លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ UNHRC ជួយ​ធានា​ដល់​ដំណើរ​មាតុភូមិនិវត្តន៍​របស់​មន្ត្រី​បក្ស​ប្រឆាំង

ដោយ មួង ណារ៉េត
2019-09-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី និង​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ នៅ​ប្រទេស​នូវែលហ្សេឡង់ កាល​ពី​ថ្ងៃ​ទី២២ ខែ​សីហា ឆ្នាំ​២០១៩។
លោក សម រង្ស៊ី និង​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ នៅ​ប្រទេស​នូវែលហ្សេឡង់ កាល​ពី​ថ្ងៃ​ទី២២ ខែ​សីហា ឆ្នាំ​២០១៩។
រូប​ពី​ហ្វេសប៊ុក លោក សម រង្ស៊ី

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ បាន​អំពាវនាវ​ឱ្យ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ជួយ​ធានា​យ៉ាងណា ឱ្យ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​មន្ត្រី​បក្ស​ប្រឆាំង ចេញ​ផ្លែផ្កា​ជា​ការ​ចរចា ដើម្បី​ផ្សះផ្សា​ជាតិ។ សារ​អំពាវនាវ​នេះ ធ្វើឡើង​នៅ​ក្នុង​លិខិត​មួយ ចុះ​ថ្ងៃ​ទី១៧ ខែ​កញ្ញា ដែល​លោក សម រង្ស៊ី សរសេរ​ទៅកាន់​ប្រធាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​លោក ខូលី សេក (Coly Seck)

លោក សម រង្ស៊ី បញ្ជាក់​អំពី​ការប្រកាស​វិល​ទៅ​ប្រទេស​កម្ពុជា​វិញ របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និទ្ទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ដើម្បី​វិល​ទៅ​​រក​ការចរចា និង​​​​​​​​​​​​​​​​​​ការផ្សះផ្សា​ជាតិ ដែល​ស្របតាម​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដែល​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ ២០១៩ ទៅកាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី៩ ខែ​កញ្ញា ផ្ដល់​អនុសាសន៍​ដល់​របប​ក្រុងភ្នំពេញ ឱ្យ​បង្កើត​បរិយាកាស​សន្ទនា​គ្នា​ផ្នែក​នយោបាយ រវាង​រដ្ឋាភិបាល និង តួអង្គ​នយោបាយ​ក្នុង​ជួរ​គណបក្ស​ប្រឆាំង។

លោក សម រង្ស៊ី បញ្ជាក់​ថា វិធានការណ៍​សំខាន់​បំផុត ដែល​អាច​បង្ការ​ការ​គំរាម​ប្រើ​ហិង្សា និង​គ្រឿង​សព្វាវុធ​យោធា បង្ក្រាប​មក​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់ គឺ​មានតែ​ស្ថាប័ន​អន្តរជាតិ​ទាំងអស់ រួម​ទាំង​អង្គការ​សហប្រជាជាតិ អាស៊ាន សហភាព​អឺរ៉ុប និង សហភាព​អន្តរ​សភា​ជាដើម គាំទ្រ​ដល់​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក និង​មេដឹកនាំ​ដទៃ​ទៀត​របស់​គណបក្ស​ប្រឆាំង ក្នុង​ការ​វិលត្រឡប់​ទៅ​មាតុភូមិ​វិញ និង គាំទ្រ​ការ​ទាមទារ​ឱ្យ​កម្ពុជា​ស្ដារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើង​វិញ។

ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ កំពុង​ជួប​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន លើក​ទី៤២ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ចាប់​ពី​ថ្ងៃ​ទី៩ ដល់​ថ្ងៃ​ទី២៧ ខែ​កញ្ញា។

លោក សម រង្ស៊ី ក៏​បាន​ស្នើ​ឱ្យ​ស្ថាប័ន​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​នេះ គាំទ្រ​ពេញ​ទំហឹង​ចំពោះ​អនុសាសន៍​ទាំងអស់​របស់​អ្នកស្រី រ៉ូណា ស្មីត ជាពិសេស​ចំណុច​ដែល​ស្នើ​ឱ្យ​របប​លោក ហ៊ុន សែន ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ពី​ការ​ឃុំខ្លួន និង បិទ​បញ្ចប់​ការ​ស៊ើបសួរ​ឱ្យ​បាន​ឆាប់ ឬ​ទម្លាក់​ចោល​រាល់​ការចោទប្រកាន់​ទាំងអស់​មក​លើ​លោក កឹម សុខា និង​អ្នក​ជាប់ឃុំ ព្រមទាំង​អ្នក​ទោស​នយោបាយ​ទាំងអស់។

ជាង​នេះ​ទៅ​ទៀត លោក សម រង្ស៊ី ក៏បាន​ស្នើ​ឱ្យ​បន្ត​អាណត្តិ​របស់​អ្នកស្រី រ៉ូណា ស្មីត ពីរ​ឆ្នាំ​បន្ត​ទៀត ដើម្បី​បន្ត​ឃ្លាំមើល​ស្ថានភាព​សិទ្ធិមនុស្ស នៅ​កម្ពុជា ដែល​លោក​អះអាង​ថា នឹង​ប្រែប្រួល​ខ្លាំង​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ជាពិសេស​ក្នុង​ដំណាក់កាល​នៃ​ការ​ត្រៀម​ធ្វើដំណើរ​ទៅ​កម្ពុជា​វិញ​របស់​មន្ត្រី​បក្ស​ប្រឆាំង និង​ព្រឹត្តិការណ៍​ដែល​អាច​កាន់តែ​អាក្រក់ នៅ​ក្រោយ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ដែល​ជា​ថ្ងៃ​កំណត់​មាតុភូមិ​និវត្តន៍​របស់​មន្ត្រី​បក្ស​ប្រឆាំង​នោះ។

សារ​អំពាវនាវ​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​របប​លោក ហ៊ុន សែន កំពុង​បង្កើន​ការ​ធ្វើទុក្ខបុកម្នេញ និង​បង្ក្រាប​សំឡេង​ប្រឆាំង​ដើម្បី​រារាំង​អ្នក​ទាំងនោះ មិន​ឱ្យ​ចូលរួម​គាំទ្រ​ដំណើរ​វិលត្រឡប់​របស់​លោក សម រង្ស៊ី និង​មន្ត្រី​បក្ស​ប្រឆាំង។

ក្នុង​សប្ដាហ៍​នេះ របប​ក្រុង​ភ្នំពេញ​ចេញ​សារ​ប្រកាស​ចាប់​ខ្លួន និង​ផ្ដន្ទាទោស​ប្រជាពលរដ្ឋ ទាំងអស់ ដែល​ហ៊ាន​គាំទ្រ​លោក សម រង្ស៊ី ក្នុង​ការ​វិល​ចូល​ស្រុក​វិញ។

ជាមួយ​គ្នា​នេះ នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ឯក​បក្ស​លោក ហ៊ុន សែន បាន​ព្រមាន កាលពី​ថ្ងៃ​ទី២១ ខែ​កញ្ញា ក្នុង​ទិវា​សន្តិភាព​អន្តរជាតិ សហគមន៍​អន្តរជាតិ ជាពិសេស​ប្រទេស​លោក​ខាងលិច កុំ​ឱ្យ​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ព្រោះ​លោក​អះអាង​ថា របប​លោក​មិន​ចុះ​ញ៉ម ចំពោះ​សម្ពាធ​នៃ​ការ​គំរាម​កំហែង​​ដាក់​ទណ្ឌកម្ម​ណាមួយ​នោះ​ឡើយ។

គិត​មក​ត្រឹម​ថ្ងៃ​ទី២២ ខែ​កញ្ញា​នេះ គឺ​នៅ​សល់​តែ ៤៨​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ ដល់​ថ្ងៃ​ដែល​លោក សម រង្ស៊ី និង​មន្ត្រី​បក្ស​ប្រឆាំង​ឯទៀត​សន្យា​ថា នឹង​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​នោះ​។ ត្រឹម​ថ្ងៃ​នេះ​ដែរ គឺ​សល់​តែ ៥២ ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដល់​ថ្ងៃ​ដែល​គណៈកម្មការ​អឺរ៉ុប ចេញ​របាយការណ៍​បឋម ជុំវិញ​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ដោយសារតែ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​មិន​ប្រសើរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល