បក្ស​ប្រឆាំង​ថា លោក សម រង្ស៊ី នឹង​មិន​ចូល​កម្ពុជា​តាម​ប្រទេស​វៀតណាម​និង​ឡាវ​ឡើយ

ដោយ សន ចាន់រដ្ឋា
2019-09-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៥។
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA

គណបក្ស​សង្គ្រោះជាតិ​បង្ហើប​ឱ្យ​ដឹង​ថា ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ មិនមែន​ជា​ជម្រើស​ដែល​លោក សម រង្ស៊ី ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ចូល​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី៩ ខែ​វិច្ឆិកា​នោះ​ទេ​។ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​ឆ្លើយតប​ថា ទោះ​លោក សម រង្ស៊ី ចូល​តាម​ច្រក​ណា ឬ​មធ្យោបាយ​ណា មិន​សំខាន់​ទេ ប៉ុន្តែ​អ្វី​ដែល​ចាំបាច់​នោះ គឺ​លោក សម រង្ស៊ី ជាន់​ទឹកដី​ខ្មែរ​ពេលណា សមត្ថកិច្ច​នឹង​ចាប់​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាការ​ក្នុង​ពេល​នោះ។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃ អ៊ាង អះអាង​តាម​ហ្វេសប៊ុក​ថ្មីៗ​នេះ​ថា គណបក្ស​សង្គ្រោះជាតិ​មិន​ជ្រើស​រើស​យក​ប្រទេស​កុម្មុយនិស្ត​ធ្វើជា​ផ្លូវ​ឱ្យ​លោក សម រង្ស៊ី ឆ្លង​កាត់​នោះ​ទេ។ លោក​បន្ត​ថា មានតែ​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ​ទេ ដែល​ព្រម​អនុវត្ត​តាម​សាលដីកា​តុលាការ​នៃ​ការ​ចាប់​ខ្លួន​លោក សម រង្ស៊ី ប៉ុន្តែ​ប្រទេស​សេរី​ផ្សេងទៀត​ក្នុង​តំបន់​អាស៊ាន​គេ​មិន​អនុវត្ត​តាម​ឡើយ៖ «យើង​នឹង​ជ្រើសរើស​ចេញពី​ប្រទេស​ព្រោះ​នៅ​អាស៊ាន​មាន​ប្រទេស​ច្រើន ប៉ុន្តែ​ចុះ​ពោះ​ឡាវ និង​វៀតណាម យើង​មិនដែល​គិតដល់​ទេ​ព្រោះ​វៀតណាម​ជា​បងធំ​របស់​ឡាវ របស់ ហ៊ុន សែន អ៊ីចឹង​ច្បាស់​ជា​គេ​មិន​អនុញ្ញាត​ឱ្យ​យើង​ឆ្លងកាត់​ទេ»

ទោះជា​យ៉ាងណា​លោក អេង ឆៃអ៊ាង មិន​ទាន់​បញ្ជាក់​តម្រាយ​ផ្លូវ​ជាក់លាក់​ដែល​លោក សម រង្ស៊ី និង​អ្នកគាំទ្រ​ត្រូវ​ធ្វើ​ដំណើរ​ដើម្បី​ចូល​ប្រទេស​កម្ពុជា​នោះ​ទេ។ ក៏ប៉ុន្តែ​ផ្អែក​តាម​ទីតាំង​ភូមិសាស្ត្រ​ប្រទេស​កម្ពុជា មាន​ព្រំដែន​ជាប់​ប្រទេស​៣ ប៉ុណ្ណោះ គឺ​ប្រទេស​ថៃ វៀតណាម និង​ប្រទេស​ឡាវ។ លោក អេង ឆៃអ៊ាង ធ្លាប់​បាន​ប្រកាស​កាលពី​ចុងខែ​សីហា​ថា លោក សម រង្ស៊ី នឹង​ជ្រើសរើស​ផ្លូវ​មួយ​ក្នុងចំណោម ផ្លូវ​បី​ទាំង​គឺ​ផ្លូវ ទឹក ផ្លូវ គោក និង​ផ្លូវ​អាកាស​ដើម្បី​ធ្វើដំណើរ​ចូល​កម្ពុជា។

ចំណែក លោក សម រង្ស៊ី វិញ បាន​អំពាវនាវ​ជាថ្មី​ម្តង​ទៀត​ដល់​កងកម្លាំងប្រដាប់អាវុធ ឱ្យ​រើ​បម្រះ​ខ្លួន និង​ផ្ដាច់​ខ្លួន​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​លោក​ចាត់ទុកថា ជា​របប​ផ្ដាច់ការ​។ លោក​អំពាវនាវ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ និង​គណបក្ស​សង្គ្រោះ​ជាតិ រួមគ្នា​ជា​ធ្លុង​មួយ ទាមទារ​សេរីភាព យុត្តិធម៌ និង​លទ្ធិប្រជាធិបតេយ្យ​។ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​រូប​នេះ​បង្ហោះ​សារ​តាម​ហ្វេសប៊ុកនៅ​ថ្ងៃ​ទី​១៧ កញ្ញា​ថា មាន​មូលហេតុ​បី​ដែល​ធ្វើ​ឱ្យ​កងកម្លាំង​ចូលរួម​ផ្តួល​រំលំ​របប​លោក ហ៊ុន សែន គឺ​អំពើពុករលួយ កងកម្លាំងប្រដាប់អាវុធ​ទទួល​បាន​ប្រាក់ខែ​តិចតួច និង​ការ​ដំឡើង​ឋានៈ​តួនាទី​ក្នុង​ជួរ​កងទ័ព​ធ្វើតាម​សែស្រឡាយ​បក្សពួកនិយម៖ «កង​កម្លាំង​ប្រដាប់​អាវុធ​ជា​កងកម្លាំងប្រដាប់អាវុធ​របស់​ជាតិ មិនមែន​របស់​កងកម្លាំង​របស់​បក្ស​ណា ឬ​របស់​បុគ្គល​ណា​ទេ ដូច្នេះ​បើ​បុគ្គល​ណា​ក្រុម​ណា​បញ្ជា​បងប្អូន​កូនក្មួយ​ទៅ​បាញ់​ប្រហារ​លើ​ពលរដ្ឋ​ស្លូត​ត្រង់​ដើម្បី​ឱ្យ​អ្នកដឹកនាំ​ប្រទេស​សព្វថ្ងៃ​រក្សា​អំណាច​ផ្ដាច់ការ និង​អំណាច​ពុករលួយ​របស់​គេ​សូម​បងប្អូន​កូនក្មួយ​កុំ​ធ្វើ​តាម​បញ្ជា»

ទោះជា​យ៉ាងណា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា យល់​ថា នេះ​សំដី​បោកប្រាស់​របស់​លោក សម រង្ស៊ី។ លោក​អះអាង​ថា គ្មាន​កងកម្លាំង​រូប​ណា​ស្ដាប់​តាម​មេ​បក្ស​ប្រឆាំង​រូប​នេះ​ឡើយ ផ្ទុយទៅវិញ​កងកម្លាំង​ប្រដាប់​អាវុធ​កំពុង រង់ចាំ​ចាប់ លោក សម រង្ស៊ី យក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ។ អ្នកនាំពាក្យ​រូប​នេះ បន្ត​ទៀត​ថា ទោះ​លោក សម រង្ស៊ី មក​តាម​ច្រក​ណា​ឬ​មធ្យោបាយ​ណា​ក៏​ដោយ ឱ្យ​តែ​ជាន់​ទឹកដី​ខ្មែរ គឺ​នឹង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ភ្លាមៗ​តែម្ដង ព្រោះ​សមត្ថកិច្ច​ទទួល​​បាន​ដីកា​ពី​តុលាការ​រួចរាល់​អស់ហើយ​ដើម្បី​ចាប់​លោក សម រង្ស៊ី ទៅ​ដាក់​ពន្ធនាគារ៖ «កុំ​ថា​តាម​ថៃ​តាម​វៀតណាម​តាម​អី​ឥឡូវ​យើង​មិនបាច់​និយាយ​ទេ តាម​ណា​ក៏​ដោយ តាម​ម៉ាឡេស៊ី​ក៏ដោយ តាម​ស្អី​ក៏ដោយ តែ​ចូល​ដល់​ដី​ខ្មែរ​គឺ​ពិតជា​ជាប់​ខ្នោះ​ហើយ ទោះ​៨​ទិស​មក​តាម​ណា ហី​យក​វិធី​តេជោដំឌិន​ក៏​ទៅ​អត់​រួច​ដែរ តែ​ងើប​ក្បាល​មក​ជាប់​ខ្នោះ​ហើយ»

អ្នកវិភាគ​បញ្ហា​នយោបាយ​លោក​ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ក្នុង​ប្រទេស​ហ្វាំងឡង់ និង​ដែល​ហ៊ាន​រិះគន់​លោក ហ៊ុន សែន ឥត​សំចៃ​មាត់ គឺ​លោក គឹម សុខ យល់ថា ការ​បង្ហាញ​តម្រុយ​ខ្លះៗ នៃ​ការ​ធ្វើ​ដំណើរ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី នេះ​ជា​ល្បិច​នយោបាយ​របស់​គណបក្ស​សង្គ្រោះជាតិ។ លោក​ថា រឿង​សំខាន់​ដែល​គណបក្សប្រឆាំង​ត្រូវ​ធ្វើ និង​អ្វី​ដែល​អ្នកគាំទ្រ​របស់​ខ្លួន​ត្រូវ​ផ្ដោត​អារម្មណ៍​នោះ គឺជា​យុទ្ធសាស្ត្រ និង​លទ្ធភាព​អាច​ចូល​ស្រុក​បាន​របស់​លោក សម រង្ស៊ី និង​ការរៀបចំ​បណ្ដាញ​ឱ្យ​អ្នកគាំទ្រ​នៃ​គណបក្ស​នេះ​អាច​ចូល​ស្រុក​បាន៖ «ចូល​យ៉ាងម៉េច​បាន​ហើយ​រៀបចំ​បណ្ដាញ​ដោយ​ការ​ចូល​ដោយ​សុវត្ថិភាព​របៀប​ណា​ដែល​អាច​ឈរជើង​នៅ​ប្រទេស​កម្ពុជា​បាន​នោះ គឺជា​ការ​ចាំ​អបអរសាទរ​របស់​ប្រជាពលរដ្ឋ​ហើយ​រឿង​ដែល​សំខាន់​បំផុត គឺថា​កាលណា​គេ​និយាយ​ការ​រៀបចំ​​បណ្ដាញ​សន្តិសុខ​ចូល​ស្រុក​របៀប​នេះ គឺ​មាន​លក្ខណៈ​នៃ​ការរៀបចំ​ជា​សម្ងាត់​ហើយ​ប្រសិនបើ​មានការ​លើកឡើង​ថា មិន​ចូល​ច្រក​នេះ ឬ​ចូល​ច្រក​នោះ​គឺជា​តាក់​តិច​របស់​អ្នកនយោបាយ​ទេ»

គណបក្ស​សង្គ្រោះជាតិ​ប្រកាស​ថា លោក សម រង្ស៊ី នឹង​ធ្វើ​មាតុភូមិនិវត្តន៍​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ខាងមុខ ដែល​ចំ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ ហើយ​គិត​ត្រឹម ថ្ងៃ​ទី​១៨ ខែ​កញ្ញា នៅ​សល់​តែ ៥២​ថ្ងៃ​ទៀត​ទេ ពេលវេលា​នោះ​នឹង​មកដល់។ ទាក់ទង​ផែនការ​សកម្មភាព​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី នេះ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា ឱ្យ​ដឹង​ថា លោក​តែង​ប្រជុំ​ជា​ទៀងទាត់​ជាមួយ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ ចាប់​តាំង​ពី រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រហូតដល់​ឃុំ​សង្កាត់ សម្រាប់​ការពារ​សុវត្ថិភាព​ជូន​លោក សម រង្ស៊ី។

ទោះជា​យ៉ាងណា អ្នកឃ្លាំមើល​នយោបាយ​មួយ​ចំនួន​មិនទាន់​ជឿ​ថា លោក សម រង្ស៊ី នឹង​គោរព​តាម​សន្យា​នៅឡើយ​ទេ ព្រោះ​កន្លងមក​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ មិន​បាន​អនុវត្ត​តាម​សន្យា​របស់​ខ្លួន​ឡើយ ជុំវិញ​ដំណើរ​វិល​ចូល​ស្រុក​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

តាសាន

ពី LA

សមរង្សីទើបតែរៀនចេះវិជ្ជាជ្រែកដីពីតាឥសីនៅភ្មំហេមពាន ព្រោះគាត់មិនអាចចូលស្រុកខ្អែរ តាមផ្លូវគោក ផ្លូវទឹកនិងផ្លូវអាកាសបានទេ សូមអ្នកគាំទ្រផ្កាប់មុខជឿចុះមិនខុសទេទាន។ ហើយកំុភ្លេចដាក់លុយក្នុងស្រោមសំបុត្រអោយលោកប៉ាធានអោយបានច្រើន ព្រោះច្រើនកាលណាលោកប៉ាធានជ្រែកដីទៅដ់ភ្នំពេញភ្លាមៗ

Sep 19, 2019 05:09 PM

គេហទំព័រ​ទាំងមូល