អ្នកវិភាគនយោបាយលោកបណ្ឌិត ឡៅ ម៉ុងហៃ ថា របបលោក ហ៊ុន សែន កំពុងរងសម្ពាធទាំងខាងក្នុង និងខាងក្រៅបន្ថែមកាន់តែខ្លាំង ជុំវិញបញ្ហារំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ ដែលនៅតែមិនប្រសើរឡើងវិញ ស្របពេលដែលរបបនេះ មានពេលចុងក្រោយ តែ ២៨ថ្ងៃទៀតប៉ុណ្ណោះ ដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌរបស់សហភាពអឺរ៉ុប ពាក់ព័ន្ធនឹងរបាយការណ៍បឋម ស្ដីពីការព្យួរការអនុគ្រោះពន្ធ EBA។
សម្ពាធខាងក្នុងនោះ គឺលោកបណ្ឌិត ឡៅ ម៉ុងហៃ សំដៅទៅលើកម្រិតនៃសកម្មភាពរបស់ក្រុមអ្នកនយោបាយបក្សប្រឆាំង ដែលមានលោក សម រង្ស៊ី ដឹកនាំ ក្នុងដំណើរប៉ុនប៉ងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនោះ។ លោកបន្ថែមថា សម្ពាធពីខាងក្រុមលោក សម រង្ស៊ី នេះ មានឥទ្ធិពលខ្លាំង៖ «ដែលខ្លាំងហ្នឹងគឺ បញ្ហារឿង សម រង្ស៊ី ត្រឡប់មកវិញ។ វាកើតជាព្រឹត្តិការណ៍ធំ។ ក្នុងរឿងនយោបាយ បញ្ហាធំដូច្នេះ ក៏ជាគំនាបដល់រដ្ឋាភិបាល»។
គំនាបពីខាងក្រៅវិញ គឺលោកបណ្ឌិត ឡៅ ម៉ុងហៃ យោងទៅលើសម្ពាធអន្តរជាតិ ជាពិសេសសហភាពអឺរ៉ុប ដែលបានកំណត់យកថ្ងៃទី១២ ខែវិច្ឆិកា កន្លងទៅនេះ ជាថ្ងៃបិទបញ្ចប់របាយការណ៍បឋមអំពីការព្យួរការអនុគ្រោះពន្ធ EBA និង ដាក់របាយការណ៍នោះ ជូនទៅរបបលោក ហ៊ុន សែន ក្នុងថ្ងៃដដែលនោះ ដោយទុកពេលឱ្យរបបនេះ ៣០ ថ្ងៃគិតពីថ្ងៃទី១២ ខែវិច្ឆិកានោះ ដើម្បីឆ្លើយតប។ដោយសារតែសម្ពាធអន្តរជាតិនេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ បន្ថែមថា នៅតែ ២ថ្ងៃប៉ុណ្ណោះ មុនដល់ថ្ងៃគណៈកម្មការអឺរ៉ុប ចេញរបាយការណ៍បឋម អំពីការព្យួរការអនុគ្រោះពន្ធ EBA នោះ តុលាការរបបលោក ហ៊ុន សែន ប្រញាប់ចេញសេចក្ដីសម្រេចថ្មីមួយ ដោយបន្ធូរបន្ថយលក្ខខណ្ឌខ្លះ ជុំវិញការឃុំខ្លួនប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា។
តាមសេចក្ដីសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា លោក កឹម សុខា មានសិទ្ធិធ្វើដំណើរចេញក្រៅផ្ទះរបស់លោកបាន ប៉ុន្តែមិនអាចធ្វើដំណើរទៅក្រៅប្រទេសបានឡើយ។ ជាងនេះទៅទៀត លោក កឹម សុខា ត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយដដែល។
សេចក្ដីសម្រេចរបស់តុលាការកម្ពុជា ដែលឈប់ឃុំខ្លួនលោក កឹម សុខា ក្នុងផ្ទះនេះ ធ្វើឡើង តែ ១ ថ្ងៃប៉ុណ្ណោះ ក្រោយប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី និងមន្ត្រីបក្សប្រឆាំងមួយចំនួនទៀត ដែលអមដំណើរលោក សម រង្ស៊ី បានធ្វើដំណើរទៅដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្នុងដំណើរប៉ុនប៉ងវិលចូលប្រទេសកម្ពុជាវិញ។
វត្តមានលោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី នៅល្ងាចថ្ងៃទី៩ ខែវិច្ឆិកា និងការរារាំងពីក្រុមហ៊ុនអាកាសចរណ៍ថៃ ដែលមិនឱ្យលោកឡើងយន្តហោះពីទីក្រុងប៉ារីសប្រទេសបារាំង ទៅកាន់ទីក្រុងបាងកកប្រទេសថៃ កាលពីថ្ងៃទី៧ ខែ វិច្ឆិកា ធ្វើឱ្យប្រធានស្តីទីគណបក្សប្រឆាំងរូបនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងសម្បើម ពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។
ជាងនេះទៅទៀត ក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស ស្ថាប័នអង្គការសិទ្ធិមនុស្សអន្តរជាតិ តំណាងរាស្ត្រសហរដ្ឋអាមេរិកជាដើម បានប្រតិកម្មទៅនឹងការរារាំងដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី។ តំណាងរាស្ត្រអាមេរិក ៨ រូប បានចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសការរារាំងនេះ និង បញ្ជាក់ការគាំទ្រ ឱ្យលោក សម រង្ស៊ី វិលទៅកម្ពុជាវិញ។
ទោះបីជាលោក ហ៊ុន សែន ធ្លាប់អះអាងថា លោក សម រង្ស៊ី ជាមនុស្សមិនសំខាន់ និងគ្មានឥទ្ធិពលនយោបាយតទៅទៀត ដែលលោកមិនត្រូវជ្រលក់មាត់រកក៏ដោយ ក៏លោកនិយាយឈ្មោះលោក សម រង្ស៊ី ស្ទើរគ្រប់វេទិកាសាធារណៈ។ នៅក្នុងវេទិកាសាធារណៈទាំងនោះ លោក ហ៊ុន សែន មានភាពស្ទាក់ស្ទើរ ក្នុងការហ៊ានប្រឈមនឹងវត្តមានលោក សម រង្ស៊ី ដោយម្ដងបង្ហាញភាពខែងរែង ប្រកាសស្វាគមន៍ឱ្យលោក សម រង្ស៊ី ឱ្យចូលមកស្រុកខ្មែរឱ្យឆាប់កាន់តែល្អ៖ «ខ្ញុំរង់ចាំពេលមួយនឹងមកដល់! ខ្ញុំរង់ចាំយ៉ាងអន្ទះសា! ឥឡូវបានអ្នកឯងមកវិញ គឺស្មើនឹងដើររកអុសប្រទះឈើងាប់! មកៗម៉ាសេរីមក! ទឹកក៏បាន គោកក៏បាន! ស្អីក៏បាន ចូលមក! សូមអញ្ជើញអ្នកក្លាហានចូលស្រុក។ ខ្ញុំបានប្រាប់ទៅអាកាសចរណ៍ទាំងអស់ កុំហាម ដឹកអាជននេះចូលមក ព្រោះខ្ញុំចង់ជម្រះបញ្ជីជាមួយអាជននេះ»។ ប៉ុន្តែ មិនយូរប៉ុន្មាន លោកថា បើចូលមកលោកនឹងកម្ទេច ដោយមានកាំភ្លើងយន្ត នៅតាមព្រំដែន ត្រៀមចាំបាញ់លោក សម រង្ស៊ី៖ «បើមកតាមទល់ដែនដឹងតែ រឿងធំហើយ»។
ចុងក្រោយ នៅតែប៉ុន្មានថ្ងៃ មុនថ្ងៃទី៩ ខែវិច្ឆិកា ដែលត្រូវនឹងថ្ងៃលោក សម រង្ស៊ី ប្រកាសវិលចូលស្រុកវិញ អាកាសចរណ៍ស៊ីវិលរបបលោក ហ៊ុន សែន បានព្រមានក្រុមហ៊ុនយន្តហោះចំនួន ៤៧ មិនឱ្យដឹកលោក សម រង្ស៊ី និងមន្ត្រីគណបក្សប្រឆាំង ចូលប្រទេសកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ។ បើមិនដូច្នេះទេ ពួកគេនឹងប្រឈមមុខជាប់ទោសពីបទឧក្រិដ្ឋ។
មិនតែប៉ុណ្ណោះលោក ហ៊ុន សែន ធ្វើអ្វីៗគ្រប់សព្វបែបយ៉ាង ដើម្បីធ្វើយ៉ាងណារារាំងដំណើរវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី រួមទាំងការផ្ញើដីកាតុលាការកម្ពុជា ទៅប្រទេសសមាជិកអាស៊ានទាំងអស់ ដើម្បីស្នើឱ្យប្រទេសទាំងនោះ រារាំងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង កុំឱ្យឆ្លងកាត់ប្រទេសទាំងនោះ ចូលប្រទេសកម្ពុជា និង ស្នើឱ្យចាប់ខ្លួនអ្នកទាំងនោះទៀតផង។ ជាងនេះទៅទៀត អាជ្ញាធររបបនេះ បានធ្វើទុក្ខបុកម្នេញសកម្មជនបក្សប្រឆាំងនៅមូលដ្ឋាន ដោយចាប់ឃុំខ្លួន ៨៨ នាក់ និង ចេញដីកាតាមចាប់ខ្លួនមន្ត្រីបក្សប្រឆាំងជាង ២០០ នាក់ ដោយចោទប្រកាន់ ពីបទគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី។
ការធ្វើទុក្ខបុកម្នេញលើមន្ត្រីបក្សប្រឆាំងទាំងនេះ ធ្វើឱ្យស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា ក៏កាន់តែអាក្រក់។ ចំណែកឯលោក សម រង្ស៊ី ក៏កាន់តែមានឥទ្ធិពលលើឆាកអន្តរជាតិ ក្នុងការកៀរគរការគាំទ្រ ដើម្បីបញ្ឈប់ការរំលោភសិទ្ធិមនុស្សនេះ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ ថា ដោយសារតែចង់បន្សាបឥទ្ធិពល និងប្រជាប្រិយរបស់លោក សម រង្ស៊ី និងបង្វែរការចាប់អារម្មណ៍លើក្រុមលោក សម រង្ស៊ី របបលោក ហ៊ុន សែន ប្រើវិធីព្រួញមួយ បាញ់បានសត្វពីរ ដោយសត្វទីមួយ គឺសំដៅលើការឈប់ឃុំខ្លួនលោក កឹម សុខា នៅក្នុងផ្ទះ បន្ធូរសម្ពាធអន្តរជាតិ និង ទីពីរគឺការប្រើឥទ្ធិពលលោក កឹម សុខា ក្រោយបន្ធូរលក្ខខណ្ឌនេះ ឱ្យឥទ្ធិពល និងប្រជាប្រិយលោក កឹម សុខា លុបលើឥទ្ធិពល និង ប្រជាប្រិយលោកសម រង្ស៊ី វិញ ព្រោះក្រុមអ្នកនយោបាយ ដែលមាននិន្នាការគាំទ្រលោក កឹម សុខា និង ក្រុមអ្នកគាំទ្រលោក សម រង្ស៊ី ខ្វែងយោបល់គ្នា ជុំវិញការណ៍ដែលលោក សម រង្ស៊ី បង្កើតចលនាសង្គ្រោះជាតិ និងគម្រោងវិលត្រឡប់ទៅកម្ពុជាវិញនេះ៖ «ការណ៍ដូចថាមិនចុះសម្រុងនឹងគ្នារវាងក្រុម សម រង្ស៊ី និងក្រុម កឹម សុខា ក៏ដោះលែងមួយមក ដើម្បីបង្វែរមតិសាធារណជនឱ្យមកគិតពី កឹម សុខា វិញ ហើយក៏លើកកិត្តិយសរបស់ កឹម សុខា ហ្នឹង គឺឥឡូវហ្នឹង កឹម សុខា ដូចជាមានអំណាចឡើងវិញ។ ម្ល៉ោះហើយ គឺអាចទៅទប់ក្រុម សម រង្ស៊ី ជាពិសេស សម រង្ស៊ី ហ្នឹងឯង»។
មន្ត្រីរបបលោក ហ៊ុន សែន ថាការសម្រេចណាមួយរបស់តុលាការ ជុំវិញករណីលោក កឹម សុខា នេះ គឺជាអំណាចឆន្ទានុសិទ្ធិរបស់តុលាការ ដែលមន្ត្រីរបបនេះ នៅតែអះអាងថា មានភាពឯករាជ្យ។ មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន សរសេរនៅគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១២ ខែវិច្ឆិកា ថា ស្ថាប័នតុលាការ មិនត្រូវទទួលរងសម្ពាធ និងការបង្គាប់បញ្ជារបស់ភាគីណាមួយឡើយ រួមទាំងស្ថាប័នអន្តរជាតិ និងអង្គទូតផងដែរ។
ក្រោយការកែសម្រួលលក្ខខណ្ឌឃុំខ្លួនក្នុងផ្ទះភ្លាមៗ លោក កឹម សុខា មមាញឹកខ្លាំង ក្នុងការទទួលជួបមន្ត្រីទូតប្រទេសមហាអំណាច នៅគេហដ្ឋានរបស់លោក។ តំណាងទូតទាំងនោះ រួមមានឯកអគ្គរដ្ឋទូតបារាំង អាមេរិក អាល្លឺម៉ង់ អូស្ត្រាលី និង ជប៉ុនជាដើម។
លោកបណ្ឌិត ឡៅ ម៉ុងហៃ ថា វត្តមានរបស់តំណាងទូតប្រទេសមហាអំណាច ទៅជួបលោក កឹម សុខា ផ្ទាល់ដល់គេហដ្ឋាននេះ គឺជាការដាក់សម្ពាធបន្ថែមដល់របបលោក ហ៊ុន សែន ឱ្យប្រញាប់ប្រគល់សិទ្ធិសេរីភាពពេញលេញជូនលោក កឹម សុខា ដោយទម្លាក់ចោលរាល់បទចោទប្រកាន់លើប្រធានបក្សប្រឆាំងរូបនេះ «គឺទៅស្វាគមន៍ អបអរសាទរ ហើយគេបង្ហាញថែមទៀត ថាការជួបនេះ គឺសារមួយដែលជាកំលាំងមួយរុញថែមទៀត។ ពេលចេញពីជួបលោក កឹម សុខា មន្រ្តីទូតថ្លែងសារទៀត»។
ទោះបីការបន្ធូរបន្ថយស្ថានភាពលោក កឹម សុខា ត្រូវបានសហគមន៍អន្តរជាតិចាត់ទុកថា ជាជំហានដំបូងជាវិជ្ជមានមួយ ឆ្ពោះទៅរកទិសដៅត្រូវយ៉ាងណាក្តី ក៏របបលោក ហ៊ុន សែន សល់ពេលតិចតួចណាស់ ក្នុងការស្ដារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ ដែលរួមមានទាំងការទម្លាក់ចោលបទចោទប្រឆាំងលោក កឹម សុខា ឱ្យគណបក្សសង្គ្រោះជាតិបើកដំណើរការឡើងវិញ ដោះលែងមន្ត្រីបក្សប្រឆាំងទាំងអស់ ប្រគល់អាសនៈក្រុមប្រឹក្សាឃុំសង្កាត់ទាំង ៥០០៧ ទៅឱ្យគណបក្សសង្គ្រោះជាតិវិញ និង រៀបចំឱ្យមានការបោះឆ្នោតមួយដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ជាដើម។
សម្ពាធទាំងក្នុង និងក្រៅនៅតែបន្តកើតមាន ស្របពេលដែលលោក សម រង្ស៊ី បញ្ជាក់ថា នឹងនៅតែតស៊ូ ដើម្បីឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមានពិតប្រាកដ និងសហភាពអឺរ៉ុប នឹងចេញសេចក្ដីសម្រេចចុងក្រោយ នៅខែ កុម្ភៈ ឆ្នាំ ២០២០ អំពីការព្យួរការអនុគ្រោះពន្ធ EBA។ តំណាងរាស្ត្រសហរដ្ឋអាមេរិកឯណោះ ក៏កំពុងធ្វើច្បាប់ ដើម្បីដាក់ទណ្ឌកម្មរបបលោក ហ៊ុន សែន ដែលរួមមានទាំងការព្យួរការអនុគ្រោះពន្ធ GSP ផងដែរ៕