សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​ស៊ើបអង្កេត​ករណី​បាត់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​នៅ​ក្នុង​ខេត្ត​កំពង់ចាម

ដោយ ហេង រស្មី
2019-10-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ផ្ដល់​បទសម្ភាសន៍​កាល​ពី​​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៧។
មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ផ្ដល់​បទសម្ភាសន៍​កាល​ពី​​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៧។
Photo: RFA

សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​បើក​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​ទាក់ទិន​នឹង​ការ​បាត់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ម្នាក់​នៅ​ក្នុង​ខេត្ត​កំពង់ចាម​ក្រោយពី​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​០៨ តុលា កន្លង​ទៅ​នេះ​។ សំណើ​នេះ ធ្វើឡើង​ដោយសារតែ តុលាការ​ខេត្ត​កំពង់ចាម​ប្រកាស​ថា លោក ហម វុទ្ធី សកម្មជន​គណបក្ស​សង្គ្រោះជាតិ​បាន​រត់​គេច​ខ្លួន​បាត់​ក្នុង​ពេល​សមត្ថកិច្ច​ចាប់ខ្លួន។ អ្នកឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​បាន​ដាក់​មន្ទិលសង្ស័យ​ចំពោះ​ការ​បាត់​ខ្លួន​សកម្មជន​គណបក្សប្រឆាំង​មួយ​រូប ក្រោយ​ក្រុម​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី៨ តុលា​កន្លង​ទៅ​នេះ ថា អាច​ក្រែង​ជនជាប់ចោទ​ត្រូវ​បាន​ចាប់​យក​ទៅ​ធ្វើ​ទារុណកម្ម​ឬ យក​ទៅ​ឃុំឃាំង​នៅ​ទីកន្លែង​សម្ងាត់​ណាមួយ។

អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក (Adhoc) លោក ស៊ឹង សែនករុណា បញ្ជាក់​ថា យោង​តាម​ច្បាប់​ក្នុង​រយៈពេល ៤៨​ម៉ោង ក្រោយពី​មានការ​ចាប់ខ្លួន​ជនសង្ស័យ​ណាមួយ​ក៏ដោយ​អាជ្ញាធរ​ត្រូវតែ​មាន​ការ​ជូនដំណឹង​ដល់​សមាជិក​ក្រុម​គ្រួសារ​ឱ្យ​បាន​ដឹង។ លោក​បញ្ជាក់​ថា ចំពោះ​ករណី​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ខេត្ត​កំពង់ចាម​នេះ មាន​ចំណុច​គួរ​ឱ្យ​សង្ស័យ​ពី​ការ​បិទបាំង​ព័ត៌មាន​ពី​អាជ្ញាធរ ដែល​តម្រូវ​ឱ្យ​មានការ​ស៊ើបអង្កេត​ពាក់​ព័ន្ធ​នឹង​ការ​បាត់​ខ្លួន​នេះ៖ «គឺជា​ការទទួលខុសត្រូវ​របស់​សមត្ថកិច្ច​សាមី ប្តី​ដែល​បាន​ចាប់ខ្លួន​ទៅលើ​ប្តី​គាត់​ហ្នឹង ហើយ​បើ​សិន​ជា​មាន​ការ​មិន​ទទួលខុសត្រូវ​ទៅលើ​ការ​បាត់​ខ្លួន​ហ្នឹង​ទេ គឺ​ក្រុម​គ្រួសារ​អាច​មាន​សិទ្ធិ​ក្នុង​ការ​ប្ដឹង​ដើម្បី​ឱ្យ​មានការ​ស៊ើបអង្កេត និង​ចាត់វិធានការ​ទៅលើ​សមត្ថកិច្ច​ដែល​ធ្វើ​ឱ្យ​មាន​ការ​បាត់​ខ្លួន ឬក៏​ធ្វើ​ឱ្យ​មានការ​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​ទៅលើ​ប្ដី​របស់​គាត់​ហ្នឹង»

អាជ្ញាធរ​ខេត្ត​កំពង់ចាម​កាលពី​ថ្ងៃ​ទី៨ តុលា កន្លង​ទៅ​នេះ​បាន​ចាប់ខ្លួន​សកម្មជន​ខេត្ត​កំពង់ចាម​ចំនួន​ពីរ​នាក់ ដោយ​ចោទប្រកាន់​ពី​បទ «រួមគំនិត​ក្បត់» រួចហើយ​បញ្ជូន​ពួកគេ​ទៅ​សាលាដំបូង​ខេត្ត​កំពង់ចាម ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​តុលាការ​ខេត្ត​កំពង់ចាម​ចេញផ្សាយ​នៅ​ថ្ងៃ​ទី៩ តុលា នេះ​បាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំងពីរ តុលាការ​បានសម្រេច​ឃុំខ្លួន​លោក ដុង សុវណ្ណារិទ្ធ នៅ​ក្នុង​ពន្ធនាគារ ចំណែក​ឯ​លោក ហម វុទ្ធី បាន​រត់​គេច​ខ្លួន​បាត់។

ភរិយា​លោក ហម វុទ្ធី អ្នកស្រី ខាន់ សារ៉ន បញ្ជាក់​ថា អ្នកស្រី​បាន​ទៅ​តាម​រក​ស្វាមី​នៅ​ក្នុង​ពន្ធនាគារ តុលាការ​ខេត្ត និង​​ស្នងការ​ប៉ូលិស​ខេត្ត​កំពង់ចាម នៅតែ​រក​ស្វាមី​មិនទាន់​ឃើញ​ឡើយ។

អ្នកស្រី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​សុវត្ថិភាព​លោក ហម វុទ្ធី យ៉ាង​អាថ៌កំបាំង​ក្នុង​ខណៈ​ពេល​ដែល​ស្ថិត​នៅ​ក្នុង​ដៃ​របស់​សមត្ថកិច្ច៖ «ខ្ញុំ​បារម្ភ​ខ្លាំង​មែនទែន មិន​ដឹង​គេ​យក​ប្តី​ខ្ញុំ​ទៅ​ណា ហើយ​គេ​បំបាត់​ភស្តុតាង។ ខ្ញុំ​គិត​អត់​ចេញ​ទេ​បង។ ខ្ញុំ​ដូចជា​ចង់​យ៉ាង​ម៉េច​ទេ​ក្នុង​ខ្លួន»

អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​ស្នងការ​ប៉ូលិស​ខេត្ត​កំពង់ចាម លោក ឯម កុសល បានទេ នៅ​ថ្ងៃ​០៩ តុលា​នេះ។

ការ​បាត់​ខ្លួន​អនុប្រធាន​ប្រតិបត្តិ​ស្រុក​បាធាយ​ខេត្ត​កំពង់ចាម លោក ហម វុទ្ធី នេះ​ត្រូវ​មន្ត្រី​បក្ស​ប្រឆាំង​ដាក់​មន្ទិល​សង្ស័យ​ថា របប​ក្រុងភ្នំពេញ​អាច​សម្លាប់​ជនរងគ្រោះ ដោយ​វាយដំ​ធ្វើ​ទារុណកម្ម ឬ​យក​ទៅ​ឃុំឃាំង​ក្នុង​កន្លែង​ណាមួយ​ផ្សេងទៀត ដែល​បិទបាំង​ពី​ក្រុម​គ្រួសារ និង​សង្គម​ស៊ីវិល។

សមាជិក​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម លោក គង់ ស៊ីវង្ស អំពាវនាវ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ក្នុង និង​ក្រៅ​ប្រទេស​ជួយ​ស្វែងរក​លោក ហម វុទ្ធី ដើម្បី​បញ្ចប់​ការ​ចោទប្រកាន់​ទៅលើ​ក្រុម​សមត្ថកិច្ច៖ «ពួក​យើង​នៅតែ​មាន​មន្ទិលសង្ស័យ​ពាក់ព័ន្ធ​នឹង​បញ្ហា​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នេះ។ ដោយ​មិន​ដឹង​ថា យក​លោក ហម វុទ្ធី ទៅ​ណា។ មកដល់ពេលនេះ​ហើយ​មិន​ឃើញ​ពួកគាត់ ដូច្នេះ​ក៏​សូម​សំណូមពរ​ដល់​វិទ្យុ​អាស៊ីសេរី​ផង​ដែរ ឱ្យ​តាម​សួរ​តាម​ប្រមាញ់​រក​លោក ហម វុទ្ធី​ដោយ​ឱ្យ​ទាក់ទង​ទៅ​នឹង​សមត្ថកិច្ច​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ និង ខេត្ត​កំពង់ចាម​ផង​បាន​ដើម្បី​តាមដាន​ករណី​នេះ​ផង»

សកម្មជន​គណបក្ស​សង្គ្រោះជាតិ នៅ​តាម​មូលដ្ឋាន​ត្រូវ​របប​ក្រុងភ្នំពេញ​ចេញ​ដីកា​កោះហៅ​រហូត​មក​ដល់​ថ្ងៃ​ទី៩ តុលា នេះ​មាន​ចំនួន​១៧៩​នាក់ ហើយ នៅ​ក្នុង​ខណៈ​ពេល​មាន​សកម្មជន​គណបក្ស​ចំនួន​៣៦​នាក់​ផ្សេង​ទៀត កំពុង​ចាប់​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ដោយ​ចោទប្រកាន់​ដូចៗ​គ្នា​ពាក់ព័ន្ធ​នឹង​រៀបចំ​គម្រោង​ចាំ​ទទួល​លោក សម រង្ស៊ី វិល​ចូល​មាតុប្រទេស​វិញ​នៅ​ដើមខែ​វិច្ឆិកា​ខាងមុខ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល