ប្រវត្តិ​មេឃុំ​ស្រែគ លោក សៀក មេគង្គ ជាប់​ឆ្នោត​​ដំបូង​​បង្អស់​របស់​បក្ស​ប្រឆាំង​នៅ​ខេត្ត​ស្ទឹងត្រែង

ដោយ យន់ សាមៀន
2020-03-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦។
មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦។
RFA

មេឃុំ​ស្រែ​គ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ​ដែល​ជាប់​ឆ្នោត​ពី​ខាង​គណបក្សប្រឆាំង គឺ លោក សៀក មេគង្គ ត្រូវ​បាន​របប​ក្រុង​ភ្នំពេញ​ដក​ពី​តំណែង ដោយសារ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ឆ្នាំ២០១៧ នៅតែ​បង្ហាញ​ចង់​ធ្វើ​នយោបាយ ដើម្បី​អាច​ទទួល​បាន​តួនាទី​ជា​មេឃុំ​នៅ​ថ្ងៃ​អនាគត បើ​ទោះ​ជា​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​គំរាម​កំហែង ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​ក្ដី។

លោក សៀក មេគង្គ គឺ​ជា​មេឃុំ​ដំបូង​បង្អស់ នៅ​ខេត្ត​ស្ទឹងត្រែង ដែល​ជាប់​ឆ្នោត​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​ស្រែ​គ ២អាណត្តិជាប់គ្នា មកពី​គណបក្ស​ប្រឆាំង។

បុរស​សម្បុរ​ខ្មៅ​ស្រអែម លោក សៀក មេគង្គ មាន​វ័យ ៤៨ឆ្នាំ។ លោក សៀក មេគង្គ កើត​នៅ​ខេត្ត​ស្ទឹងត្រែង ហើយ​លោក​មាន​បងប្អូន ៣នាក់។  បច្ចុប្បន្ន លោក សៀក មេគង្គ មាន​កូន ៤នាក់ ស្រី២ ប្រុស ២ កំពុង​រស់​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង។

លោក សៀក មេគង្គ ត្រូវ​បាន​ឪពុក​បង្កើត​របស់​លោក​ដាក់​ឈ្មោះ​ថា មេគង្គ ដោយសារ​តែ​លោក​កើត​នៅ​លើ​ទូក​ដ ក្នុង​ទន្លេ​មេគង្គ ខេត្ត​ស្ទឹងត្រែង។

លោក​បាន​ចូល​បម្រើ​នយោបាយ ឱ្យ​គណបក្ស សម រង្ស៊ី នៅ​ពី​ឆ្នាំ១៩៩៧ បន្ទាប់​ពី​លោក បាន​លា​ចាក​សិក្ខាបទ ភេទ​ជា​សង្ឃ កាល​ពី​ដើម​ឆ្នាំ ១៩៩៧ ក្រោយ​លោក​បាន​បួស អស់​រយៈ​ពេល ៧វស្សា នៅ​វត្ត ស្រះ​កែវ​មុន្នីវណ្ណ ហៅ​វត្ត​លើ ក្នុង​ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង។ ក្រៅ​តែ​ពី​មាន​ចំណេះ​ដឹង​ផ្នែក​ព្រះ​ពុទ្ធសាសនា លោក​អាច​និយាយ​ភាសា​ឡាវ​បាន​យ៉ាង​ស្ទាត់​ជំនាញ។

ក្រោយ​ពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅឆ្នាំ២០១៧ លោក​ក៏​ត្រូវ​បាន​រដ្ឋាភិបាល លោក ហ៊ុន សែន ដក​ចេញ​ពី ​តំណែង​ជា​មេ​ឃុំ។ នៅ​ដើម​ខែ​វិច្ឆិកា ឆ្នាំ២០១៩ លោក​បាន​រត់​ភៀស​ខ្លួន​ម្ដង​ទៀត នៅ​គ្រា​ដែល​លោក សម រង្ស៊ី ប្រកាស​វិល​ចូល​កម្ពុជា​វិញ ហើយ​អំឡុង​ពេល​នោះ គេ​ឃើញ​មាន​សមត្ថកិច្ច​រាប់​សិប​នាក់ បាន​ព័ទ្ធ​ផ្ទះ​របស់​លោក សៀក មេគង្គ ទំនង​រក​ចាប់​ខ្លួន​លោក។

បន្ទាប់​ពី​រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​យក ​តំណែង​ស្រប​ច្បាប់​របស់​លោក​មក លោក​បាន​ជ្រើសរើស​មុខ​របរ ដើរ​រក​ខ្យង​តាម​បឹង និង​ត្រពាំង ដើម្បី​លក់​ចិញ្ចឹម​ជីវិត ដោយ​មិន​ចុះចូល​បម្រើ​គណបក្ស​កាន់​អំណាច​ បើ​ទោះ​បី​ជា​មានការ​គំរាម និង​អូសទាញ​លោក​យ៉ាងណាក៏ដោយ។

មេ​ឃុំ​ស្រែ​គ លោក សៀក មេគង្គ មាន​ប្រសាសន៍​ថា ការ​ដក​​តំណែង​របស់​លោក គឺ​ជា​ការ​មើល​ងាយ​ឆន្ទៈ​ពលរដ្ឋ និង​ជា​អំពើ​អយុត្តិធម៌​ប៉ះពាល់​ដល់​បញ្ហា​សេដ្ឋកិច្ច​របស់​គ្រួសារ និង​ជំពាក់​បំណុល​គេ។ លោក​ថា ទោះ​បី​លោក​ដើរ​រើស​ខ្យង ក៏​អាជ្ញាធរ​មូលដ្ឋាន​បន្ត​ធ្វើ​បាប​លោក រហូត​ដល់​ឈ្មួញ​មិន​ហ៊ាន​ទិញ​ខ្យង​លោក ទើប​លោក​ទៅ​ធ្វើ​ចម្ការ និង​ដើរ​ស៊ី​ឈ្នួល​បេះ​ផ្លែ​ចន្ទី​ឱ្យ​គេ​គ្រាន់​ចិញ្ចឹម​ជីវិត៖ «យើង​សុខ​ចិត្ត​នៅ​ធ្វើ​ស្រែ​ចម្ការ​ធម្មតា ប្រកប​មុខ​របប​ដើរ​រក​ខ្យង ចិញ្ចឹម​ប្រពន្ធ​កូន។ អា​ហ្នឹង​យើង​អាច​ផ្គត់ផ្គង់​គ្រួសារ​បាន អាច​បង់​ធនាគារ​បាន កាលនោះ។ ប៉េអឹម (PM) យាម​វារីអគ្គិសនី គេ​ហាម​មិន​ឱ្យ​ឡាន​ថៅកែ​ខ្យង​ខ្ញុំ​មិន​ឱ្យ​ចូល ម៉ូយ​មេ​ឃុំ​ថ្មី​គេ​ឱ្យ​ចូល។ ដល់​អ៊ីចឹង​ខ្ញុំ​ខាត​បង់ ទិញ ២ទៅ ៤០០គីឡូ ដល់​ដឹក​មិន​អស់ ធ្វើ​ឱ្យ​ខ្យង​ស្អុយ​ទៅ ដល់​ខាត​ឡុងសុង​យើង​ក៏​ផ្អាក ឈប់​ទៅ។ ដល់​រាល់​ថ្ងៃ​ដល់​វេន​ដំឡូង​គេ ដល់​ខែ​ចន្ទី​ទៅ​សុំ​បេះ​ចន្ទី​គេ​ទៅ»

កាល​ពី​ឆ្នាំ២០១៧ លោក​បាន​ខ្ចី​លុយ​ធនាគារ ចំនួន ៣ពាន់ដុល្លារ ដើម្បី​យក​ប្រាក់​ឃោសនា​បោះឆ្នោត ហើយ​បច្ចុប្បន្ន​លោក​ត្រូវ​រក​ប្រាក់​សង​ធនាគារ​វិញ ចំនួន ៤០ម៉ឺន​រៀល​ក្នុង​មួយ​ខែៗ។

លោក​ថា ទោះ​បី​ធ្លាក់​ខ្លួន​ក្រីក្រ តោកយ៉ាក និង​គ្មាន​ប្រាក់​ខែ​ក្តី ក៏​លោក​មិន​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច​ជា​ដាច់ខាត

ពលរដ្ឋ​រស់នៅ ឃុំ​ស្រែ​គ លោក ស្រី ផា វី សោក​ស្ដាយ​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដក​តំណែង​លោក សៀក មេគង្គ ព្រោះ​មេ​ឃុំ​រូប​នេះ មាន​សុឆន្ទៈ​ស្មោះ​ត្រង់​ជួយ​ពលរដ្ឋ​ក្រីក្រ ជួប​ការ​លំបាក។ លើស​ពី​នេះ​ទៀត លោក សៀក មេគង្គ បម្រើ​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​យ៉ាង​លឿន ដោយ​ពុំ​យក​ប្រាក់​ពី​ពលរដ្ឋ​ណា​នោះ​ទេ។ ជាង​នេះ​ទៀត លោក មេគង្គ តែង​តែង​ចេញ​មុខ ដើរ​ដង្ហែ​ក្បូន​ជាមួយ​ពលរដ្ឋ​ស្រែក​តវ៉ា​រក​យុត្តិធម៌ គ្រប់​សកម្មភាព និង​តែង​ឈឺ​ឆ្អាល​ដោះ​ស្រាយ​ក្តី​កង្វល់​ជូន​ពលរដ្ឋ​គ្រប់​ជ្រុង​ជ្រោយ។ លោក​ស្រី​ថា មេ​ឃុំ​មក​ពី​បក្ស​កាន់​អំណាច​សព្វថ្ងៃ ​ផ្ដល់​សេវា​សាធារណៈ​យឺតយ៉ាវ​ ពុករលួយ បក្ខ​ពួក​និយម និង​រើសអើង​និន្នាការ​នយោបាយ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ភាគ​ច្រើន​មិន​សប្បាយ​ចិត្ត«គេ​មាន​ភាព​យុត្តិធម៌​ចំពោះ​ប្រជា​ពលរដ្ឋ គេ​មិន​កិបកេង គេ​មិន​ស៊ី​លើ​ស៊ី​ក្រោម គេ​មិន​រើសអើង​ថា មនុស្ស​ក្រ មនុស្ស​មាន បើ​និយាយ​ទៅ គេ​ស្រឡាញ់​គាត់​គ្រប់​គ្នា គាត់​ធ្វើ​ការងារ​អី​គាត់​ធ្វើ​ត្រឹមត្រូវ​របស់​គាត់។ គាត់​គ្មាន​ទៅ​ថា និយាយ​ឱ្យ​ពលរដ្ឋ ខុស​ក៏​គាត់​មិន​និយាយ គាត់​ធ្វើ​ត្រឹម​ត្រូវ គាត់​គោរព​សិទ្ធិ​ច្បាប់​របស់​ពលរដ្ឋ។ អ៊ីចឹង​ហើយ មានន័យថា ពលរដ្ឋ ១០០ % គាត់​នៅ​សោក​ស្តាយ លោក សៀក មេគង្គ»

ពលរដ្ឋ​រស់នៅ​ភូមិ​ស្រែ​គ​១ ក្នុង​ឃុំ​ស្រែ​គ​ម្នាក់​ទៀត​ថ្លែង សុំ​លាក់​ឈ្មោះ ​សម្ដែង​ការ​សោក​ស្ដាយ ដែល​របប​លោក ហ៊ុន សែន បាន​រំសាយ​គណបក្សប្រឆាំង និង​ដក ​តំណែង​មេ​ឃុំ​រូប​នេះ។

លោក​ថា បច្ចុប្បន្ន អាជ្ញាធរ​មូលដ្ឋាន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ជិះ​សេះ​លែង​ដៃ មិន​សូវ​ខ្វល់​ដោះ​ស្រាយ​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​នោះ​ទេ៖ «មេ​ឃុំ សៀក មេគង្គ ពេល​មាន​បញ្ហា​គាត់​ជួយ​ដោះ​ស្រាយ​ឱ្យ​យើង​បាន។ ដល់​មេឃុំ​ថ្មី លោក ហ្វឿន ជឿន គាត់​រអាក់រអួល​ណាស់ ខុស​គ្នា​ឆ្ងាយ។ មួយ​ចេះ​ដោះ​ស្រាយ និង​មួយ​ទៀត​អត់​ចេះ​ដោះ​ស្រាយ»

ឃុំ​ស្រែគរ មាន​ពីរ​ភូមិ គឺ​ភូមិ​ស្រែ​គ​១ និង​ភូមិ​ស្រែ​គ​២ និង​មាន​ប្រជាជន​រស់នៅ​ជាង ២.៥០០នាក់ ស្មើ​នឹង​ជិត ​១​ពាន់​គ្រួសារ។ ឃុំ​នេះ​ឋិត​ក្នុង​ផ្ទៃ​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ហើយ​ត្រូវ​បាន​ជម្លៀស​ប្ដូរ​មក​ទីតាំង​ថ្មី ឆ្ងាយ​ពី​ភូមិ​ចាស់​ជាង ១០គីឡូម៉ែត្រ នៅ​គ្រា​ដែល​មាន​វត្តមាន​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ចុះ​សិក្សា និង​សាងសង់​ទំនប់ កាលពី​ឆ្នាំ​២០១២។

មក​ទល់​ពេល​នេះ នៅ​តំបន់​លោក សៀក មេគង្គ កំពុង​រស់នៅ មាន​ពលរដ្ឋ​ប្រមាណ ៥២គ្រួសារ ស្មើ​នឹង​ពលរដ្ឋ​ជាង ២០០នាក់ ក្រាញ​ននៀល​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២ ហើយ​ពួក​គេ កំពុង​រស់​នៅ​ភូមិ​ចាស់ និង​លើ​ទី​ទួល​សុវត្ថិភាព។ ពលរដ្ឋ​រស់​នៅ​តំបន់​នោះ ភាគ​ច្រើន​ជា​ជន​ដើម​ភាគ​តិច​ឡាវ និយាយ​ភាសា​ឡាវ សម្រាប់​ទំនាក់ទំនង​ក្នុង​តំបន់។

លោក សៀក មេគង្គ នៅ​តែ​ស្រមៃ​ថា ថ្ងៃ​ណា​មួយ លោក​នឹង​មាន​ឱកាស​ធ្វើជា​មេឃុំ​បម្រើ​ពលរដ្ឋ​ដោយ​ស្មោះ​ត្រង់ និង​អភិវឌ្ឍន៍​ឃុំ​ស្រែ​គ​ឱ្យ​រីក​ចម្រើន ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ និង​បក្ខ​ពួក​និយម៖ «ពលរដ្ឋ​មាន​បញ្ហា​ភាព​អយុត្តិធម៌ គឺ​ខ្ញុំ​ជួយ ផ្លូវ​ច្បាប់​ធ្វើ​ពាក្យ​បណ្ដឹង​ឱ្យ​គាត់ ។ ខ្ញុំ​មិន​រើសអើង អ្នក​ណា​មាន​បញ្ហា​ឈឺ​គ្រុន​អី ខ្ញុំ​ជួយ​ដោយ​ស្មោះ​មិន​ថា អ្នក​ហ្នឹង​កាន់​បក្ស​ណា​ទេ។ មក​មេឃុំ​ទៀត ខ្ញុំ​បាន​ជួយ​ទាំង​អស់​គ្នា។ ជួយ​ហ្នឹង​មិន​មែន​ខ្ញុំ បក្ស​នេះ​រង​គ្រោះ​ហើយ គ្រោះថ្នាក់​ជិត​ងាប់​ហើយ​មិន​ដាក់​ឡាន​ទេ អត់ទេ។ រហូត​ដល់​ថ្នាក់​ងាប់​ក៏​មាន​ដែរ ម្នាក់​ហ្នឹង គឺ​ជា​បក្ខ​ប្រជាជន​ទៀត»

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល