អ្នក​ប្រើ​ហ្វេសប៊ុក​ជំរុញ​សមត្ថកិច្ច​ឱ្យ​ស្រាវជ្រាវ​រក​អ្នក​វាយ​សកម្មជន​បក្ស​ប្រឆាំង​មក​ផ្ដន្ទាទោស

ដោយ ថន ថារ៉ូ
2019-09-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​ជន​ដៃដល់ ដែល​វាយ​ចៅ​សង្កាត់​កោះដាច់គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ិន បូណា កាល​ពី​ថ្ងៃ​ទី២៥ ខែ​កញ្ញា ឆ្នាំ​២០១៩។
សកម្មភាព​ជន​ដៃដល់ ដែល​វាយ​ចៅ​សង្កាត់​កោះដាច់គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ិន បូណា កាល​ពី​ថ្ងៃ​ទី២៥ ខែ​កញ្ញា ឆ្នាំ​២០១៩។
Screen Shot from Um SamAn Facebook

អ្នក​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នាំគ្នា​សរសេរ​លើ​ហ្វេសប៊ុក​របស់​ពួកគេ ដោយ​ជំរុញ​ទៅ​សមត្ថកិច្ច​នៃ​របប​ក្រុងភ្នំពេញ ឱ្យ​ស្រាវជ្រាវ​រក​ជន​ដៃដល់ ដែល​វាយ​ចៅ​សង្កាត់​កោះដាច់ លោក ស៊ិន បូណា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងទៀត​។ ការ​ជំរុញ​របស់​អ្នក​ប្រើ​ហ្វេសប៊ុក​នេះ ខណៈ​សមត្ថកិច្ច​មិន​ទាន់​បាន​ចាប់​ជន​ប្រព្រឹត្តិ​ណាមួយ​យក​ផ្ដន្ទាទោស​នៅឡើយ​ទេ។

អ្នក​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​លើកឡើង​ថា ករណី​ជន​ដៃដល់ ដែល​វាយ​ចៅសង្កាត់​កោះដាច់ លោក ស៊ិន បូណា ប្រហែល​សមត្ថកិច្ច​មិន​ពិបាក​រកមុខ​ជន​ដៃដល់​នោះ​ទេ ព្រោះ​រូបថត ស្លាក​លេខ​ម៉ូតូ​ជន​ប្រព្រឹត្តិ និង​សកម្មភាព​ជន​ដៃដល់​នោះ​មាន​កាំភ្លើងខ្លី​នៅ​ចង្កេះ​ទៀត​ផង​។ ចំណែក​ករណី​បង្ក​ហិង្សា​លើ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ផ្សេងទៀត ដែល​ភាគច្រើន​កើតឡើង​នៅ​ទី​សាធារណៈ ពួកគេ​ថា ក៏​មិន​ពិបាក​ស្រាវជ្រាវ​ពេក​ដែរ ព្រោះ​ភាគច្រើន​នៅ​តាម​ផ្លូវ​ទី​សាធារណៈ​មាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ហើយ​នៅ​តាម​ហាង ឬ​ផ្ទះ​មួយ​ចំនួន​ក៏​មាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ដែរ។

ហ្វេសប៊ុក​ឈ្មោះ សាមឌី ស៊ី (Samedy Se) បាន​សរសេរ​ថា សូម​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ជូន លោក ស៊ិន បូណា ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លប​វាយ​។ ម្ចាស់​ហ្វេសប៊ុក​ដដែល ថែមទាំង​បង្ហាញ​រូបភាព ដែល​គេ​ថត​បាន​ជន​ដែល​បាន​ប្រើ​ហិង្សា ទៅលើ​ចៅសង្កាត់​មកពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ថែមទាំង​ផង។

អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់ទៀត​ឈ្មោះ PHENG Heng ផែង ហេង ទាមទារ​ឱ្យ​បញ្ចប់​អំពើ​ហិង្សា និង​បញ្ឈប់​ការ​បង្ហូរ​ឈាម​ខ្មែរ​។ ម្ចាស់​ហ្វេសប៊ុក​ដដែល​បន្ត​ថា ហិង្សា​មិន​អាច​បញ្ចប់​ទំនាស់​បាន​ឡើយ​។ លោក​សរសេរ​ពាក្យស្លោក​មួយ​ឃ្លា​ថា ទូក​ទៅ​កំពង់​នៅ។

រីឯ​ហ្វេសប៊ុក​ឈ្មោះ ករុណា ខ្មែរ បញ្ចេញ​ទស្សនៈ​ថា ស្រុក​មាន​សន្តិភាព មាន​អារម្មណ៍​ថា ឱ្យ​តែ​ឃើញ​មនុស្ស​ពាក់មួក​សុវត្ថិភាព​ពីរ​នាក់ ជិះ​ម៉ូតូ ឬ​ដើរ​ក្បែរ គិត​ថា អ​សុវត្ថិភាព​ភ្លាម​ម៉ង ទៅជា​អ៊ីចឹង​ហើយ​ឥឡូវ។

ហ្វេសប៊ុក​ផេក​ឈ្មោះ Dara Sorn លើកឡើង​ថា ជន​ដៃដល់​មិនបាច់​បិទមុខ​ពាក់មួក​ក៏បាន​ដែរ ព្រោះ​មេ​របស់​អ្នក​មិន​ដាក់​ទោស​អ្នក​ទេ។

ស្រដៀង​គ្នា​នេះ​ដែរ ហ្វេសប៊ុក​ផេក​ឈ្មោះ Um Sam An លើកឡើង​ថា មាន​ទាំង​លេខ​ម៉ូតូ​របស់​ជនល្មើស បើ​សមត្ថកិច្ច ចង់​ចាប់​ជនសង្ស័យ​ជា​ការ​ងាយស្រួល​បំផុត ប៉ុន្តែ​ម្ចាស់​ហ្វេសប៊ុក​ផេក​យល់​ថា មើល​ទៅ​ដូចជា​គ្មាន​សង្ឃឹម​ទេ ហើយ​ម្នាក់​នេះ​អាច​ឡើងបុណ្យ​ធំ​ជាង​មុន ដូច​អង្គរក្ស​លោក ហ៊ុន សែន ដែល​បាន​វាយ​តំណាងរាស្ត្រ​សង្គ្រោះ​ជាតិ ត្រូវ​បាន​គេ ដំឡើង​បុណ្យ​សក្ដិ​ឱ្យ​ទៅ​ជា​ឧត្ដមសេនីយ៍។

ចៅសង្កាត់​កោះដាច់​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​លោក ស៊ិន បូណា នៅ​រាជធានី​ភ្នំពេញ ត្រូវ​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់ ធាក់​ផ្ដួល​ម៉ូតូ និង​យក​ដំបង​ដែក​ដេញ​វាយ​សំពង​រហូត​បាក់​ដៃ​ម្ខាង រង​របួស​ធ្ងន់​កាលពី​នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា​នេះ។ ហេតុការណ៍​ហិង្សា​នេះ បាន​កើត​ឡើង​ក្នុង​ពេល​សកម្មជន​គណបក្ស​ប្រឆាំង​រូប​នេះ កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​ជាតិ​៦A ម្តុំ​វត្ត​គៀនឃ្លាំង ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ ជន​ដៃដល់​ពាក់មួក​បិទ​មុខ​ជិត និង​មាន​កាំ​ភ្លើង​នៅ​ចង្កេះ​ទៀត​ផង។

លោក ស៊ិន បូណា ឱ្យ​អាស៊ីសេរី​ដឹង នៅ​ថ្ងៃ​ទី​២៦ កញ្ញា​ថា ពេលនេះ​លោក​ចេញពី​ពេទ្យ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅផ្ទះ។ លោក ស៊ិន បូណា ឱ្យ​ដឹង​ទៀត​ថា ដៃ​របស់​លោក​បាក់ឆ្អឹង​អស់​បី​កំណាត់ ហើយ​ពេល​នេះ ស្មា និង​ខ្នង​របស់​លោក​ឈឺ​ចុកចាប់​ខ្លាំង៖ «ដៃ​ហ្នឹង​វះកាត់​អស់ បាក់​បី​កំណាត់​កាលពី​វាយ​ហ្នឹង​យើង​អត់​ដឹង​ថា ឈឺ​ទេ ដល់​ថ្ងៃនេះ​ហើម ហើម​តាំងពី​ស្មា​លើ​ដល់​ចុង​ដៃ វា​វាយ​បំបែក​មួក​ដែរ​តែ​អត់​បែក​វាយ​មិន​ប៉ុន្មាន​ដំបង​បួនដប់​ដំបង​ដែក​វា​ហ្នឹង ប៉ុន្តែ​បាន​មួក​អត់​បែក​បានជា​វា​វាយ​ក តែ​ខ្ញុំ​យកដៃ​រង​អ៊ីចឹង​បាន​បាក់​ដៃ​ខ្ញុំ​ហ្នឹង»

លោក ស៊ិន បូណា លោក​រៀបរាប់​ថា មុន​ថ្ងៃ​កើត​ហេតុ​ប្រហែល ១០​ថ្ងៃ មាន​ជន​មិន​ស្គាល់​មក លួច​មើល​ផ្ទះ​របស់​លោក និង​លួច​ថត​ស្លាក​លេខ​ឡាន​របស់​លោក​។ លោក​ថា ពេលនេះ​លោក​បាន​ដាក់​ប្ដឹង​ទៅ​សមត្ថកិច្ច​រួចហើយ ហើយ​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ ក៏​បាន​មក​សួរនាំ​លោក​បន្ថែម​ដល់​ផ្ទះ នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា។ សកម្មជន​គណបក្សប្រឆាំង​រូប​នេះ ស្នើ​ទៅ​ស្ថាប័ន​អនុវត្ត​ច្បាប់​រក​ជន​ប្រព្រឹត្ត​យក​មក​ផ្ដន្ទាទោស​ច្បាប់៖ «សូម​ឱ្យ​អាជ្ញាធរ​ដែនដី​វែកមុខ​ជន​ដៃដល់​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ កុំ​ឱ្យ​មាន​ករណី​នេះ​បន្តបន្ទាប់​ទៀត ព្រោះ​កន្លងមក​ជន​ប្រព្រឹត្តិ​បាន​ធ្វើ​បន្តបន្ទាប់​មករ​ហូត»

ហ្វេសប៊ុក​ផេក​ឈ្មោះ សូរ សមយុទ្ធ ធ្វើការ​សន្និដ្ឋាន​លើ​ករណី បង្ក​ហិង្សា​លើ​ប្រធាន​ក្រុម​សន្តិសុខ​លោក សម រង្ស៊ី គឺ ពូក ចន្តា និង​ករណី​លោក ស៊ិន បូណា ដោយ​លើកឡើង​ថា រឿង​នេះ​អាច​ជា​គំនុំ​បុគ្គល ប្រសិនបើ​កើតឡើង​តែម្ដង ឬ​កើតឡើង​ពីរ​ដង តែ​វិធី​ផ្សេងគ្នា លើ​មនុស្ស​មាន​ប្រវត្តិ​ខុសគ្នា​។ ហើយ​បើ​កើត ក្នុង​រយៈពេល​គម្លាត​យូរ​ពី​គ្នា ពី ១​ខែ ទៅ ៣​ខែ គឺ​អាច​ថា ជា​រឿង​ចៃដន្យ។

ម្ចាស់​ហ្វេសប៊ុក​ផេក​ឈ្មោះ សូរ សមយុទ្ធ បន្ត​ថា ករណី​ទាំងពីរ​នេះ ប្រើ​វី​ធី​ធ្វើ​ដូចគ្នា គឺ​ជិះ​ម៉ូតូ​លួច វាយ​តាម​ផ្លូវ​ពីក្រោយ​ខ្នង ពី​ក្រោយ​ក្បាល ដោយ​ដែក​បំពង់​ទីប និង​ដែក​ស្វិត​។ ពីរ​ករណី ក្នុង​រយៈពេល ៧២​ម៉ោង ទៅលើ​ក្រុម​មនុស្ស ដែល​ធ្លាប់​មាន​ទំនាក់ទំនង​នយោបាយ ឬ​ជា​អតីត​សកម្មជន​បក្ស​ប្រឆាំង។

ម្ចាស់​ហ្វេសប៊ុក​ផេក​នេះ​យល់ថា ទង្វើ​នេះ ហាក់​ពុំ​មែន​ជា គំនុំ​ផ្ទាល់ខ្លួន​ទេ ហើយ​រឹតតែ​មិនមែន​ជា​ករណី​លួច​ប្លន់ ព្រោះ​ទ្រព្យសម្បត្តិ​មិន​បាត់បង់ ប៉ុន្តែ​ទំនងជា​មាន "​ក្រុម​មនុស្ស ត្រូវ​បាន​បញ្ជា​ជា​ប្រព័ន្ធ ឱ្យ​អនុវត្ត​វិធីសាស្ត្រ​បន្លាច ដោយ​វាយ ហើយ​រត់។

គិត​ត្រឹម​ថ្ងៃ​ទី​២៦ កញ្ញា ក្រៅ​តែ​ពី​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​រាជធានី ភ្នំពេញ​ចំនួន ១២​នាក់ ដែល​រង​ការ​លួច​វាយ​ធ្វើបាប ក៏មាន​សកម្មជន​បក្ស​ប្រឆាំង​ចំនួន ២៩​នាក់​ផ្សេងទៀត ត្រូវ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ និង ១៥៨​នាក់ ត្រូវ​បាន​កោះហៅ​ទៅ​សាកសួរ​ផង​ដែរ។

អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន ចាប់​តាំង​ពី​ថ្ងៃ​ទី​២៥ និង​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ប៉ុន្តែ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

អ្នកនាំពាក្យ​នគរបាល​រូប​នេះ​បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក (​វិទ្យុ​បារាំង​អន្តរជាតិ​) ថា អាជ្ញាធរ​កំពុង​ធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នេះ​។ អ្នកនាំពាក្យ​ដដែល ស្នើ​ឱ្យ​ជនរងគ្រោះ ឬ​សាធារណៈ កុំ​ប្រញាប់​ធ្វើការ​សន្និដ្ឋាន និង​ទាញ​ភ្ជាប់​សំណុំ​ទៅ​នឹង​រឿង​នយោបាយ​មុន​ការ​រក​ឃើញ​របស់​សមត្ថកិច្ច។

ទោះ​មានការ​លើកឡើង​បែបនេះ​ក្តី ប៉ុន្តែ​ករណី​ហិង្សា​លើ​លោក ស៊ិន បូណា ជា​ករណី​ទី​១២ ហើយ​ដែល​ជន​ដៃដល់​វាយ​សំពង​សកម្មជន​គណបក្ស​ប្រឆាំង ហើយ​គ្មាន​សំណុំរឿង​មួយ​ណា​ដែល​សមត្ថកិច្ច​បាន​រក​ឃើញ​ជន​ប្រព្រឹត្ត​នោះ​ទេ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត លើកឡើង​ថា បើ​សមត្ថកិច្ច​មិន​អាច​ស្វែងរក​អ្នក​ប្រព្រឹត្តិ​មក​ផ្ដន្ទាទោស​បាន​នោះ​ទេ សាធារណជន​នឹង​រិះគន់​ថា ករណី​ហិង្សា​នេះ គឺជា​ការ​ធ្វើទុក្ខបុកម្នេញ និង​ជា​ការ​គំរាមកំហែង សកម្មជន​គណបក្សប្រឆាំង​ដែល​មាន​ការរៀបចំ​ជា​ប្រព័ន្ធ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល