លោក ហ៊ុន សែន ឱ្យ​គណៈកម្មាធិការ​ព្រំដែន​បំភ្លឺ​បញ្ហា​ព្រំដែន​ជូន​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ​យោបល់

ដោយ ខែ សុណង
2019-10-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង បង្ហាញ​ផែនទី​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​ដើម្បី​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៥។
ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង បង្ហាញ​ផែនទី​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​ដើម្បី​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Rann Samnang

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន អនុញ្ញាត​ឱ្យ​គណៈកម្មាធិការ​ជាតិ​ទទួលបន្ទុក កិច្ចការ​ព្រំដែន​កម្ពុជា ជួប​ប្រជុំ​ជាមួយ​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ដើម្បី​ជជែក​ដេញ ដោល​អំពី​ដំណើរការ​បោះ​បង្គោល​ព្រំដែន រវាង​កម្ពុជា និង​វៀតណាម ដែល​សម្រេច​បាន ៨៤​ភាគរយ ហើយ របប​ក្រុងភ្នំពេញ​ទើប​ចុះហត្ថលេខា​ជាមួយ​ប្រទេស​វៀតណាម​ទទួលស្គាល់ កាលពី​ថ្ងៃ​ទី​៥ ខែ​តុលា។ អ្នកវិភាគ​សង្គម និង​នយោបាយ យល់​ថា ការ​បំភ្លឺ​រឿង​ព្រំដែន​នេះ គ្រាន់តែ​ជា​ការ​សម្ដែង ល្ខោន ដើម្បី​បោក​បញ្ឆោត​ប្រជាពលរដ្ឋ។

តាម​គម្រោង​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំ​ដែនកម្ពុជា លោក វ៉ា គឹមហុង នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំភ្លឺ​ជុំវិញ​បញ្ហា​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា វៀតណាម ជូន​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់ នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ចាប់ពី​ម៉ោង​៨​កន្លះ​ព្រឹក​។ ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ត្រូវ​បាន​រដ្ឋាភិបាល​លោក ហ៊ុន សែន បង្កើត​ឡើង​ដោយ​ជ្រើសរើស​សមាជិក​មកពី​ប្រធាន​គណបក្ស​នយោបាយ​ដែល​មិនបាន​ជាប់ឆ្នោត ក្នុង​ការ​បោះឆ្នោត ដែល​សង្គម​ស៊ីវិល​ចាត់ទុកថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ។

សេចក្តីជូនដំណឹង​របស់​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ បង្ហាញ​ថា ការដែល​លោក ហ៊ុន សែន សម្រេច​អនុញ្ញាត​ឱ្យ​គណៈកម្មាធិការ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន បំភ្លឺ​អំពី​កិច្ច​ការងារ​ព្រំដែន​នេះ បន្ទាប់ពី​សមាជិក​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ បាន​ដាក់​លិខិត​ស្នើសុំ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​តុលា។

សមាជិក​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ និង​ជា​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ មានប្រសាសន៍ថា នេះ​គឺជា​សញ្ញា​ល្អ​មួយ​ដែល​លោក ហ៊ុន សែន ចង់​ឱ្យ​គណបក្ស​ក្រៅ រដ្ឋសភា និង​ប្រជាពលរដ្ឋ​ទូទៅ​បាន​ដឹង​អំពី​កិច្ច​ការងារ​ព្រំដែន និង​ចូលរួម​ដោះស្រាយ​បញ្ហា​ដែល នៅ​សេសសល់​។ លោក បន្ត​ថា លោក​បាន​ត្រៀម​សំណួរ​ខ្លះ​ហើយ​ដើម្បី​សួរដេញដោល​លោក វ៉ា គឹមហុង៖ «យើង​មាន​សំណួរ​ច្រើន​ដើម្បី​សួរ​ឯកឧត្ដម វ៉ា គឹមហុង ហើយ ប្រតិភូ​គណបក្ស​ដទៃទៀត ក៏​មាន​សំណួរ​ជា​ច្រើន​ដែរ​។ ឥឡូវនេះ​យើង​សុំ​រក្សា​សិទ្ធិ​មិន​ផ្ដល់​សំណួរ​សិន ព្រោះ​យើង​កំពុង​ប្រជុំ​ផ្ទៀង​ផ្ទាល់​សំណួរ​ដែល​មាន​លក្ខណៈ​បច្ចេកទេស​ផង និង​លក្ខណៈ​ដែល​យើង​ទទួល​បាន​តម្រុយ​មាន​ភាព​មិន​ប្រក្រតី​ផង។ «អ៊ីចឹង​សំណួរ​នឹង​សម្រេច​ចុងក្រោយ​ស្អែក​នេះ ហើយ ខ្ញុំ​នឹង​បង្ហាញ​ជា​សាធារណៈ​ថា យើង​សួរ​ម៉េច​ខ្លះ​ហើយ​គាត់​ឆ្លើយតប​ម៉េច​ខ្លះ»

លោក ពេជ្រ ស្រល់ ថ្លែងថា លោក​មិន​ហ៊ាន​វាយតម្លៃ​បែប​ណា​នោះ​ទេ ចំពោះ​ការ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ការ​បោះ​បង្គោល​ព្រំដែន កាលពី​ថ្ងៃ​ទី​៥ ខែ តុលា​កន្លងទៅ ព្រោះ​លោក​មិន​ចង់​ឆ្លើយ​បែប​ស្មាន ៗ នោះ​ទេ ខ្លាច​មាន​កំហុស​។ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​រូបនេះ អះអាង​ថា ក្រោយ​ស្ដាប់​ចម្លើយ របស់​លោក វ៉ា គឹមហុង រួច លោក​នឹង​ដឹកនាំ​ក្រុមការងារ​ចុះ​សិក្សា​ស្រាវជ្រាវ តាម​តំបន់​ព្រំដែន​មួយ ចំនួន ដើម្បី​ផ្ទៀងផ្ទាត់​ចម្លើយ​របស់​លោក វ៉ា គឹមហុង។

បញ្ហា​ព្រំដែន បាន​ក្លាយ​ជា​ប្រធានបទ​ក្តៅ​គគុក​មួយ បន្ទាប់ពី​លោក ហ៊ុន សែន បាន​ចុះហត្ថលេខា លើ​ឯកសារ​ច្បាប់​ចំនួន​២ ទាក់ទង​នឹង​បញ្ហា​ព្រំដែន រួមមាន ()៖ សន្ធិសញ្ញា​បំពេញ​បន្ថែម​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ រវាង​កម្ពុជា និង​វៀតណាម និង ()៖ ពិធីសារ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោក រវាង​កម្ពុជា និង​វៀតណាម ដែល​ភាគី​ទាំងពីរ​បញ្ជាក់​ជាថ្មី​នូវ​ការព្រមព្រៀង​រឿង​ព្រំដែន​នេះ និង​ទទួលស្គាល់​ពី​វឌ្ឍនភាព​នៃ​ខណ្ឌសីមា និង​ការ​បោះបង្គោល​ព្រំដែន​គោក ដែល​សម្រេច​បាន​មក​ដល់​បច្ចុប្បន្ន ប្រមាណ ៨៤%​

អ្នកវិភាគ​បញ្ហា​សង្គម​និង​នយោបាយ លោក គឹម សុខ ដែល​ធ្លាប់​ចុះ​សិក្សា​ស្រាវជ្រាវ​បញ្ហា​ព្រំដែន នៅ​តាម​ខេត្ត​មួយ​ចំនួន ប្រាប់​អាស៊ីសេរី​ថា ស្ថាប័ន​កំពូលៗ​របស់​ជាតិ​សព្វថ្ងៃ​នេះ​គ្មាន​ស្ថិរភាព និង​ឯករាជ្យ​នោះ​ទេ ពោល​គឺ​ប្រែប្រួល​ទៅតាម​មហិច្ឆតា​អំណាច​របស់​លោក ហ៊ុន សែន ។ លោក យល់ថា ការ​ដែល​លោក ហ៊ុន សែន បញ្ជា​ឱ្យ លោក វ៉ា គឹមហុង ទៅ​បំភ្លឺ​រឿង​ព្រំដែន​ជាដើម​នេះ គឺ គ្រាន់តែ​ជា​ការ​សម្ដែង​ល្ខោន​បោក​បញ្ឆោត​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ ប៉ុន្តែ​លោក ជឿជាក់​ថា ទង្វើ​បែប នេះ នៅតែ​មិន​អាច​ស្រាយ​ចម្ងល់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ដដែល៖ «រដ្ឋាភិបាល​សព្វថ្ងៃ​កើតឡើង​ពី​ការបោះឆ្នោត​មួយ​ដែល​ពលរដ្ឋ មិន​ទទួលស្គាល់​រួច​ទៅ​ហើយ ដូច្នេះ​ស្ថានភាព​ជាតិ មាន​អស្ថិរភាព​។​យើង​មិន​ទុក​រដ្ឋាភិបាល​នៃ​ក្រុម​លោក ហ៊ុន សែន មិនមែន​យើង​ដេក​ស្រ​ម៉ៃ​នោះ​ទេ គឺ​យើង​ឃើញ​ជាក់ស្តែង​ដូចជា​ពលរដ្ឋ​តាម​ព្រំដែន អះអាង​ថា បាត់បង់​ដីធ្លី​របស់​ពួកគាត់ ហើយ​យើង​ជា​សកម្មជន​ព្រំដែន​ទៅ​មើល ស្រាប់តែ ក្រុម​លោក ហ៊ុន សែន ប្រើប្រាស់​កម្លាំង​បង្ក្រាប​ទៅទៀត»

លោក គឹម សុខ យល់​ថា ការ​​បោះបង្គោល​ព្រំដែន​កន្លង​មក និង​ការ​ការ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​បង្គោល​ព្រំដែន​រវាង​របប​ក្រុងភ្នំពេញ និង​រដ្ឋាភិបាល​វៀតណាម កាលពី​ថ្ងៃ​ទី​៥ ខែ​តុលា​កន្លងទៅ នឹង នៅតែ​មាន​ភាព​ចម្រូងចម្រាស មិន​អាច​ប្រែក្លាយ​ជា​ព្រំដែន​មិត្តភាព​និង​សន្តិភាព​បាន​នោះ​ទេ៖ «ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន ត្រូវ​មាន​កត្តា​ធំ​៣ ។ ទី​១​កត្តា​ផ្ទៃក្នុង កម្ពុជា ត្រូវការ​បោះឆ្នោត​ត្រឹមត្រូវ​មើល​ដើម្បី​រើស​រដ្ឋាភិបាល​ដែល​ពលរដ្ឋ​ទុកចិត្ត ហើយ​ឱ្យ​ពលរដ្ឋ ចូលរួម​ដោយ​សេរី​។ ទី​២ រាល់​ការ​បោះបង្គោល​ព្រំដែន​ទាំងឡាយ​ត្រូវ​ឱ្យ​មានការ​ចូលរួម​ដោយ​ផ្ទាល់ ពី​គ្រប់​មជ្ឈដ្ឋាន​ដែល​​​​មាន​ការ​បារម្ភ​អំពី​ព្រំដែន​ដូចជា​តំណាង​សង្គម​ស៊ីវិល តំណាង​បក្ស​នយោបាយ និង​សកម្មជន​ព្រំដែន​ជាដើម​។​ទី​៣ រដ្ឋាភិបាល​ដែល​ស្របច្បាប់​នោះ​ត្រូវ​សហការ​ជាមួយ​អន្តរជាតិ មាន​ប្រទេស​បារាំង និង​អង្គការសហប្រជាជាតិ​ជាដើម»

របប​ក្រុងភ្នំពេញ តែងតែ​ឆ្លើយ​ការពារ​ថា ការ​បោះបង្គោល​ព្រំដែន​ធ្វើឡើង​ដោយ​ត្រឹមត្រូវ​តាម​បច្ចេកទេស និង​គ្មាន​ការ​បាត់​ទឹកដី​ទៅ​ខាង​វៀតណាម​នោះ​ទេ​។ ទោះ​យ៉ាងណា​ក្តី កន្លងមក ប្រជា​ពល រដ្ឋ​រស់​នៅ​តាម​បណ្ដោយ​ខ្សែបន្ទាត់​ព្រំដែន និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​រក​ឃើញ ភាព​មិន​ប្រក្រតី​ជាច្រើន​ជុំវិញ​ការ​បោះ​បោះបង្គោល​ព្រំដែន ដូចជា​បោះ​បង្គោល​ចូល​ដីស្រែ​ចម្ការ របស់​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​វៀតណាម​ធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន​ចូល​ដី​ខ្មែរ​រាប់​រយ​ម៉ែត្រ​ជាដើម​។ សូម្បីតែ មន្ត្រី​ជំនាញ​របស់ លោក ហ៊ុន សែន ក៏​ទទួល​ទង្វើ​ឈ្លានពាន​របស់​វៀតណាម និង​ធ្លាប់ធ្​វើ​កំណត់​ទួត ទៅ​វៀតណាម​ជា​បន្តបន្ទាប់​ដែរ ប៉ុន្តែ​វៀតណាម​មិន​អនុវត្ត​តាម​ឡើយ។

ក្រោយពី​របប​ក្រុងភ្នំពេញ និង​រដ្ឋាភិបាល​វៀតណាម ចុះហត្ថលេខា​ទទួលស្គាល់​បង្គោល​ព្រំដែន​នេះ ប្រជាពលរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បារម្ភ​ថា នៅ​ពេល​កម្ពុជា ពុំ​ទាន់​មាន​ឯកភាព ជាតិ មានតែ​គណបក្ស​មួយ​គ្រប់គ្រង​រដ្ឋសភា ហើយ​រដ្ឋាភិបាល ចុះហត្ថលេខា​នេះ ដោយ​អាថ៌កំបាំង ឬ​លាក់លៀម​ដូច្នេះ មិនដឹង​ថា កម្ពុជា​ខាត ឬ​វៀតណាម​ចំណេញ​នោះ​ទេ។ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​កន្លះ​ប្រទេស ប្រកាស​មិន​ទទួលស្គាល់ ការ​បោះបង្គោល​ព្រំដែន ប្រទេស​កម្ពុជា​-​វៀតណាម ដាច់ខាត​ដោយ​ប្ដេជ្ញា​ថា នឹង​សើរើ​ឡើងវិញ​។ គណបក្ស​សង្គ្រោះ​ជាតិ ថ្កោលទោស​របប​ក្រុងភ្នំពេញ​ដែល​ចុះ​កិច្ចព្រមព្រៀង​គ្នា​រឿង​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ដែល​បាន​បោះ​រួច​ចំនួន ៨៤%​នោះ​ថា ជាការ​ចុះហត្ថលេខា​កាត់​ទឹកដី​ខ្មែរ​ឱ្យ​វៀតណាម​ដោយ​ស្របច្បាប់៕

 

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល