អាជ្ញាធរខេត្តស្វាយរៀងច្រានចោល ព័ត៌មានដែលបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកថា យោធាវៀតណាមបានបោះជំរំជាច្រើនកន្លែង លើដីស្រែរបស់ពលរដ្ឋខ្មែរនៅតាមបណ្ដោយព្រំដែន ក្នុងស្រុកចន្ទ្រា។ ទោះជាយ៉ាងនេះក្តី អ្នកឃ្លាំមើលព្រំដែនស្នើឱ្យអាជ្ញាធរខេត្តស្វាយរៀង អនុញ្ញាតឱ្យពលរដ្ឋ និងយុវជន ចូលរួមចុះពិនិត្យមើលព្រំដែននៅតំបន់នោះ ដើម្បីជម្រះមន្ទិល។
អាជ្ញាធរខេត្តស្វាយរៀង ចាត់ទុកព័ត៌មានរឿងវៀតណាមបោះជំរំ និងតង់ នៅតាមបណ្ដោយព្រំដែនជាប់ស្រុកចន្ទ្រានោះថា ជាព័ត៌មានក្លែងក្លាយ និងបំពុលសង្គម។
អ្នកនាំពាក្យសាលាខេត្តស្វាយរៀង លោក រស់ ផារិទ្ធិ ប្រាប់អាស៊ីសេរីនៅថ្ងៃទី១៨ វិច្ឆិកាថា ពុំមានទាហានវៀតណាម បោះតង់ចូលដីស្រែពលរដ្ឋ និងដីខ្មែរ តាមបណ្ដោយព្រំដែន ក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀងនោះទេ។ ចំពោះសំណួរថា ប្រសិនបើពលរដ្ឋ ក្រុមយុវជន និងមន្ត្រីសង្គមស៊ីវិល ចង់ទៅពិនិត្យព្រំដែន តើរដ្ឋបាលខេត្តអនុញ្ញាតឬទេ? អ្នកនាំពាក្យរូបនេះ ឆ្លើយយ៉ាងខ្លីថា កិច្ចការព្រំដែន ជាសមត្ថកិច្ចរបស់អាជ្ញាធរជាតិ ឬគណៈកម្មាធិការព្រំដែន ចំណែកអាជ្ញាធរខេត្តគ្រាន់តែជាអ្នកសម្របសម្រួលតែប៉ុណ្ណោះ៖ «បាទ ព័ត៌មានហ្នឹងក្លែងក្លាយទេ គឺជាព័ត៌មានបំពុលសង្គម។ តាមការពិតមិនមានវៀតណាមណា ចូលមកបោះតង់ ឬធ្វើជំរំក្នុងទឹកដីក្នុងខេត្តស្វាយរៀង របស់យើងខ្ញុំទេ។ តែរឿងសុំទៅមើល ព្រំដែន នេះជាកាតព្វកិច្ចព្រំដែន របស់គណៈកម្មការចម្រុះទទួលបន្ទុកកិច្ចការព្រំដែន របស់ថ្នាក់ជាតិ អាជ្ញាធរជាអ្នកសម្របសម្រួល »។
កាលពីថ្ងៃទី ១៦ វិច្ឆិកា ទំព័រហ្វេសបុក ឈ្មោះ ជឹម សុផាត ផេក (chim sophat page) បានបង្ហោះរូបភាព៣ សន្លឹកអំពីតង់មានដោតទង់ជាតិវៀតណាម បោះនៅលើដីស្រែ។ ប្រភពដដែលអះអាងថា វៀតណាមបោះតង់ទាំងនោះ នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង ព័ត៌មាននេះត្រូវបានអ្នកប្រើហ្វេសប៊ុកចែករំលែករាប់ពានដង។
បើទោះបីជា អាជ្ញាធរខេត្តស្វាយរៀង ប្រកាសច្រានចោលព័ត៌មាននេះក្តី ក៏ក្រុមអ្នកឃ្លាំមើលព្រំដែន គណបក្សប្រឆាំង និងពលរដ្ឋ នៅតែមានមន្ទិលសង្ស័យ និងចោទរដ្ឋាភិបាលថា កំពុងព្យាយាមលាក់លៀមករណីនេះ។
ចំណែកពលរដ្ឋរស់នៅតាមតំបន់ព្រំដែន ក្នុងស្រុកចន្ទ្រាជាច្រើននាក់ មិនហ៊ានផ្ដល់ព័ត៌មានលម្អិតអំពីរឿងនេះឡើយ។ អាស៊ីសេរីបានព្យាយាមទាក់ទងពលរដ្ឋមូលដ្ឋាន រយៈពេល២ថ្ងៃមកហើយ ដើម្បីសាកសួររឿងនេះ ប៉ុន្តែអ្នកភូមិទាំងនោះ បានកំណត់លក្ខខណ្ឌដោយសុំមិនបញ្ចេញឈ្មោះ និងសំឡេង ដើម្បីការពារសុវត្ថិភាព។ ពលរដ្ឋថ្លែងថា ពួកគេប្រទះឃើញ វៀតណាមសង់ជំរំចំនួន ៤កន្លែង ក្នុងចន្លោះបង្គោលព្រំដែនលេខ ១៨៣ ដល់ ១៨៩ ឋិតក្នុងឃុំមេសរថ្ងក (អានថា មេសរ៉ង៉ក) និងឃុំទួលស្តី ស្រុកចន្ទ្រា។ លើសពីនេះ ជំរំនីមួយៗមានទង់ជាតិវៀតណាម និងមានទាហានវៀតណាមជាច្រើននាក់ ដាក់វេនគ្នាយាមល្បាត។ ចំណែកពលរដ្ឋខ្មែរ មិនហ៊ានធ្វើដំណើរ ទៅតំបន់នោះទេ ខ្លាចសមត្ថកិច្ចខ្មែរចាប់ចង និងធ្វើបាប។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀង លោក ម៉ៅ វិបុល ដែលកំពុងភៀសខ្លួននៅប្រទេសថៃ អះអាងថា ប្រសិនបើអាជ្ញាធរខេត្ត អះអាងថា ពុំមានទាហានវៀតណាមបោះជំរំមែននោះ គួរតែអនុញ្ញាតឱ្យមហាជន និងពលរដ្ឋចុះពិនិត្យមើល តំបន់ព្រំដែនដោយផ្ទាល់ មិនគួររឹតត្បិត និងគំរាមកំហែងនោះទេ៖ «ព័ត៌មានផ្ដល់ពីពលរដ្ឋមកឱ្យគេធ្វើជាស័ង្កសី កន្លែងខ្លះគេប្រក់ជាតង់កៅស៊ូព័ទ្ធជុំវិញហ្នឹងទៅ ហើយក្រោយគេបោះតង់ហ្នឹង យុទ្ធសាស្ត្រគេថា ជាធ្មេញរណា តាមពិតធ្មេញរណា មកចូលតែខ្មែរទេ។ អ៊ីចឹងបញ្ហាទាំងនេះហើយ ដែលធ្វើឱ្យពលរដ្ឋមានការបាត់បង់ដីធ្លី ហើយពលរដ្ឋមិនហ៊ានហានិយាយស្តីទាល់តែសោះ ក្នុងខេត្តស្វាយរៀង»។
ចំណែកប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ថា ប្រសិនបើអាជ្ញាធរ នៅតែព្យាយាមលាក់លៀមករណីនេះ មានន័យថា រដ្ឋាភិបាលនៅតែបន្តការពារ មហិច្ឆតាឈ្លានពានទឹកដីខ្មែរពីសំណាក់វៀតណាម។ លោកសង្កេតឃើញថា រដ្ឋាភិបាលបានចាប់ខ្លួនសកម្មជនព្រំដែនដាក់គុក និងហាមប្រាមមិនឱ្យពលរដ្ឋចុះពិនិត្យព្រំដែនគ្រប់តំបន់ គឺជារឿងគួរឱ្យអាម៉ាស់ ស្របពេលដែលខ្លួននៅតែអួតអាងថា ពុំមានវៀតណាម បោះតង់ និងជំរំនៅតំបន់ព្រំដែនក្នុងខេត្តស្វាយរៀង៖ «សព្វថ្ងៃហាមប្រាមគេមិនឱ្យចុះទៅមើល ហើយចាប់សកម្មជនព្រំដែនដាក់គុក ហើយនិយាយថា វាអត់មានរឿង វៀតណាមបោះតង់តាមព្រំដែន។ អ៊ីចឹងវាខុសពីភាពជាក់ស្តែង ដែលកើតឡើង»។
កាលពីចុងខែកក្កដាកន្លងទៅ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់អាស៊ីសេរី ថា វៀតណាមបានបោះតង់ចំនួន ២៨៧កន្លែង នៅតំបន់ដែលមិនទាន់ឯកភាពបោះបង្គោលព្រំដែនក្នុងខេត្តកណ្ដាល តាកែវ ព្រៃវែង ស្វាយរៀង កំពត ត្បូងឃ្មុំ រតនគិរី និងខេត្តមណ្ឌលគិរី។ ក្រោយមក វៀតណាមបានប្រែក្លាយតង់ជាច្រើនកន្លែងទៅជាសំណង់រឹង ស្របពេលរដ្ឋាភិបាលកម្ពុជាមិនទាន់ធ្វើអ្វីជាដុំកំភួនដើម្បីឆ្លើយតបទៅភាគីវៀតណាមនៅឡើយនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។