គ្រូពេទ្យ​កំពុង​តាមដាន​កម្ទេច​ខ្មៅ​ដែល​ជាប់​នៅ​ស្រោម​ខួរ​ក្បាល​សកម្មជន​បក្ស​ប្រឆាំង​លោក ខៀវ ឌីន

ដោយ ស្ងួន អមរា
2020-02-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ខៀវ ឌីន (ស្ដាំ) សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ រស់នៅ​សង្កាត់​កាកាប១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវ​ជន​មិន​ស្គាល់​មុខ ២នាក់ (ឆ្វេង) ជិះ​ម៉ូតូ​ពី​ក្រោយ​លួច​វាយ​នឹង​ដំបង​បណ្ដាល​ឱ្យ​រង​របួស​បែក​ក្បាល ​នៅ​ថ្ងៃ​ទី២០ ខែ​មករា​ ឆ្នាំ២០២០។
លោក ខៀវ ឌីន (ស្ដាំ) សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ រស់នៅ​សង្កាត់​កាកាប១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវ​ជន​មិន​ស្គាល់​មុខ ២នាក់ (ឆ្វេង) ជិះ​ម៉ូតូ​ពី​ក្រោយ​លួច​វាយ​នឹង​ដំបង​បណ្ដាល​ឱ្យ​រង​របួស​បែក​ក្បាល ​នៅ​ថ្ងៃ​ទី២០ ខែ​មករា​ ឆ្នាំ២០២០។
រូប៖ សកម្មជន​បក្សសង្គោះជាតិ

គ្រូពេទ្យ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) កំពុង​តាមដាន​កម្ទេច​ខ្មៅ​ដែល​ជាប់​នៅ​ស្រោម​ខួរ​ក្បាល​សកម្មជន​បក្ស​ប្រឆាំង​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​ធ្វើបាប​។ លោក ខៀវ ឌន ឱ្យ​ដឹង​ថា ពេលនេះ​លោក​នៅតែ​ឈឺចាប់​ក្នុង​មុខរបួស​ដដែល។

ចំណែក​អធិការ​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ​ប្រាប់​ថា ពេលនេះ​សមត្ថកិច្ច​បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ហើយ​សមត្ថកិច្ច​នៅតែ​បន្ត​ស្រាវជ្រាវ​រក​ជនសង្ស័យ​បន្ថែម បើ​ទោះ​ពេលនេះ​បាត់បង់​តម្រុយ​ខ្លះ​ក៏ដោយ។

សកម្មជន​គណបក្សប្រឆាំង​លោក ខៀវ ឌីន ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃ​ទី១៩ កុម្ភៈ​ថា ពេលនេះ​លោក​នៅតែ​ឈឺ​កន្លែង​របួស វិលមុខ និង​ស្រវាំងភ្នែក ហើយ​លោក​មិន​អាច​ដើរ​ឆ្ងាយ​បានទេ​។ លោក​បន្ត​ថា លោក​ក៏​មិន​អាច​បើក​ម៉ូតូ​បាន​ដូច​មុន​ទៀត​ដែរ​។ សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ នៅតែ​ព្រួយបារម្ភ​ពី​បញ្ហា​កម្ទេច​ខ្មៅ​ដែល​ជាប់​នៅ​ស្រោមខួរ​ក្បាល៖ «បារម្ភ​ដែរ​ពេទ្យ​គេ​ថា មាន​កម្ទេច​តូច​មួយ​នៅ​ក្នុង​ហ្នឹង​មិន​ដឹង​អ្វី​ចាំ​ឱ្យ​តាមដាន​បើ​មាន​ក្អួត មាន​វិលមុខ ស្របាំង​ភ្នែក​អី រត់​ទៅ​ពេទ្យ​ឱ្យ​លឿន»

ភរិយា លោក ខៀវ ឌីន លោកស្រី ពេជ្រ សុខណា ក៏​ឱ្យ​អាស៊ីសេរី​ដឹង​ថា ដោយសារ​បញ្ហា​ថវិកា ស្វាមី​លោកស្រី​បាន​ពឹង​ក្រុម​គ្រួ​ពេទ្យ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ ឱ្យ​ពិនិត្យ​របួស​ស្វាមី​លោកស្រី​។ លោកស្រី​បន្ត​ថា ក្រុម​គ្រួសារ​ត្រូវការ​រយៈពេល​ពីរ​ខែ​ទៀត​ដើម្បី​ស្រាវជ្រាវ​ថា​កម្ទេច​ខ្មៅ​ដែល​ជាប់​នៅ​ស្រោម​ខួ​ក្បាល​លោក ខៀវ ឌីន បង្ក​ផល​ប៉ះពាល់​អ្វីខ្លះ​ដល់​ស្វាមី​លោកស្រី៖ «គេ​ពិនិត្យមើល​អ៊ីចឹង​គេ​ថា ចាំ​យើង​មាន​កម្លាំងកំហែង​បន្តិចទៀត​សិន​ចាំ​ទៅ​មើល​កម្ទេច​តូច​នៅ​ស្រោម​ខួរ​ហ្នឹង ហើយ​គេ​ត្រូវ​វះកាត់ វះកាត់​អ៊ីចឹង​!!!»

សកម្មជន​គណបក្ស​ប្រឆាំង​លោក ខៀវ ឌីន ដែល​រស់នៅ​សង្កាត់​កាកាប​១ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ បាន​រង​បួស​ធ្ងន់​នៅត្រង់​ក្បាល​ជាច្រើន​កន្លែង ក្រោយ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់​ជិះ​ម៉ូតូ​លួច​វាយ​លោក​ពី​ក្រោយ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ឱ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​នៃ​អង្គការ​លោក​បាន​រក​ឃើញ​ថា ពិត​ជា​មាន​កម្ទេច​ខ្មៅ​ជាប់​នៅ​ស្រោម​ខួរក្បាល​លោក ខៀវ ឌីន ពិតប្រាកដ​មែន ហើយ​ពេល​នេះ​ក្រុម​គ្រូពេទ្យ​កំពុង​តាមដាន​បន្ត​។ លោក​ឱ្យ​ដឹង​ទៀត​ថា ក្នុង​ពេល​តាមដាន​នេះ​ប្រសិនបើ​លោក ខៀវ ឌីន មាន​អាការៈ​ធ្ងន់ធ្ងរ​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ៖ «មុន​គាត់​បាន​មក​ជួប​លីកាដូ​ហ្នឹង គាត់​បាន​ជួប​គ្រូពេទ្យ​ខាងក្រៅ​ហើយ​បាន​ន័យថា គាត់​បាន​ជួប​គ្រូពេទ្យ គាត់​បាន​ស្កែន​រួចហើយ ហើយ​គ្រូពេទ្យ​ខាង​ខ្ញុំ​គ្រាន់តែ​បាន​មើល​ស្កែន​ឡើងវិញ និង​ពិនិត្យ​ជំងឺ​របស់​គាត់​ព្រោះ​គាត់​មក​គាត់​ជា​ជន​ក្រីក្រ​សូម​ឱ្យ​គ្រូពេទ្យ​ជួយ​បន្ត​តាមដាន»

ទាក់ទង​ការស៊ើបអង្កេត​របស់​សមត្ថកិច្ច​ក្នុង​ការ​វែកមុខ​ជន​ដៃដល់​វាយ​ធ្វើបាប​លោក ខៀវ ឌីន សមត្ថកិច្ច​មូលដ្ឋាន​អះអាង​ថា ពួកគេ​ទទួល​បាន​តម្រុយ​ខ្លះ​នៃ​ករណី​នេះ តាមរយៈ​វីដេអូ​ដែល​ទទួល​បាន​ពី​កាមេរ៉ា​សុវត្ថិភាព​។ លោក ខៀវ ឌីន ជា​មនុស្ស​ទី​១៤ នៃ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​ធ្វើបាប ហើយ​ករណី​វាយ​ធ្វើបាប​ទាំង ១៤​ករណី​នេះ​មិន​ទាន់​មាន​សំណុំរឿង​មួយ​ណា​ត្រូវ​សមត្ថកិច្ច​បំបែក​បាន​នៅ​ឡើយ​ទេ។

អធិការ​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ លោក ម៉ន វុ​ធី ឱ្យ​ប្រាប់​អាស៊ីសេរី​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ​ថា ក្រោយ​ពិនិត្យមើល​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព សមត្ថកិច្ច​ផ្ទៀងផ្ទាត់​មុខ​ជនសង្ស័យ​បាន​ខ្លះ​ដែរ ប៉ុន្តែ​លោក​ថា​មាន​សារព័ត៌មាន​មួយ​ចំនួន​និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​បង្ហោះ​វីដេអូ​និង​មុខសញ្ញា​នេះ​ធ្វើ​ឱ្យ​ជនសង្ស័យ​គេចខ្លួន​បាត់​ទៅ​ហើយ​។ លោក​បន្ត​ថា ចំពោះ​ការពិនិត្យ​ស្នាក​លេខ​ម៉ូតូ​ជនសង្ស័យ​ក៏​មិនបាន​ទទួល​បាន​តម្រុយ​អ្វី​ដែរ៖ «យើង​មិនទាន់​ដឹង​គេ​សំអាង​ទៅលើ​អី​បានជា​គេ​ហ៊ាន​ឈ្មោះ​នេះ នៅ​គណបក្ស​នេះ​គណបក្ស​នោះ​អ៊ីចឹង​ណា ហើយ​មួយទៀត​អ្នកជិតខាង​ដែល​បាន​ថត មិន​ដឹង​ពី​ខាងគេ​ផុស​បន្ថែម គេ​ផុស​គេ​ស៊ែ ធ្វើ​ឱ្យ​ពួក​ខ្ញុំ​ពិបាក​រក​ព័ត៌មាន​មិនទាន់​ដឹង​អី​ផង​ធ្វើ​ឱ្យ​បែក​ខ្ញែក​អស់រលីង»

ប៉ុន្តែ​មន្ត្រី​សិទ្ធិមនុស្ស លោក អំ សំអាត យល់ថា ការ​អះអាង​របស់​សមត្ថកិច្ច​ហាក់​មិន​សម​ហេតុផល​នោះ​ទេ ដោយ​លោក​ថា​ករណី​មួយ​ចំនួន​ដែល​សមត្ថកិច្ច​រក​ជន​ប្រព្រឹត្តិ​ឃើញ​គឺ​ដោយសារ​បង្ហាញ​តម្រុយ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​ពី​បណ្ដាញ​សង្គម​។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ ស្នើ​ទៅ​សមត្ថកិច្ច​ពន្លឿន​ក្នុង​ការ​ស្វែងរក​ជនសង្ស័យ​ដើម្បី​បង្កើន​ជំនឿ និង​សេចក្ដី​ទុកចិត្ត​ដល់​ពលរដ្ឋ ខណៈ​មតិ​មួយ​ចំនួន​ចោទ​ប្រកាន់​ថា ការ​វាយ​ធ្វើបាប​លើ​សកម្មជន​គណបក្សប្រឆាំង​ជាប់​ពាក់ព័ន្ធ​នឹង​ការរើសអើង​និន្នាការ​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល