សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ គណបក្ស​សង្គ្រោះ​ជាតិ សោក​ស្ដាយ​ដែល​មិន​បាន​បម្រើ​រាស្ត្រ បោះ​ឆ្នោត​គាំទ្រ​ពួក​គេ

ដោយ ម៉ៅ សុធានី
2020-06-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ជិន សុខង៉េង ​ជួប​ប្រជុំ​ជា​មួយ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មុន​​​ពេល​លោក​ឡើង​កាន់​តំណែង​ជា​ចៅ​សង្កាត់​សាលាកំរើក ក្នុង​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Hang Savyouth
លោក ជិន សុខង៉េង ​ជួប​ប្រជុំ​ជា​មួយ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មុន​​​ពេល​លោក​ឡើង​កាន់​តំណែង​ជា​ចៅ​សង្កាត់​សាលាកំរើក ក្នុង​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Hang Savyouth
RFA/Hang Savyouth

សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​មួយ​ចំនួន​របស់​គណបក្ស​សង្គ្រោះ​ជាតិ សំដែង​ការ​ឈឺ​ចាប់​ជា​ខ្លាំង​ ចំពោះ​ការ​ប្លន់​យក​តំណែង​របស់​ពួក​គាត់ ពី​របប​ក្រុង​ភ្នំពេញ ដែល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៧ កន្លង​មក​នេះ។ ពួក​គាត់​សោក​ស្ដាយ​ណាស់ ដែល​មិន​បាន​បម្រើ​រាស្ត្រ និង​ចាត់ចែង​ការ​អភិវឌ្ឍន៍​ឃុំ​សង្កាត់ តាម​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ ដែល​បាន​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រឆាំង កាល​ពី ៣ឆ្នាំ​មុន។

ចៅសង្កាត់ និង​មេ​ឃុំ ព្រម​ទាំង​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់​នៅ​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស បង្ហាញ​ជំហរ​រឹង​មាំ និង​ប្តេជ្ញា​តស៊ូ ជា​មួយ​ប្រជា​ពលរដ្ឋ​ខ្មែរ នៅ​ក្នុង​ប្រទេស ដើម្បី​ទទួល​បាន​ការ​អភិវឌ្ឍន៍ ពិត​ប្រាកដ​នៅ​កម្ពុជា នៅ​ថ្ងៃ​អនាគត។ ការ​ប្ដេជ្ញា របស់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ទាំង​នេះ ធ្វើ​ឡើង​នៅ​ចំ​ថ្ងៃ​ទី៤ ខែ​មិថុនា ដែល​ជា​ខួប​លើក​ទី៣ នៃ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ កាល​ពី​ឆ្នាំ២០១៧ កន្លង​មក​នេះ។

ចៅ​សង្កាត់​សាលា​កំរើក នៅ​ខេត្ត​សៀមរាប លោក ជិន សុខង៉េង បាន​បង្ហោះ​សារ​នៅ​គណនី​ហ្វេសប៊ុក​របស់​លោក កាល​ពី​ថ្ងៃ​ទី៤ ខែ​មិថុនា​ថា លោក​នៅ​ចាំ​មិន​ភ្លេច​ទេ កាល​ពី ៣ឆ្នាំ​មុន ដែល​គណបក្ស​សង្គ្រោះ​បាន​ទទួល​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត ពាក់​កណ្ដាល​ប្រទេស។ ក៏​ប៉ុន្តែ​លោក​អះអាង​ថា ជាអកុសល គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ដោយ​គណបក្ស​កាន់​អំណាច ដែល​ទង្វើ​នេះ គឺ​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ និង​ឆន្ទៈ​របស់​ម្ចាស់​ឆ្នោត៖ «ការ​រំលាយ​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ រំលោក​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា។ ក្នុង​នាម​ខ្ញុំ តំណាង​ឲ្យ​ម្ចាស់​ឆ្នោត ខ្ញុំ​សូម​រក្សា​គោល​ជំហរ​រឹងមាំ ស្មោះត្រង់​ជាមួយ​ពលរដ្ឋ​ខ្មែរ និង​ប្រទេស​ជាតិ។ ខ្ញុំ​នៅ​តែ​ឈរ​ជាមួយ​ពលរដ្ឋ​ខ្មែរ តស៊ូ​ជាមួយ​គ្នា ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ដើម្បី​សិទ្ធិ​សេរីភាព ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទទួល​បាន​ការ​អភិវឌ្ឍន៍​ពិត​ប្រាកដ»

កាល​ពី​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ខែ​មិថុនា ឆ្នាំ២០១៧ គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន ​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​សរុប​ចំនួន ៥.០០៧​អាសនៈ ក្នុង​នោះ​តំណែង​ជា​មេ​ឃុំ និង​ចៅ​សង្កាត់​ទទួល​បាន​ជាង ៥រយ (៥០០) អាសនៈ ​ក្នុង​ចំណោម​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ទូទាំង​ប្រទេស​សរុប​ចំនួន ៦ពាន់ ៥រយ ៣ អាសនៈ (.៥០៣)

ចំណែក​មេ​ឃុំ​ឫស្សី​ក្រោក​ម្នាក់​ទៀត របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ អ្នកស្រី ឡាញ់ ថាវរី មានប្រសាសន៍​ប្រាប់​អាស៊ី​សេរី តាម​ទូរស័ព្ទ​ថា អ្នកស្រី ឈឺ​ចាប់​ណាស់ ដែល​តំណែង​របស់​អ្នកស្រី ត្រូវ​បាន​ដក​ហូត​ដោយ​អយុត្តិធម៌​បែប​នេះ។ អ្នកស្រី​បន្ត​ថា របប​លោក ហ៊ុន សែន មាន​ក្តី​បារម្ភ​ខ្លាច​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​ដឹក​នាំ​ប្រទេស ទើប​គណបក្ស​ប្រជាជន​កម្ពុជា ប្លន់​យក​អំណាច​របស់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ៖ «ខ្ញុំ​មាន​អារម្មណ៍​សោក​ស្ដាយ នៅ​ពេល​តំណែង​ខ្ញុំ ត្រូវ​បាន​រំលោភ​បំពាន និង​ប្លន់​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ មាន​តែ​ពលរដ្ឋ​ទេ ដែល​អាច​ដក​តំណែង​ខ្ញុំ​បាន។ នាង​ខ្ញុំ​នៅ​តែ​តស៊ូ និង​រង់ចាំ​គណបក្ស​សង្គ្រោះ​ជាតិ រស់​ឡើង​វិញ ដើម្បី​ទៅ​បំរើ​ប្រជា​ពលរដ្ឋ​ខ្ញុំ ដែល​បាន​បោះ​ឆ្នោត​គាំទ្រ និង​ទុក​ចិត្ត​ខ្ញុំ ដឹក​នាំ​នៅ​ក្នុង​ឃុំ​ឫស្សី​ក្រោក»

ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​ធ្វើ​ឡើង​ដោយ​គោល​ការណ៍​ច្បាប់ មិន​មែន​ជា​ការ​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ​ឡើយ។ លោក​បន្ត​ថា កាល​ណា​គណបក្ស​ណា​មួយ ដែល​ត្រូវ​បាន​រំលាយ ជា​ស្វ័យប្រវត្តិ គឺ​តំណាងរាស្ត្រ​និង​សមាជិក​គណបក្ស​នោះ នឹង​រលាយ​ទៅ​ជាមួយ​ដែរ៖ «ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស គឺ​ប្រព័ន្ធ​សមាមាត្រ។ នៅ​ពេល​ដែល​គណបក្ស​ណា​មួយ​មាន​អាសនៈ​ក្នុង​រដ្ឋសភា ព្រឹទ្ធសភា និង​ក្រុម​​ប្រឹក្សា​ឃុំ សង្កាត់ ពេល​ណា​ដែល​គណបក្ស​នោះ​រលាយ គឺ​តំណែង​ទាំង​នោះ គឺ​រលាយ​ទៅ​ឯង ពេល​នោះ គេ​អត់​គិត​ពី​ឆន្ទៈ​រាស្ត្រ​ទេ គឺ​ប្រព័ន្ធ​ហ្នឹង​វា​ផ្ដល់​លក្ខណៈ​អ៊ីចឹង»

ទោះបីជាមានការអះអាង​ពី​មន្ត្រី​គណបក្ស​កាន់​អំណាច​យ៉ាង​នេះ​ក៏​ដោយ ទាំង​អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ និង​អង្គការ​សហប្រជាជាតិ ព្រម​ទាំង​សហគមន៍​អន្តរជាតិ បាន​រិះគន់​ទង្វើ​របស់​របប​ក្រុង​ភ្នំពេញ​ថា បាន​រំលោភ​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។ ទង្វើ​របស់ មេ​ដឹក​នាំ​ឯក​បក្ស​លោក ហ៊ុន សែន នេះ​ហើយ ដែល​ជា​ហេតុ​នាំ​ឲ្យ​សហភាព​អឺរ៉ុប សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ដែល​នឹង​ចាប់​អនុវត្ត នៅ​ខែ​សីហា​ខាង​មុខ​នេះ។

កាល​ពី​ថ្ងៃ​ទី៣ ខែ​មិថុនា គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថ្កោល​ទោស​ថា ការ​ដក​តំណែង​របស់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នេះ គឺ​ជា​ការ​បំផ្លាញ​ឆន្ទៈ​ប្រជា​ពលរដ្ឋ ការ​បំពាន​ច្បាប់ និង​រំលោភ​រដ្ឋធម្មនុញ្ញ​យ៉ាង​កម្រោល និង​ឥត​អៀន​ខ្មាស។ សេចក្ដីថ្លែងការណ៍​បន្ត​ថា ទោះ​បី​ជា​របប​ឯក​បក្ស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ដក​ហូត​មុខ​តំណែង​មេ​ឃុំ ចៅ​សង្កាត់ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ទាំង​អស់​ក៏​ដោយ ក៏​ពួក​គាត់ នៅ​តែ​រក្សា​ឆន្ទៈ​ស្មោះត្រង់​នឹង​ម្ចាស់​ឆ្នោត ហើយ​បន្ត​ការ​តស៊ូ​លះបង់ ដោយ​មិន​ខ្លាច​ការ​គំរាម​កំហែង បំភិតបំភ័យ និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​តាម​គ្រប់​រូបភាព​ពី​សំណាក់​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល