អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងក្រុមប្រជាពលរដ្ឋដែលបានចូលរួមឃ្លាំមើលនៅមុខសាលាដំបូងរាជធានីភ្នំពេញបានប្រតិកម្មនឹងការពន្យារពេលជម្រះក្ដីសកម្មជនបក្សប្រឆាំងនេះថា ជាតុលាការឡប់ឡែធ្វើតាមបញ្ជារបស់អ្នកនយោបាយ។
ប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម លោក ស៊យ ស៊ីថាត ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី២៦ វិច្ឆិកាថា លោកខកចិត្តយ៉ាងខ្លាំងដែលតុលាការមិនបានជំនុំជម្រះក្ដីសកម្មជនគណបក្សប្រឆាំង តាមការកំណត់។ លោកបន្ថែមថា ពួកលោកបានចំណាយពេលវេលានិងថវិកាផ្ទាល់ខ្លួនធ្វើដំណើរមកចូលរួមផ្ដល់កម្លាំងចិត្តដល់សកម្មជនគណបក្សប្រឆាំងនៅមុខតុលាការក្រុងភ្នំពេញ។ លោកអំពាវនាវឱ្យតុលាការបន្តនីតិវិធីរឿងនេះឱ្យបានឆាប់ និងមានតម្លាភាពដោយមិនស្ថិតនៅក្រោមបញ្ជារបស់គណបក្សនយោបាយ៖ «ព្រោះទីមួយការកោះហៅវាកៀកថ្ងៃដែរ រួចប្រជាពលរដ្ឋនិងសាមីខ្លួនដែលត្រូវចោទនឹងខំស្វះស្វែងមក មានអ្នកខ្លះមិនឱ្យចូលមកទៀតផង ហើយតុលាការបានកោះហៅ។ ដល់អីចឹងទៅធ្វើឱ្យយើងហ្នឹងមានផលលំបាកច្រើនណាស់ដូចថា មិនដឹងថា តើច្បាប់សព្វថ្ងៃហ្នឹងវាយ៉ាងម៉េច។ ព្រោះយើងនៅក្នុងធម្មនុញ្ញវាផ្សេងដល់ពេលការអនុវត្តរបស់គាត់វាផ្សិង អីចឹងវាមានផលលំបាក បើថាខុសអីកាត់ហ្នឹងទៅដើម្បីឱ្យអស់ចិត្ត»។
ស្រដៀងគ្នានេះពលរដ្ឋមកពីខេត្តបាត់ដំបង លោក ប៊ុន រ៉ាន់ ថ្លែងថា ពួកលោកដែលបានចូលរួមនៅមុខតុលាការក្រុងភ្នំពេញភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលតុលាការបានពន្យារពេលរឿងនេះ។ លោកចាត់ទុកការធ្វើបែបនេះ ថា ជាឧបករណ៍នយោបាយរបស់គណបក្សកាន់អំណាច ដើម្បីកម្ទេចគណបក្សប្រឆាំងកុំឱ្យមានឈ្មោះចូលរួមប្រកួតប្រជែងបោះឆ្នោតនៅពេលក្រោយទៀត៖ «ខ្ញុំចង់ឃើញសវនាការនេះបង្ហាញភាពជាក់ស្ដែងនៅពេលដែលនៅពេលដែលគាត់ដឹងចង់ស្ដាប់។ ប៉ុន្តែបែរទៅជាពន្យារពេលវិញ នេះជាការសោកស្ដាយមួយដែលខ្ញុំគិតថា ធ្វើឱ្យខាតពេលវេលាពលរដ្ឋ ហើយធ្វើរំខានដល់ជនទាំងអស់ដែលគាត់កោះហៅទៅសវនាការហ្នឹង ហើយពេលហ្នឹងដែលខ្ញុំគិតថា មិនខុសពីរបប ប៉ុល ពត ដែលខ្ញុំធ្លាប់ឆ្លងកាត់ពីមុនមកទេ»។
ចំណែកប្រជាពលរដ្ឋមកពីខេត្តពោធិ៍សាត់ លោក ប៊ុន ណារិទ្ធ និយាយថា តុលាការមិនគួរពន្យារពេលជម្រះក្ដីសកម្មជនបក្សប្រឆាំងបែបនេះឡើយ។លោកយល់ថា ការធ្វើបែបនេះជាការបំផ្លាញថវិកាជាតិ និងធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ដែលមាននិន្នាការផ្ទុយពីគណបក្សកាន់អំណាច៖ «ព្រោះវាមនុស្សច្រើនគេអាចនឹងមានបាតុភាពផ្សេងៗ ព្រោះថ្ងៃមិញខ្ញុំមើលទៅលើទឹកចិត្តអ្នកគាំទ្រសកម្មជនគណបក្សសង្គ្រោះជាតិ និងគ្រួសារជនជាប់ឃុំនោះ ពួកគាត់ពុះកញ្ជ្រោលណាស់បើសិនជាព្រឹកមិញមានករណីចាប់ចង នឹងមានបាតុភាពតវ៉ាតាមសិទ្ធិដែលគាត់ធ្វើហ្នឹងដែរ»។
ដោយឡែកពលរដ្ឋនៅក្រុងភ្នំពេញដែលបានចូលរួមតាមដានរឿងនេះដែរនោះ លោកស្រី ហ៊យ ធួ រិះគន់ថា រឿងនេះជាឆាកល្ខោនបន្លំភ្នែកពលរដ្ឋខ្មែរ ដើម្បីកេងចំណេញផ្នែកនយោបាយរបស់គណបក្សកាន់អំណាចប៉ុណ្ណោះ៖ «ព្រោះទុកលុយហ្នឹងជួយប្រជាជនក្រីក្រទៅល្អជាងមកធ្វើអីចឹងព្រោះប្រជាពលរដ្ឋជំពាក់លុយធនាគារច្រើនណាស់។ ខ្ញុំនៅភ្នំពេញមធ្យមទេអាណិតគ្នាខេត្តណោះគ្នាអត់មានទេខ្លះចងការលុយគេជិះឡានមក។ ខ្ញុំអាណិតណាស់អ្នកខ្លះអត់ណាស់ពាក់អាវរហែកស្លៀកខោរហែកមកសម្រាន្តផ្ទះខ្ញុំ១០នាក់ជាង ខ្ញុំសុខចិត្តទិញមាន់២ស្ងោរទទួលគាត់ហើយដាំបាយមួយឆ្នាំង ហើយអាវចាស់ប្ដីខ្ញុំហ្នឹងយកឱ្យគាត់ពាក់គាត់អរគុណខ្ញុំមិនស្ទើរទេ»។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៦វិច្ឆិកា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់ថា ការពន្យារពេលជម្រះក្ដីនេះនឹងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ជនជាប់ចោទ។ ទោះជាយ៉ាងណាលោកថា ក្ដីក្ដាំងនេះជារឿងនយោបាយ ដូច្នេះតុលាការមិនអាចដោះស្រាយបានទេ ប្រសិនបើមិនមានការសម្របសម្រួលត្រូវរ៉ូវគ្នាតាមផ្លូវនយោបាយរវាងគណបក្សប្រឆាំង និងគណបក្សកាន់អំណាចនោះ។
នេះជាលើកទីមួយហើយដែលតុលាការពន្យារពេលបើកសវនាការសំណុំរឿងរបស់បក្សប្រឆាំងជារួមគ្នាច្រើននាក់ ដែលមានពលរដ្ឋ និងអ្នកគាំទ្រគណបក្សនេះប្រមាណជាងបីរយនាក់មកពីតាមបណ្ដាខេត្តតាមឃ្លាំមើលក្ដីក្ដាំងនេះដល់មុខតុលាការក្រុងភ្នំពេញ។ ទោះជាយ៉ាងណាពួកគាត់នៅតែប្រកាន់ជំហរថា នឹងបន្តតាមឃ្លាំមើលសវនាការនេះនៅពេលក្រោយទៀត ហើយថា នឹងចូលរួមជាបន្តបន្ទាប់រហូតបញ្ចប់ដល់សំណុំរឿងនេះ។ ពួកគាត់ជឿជាក់ថា ប្រសិនបើតុលាការឯករាជ្យដោយមិនស្ថិតក្រោមសំពាធពីអ្នកនយោបាយ នោះសកម្មជនគណបក្សប្រឆាំងនឹងមានសេរីភាពទាំងអស់គ្នា ពីព្រោះពួកគាត់យល់ថា សកម្មជននយោបាយទាំងនោះមិនបានប្រព្រឹត្តខុសច្បាប់អ្វីឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។