ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េខាងត្បូង និង​អឺរ៉ុប​គ្រោង​ធ្វើ​បាតុកម្ម​ទាមទារ​ស្ដារ​ប្រជាធិបតេយ្យ និង​គោរព​កិច្ច​ព្រមព្រៀង​២៣​តុលា

ដោយ សុ ជីវី
2020-01-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​មហា​បាតុកម្ម​ភ្លើង​ទៀន​របស់​គណបក្ស​សង្គ្រោះជាតិ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ក្វាងជូ (Qwangju) ប្រទេស​កូរ៉េ​ខាងត្បូង នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៩។
ទិដ្ឋភាព​មហា​បាតុកម្ម​ភ្លើង​ទៀន​របស់​គណបក្ស​សង្គ្រោះជាតិ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ក្វាងជូ (Qwangju) ប្រទេស​កូរ៉េ​ខាងត្បូង នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៩។
RFA/Jeevita

ពលរដ្ឋ​ខ្មែរ​ប្រទេស​កូរ៉េខាងត្បូង និង​នៅ​អឺរ៉ុប​ក្នុង​គ្រោង​ធ្វើបាតុកម្ម​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​ងាក​មក​ស្ដារ​ប្រជាធិបតេយ្យ និង​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

ក្នុង​សេចក្ដីជូនដំណឹង​ពី​ការ​ធ្វើ​បាតុកម្ម​របស់​ពល​រដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង​ឱ្យ​ដឹង​ថា បាតុកម្ម​នោះ​នឹង​ធ្វើ​នៅ​ថ្ងៃអាទិត្យ ទី​២ ខែ​កុម្ភៈ នៅ​ទីលាន​ជុងកាក់ (Junghak) ក្នុង​តំបន់​បូស៊ីងកាក់​(Bosinggak) ក្រុង​សេអ៊ូល (Seoul)

តំណាង​បាតុករ​ម្នាក់​លោក មាស ពិសាល បាន​បង្ហោះ​ឃ្លីប​វីដេអូ​រៀបរាប់​ថា បាតុកម្ម​នេះ គឺ​ធ្វើ​ឡើង​ស្រប​ពេល ដែល​លោក ហ៊ុន សែន គ្រោង​នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​សេអ៊ូល ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៤ ខែ កុម្ភៈ ខាងមុខ​។ លោក​ថា នេះ​ជា​ពេលវេលា​ដែល​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ចេញមុខ​តវ៉ា​ប្រឆាំង​នឹង​ការដឹកនាំ​របស់​លោក ហ៊ុន សែន ដែល​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ៖ «អ៊ីចឹង​នៅ​ពេល ដែល​ជន​កៀបសង្កត់​សិទ្ធី​សេរីភាព​របស់​ពលរដ្ឋ​មកដល់​កូរ៉េ អ៊ី​ចឹង​ពេលនេះ​ហើយ​ជា​ពេល​ដែល​យើង​ត្រូវ​បញ្ចេញមតិ ជា​ពេល​ដែល​យើង​ត្រូវ​តវ៉ា នៅ​ក្នុង​ប្រទេស​ដែល​គេ​អនុញ្ញាត​ឱ្យ​យើង​ធ្វើ​។ ស្រុក​ខ្មែរ​គេ​មិន​ឱ្យ​ធ្វើ​អ៊ីចឹង មានតែ​ធ្វើ​នៅ​កូរ៉េ​។ ដូច្នេះ​សូម​អញ្ជើញ​បងប្អូន ដែល​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង ជា​ស្ត្រី​រៀបការ​ស្វាមី​កូរ៉េ​ក្ដី ជា​ពលករ​ពល​ការិនី​ក្ដី ជា​និស្សិត​ក្ដី ដែល​ស្រឡាញ់​លទ្ធិ​ប្រជាធិបតេយ្យ ចង់​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ ហើយ​ស្អប់​ជន​ផ្ដាច់ការ ស្អប់​អំពើ​ផ្ដាច់ការ ចង់​ប្រឆាំង​នឹង​ជន​ផ្ដាច់ការ សូម​អញ្ជើញ​មក​ចូលរួម​ឱ្យ​បាន​ច្រើន»

នៅ​ក្នុង​សេចក្ដីជូនដំណឹង​ពី​បាតុកម្ម​ដដែល បញ្ជាក់​ថា ពួកគេ​នឹង​ដើរ​ហែ​ក្បួន​ទាមទារ ៥​ចំណុច​ពី​លោក ហ៊ុន សែន ដែល​រួម​មាន ការ​ស្ដារ​ប្រជាធិបតេយ្យ​កម្ពុជា​ឡើងវិញ ស្របតាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ទម្លាក់​បទ​ចោទ​លោក លោក កឹម សុខា ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​ពលរដ្ឋ​ខ្មែរ​គ្រប់រូប គោរព​តាម​ការ​ស្នើ​របស់​គណៈកម្មការ​អឺរ៉ុប និង​ម្ចាស់​ជំនួយ និង​លុបចោល​គម្រោង​ផ្ដល់​ដី​៤០​ហិកតារ ទៅ​ឱ្យ​ពលរដ្ឋ​វៀតណាម​ដែល​ចូល​មក​រស់នៅ​កម្ពុជា​ដោយ​ខុសច្បាប់។

ចំណែក​តំណាង​សហគមន៍​ខ្មែរ​នៅ​តំបន់​អឺរ៉ុប​លោក ថៃ មករា ឱ្យ​ដឹង​ថា ក្រុម​របស់​លោក​នឹង​ជួបជុំគ្នា​ធ្វើបាតុកម្ម​នៅ​ខាងមុខ​អគារ​នាយកដ្ឋាន​កិច្ចការ​បរទេស​របស់​គណៈកម្មការ​អឺរ៉ុប ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប្រ៊ុចសែល (Bruxelles) ប្រទេស​បែលហ្ស៊ិក (Belgique) នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ដោយ​ចាប់ផ្ដើម​ពី​ម៉ោង​១១ ដល់​ម៉ោង ១​រសៀល ក្នុង​គោលបំណង​សង្គ្រោះ​សិទ្ធិមនុស្ស​នៅ​កម្ពុជា៖ «ដើម្បី​បញ្ជាក់​ប្រាប់​គេ​បន្ថែម​ទៀត​ពី​ទង្វើ​ជា​បន្តបន្ទាប់​របស់​លោក ហ៊ុន សែន ដែល​មិន​ចេះ​បន្ថយ​ដៃ​សោះ ហើយ​នៅតែ​បង្កើន​នូវ​សកម្មភាព​នៃ​ការ​កៀបសង្កត់ និង​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កាន់តែ​រលប់ រលាយ​ទៅ​ហ្នឹង​ជា​គោលបំណង​របស់​យើង»

លោក ថៃ មករា អះអាង​ថា ការ​ធ្វើ​បាតុកម្ម​ពេលនេះ​គឺ​នៅមុន​ពេល​ដែល​គណៈកម្មការ​អឺរ៉ុប​គ្រោង​នឹង​ចេញ​សេចក្ដី​សម្រេច​ពី​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា នៅ​ថ្ងៃ​ទី១២ ខែ​កុម្ភៈ​ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល