ហ្វេសប៊ុក​ស្ថាប័ន​មួយ​ចំនួន​នៃ​របប​ភ្នំពេញ​ត្រូវ​បាន​គេ​លួច​ចូល​បង្ហោះ​សារ​បញ្ជា​ឱ្យ​កងទ័ព​នៅ​កណ្ដាល និង​កុំ​បង្ហូរ​ឈាម​ខ្មែរ

ដោយ អាស៊ីសេរី
2019-11-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សារ​បង្ហោះលើហ្វេសប៊ុករបស់​ស្ថាប័នរដ្ឋមួយចំនួន​នៃ​របប​ភ្នំពេញ ដែល​ត្រូវ​គេ​លួច​បង្ហោះនៅថ្ងៃ​ទី៩ វិច្ឆិកា ២០១៩ បញ្ជា​ឱ្យ​កងទ័ព​នៅ​កណ្ដាល និង​កុំ​បង្ហូរ​ឈាម​ខ្មែរ។
សារ​បង្ហោះលើហ្វេសប៊ុករបស់​ស្ថាប័នរដ្ឋមួយចំនួន​នៃ​របប​ភ្នំពេញ ដែល​ត្រូវ​គេ​លួច​បង្ហោះនៅថ្ងៃ​ទី៩ វិច្ឆិកា ២០១៩ បញ្ជា​ឱ្យ​កងទ័ព​នៅ​កណ្ដាល និង​កុំ​បង្ហូរ​ឈាម​ខ្មែរ។
Printscreen

គណនី និង​គេហទំព័រ​ហ្វេសប៊ុក (Facebook) របស់​មេ​យោធា មេ​ប៉ូលិស និង​ស្ថាប័នរដ្ឋ​មួយ​ចំនួន ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ លួច​យក​ទៅ​ប្រើប្រាស់ និង​បង្ហោះ​សារ​លើកទឹកចិត្ត​កងទ័ព​កុំ​ឱ្យ​ប្រើ​អំពើ​ហិង្សា និង​បង្ហូរ​ឈាម​គ្នា។ របប​ក្រុងភ្នំពេញ​អះអាង​ថា កងទ័ព​គ្មាន​ទិសដៅ​បង្ក្រាប ឬ​បាញ់សម្លាប់​ពលរដ្ឋ​ខ្មែរ​ទេ គឺ​លុះត្រា​តែ​មាន​ករណី​ណាមួយ ដែល​ជា​ទង្វើ​រដ្ឋប្រហារ ទើប​ត្រូវ​មាន​បើក​យុទ្ធនាការ​ទប់ស្កាត់។

បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​មន្ត្រី​របប​ក្រុងភ្នំពេញ និង​ស្ថាប័នរដ្ឋ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​ចូល​ទៅ​បង្ហោះ​សារ​ជា​បន្តបន្ទាប់ ចាប់ពី​ម៉ោងជាង ២​រសៀល នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​។ ការ​លួច​ចូល​នោះ ជន​​លួច​ចូល ដែល​ហៅថា Hacker បាន​បង្ហោះ​សារ​ថា កងទ័ព​ជាតិ មាន​តួនាទី ការពារ​ជាតិ ការពារ​ប្រជាជន​ខ្មែរ ការពារ​ព្រំដែន ការពារ​បូរណភាព​ដែនដី ការពារ​លទ្ធិប្រជាធិបតេយ្យ។ កងទ័ព ត្រូវតែ​អព្យាក្រឹត មិន​ប្រកាន់​បក្សពួក ឬ​បក្ស​នយោបាយ​ណាមួយ​ទេ។ ដាច់ខាត ត្រូវ​ជៀសវាង​អំពើ​ហិង្សា ឬ​ការ​បង្ហូរ​ឈាម។

គណនី និង​ទំព័រ​ហ្វេសប៊ុក ដែល​រង​ការ​លួច​យក​ទៅ​បង្ហោះ​សារ​លើកទឹកចិត្ត​កងទ័ព​ឱ្យ​ជៀសវាង​អំពើ​ហិង្សា និង​ការ​បង្ហូរ​ឈាម គឺ​មាន​ហ្វេសប៊ុក​របស់​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស នាយ​ឧត្ដមសេនីយ៍ មាស សុភា ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ឧត្ដមសេនីយ៍ ជួន ណារិន្ទ ទំព័រ​ហ្វេសប៊ុក​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឈ្មោះ (GRK News) ទំព័រ​ហ្វេសប៊ុក​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ ខេត្ត​ព្រះសីហនុ រដ្ឋបាល​ខណ្ឌ​សែនសុខ ហ្វេសប៊ុក​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាលជាតិ ហ្វេសប៊ុក​របស់​ខុទ្ទកាល័យ អ្នកស្រី ប៊ុន រ៉ានី ភរិយា​របស់​លោក ហ៊ុន សែន ជាដើម។

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់​ថា ហ្វេសប៊ុក​របស់​រដ្ឋបាល​ខេត្ត​ពិតជា​ត្រូវ​បាន​ជនខិលខូច​លួច​ចូល ហើយ​បង្ហោះ​សារ មិនមែន​ជា​ឆន្ទៈ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ពិតមែន​។ លោក​ថា គិត​ត្រឹម​ម៉ោង​ជិត ៤​រសៀល​ថ្ងៃ​ដដែល មន្ត្រី​ជំនាញ​មិន​ទាន់​អាច​យក​ទំព័រ (page) ហ្វេសប៊ុក​នោះ​បាន​មកវិញ​នៅឡើយ​ទេ។ ទោះ​យ៉ាងណា លោក​បន្ត​ថា មន្ត្រី​ជំនាញ​របស់​ខេត្ត និង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​របស់​ក្រសួងមហាផ្ទៃ នឹង​ស្រាវជ្រាវ​រក​ជនល្មើស​ក្នុង​ករណី​នេះ៖ «យើង​មាន​ជំនាញ​របស់​រដ្ឋបាល​ខេត្ត​សហការ​ជាមួយ នឹង​នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​ប្រឆាំង​​ប្រព័ន្ធ​បច្ចេកវិទ្យា​ហ្នឹង ហើយ​នឹង​នាយកដ្ឋាន​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ។ ទី​១ គឺ​យើង​យក​ផេក​មក​គ្រប់គ្រង​វិញ។ ទី​២ យើង​ស្វែង​រក​អ្នក​ដែល​ហេក​យក​ផេក របស់​រដ្ឋបាល​ខេត្ត​ទៅ​បង្ហោះ​ព័ត៌មាន​ ដែល​មិន​មែន​ជា​ឆន្ទៈ​របស់​រដ្ឋបាល​ខេត្ត។ បើ​តាម​ដឹង​មិន​មែន​តែ​ រដ្ឋបាល​ខេត្ត​ទេ គឺ​មាន​ស្ថាប័ន​ផ្សេងៗ​មួយ​ចំនួន​ទៀត ដែល​បាន​បង្ហោះ​ខ្លឹមសារ​ដូច​គ្នា»

យ៉ាងណាក្ដី លោក ឃាង ភារម្យ ប្រាប់​ថា ការ​លួច​យក​ទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋបាល​ខេត្ត​ទៅ​បង្ហោះ​សារ​នេះ មិន​មាន​អ្វី​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់ ឬ​សន្តិសុខ​របស់​ខេត្ត​ព្រះសីហនុ​ឡើយ។

អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ប្រាប់ថា រដ្ឋាភិបាល​មិនទាន់​អាច​សន្និដ្ឋាន​បាន​ថា ជា​ក្រុម​ណាមួយ​នៅឡើយ​ទេ ប៉ុន្តែ​លោក​ចាត់​ទុក​ទង្វើ​នេះ​ថា ជា​ឧក្រិដ្ឋកម្ម​ភេរវកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ លោក ផៃ ស៊ីផាន យល់ថា ការ​លួច​ធ្វើ​បែប​នេះ គ្មាន​បាន​ផលប្រយោជន៍ ឬ​ជះឥទ្ធិពល​ទៅលើ​កងទ័ព​ឡើយ ហើយ​លោក​អះអាង​ថា រដ្ឋាភិបាល​គ្មាន​ទិសដៅ​បញ្ជា​ឱ្យ​កងទ័ព​សម្លាប់​ពលរដ្ឋ​ទេ គឺ​មាន​គោលបំណង​ចាប់ខ្លួន អ្នក​ដែល​មាន​ដីកា​តុលាការ​ប៉ុណ្ណោះ​។ តែ​យ៉ាងណា អ្នកនាំពាក្យ​រដ្ឋាភិបាល​រូប​នេះ បញ្ជាក់​ថា ក្នុង​ករណី​កើតមាន​អំពើ​ណាមួយ ដែល​ប្រឆាំង​រដ្ឋាភិបាល កងទ័ព​នឹង​បើក​យុទ្ធនាការ​បង្ក្រាប៖ «ជា​ភេរវកម្ម​មួយ​តាម​ផ្លូវ​វិស័យ​អនឡាញ។ កង​ទ័ព​ កង​កម្លាំង​ប្រដាប់​អាវុធ​អត់​មាន​ទិសដៅ​​ណា​ទៅ​សម្លាប់ ទៅ​បង្ហូរ​ឈាម​អ្នក​ណា​ទេ។ ទី​១ គឺ​កាតព្វកិច្ច​នាំ​ក្រុម​មាន​ឈ្មោះ​នៅ​ក្នុង​សាលដីកា​តុលាការ នាំ​ទៅ​តុលាការ។ អា​ហ្នឹង​សារៈសំខាន់។ ទី​២ នាំ​ខ្លួន​ ឃាត់​ខ្លួន​ទៅ​តុលាការ បើ​សិន​ជា​មាន​សកម្មភាព​យ៉ាង​ណា​មួយ​ ដែល​បង្ក​ឲ្យ​ទៅ​ជា​សកម្មភាព​សាធារណៈ វា​បង្ហាញ​អំពី​អំពើ​ឧក្រិដ្ឋកម្ម​ណា​មួយ យើង​នឹង​បង្ក្រាប​ជាមួយ​យថាហេតុ​ណា​មួយ យើង​នឹង​បំផ្លាញ​ចោល»

ការ​លួច Hack ចូល​ហ្វេសប៊ុក​របស់​មេ​យោធា និង​ស្ថាប័នរដ្ឋ​នេះ ដើម្បី​អំពាវនាវ​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ត្រូវ​អព្យាក្រឹត្យ និង​បញ្ចៀស​អំពើ​ហិង្សា បង្ហូរ​ឈាម ធ្វើឡើង​ស្រប​ពេល​ដែល​ក្រុម​មេ​ដឹក​នាំ​​គណបក្សប្រឆាំង​កំពុង​ដឹកនាំ​ពលករ រក​ផ្លូវ​ចូល​ប្រទេស​កម្ពុជា ហើយ​ពួកគេ​បន្ត​អំពាវនាវ​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ កុំ​ស្ដាប់​បញ្ជា​មេ​យោធា​ផ្ដាច់ការ​រូប​ណា ដែល​បញ្ជា​ឱ្យ​វាយ​បង្ក្រាប ចាប់ខ្លួន ឬ​​បាញ់​​ប្រហារ​ពលរដ្ឋ​ខ្មែរ​ដូចគ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល