាន់ខ្ពស់​នគរបាល​ជាតិ​គ្រាន់តែ​បញ្ជាក់​ថា ចំពោះ​ករណី​លោក សម រង្ស៊ី កម្ពុជា និង​ថៃ ជា​សមាជិក​​អាស៊ាន ដែល​មាន​សន្ធិសញ្ញា​ស្តីពី​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន ហើយ​កិច្ចសហការ​នេះ​មាន​ទាំង​ក្របខ័ណ្ឌ​ក្នុង​តំបន់​ផង និង​ទ្វេភាគី​ផង៖ «ទី​មួយ​ថៃ​និង​កម្ពុជា​ជា​សមាជិក​អាស៊ាន​មាន​សន្ធិសញ្ញា​របស់​អាស៊ាន​មាន​សន្ធិសញ្ញា​របស់​អាស៊ាន​ស្ដីពី​កិច្ចសហការ​បង្ក្រាប​បទ​ឧក្រិដ្ឋ​ឆ្លងដែន​អីចឹង ទី​ពីរ​ក៏​ប្រកាស​ថា មិន​លូកលាន់​កិច្ច​ផ្ទៃ​ប្រទេស​វៀង​ខ្លួន ប៉ុន្តែ​ឱ្យ​ខ្ញុំ​បញ្ជាក់​ថា មានអី​ខ្លះ​មួយ​ពីរ​បី​បួន​ខ្ញុំ​ក៏​មិន​អាច​ជម្រាប​ជូន​អស់​ដែរ ប៉ុន្តែ​គ្រាន់​តែ​មាន​កិច្ច​សហប្រតិបត្តិការ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ»

លោក ឆាយ គឹមខឿន បញ្ជាក់​ទៀត​ថា ប្រទេស​ទាំងពីរ​ព្រមព្រៀងគ្នា​ថា មិន​លូកដៃ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ប្រទេស រៀងខ្លួន ហើយក៏​មិន​អនុញ្ញាត​ឱ្យ​អ្នកណាម្នាក់​ធ្វើ​អ្វី​ផ្ដេសផ្ដាស​លើ​ដី​របស់​ខ្លួន ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ផលប្រយោជន៍ ឬ​សន្តិសុខ​ដល់​ប្រទេស​មួយទៀត​ទេ។

ប្រតិកម្ម​របស់​មន្ត្រី​ជាន់ខ្ពស់​នគរបាល​កម្ពុជា​បែបនេះ គឺ​ក្រោយពេល​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ក្នុង​ជំនួប​ជាមួយ​ក្រុម​អ្នក​តំណាង​រាស្ត្រ​សេរីនិយម​មកពី​ប្រទេស​ជាច្រើន​ក្នុង​សន្និសីទ​នៃ​សហភាព​អន្តរ​សភា (IPU) ប្រទេស ស៊ែប៊ី (Serbia) កាលពី​ថ្ងៃ​ទី​១៥ តុលា​ថា លោក​ចង់​ចូល​ប្រទេស​កម្ពុជា​វិញ​តាមរយៈ​ប្រទេស​ថៃ ដែល​មាន​ពលករ​ខ្មែរ​ប្រមាណ ២​លាន​នាក់​រស់នៅ​ទីនោះ។

ចំណែក​សារព័ត៌មាន MGR online របស់​ថៃ​បាន​ដកស្រង់​សម្ដី​អគ្គស្នងការ​នគរបាល​ជាតិ​ថៃ លោក ស៊ុវ៉ាត់ ចែងយ៉តស៊ុខ មក​ចុះផ្សាយ​ថា ប្រសិនបើ​លោក សម រង្ស៊ី ចូល​មក​ប្រទេស​ថៃ ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​ដល់​សន្តិ​សុខ​ប្រទេស​នេះ អាជ្ញាធរ​ថៃ​នឹង​ពិចារណា​មិន​អនុញ្ញាត​ឱ្យ​លោក សម រង្ស៊ី ធ្វើដំណើរ​ចូល​មកក្នុង​ប្រទេស​របស់​ខ្លួន​ឡើយ។

អ្នកវិភាគ​បញ្ហា​នយោបាយ​លោក គឹម សុខ ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ក្នុង​ប្រទេស​ហ្វាំងឡង់ និង​ដែល​ហ៊ាន​រិះគន់​លោក ហ៊ុន សែន ឥត​សំចៃ​មាត់​យល់​ថា ការ​បង្ហាញ​តម្រុយ​ខ្លះៗ នៃ​ការ​ធ្វើដំណើរ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី នេះ​ជា​ល្បិច​នយោបាយ​របស់​គណបក្ស​សង្គ្រោះជាតិ៖ «កាលណា​គេ​និយាយ​អំពី​បណ្ដាញ​រៀបចំ​ចូល​ស្រុក​របៀប​នេះ គេ​រៀបចំ​ជា​សម្ងាត់ ប៉ុន្តែ​បើសិនជា​មានការ​លើកឡើង​ថា ចូល​ច្រក​នេះ​មិន​ចូល​ច្រក​នេះ​ខ្ញុំ​យល់ថា គ្រាន់តែ​ជា​តាកតិច​អ្នក​នយោបាយ​ទេ»

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស លោក អ៊ុង រិទ្ធី ផ្ដល់​បទសម្ភាសន៍​ក្នុង​កម្មវិធី​ផ្សាយ​វិទ្យុ​អាស៊ីសេរី​កាល​ពី​រាត្រី​ទី​១៧ ខែ​តុលា​ថា មន្ត្រី​ជាន់​ខ្ពស់​​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទាក់ទង​ទៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​ទឹកដី​អាស៊ី​រួចហើយ​។ លោក​អះអាង​ថា ពេល​នេះ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយ​ចំនួន បាន​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ធ្វើ​ការងារ​ក្នុង​ការ​រៀបចំ​ផែន​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ខាងមុខ៖ «ឥឡូវនេះ​យើង​បាន​ជោគជ័យ​ច្រើន​ណាស់​ហើយ​យើង​ឃើញ​ថា ប្រទេស​អាស៊ី​កំពុង​បន្ទន់​ឥរិយាបថ​ហើយ​អនុញ្ញាត​ឱ្យ​យើង​ទៅ​កិច្ច​ការងារ​នៅ​ប្រទេស​របស់​គេ​ផង អ៊ីចឹង​ជោគជ័យ​នេះ​ជា​ជោគជ័យ​វិជ្ជមាន​ហើយ​យើង​បន្ត​ធ្វើ​ការងារ​នេះ​ដើម្បី​សម្រេច​ទិសដៅ​របស់​យើង​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​គ្នា»

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​អះអាង​ដដែល​ថា លោក សម រង្ស៊ី នឹង​ធ្វើ​មាតុភូមិនិវត្តន៍​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ដែល​​ចំ​​ថ្ងៃ​បុណ្យ​​ឯករាជ្យ​​ជាតិ​។ ពេល​នេះ​​មន្ត្រី​​ជាន់​ខ្ពស់ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​ បាន​​ចាប់​ផ្ដើម​​ចេញ​ដំណើរ​​ទៅ​កាន់​​ប្រទេស​​មួយ​​ចំនួន​​ក្បែរ​​កម្ពុជា ដើម្បី​​ត្រៀម​ខ្លួន​ចាំ​​ទទួល​​លោក សម រង្ស៊ី ក្នុង​​ការ​​ធ្វើ​ដំណើរ​​ចូល​​មាតុ​ប្រទេស​​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល