លោក ស ខេង ថា ការ​​វិល​​ចូល​​ស្រុក​​របស់​​លោក​ សម រង្ស៊ី ធ្វើ​​ឲ្យ​​កម្ពុជា​​មាន​សង្គ្រាម​​រវាង​​ខ្មែរ​ និង​​ខ្មែរ

ដោយ ទីន ហ្សាការីយ៉ា
2019-10-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ស ខេង តំណាង​គណបក្ស​ប្រជាជន កម្ពុជា និង​លោក លោក សម រង្ស៊ី តំណាង​គណបក្ស​សង្រ្គោះជាតិ ថ្លែង​ក្នុង​សន្និសីទ​កាសែត នៅ​មន្ទីរ​រដ្ឋសភា នៅ​ថ្ងៃ​ច័ន្ទ ទី៦ ខែ​មេសា ឆ្នាំ​២០១៥។
លោក ស ខេង តំណាង​គណបក្ស​ប្រជាជន កម្ពុជា និង​លោក លោក សម រង្ស៊ី តំណាង​គណបក្ស​សង្រ្គោះជាតិ ថ្លែង​ក្នុង​សន្និសីទ​កាសែត នៅ​មន្ទីរ​រដ្ឋសភា នៅ​ថ្ងៃ​ច័ន្ទ ទី៦ ខែ​មេសា ឆ្នាំ​២០១៥។
RFA/Tin Zakariya

ថ្នាក់​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ បង្ហាញ​ក្ដី​កង្វល់​ជុំវិញ​ការប្រកាស​វិល​ចូល​ស្រុក ​របស់​មេ​បក្ស​ប្រឆាំង​ នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ថា​ អាច​នឹង​នាំ​ឲ្យ​កម្ពុជា​ធ្លាក់​ចូល​ក្នុង​ភ្លើង​សង្គ្រាម និង​ធ្វើ​ឲ្យ​បាក់បែក​សង្គម​ជាតិ។ អ្នក​វិភាគ​ថា ការ​លើក​ឡើង​នេះ​គ្រាន់​តែ​ជា​សង្គ្រាម​ចិត្ត​របស់​របប​ក្រុងភ្នំពេញ​ប៉ុណ្ណោះ ព្រោះ​លោក​ សម រង្ស៊ី​ គ្មាន​លទ្ធភាព​ណា​ អាច​ទៅ​បង្កើត​កង​កម្លាំង​ប្រដាប់​អាវុធ និង​ទីតាំង​ភូមិសាស្ត្រ ដើម្បី​តតាំង​នឹង​របប​ក្រុង​ភ្នំពេញ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​នេះ​បាន​ឡើយ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង លើក​ឡើង​ថា គម្រោង​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​របស់​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​ ចំ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ខាង​មុខ​នេះ មិន​មែន​ជា​ដំណើរ​នាំ​យក​ប្រជាធិបតេយ្យ សុខ​សន្តិភាព និង​ភាព​រីក​ចម្រើន​ ជូន​ប្រទេស​ជាតិ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​ថា មាតុ​ភូមិ​និវត្តន៍​របស់​មេ​បក្ស​ប្រឆាំង​រូប​នេះ អាច​នឹង​បង្ក​ឲ្យ​មាន​សង្គ្រាម​រវាង​ខ្មែរ​និង​ខ្មែរ ហើយ​បាត់​បង់​ឱកាស​កសាង​ប្រទេស​ជាតិ​ឲ្យ​រីក​ចម្រើន។

លោក​ ស ខេង បញ្ជាក់​ទៀត​ថា លោក សម រង្ស៊ី បាន​ដើរ​ហួស​បន្ទាត់​ក្រហម ២លើក​រួច​មក​ហើយ។ លោក​ថា បន្ទាត់​ក្រហម​ទី១ ដែល​មេ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស ដើរ​ហួស​នោះ គឺ​ការ​ប្រមែ​ប្រមូល​ថវិកា​ជួយ​ផ្គត់ផ្គង់​កងទ័ព​ដែល​នឹង​ផ្ដាច់​ខ្លួន​ទៅ​គាំទ្រ​ខាង​បក្ស​ប្រឆាំង ហើយ​និង​ទី​២ គឺ​ការ​ប្រមាថ​ព្រះ​មហាក្សត្រ​ថា ជា​អាយ៉ង​របស់​បក្ស​កាន់​អំណាច។

ការ​ថ្លែង​របស់​នាយក​រដ្ឋមន្ត្រី​ស្ដីទី​រូប​នេះ គឺ​ធ្វើឡើង​នៅ​ពិធី​បុណ្យ​អុំទូក ដែល​ប្រារព្ធ​នៅ​ស្ទឹង​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី១៣ ខែ​តុលា៖ «ឥឡូវ​នេះ យើង​មាន​សុខ​សន្តិភាព​ហើយ។ ក៏ប៉ុន្តែ​ដូច​ដែរ​ប្រជាពលរដ្ឋ​យើង​បាន​ជ្រាប​ថា ក្រុម​មួយ​ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី គាត់​កំពុង​តែ​ប្រកាស​ដើម្បី​វិល​ចូល​ស្រុក ក៏​ប៉ុន្តែ​ការ​វិល​ចូល​ស្រុក​របស់​គាត់​នេះ គឺ​មិន​នាំ​មក​នូវ​សុខ​សន្តិភាព​ទេ ព្រោះ​សុខ​សន្តិភាព កំពុង​តែ​មាន​នៅ​សព្វថ្ងៃ​នេះ​ហើយ។ ផ្ទុយ​ទៅ​វិញ​ ការ​ដែល​គាត់​ប្រកាស​ចូល​ស្រុក​ នាំ​មក​នូវ​សង្គ្រាម ការ​បែក​បាក់»

អ្នក​វិភាគ​បញ្ហា​សង្គម​ និង​នយោបាយ លោក គឹម សុខ យល់ថា ការ​ថ្លែង​របស់​លោក ស ខេង​ នៅ​ពេល​នេះ គ្រាន់​តែ​ជា​សង្គ្រាម​ចិត្តសាស្ត្រ​ របស់​បក្ស​កាន់​អំណាច​ ព្រោះ​ថា​រាល់​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ គឺ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​របប​ក្រុងភ្នំពេញ​យ៉ាង​តឹងរ៉ឹង។ លោក​បន្ត​ថា កង​កម្លាំង​ប្រដាប់​អាវុធ​គ្មាន​លទ្ធភាព​ទៅចុះ​ចូល​ជា​មួយ​បក្ស​ប្រឆាំង តាម​ការ​អំពាវនាវ​របស់​មេ​បក្ស​ប្រឆាំង​បាន​ឡើយ។

លោក​លើក​ឡើង​ទៀត​ថា ប្រសិន​បើ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ នោះ​គឺ​ជា​កល​វិធី​របស់​របប​ក្រុង​ភ្នំពេញ ដែល​ធ្លាប់​ប្រើ​កន្លង​មក ​ហើយ​ទទួល​ជោគជ័យ​ ក្នុង​ការ​តាម​វាយ​កម្ទេច​ក្រុម​ខ្មែរ​ក្រហម​ ក្នុង កំឡុង​ពេល​ដែល​ប្រទេស​កម្ពុជា​គ្រប់​គ្រង​ដោយ​របប​កុម្មុយនិស្ត នា​ទសវត្ស​ទី៨០។ លោក គឹម សុខ យល់​ថា មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ ​អាច​នឹង​ល្បិច​កល​ដដែល​នេះ ដោយ​បង្កើត​ក្រុម​មួយ​ឲ្យ​ប្រឆាំង​នឹង​ខ្លួន​វិញ ដើម្បី​បាន​លេស​​បង្ក្រាប​​ក្រុម​បក្ស​ប្រឆាំង​ថា ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល៖ «សារ​រយៈ​ពេល​ខ្លី​របស់​លោក​ សម រង្ស៊ី អាច​មាន​ពេល​ឯណា​ទៅ​រៀប​ចំ​កម្លាំង​ និង​គ្រប់គ្រង​ភូមិសាស្ត្រ​ធ្វើ​សង្គ្រាម​ទៅ​កើត។ ដូច្នេះ ទៅ​មិន​រួច​ទេ។ ហើយ​បើ​ជា​សង្គ្រាម​ទៅ​វិញ វា​មាន​តែ​ឆាកល្ខោន​សង្គ្រាម​នៃ​ពួក​កុម្មុយនិស្ត​ ដូច​ជា​សម័យ​​រដ្ឋ​កម្ពុជា​ជា​ដើម ដើម្បី​កម្ចាត់​ខ្មែរ​ណា​ម្នាក់ គេ​ប្រើ​វិធី​និង​ពាក្យ​ថា ពួក​នោះ​ជា​ខ្មែរ​ក្រហម ហើយ​ទម្លាក់​កំហុស​ និង​កម្ចាត់​ក្រុម​ហ្នឹង​តែ​ម្ដង ហើយ​ក្រុម​លោក ស ខេង និង​លោក ហ៊ុន សែន បច្ចុប្បន្ន​ ប្រហែល​ជា​គាត់​ឃើញ​អំពី​យុទ្ធវិធី​មួយ​ គឺ​ការ​ប្រើ​ឈ្មោះ​ក្រុម​លោក​ សម រង្ស៊ី ឬ​អ្នក​ប្រឆាំង​ផ្សេងៗ ថា ធ្វើ​រដ្ឋ​ប្រហារ​អ៊ីចឹង​ទៅ ហើយ​បង្កើត​ឈុត​ឆាក​ជា​សង្គ្រាម ដើម្បី​គាត់​ងាយ​ស្រួល​បន្ត​អំណាច​ខុស​ច្បាប់​របស់​គាត់»

កាល​ពី​ពេល​ថ្មីៗ នេះ លោក សម រង្ស៊ី អះអាង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា លោក និង​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង គ្មាន​ការ​រួញរា ចំពោះ​ការ​វិល​ចូល​ស្រុក​វិញ​នោះ​ទេ បើ​ទោះ​មាន​ការ​គំរាម​កំហែង និង​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​រាល់​ថ្ងៃ​ក៏​ដោយ។ លោក ​ក៏​អំពាវនាវ​ជា​ថ្មី​ទៀត​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ ឲ្យ​ត្រៀមខ្លួន​ចូលរួម​ជាមួយ​ពលរដ្ឋ នៅ​ថ្ងៃ​ទី៩ វិច្ឆិកា ដើម្បី​កម្ចាត់​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​ចេញ​ពី​អំណាច ដោយ​លោក​ហៅ​របប​សព្វ​ថ្ងៃ​នេះ​ថា ខុស​ច្បាប់ និង​ផ្ដាច់ការ។

អ្នក​វិភាគ​នយោបាយ លោក គឹម សុខ នៅ​តែ​រំពឹង​ថា ដំណោះ​ស្រាយ​នយោបាយ​នៅ​កម្ពុជា​ប្រាកដ​ជា​មាន ប្រសិន​បើ​មេ​ដឹក​នាំ​បក្ស​នយោបាយ​ទាំង​ពីរ​លះបង់​មានៈ​រៀងៗ ខ្លួន ហើយ​ងាក​មក​រក​ការ​ចរចា​គ្នា​វិញ ដោយ​សន្តិវិធី​ និង​ឈរ​លើ​គោលការណ៍​នីតិរដ្ឋ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល