លោក សម រង្ស៊ី បន្ត​អំពាវនាវ​ដល់​ពលករ​ខ្មែរ​នៅ​ថៃ​អម​ដំណើរ​លោក​វិល​ចូល​កម្ពុជា​​ថ្ងៃ​ទី​៩ វិច្ឆិកា

ដោយ វ៉ែន សុមេធ
2019-10-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី និង​លោក កឹម សុខា ថតរូប​ជាមួយ​ប្រជាពលរដ្ឋ និង​អាជីវករ​ផ្សារលើ ​ខេត្ត​សៀមរាប កាល​ពី​អំឡុង​​ឆ្នាំ​២០១៤។
លោក សម រង្ស៊ី និង​លោក កឹម សុខា ថតរូប​ជាមួយ​ប្រជាពលរដ្ឋ និង​អាជីវករ​ផ្សារលើ ​ខេត្ត​សៀមរាប កាល​ពី​អំឡុង​​ឆ្នាំ​២០១៤។
Photo: RFA

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ អំពាវនាវ​ដល់​ពលករ​ខ្មែរ កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ ឱ្យ​ចូលរួម​អម​ដំណើរ​លោក​វិល​ចូល​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ដើម្បី​ត្រឡប់​ទៅ​ចូលរួម​ស្ដារ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​វិញ។ មន្ត្រី​របប​លោក ហ៊ុន សែន មិន​ជឿ​ថា មាន​ពលករ​ខ្មែរ ព្រម​បោះបង់ចោល​ការងារ ហើយ​យក​ខ្លួន​ទៅ​រង​ទោស​ជំនួស​លោក សម រង្ស៊ី ឡើយ។

លោក សម រង្ស៊ី ប្រាប់​ពលករ​ថា ការ​វិល​ចូល​ស្រុក​ថ្ងៃ​ទី​៩ វិច្ឆិកា គឺ​ដើម្បី​វិល​ទៅ​ជួបជុំ​គ្រួសារ ហើយ​ស្ដារ​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​មាន​ប្រសើរ សម្បូរ​ការងារ​ធ្វើ ដូច​នៅ​ប្រទេស​ថៃ​។ លោក សម រង្ស៊ី បបួល​ពលករ​ឱ្យ​ចូលរួម​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​ជាមួយ​លោក ដើម្បី​កម្ចាត់​របប​ក្រុងភ្នំពេញ ដែល​លោក​ហៅថា ជា​របប​ផ្ដាច់ការ និង​ខុសច្បាប់​។ លោក​អះអាង​ថា ថ្ងៃ​ទី​៩ វិច្ឆិកា ជា​ឱកាស​សម្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស និង​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​រួបរួម​គ្នា៖ «ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​បង​ប្អូន និង​កូន​ក្មួយ ដែល​រស់​នៅ​ក្នុង​ប្រទេស​ថៃ ដែល​មាន​ចំនួន ២លាន​នាក់ អាច​ច្រើន​ជាង​២លាន​នាក់​ផង សូម​បង​ប្អូន កូន​ក្មួយ មក​រួម​ដំណើរ​ជា​មួយ​ខ្ញុំ និង​ជា​មួយ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។ យើង​វិល​ត្រឡប់​ទៅ​ស្រុក​យើង​វិញ។ យើង​ទៅ​ផ្ទះ​យើង​វិញ យើង​ទៅ​យក​ស្រុក​យើង​វិញ។ យើង​ត្រូវ​តែ​រៀបចំ​ប្រទេស​យើង​ឡើង​វិញ ឲ្យ​ល្អ​ត្រឹមត្រូវ រៀបចំ​មិន​មែន​តែ​សម្រាប់​ ហ៊ុន សែន បក្ខ​ពួក ហ៊ុន សែន»

លោក​បន្ត​ថា ការ​វិល​ត្រឡប់​ចូល​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ដើម្បី​រួមគ្នា​រៀបចំ​ប្រទេស​កម្ពុជា​ឱ្យ​មាន​ភាព​រុងរឿង ស្អាតស្អំ គ្មាន​អំពើពុករលួយ៖ «យើង​ត្រូវ​តែ​រៀបចំ​ប្រទេស​យើង​ឲ្យ​មាន​ភាព​រុងរឿង។ ដើម្បី​មាន​ភាព​រុងរឿង​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​​សុភមង្គល​ទាំង​អស់​គ្នា​ ត្រូវ​តែ​បោស​សំអាត​អំពើ​ពុក​រលួយ។ ត្រូវ​តែ​ធានា​​ឲ្យ​សង្គម​ជាតិ​របស់​យើង មាន​ភាព​ស្អាត​ស្អំ​ មាន​ភាព​យុត្តិធម៌ មាន​ភាព​ជឿន​លឿន ដូច​នៅ​ប្រទេស​ថៃ។ បងប្អូន​កូន​ក្មួយ ដែល​រស់​នៅ​ប្រទេស​ថៃ បង​ប្អូន​ឃើញ​ហើយ នៅ​ស្រុក​គេ គេ​មិន​មែន​រំពឹង​លើ​អំណោយ​ទេ គ្មាន​ប្រជាពលរដ្ឋ​ណា​រស់​នៅ​ ដោយ​រំពឹង​លើ​​អំណោយ​ទេ។ ការ​លូត​លាស់​របស់​គេ យើង​ឃើញ​គេ​មាន​​ផ្លូវ​ថ្នល់ មាន​ស្ពាន មាន​សាលារៀន មាន​មន្ទីរ​ពេទ្យ ១០ដង​ច្រើន​ជាង​យើង ហើយ​សមិទ្ធផល​ទាំង​អស់​នោះ មិន​មែន​ជា​អំណោយ​របស់​បុគ្គល​ណា​ គណបក្ស​ណា​ទេ គឺ​ជា​ញើស​ឈាម​ប្រជារាស្ត្រ​ដែល​មាន​អ្នក​ដឹកនាំ​ល្អ។ គេ​ប្រមូល​ ហើយ​គេ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​ និង​ធនធាន​ជាតិ​របស់​គេ ធ្វើឲ្យ​មាន​ការ​អភិវឌ្ឍន៍​ពិត​ប្រាកដ មិន​មែន​អភិវឌ្ឍន៍​ក្លែង​ក្លាយ​ ដូច​នៅ​ស្រុក​ខ្មែរ​សព្វ​ថ្ងៃ​ ក្រោម​របប ហ៊ុន សែន ទេ»

គិត​ត្រឹម​ថ្ងៃ​ទី​២៣ តុលា នៅសល់​រយៈពេល ១៧​ថ្ងៃ​ទៀត ដល់​ថ្ងៃ​កំណត់​សន្យា​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី​។ បច្ចុប្បន្ន លោក សម រង្ស៊ី កំពុង​ស្នាក់​នៅ​ប្រទេស​បារាំង ខណៈ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ខ្លះ បាន​ចូល​ទៅដល់​ប្រទេស​នានា នៅ​ទ្វីប​អាស៊ី​ហើយ។

ជុំវិញ​ការ​អំពាវនាវ​របស់​លោក សម រង្សី ឱ្យ​ពលករ​ខ្មែរ អម​ដំណើរ​វិល​ចូល​កម្ពុជា​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​នេះ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន ថ្លែង​ថា ជា​សិទ្ធិ​របស់​លោក សម រង្ស៊ី ដែល​អាច​ធ្វើ​បាន​ពី​ខាងក្រៅ​ស្រុក តែ​លោក មិន​ជឿ​ថា មាន​ពលករ​ណា​ម្នាក់ អម​ដំណើរ​មក​កម្ពុជា​ជាមួយ​លោក សម រង្ស៊ី ឡើយ គឺ​មានតែ​ក្រុម​បក្ខពួក​លោក សម រង្ស៊ី មិន​ដល់ ១០​នាក់​ផង៖ «ជា​សិទ្ធិ​របស់​គាត់ ពី​ព្រោះ​គាត់​អំពាវនាវ​មិន​មែន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឯ​ណា អំពាវនាវ​ពី​ក្រៅ​ប្រទេស​មក។ អ៊ីចឹង​ អា​ហ្នឹង​ជា​រឿង​របស់​គាត់​ទេ ត្រង់​ថា​ គេ​ទៅ ឬ​មិន​ទៅ​ជា​រឿង​មួយ​ទៀត។ អា​ហ្នឹង​យើង​ចាំ​មើល​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ហ្នឹង​ទៅ យើង​​កុំ​ទាយ​ទុក​មុន។ តែ​តាម​ខ្ញុំ​មើល វា​អត់​មាន​ទេ តែ​ម្នាក់​ក៏​អត់​មាន​ផង។ មាន​តែ​គ្នា​គាត់​ប្រាំបី ប្រាំបួន​នាក់​ហ្នឹង តែ​ប៉ុណ្ណឹង​ទេ។ ក្នុង​ប្រាំបី ប្រាំបួន​នាក់​ហ្នឹង ក៏​អត់​គ្រប់​គ្នា​ដែរ ហើយ​ចូល​តាម​ណា ដើរ​តាម​ណា? ឥឡូវ​គាត់​​នៅ​អាមេរិក គាត់​នៅ​ស្រុក​បារាំង គាត់​ទៅ​តាម​ណា បាន​ទៅ​ដល់​ថៃ? បើ​ថៃ​គេ​មិន​ឲ្យ​ចូល មាន​តែ​គាត់​ចេះ​បំបាំង​កាយ?!»

បើ​ទោះ​ជា​មន្ត្រី​បក្ស​កាន់អំណាច​យល់ឃើញ​បែបនេះ​ក្ដី ក៏​ក្រុម​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ប្រកាស​ថា បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ដើម្បី​ទទួល និង​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​។ ក្រុម​ពលករ​ទាំងនោះ​លើកឡើង​ថា ពួកគេ​មាន​គ្នា​រាប់​ម៉ឺន​នាក់ បាន​រៀបចំ​ជា​ក្រុមៗ ដើម្បី​ត្រៀម​ទទួល​ស្វាគមន៍ និង​អម​ដំណើរ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ វិល​ចូល​ទៅ​កម្ពុជា ថ្ងៃ​៩ វិច្ឆិកា។

ពលករ​ម្នាក់​ធ្វើការ​នៅ​ប្រទេស​ថៃ លោក ស៊ា ចំរើន ឱ្យ​ដឹង​ថា លោកនឹង​អម​ដំណើរ លោក សម រង្ស៊ី ត្រឡប់​ចូល​កម្ពុជា នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ដែរ។ ពលករ​រូប​នេះ បាន​អំពាវនាវ​បន្ថែម​ទៀត ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស ឱ្យ​រង់ចាំ​ទទួល​លោក សម រង្ស៊ី និង​ពួកគេ នៅ​ទឹកដី​កម្ពុជា៖ «ជម្រាប​សួរ​ពុក​ម៉ែ​បងប្អូន​ទាំង​អស់​គ្នា។ ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ២០១៩​នេះ ខ្ញុំ​បាន​នឹង​អម​ដំណើរ​លោក​ប្រធាន​ស្ដីទី​ សម រង្ស៊ី ដើម្បី​វិល​ត្រលប់​ទៅ​ប្រទេស​កម្ពុជា​យើង​វិញ។ អរគុណ​ច្រើន ​បង​ប្អូន​ទាំង​អស់​គ្នា​នៅ​ប្រទេស​កម្ពុជា សូម​ចាំ​ទទួល​បង​ប្អូន​ពី​ប្រទេស​ថៃ​យើង​ផង»

របាយការណ៍​របស់​ក្រសួង​ការងារ​ធ្លាប់​បង្ហាញ​ថា ចំនួន​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ មាន​ជាង ១​លាន ៦​សែន​នាក់​។ ប៉ុន្តែ លោក សម រង្ស៊ី និង​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ប្រទេស​ថៃ​អះអាង​ថា មាន ​២​លាន ឬ​ជាង ២​លាន​នាក់។ មន្ត្រី​បក្ស​ប្រឆាំង​នៅ​ប្រទេស​ថៃ ធ្លាប់​អះអាង​ទៀត​ថា នឹង​មាន​ពលករ​ខ្មែរ​ប្រមាណ ២២ម៉ឺន​​នាក់ រង់ចាំ​អម​ដំណើរ​លោក សម រង្ស៊ី ចូល​ស្រុក​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល