ប្រពន្ធ​ជនរងគ្រោះ​ដើរ​រក​ថ្នាំ​ព្យាបាល​ប្ដី ករណី​កងអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​វាយដំ​ឱ្យ​របួស

ដោយ ថន ថារ៉ូ
2020-01-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តុលាការ​ខេត្ត​បន្ទាយមានជ័យ
តុលាការ​ខេត្ត​បន្ទាយមានជ័យ
Photo: RFA

ជនរងគ្រោះ​ម្នាក់​ក្នុងចំណោម ៤​នាក់​នៅតែ​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដោយសារ​គ្មាន​ប្រាក់​ព្យាបាល​ជំងឺ បន្ទាប់ពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​វាយដំ​ធ្វើបាប​ក្នុង​ពេល​ជាប់ឃុំ​កាលពី​ចុងខែ​ធ្នូ កន្លង​ទៅ។ ប្រពន្ធ​ជនរងគ្រោះ​បាន​ទៅ​រក​ទិញ​ថ្នាំ​ខ្មែរ​ពី​ប្រជាពលរដ្ឋ​តាម​ព្រៃភ្នំ ដើម្បី​យក​ទៅ​ព្យាបាល​ជំងឺ​ប្ដី។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់​ថា រឿង​នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ចេញមុខ​នាំ​ជនរងគ្រោះ​ទៅ​ព្យាបាល​ជំងឺ ដើម្បី​ឱ្យ​រួចផុត​ពី​ការ​គ្រោះថ្នាក់។

ប្រពន្ធ​ជនរងគ្រោះ​លោក អាន រួន គឺ លោកស្រី រិន រី ថ្លែង​នៅ​ថ្ងៃ​ទី​២៥ មករា ថា ស្ថានភាព​របួស​ប្ដី​របស់​លោកស្រី នៅតែ​មិន​បាន​ធូរស្រាល​នោះ​ឡើយ​ទេ ជាពិសេស​ដើមទ្រូង និង​ស្មា ដែល​មន្ត្រី​អាវុធហត្ថ​វាយដំ​ក្នុង​ពេល​គាត់​ជាប់ឃុំ ចាប់​ពី​ថ្ងៃ ទី​២៨​ដល់​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០១៩។

លោកស្រី​បញ្ជាក់​ទៀត​ថា លោក អាន រួន ប្រហែលជា​បាក់ឆ្អឹង​ជំនី ធ្វើ​ឱ្យ​ដើមទ្រូង​ហើមប៉ោង និង​ក្អក​ឈឺ​ហើយ​ពិបាក​ដកដង្ហើម។ លោកស្រី​បន្ត​ថា ប្ដី​មិន​អាច​ធ្វើការ​អ្វី​បានទេ ហើយ​លោកស្រី​ទៅ​រក​ទិញ​ថ្នាំ​ខ្មែរ​ពី​អ្នកស្រុក​នៅ​តាម​ព្រៃភ្នំ​ជាប់​ព្រំដែន​ថៃ នៅ​ស្រុក​ស្វាយចេក ដើម្បី​យក​ទៅ​ព្យាបាល​ប្ដី ពីព្រោះ​គ្រួសារ​លោកស្រី​គ្មាន​ប្រាក់​នាំ​គាត់​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ទេ៖ «អត់​មាន​លុយ​ទៅ​ព្យាបាល ទៅ​ពេទ្យ​អស់​ច្រើនពេក ខ្ញុំ​សុខចិត្ត​ទៅ​រក​ទិញ​ឆ្អឹង​កេះ ពី​គេ​តម្លៃ​ជាង​២៥​ម៉ឺន​រៀល យក​មក​ដុះ​លាយ​ជាមួយ​ពន្លៃ​ស្អំ​ឱ្យ​គាត់។ ខ្ញុំ​អាណិត​គាត់​ណាស់ ពេល​គាត់​ដើរ​អោន​ត្រុនៗ គាត់​ថាបើ​ងើប​ដើរ​ត្រង់​ឈឺចាប់​ពី​ដើមទ្រូង​ទៅ​ស្លាបប្រចៀវ​ក្រោយ​ខ្នង ហើយ​ប្រឹង​ក្អក​មិន​បាន​ដែរ ព្រោះ​ឈឺ។ ខ្ញុំ​ស្នើ​ឱ្យ​ថ្នាក់លើ​ដាក់ទោស​ទៅលើ​ជន​ប្រព្រឹត្ត​បាន​ច្បាប់​ឱ្យ​បាន​ធ្ងន់​ដូច​គេ​វាយ​ធ្វើបាប​ប្ដី​ខ្ញុំ»

លោកស្រី​ព្រួយបារម្ភ​ខ្លាច​ប្ដី​គ្រោះថ្នាក់​អាយុជីវិត​ដោយសារ​គ្មាន​ប្រាក់​នាំ​ប្ដី​ទៅ​ព្យាបាល​នៅ​ មន្ទីរពេទ្យ។ ម្យ៉ាងទៀត លោកស្រី​ថា ចាប់​តាំង​ពី​ប្ដី​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​មក មិន​ទាន់​មាន​អាជ្ញាធរ​ណា​ចុះ​មក​សាកសួរ ឬ​នាំ​ប្ដី​របស់​លោក​ស្រី​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ម្ដង​នៅឡើយ​ទេ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អភិបាលខេត្ត​បន្ទាយមានជ័យ​លោក អ៊ុំ រាត្រី ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃ​ទី​២៥ មករា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ពុំ​មាន​អ្នកទទួល។

អ្នក​តវ៉ា​រឿង​ដីធ្លី ៥នាក់​ ដែល​អាជ្ញាធរ​ចាប់​​ឃុំឃាំង និង​វាយដំ កាល​ពី​ថ្ងៃ​ទី២៨ ខែ​ធ្នូ ឆ្នាំ២០១៩។ ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ ៥នាក់ មាន​ម្នាក់ គឺ​លោក ទុយ ស្រស់ បាន​​ស្លាប់​ក្នុង​អំឡុង​ពេល​ឃុំ​ខ្លួន ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ២០២០។
អ្នក​តវ៉ា​រឿង​ដីធ្លី ៥នាក់​ ដែល​អាជ្ញាធរ​ចាប់​​ឃុំឃាំង និង​វាយដំ កាល​ពី​ថ្ងៃ​ទី២៨ ខែ​ធ្នូ ឆ្នាំ២០១៩។ ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ ៥នាក់ មាន​ម្នាក់ គឺ​លោក ទុយ ស្រស់ បាន​​ស្លាប់​ក្នុង​អំឡុង​ពេល​ឃុំ​ខ្លួន ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ២០២០។ Photo Provided

កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​ចាប់​ប្រជាពលរដ្ឋ ៥​នាក់​យក​ទៅ​ឃុំ និង​វាយដំ បន្ទាប់​ពី​ពលរដ្ឋ​ជាង ១០០​នាក់ បាន​តវ៉ា​នៅមុខ​សាលាខេត្ត​បន្ទាយមានជ័យ ដើម្បី​ស្នើសុំ​រក​ដំណោះស្រាយ​ទំនាស់​ដីធ្លី​របស់​ពួកគាត់​នៅ​ស្រុក​ស្វាយចេក កាលពី​ថ្ងៃ​ទី​២៨ ធ្នូ ឆ្នាំ​២០១៩​។ អំពើ​ទារុណកម្ម​របស់​មន្ត្រី​ប៉េអិម​ខេត្ត​បន្ទាយមានជ័យ​នោះ បាន​បណ្ដាល​ឱ្យ​តំណាង​ពលរដ្ឋ​គឺ​លោក ទុយ ស្រស់ បាន​ស្លាប់ ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក។

អាជ្ញា​ធរមាន​សមត្ថកិច្ច ជាពិសេស​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មិនបាន​អើពើ​ស៊ើបអង្កេត​ករណី​នេះ​ភ្លាមៗ​នោះ​ទេ បើ​ទោះ​ជា​សាក្សី និង​ជា​ជនរងគ្រោះ​ក្នុង​អំពើ​ហិង្សា​នោះ​បាន​ព្យាយាម​បកស្រាយ និង​ទាមទារ​រក​យុត្តិធម៌​ក៏ដោយ​។ ទើប​តែ​មាន​បញ្ជា​ផ្ទាល់មាត់​ពី​លោក ហ៊ុន សែន នៅ​ពេល​ថ្មីៗ​នេះ​ទេ ទើប​សមត្ថកិច្ច​ពី​ស្ថាប័ន​ចម្រុះ​បាន​បណ្ដាក់​គ្នា​ចុះ​ស៊ើបអង្កេត និង​សាកសួរ​ជនរងគ្រោះ​។ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ចាប់​បញ្ជូន​ខ្លួន​មេ​បញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ លោក ស ប៊ុនសឿង និង ជំនួយការ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​អាវុធហត្ថ​ខេត្ត​នេះ គឺ​លោក ឆយ រដ្ឋនា ទៅ​តុលាការ ហើយ​តំណាង​អយ្យការ​អម​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ក៏បាន​ឃុំខ្លួន​មន្ត្រី​ប៉េអិម​ទាំងពីរ​រូប​នេះ ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ដោយសារ​មរ​ណ​ភាព​នៃ​ជនរងគ្រោះ​។​

កងរាជអាវុធហត្ថ​អះអាង​ថា មន្ត្រី​ទាំងពីរ​រូប​ធ្វេសប្រហែស​ក្នុង​ការ​បំពេញ​មុខងារ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឃុំ​ជាមួយ​ក្រុម​ក្មេង​ដែល​កំពុង​បន្សាប​ថ្នាំញៀន និង​បណ្ដាល​ឱ្យ​ជន​ទាំងនោះ​វាយ​ធ្វើបាប​ពលរដ្ឋ​ដែល​បាន​ចាប់ខ្លួន​នោះ ធ្វើ​ឱ្យ​ឈ្មោះ ទុយ ស្រស់ បាន​ស្លាប់។

ផ្ទុយ​ពី​ការ​លើកឡើង​នេះ ជនរងគ្រោះ​ម្នាក់​លោក អាន រួន អះអាង​ថា មន្ត្រី​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បាន​វាយដំ​ទាត់​ធាក់​ជនរងគ្រោះ​រហូតដល់​វង្វេងស្មារតី​រួចហើយ​បាន​បញ្ជូន​ទៅ​ឱ្យ​ក្រុម​មនុស្ស​សក់​ត្រងោល ដែល​កំពុង​បន្សាប​ថ្នាំញៀន​នៅ​ទីនោះ វាយដំ​ធ្វើ​ទារុណកម្ម​បន្ត រហូត​ដួល​សន្លប់​ជា​ច្រើន​ដង។ លោក​បន្ថែម​ថា ក្រុម​អ្នក​ញៀន​ថ្នាំ​ទាំងនោះ ក៏​ពុំមែន​ជា​កូនក្មេង​ដូច​ក្នុង​របាយការណ៍​របស់​គណៈកម្មការ​ចំពោះ​កិច្ច​នោះ​ឡើយ គឺជា​មនុស្ស​ពេញកម្លាំង​អាយុ​ចន្លោះ​ពី​២០​ទៅ​៥០​ឆ្នាំ៖ «អត់​មាន​ក្មេង​ណា​ម្នាក់​ទេ​បង សុទ្ធតែ​មនុស្ស​ធំ​មាន​សាក់​ពេញ​ខ្លួន ពេល​ឃើញ​ពួកវា​ខ្លាច​ណាស់​។ ប៉េអិម​ឈ្មោះ​អា​សឿង​៣៨​ហ្នឹង​អ្នក​វាយ ហើយ​យក​កាំភ្លើងខ្លី​បាញ់​គំរាម​ជនរងគ្រោះ ថា​ឯង​មាន​ខ្លាច​អញ​អត់ ហើយ​ថា​ឯង​ចង់​ងាប់​អត់ អញ​យក​ខ្មោច​ចេញពី​កន្លែង​នេះ​១១​នាក់​ហើយ ឯង​ចង់​មួយទៀត​បាន​១២​នាក់​រឺ អីចឹង​បើ​ឯង​ចង់​ងាប់​យប់​នេះ​បាន​តើ​មិន​អី​ទេ​ជាមួយ​អញ​ស្គាល់​អា​សឿង​៣៨​ហើយ​នៅ ថា​អញ​កាន់​គុក​តាំងពី​ប៉ោយប៉ែត​រហូតដល់​បន្ទាយ​មានជ័យ​ណាស់ ឯង​មាន​ស្គាល់​អញ​អត់»

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា រឿង​នេះ​មន្ត្រី​ប៉េអិម​ខេត្ត​បន្ទាយមានជ័យ​ជា​អ្នកទទួលខុសត្រូវ​ព្យាបាល​ជំងឺ​ដល់​ជនរងគ្រោះ ពីព្រោះ​ពួកគេ​ជា​អ្នក​វាយដំ​ពលរដ្ឋ​ឱ្យ​រង​របួស។ លោក​បន្ថែម​ថា អាជ្ញាធរ​ខេត្ត​ក៏​មាន​ចំណែក​ទទួលខុសត្រូវ​ព្យាបាល​ជំងឺ​ជនរងគ្រោះ​ដែរ ព្រោះ​អាជ្ញាធរ​ដែនដី​ជា​អ្នកគ្រប់គ្រង​តំបន់​នោះ៖ «បើ​យើង​និយាយ​អំពី​កាតព្វកិច្ច​វា​ទៅលើ​អ្នក​ប្រព្រឹត្ត​ទេ ប៉ុន្តែ​ទាក់ទង​ហ្នឹង​នឹង​អាជ្ញាធរ​នៅ​ពេល​ប្រជាពលរដ្ឋ​អត់​មាន​លុយ គឺ ត្រូវ​ពិនិត្យ​ពិចារណា​ដែរ ព្រោះ​កើតឡើង​អំពី​មន្ត្រី​របស់​រដ្ឋ​ដែល​បាន​បង្ក​​បាន​ជួយ​ច្រើន​ដែរ ហើយ​រឿង​នេះ​ក៏​គួរតែ​ពិនិត្យ​ពិចារណា​ក្នុង​ការ​ជួយ​ផ្នែក​មនុស្សធម៌​ពួកគាត់​ដែរ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បន្ថែម​ថា ការ​ចាប់​មនុស្ស​តែ​២​នាក់​ដាក់គុក​មិនទាន់​គ្រប់គ្រាន់​ទេ ពីព្រោះ​រឿង​នេះ​មាន​មនុស្ស​ពាក់ព័ន្ធ​ជាច្រើន​នាក់​។​លោក​អំ សំអាត នៅតែ​ទទូច​ឱ្យ​តុលាការ​ពន្លឿន​នីតិវិធី​ឱ្យ​បាន​ឆាប់ ដើម្បី​រក​អ្នក​ពាក់ព័ន្ធ​ឱ្យ​ទទួល​ខុសត្រូវ​បន្ថែម​ទៀត និង​ត្រូវ​ដាក់ទោស​ឱ្យ​បាន​ធ្ងន់​តាមច្បាប់ ដោយ​មិន​អាច​លើកលែង​បាន​ឡើយ ពីព្រោះ​ជា​អំពើ​ទារុណកម្ម​ឃោរឃៅ​។​លោក​ថា អង្គការ​របស់​លោក​នៅ​តែ​បន្ត​តាមដាន​សំណុំ​រឿង​នេះ​ទៀត ដើម្បី​ជួយ​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ និង​ដើម្បី​កុំ​ឱ្យ​មន្ត្រី​មានអំណាច​ចេះតែ​ចាប់​ពលរដ្ឋ​វាយ​ធ្វើបាប​តាម​ទំនើងចិត្ត​តទៅទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល