ពលរដ្ឋ និងក្រុមយុវជន មិនពេញចិត្តចំពោះការបោះបង្គោលព្រំដែនខ្មែរវៀតណាមចប់ជាស្ថាពរ ក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងខេត្តព្រៃវែង ព្រោះមិនឆ្លុះបញ្ចាំងពីឆន្ទៈពលរដ្ឋ ជាពិសេសរដ្ឋាភិបាលដឹកនាំដោយរដ្ឋសភាឯកបក្ស គ្មានគណបក្សប្រឆាំងចូលរួម។ ទោះបីយ៉ាងណា គណៈកម្មាធិការព្រំដែន បង្ហាញមោទនភាព ចំពោះលទ្ធផលនៃការបោះបង្គោលព្រំដែនទាំងនេះថា ជាសមិទ្ធផលចារក្នុងប្រវត្តិសាស្ត្រយូរអង្វែង។
ពលរដ្ឋរស់នៅតាមតំបន់ព្រំដែន និងក្រុមយុវជន រួមទាំងគណបក្សប្រឆាំងបារម្ភថា បើទោះបីជាមានភាពចម្រូងចម្រាសបែបណាក្តី ក៏រដ្ឋាភិបាលនៅតែមានះ បោះបង្គោលព្រំដែនស្រេចតែចិត្ត ហើយសម្រេចបានក្នុងនៅខេត្តចំនួន ៣ទៀត។ ពួកគេថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន កំពុងបង្កភាពស្មុគស្មាញ និងលំបាកសើរើព្រំដែនឡើងវិញ ប្រសិនបើរដ្ឋាភិបាលក្រោយៗ កាន់អំណាច ហើយចង់ដោះស្រាយបញ្ហានេះ តាមយន្តការអន្តរជាតិ និងមរតករបស់បារាំង។
ពលរដ្ឋរស់នៅតំបន់ព្រំដែន កម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ លោក ជា វីរៈ ឱ្យដឹងនៅថ្ងៃទី៦ វិច្ឆិកាថា ការបោះបង្គោលព្រំដែនកន្លងទៅ ចូលដីខ្មែរស្ទើរគ្រប់កន្លែង ជាពិសេស ចំណុចជាំប្រាំល្វែង ក្នុងស្រុកមេមត់ ធ្វើឱ្យបាត់ដីស្រែពលរដ្ឋខ្មែររាប់រយហិកតារ ហើយអាជ្ញាធរមិនទាន់ដោះស្រាយនៅឡើយទេ។ លោកថាកន្លងទៅ រដ្ឋាភិបាលបោះបង្គោលព្រំដែនដោយស្ងាត់ៗ មិនជូនដំណឹងប្រាប់ពលរដ្ឋ ហើយថែមទាំងគំរាមកំហែងពលរដ្ឋ ដែលស្រែកតវ៉ាទាមទារដីស្រែរបស់ខ្លួន ដែលរបូតទៅវៀតណាមគ្រប់គ្រងនោះទៀត៖ «ការបោះបង្គោលនេះ មិនឆ្លុះបញ្ចាំងពីឆន្ទៈពលរដ្ឋទេ គឺបោះសុទ្ធតែក្រុមគាត់ គ្នាគាត់ មិនបានផ្តល់ដំណឹងឱ្យពលរដ្ឋផង ហើយការបោះនេះ ប្រជាពលរដ្ឋភាគច្រើន គឺពួកគាត់មិនគាំទ្រទេ។ ពួកគាត់មិនពេញចិត្តទេ ក្នុងការបោះបង្គោលព្រំដែននេះ»។
ចំណែកសមាជិកក្រុមការងារ ១០០រាត្រី លោក ឃឹម សុខុម ក៏មិនពេញចិត្តចំពោះលទ្ធផល នៃការបោះបង្គោលព្រំដែននេះដែរ ព្រោះខ្វះតម្លាភាពស្ទើរគ្រប់តំបន់ ជាពិសេស រដ្ឋាភិបាលបានគំរាមកំហែង និងចាប់ចងអ្នកឃ្លាំមើលព្រំដែន។ លោកថា ពលរដ្ឋ និងក្រុមយុវជនភាគច្រើនខ្លាចញញើត មិនហ៊ានបញ្ចេញមតិរិះគន់រឿងព្រំដែននោះទេ៖ «មិនពេញចិត្ត ចំពោះលទ្ធផលនៃការបោះបង្គោលព្រំដែនហ្នឹងទេ និងមិនពេញចិត្ត ចំពោះការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំរាល់ថ្ងៃហ្នឹងតែម្ដង។ កម្ពុជាយើងមិនទាន់ឯករាជពិតប្រាកដទេ គឺហាក់បីដូចជា ក្រោមគំនាបបរទេស ជាពិសេស ប្រទេសជាប់ព្រំដែនយើង មានវៀតណាម»។
ឆ្លើយតបរឿងនេះ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស កិច្ចការព្រំដែន លោក វ៉ា គឹមហុង និយាយយ៉ាងខ្លី ខេត្តជាប់ព្រំដែនជាមួយវៀតណាមដូចជា ខេត្តត្បូងឃ្មុំ ព្រៃវែង និងក្រចេះ បានបញ្ចប់ជាស្ថាពរក្នុងការបោះបង្គោលព្រំដែនជាមួយភាគីវៀតណាម។ លោកបដិសេធមិនអធិប្បាយ ចំពោះការមិនពេញចិត្តរបស់ពលរដ្ឋ ក្នុងពេលដែលគណៈកម្មាធិការជំនាញមួយនេះ បោះបង្គោលព្រំដែនរួចរាល់នៅខេត្តទាំងនោះ។
ចំណែកតំណាងរាស្ត្រ និងមន្ត្រីកិច្ចការព្រំដែនរបស់គណបក្សប្រឆាំងវិញ មិនទទួលស្គាល់ការបោះបង្គោលព្រំដែនក្នុងខេត្តចំនួន ៣នេះទេ។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ថា ការមិនទទួលស្គាល់នេះ គឺដោយសារតែការបោះបង្គោលព្រំដែន ធ្វើឡើងលាក់លៀម ខ្វះតម្លាភាព និងបង្កើតមន្ទិលសង្ស័យច្រើន។ លោកថា ការបោះបង្គោលព្រំដែនកន្លងទៅមានភាពមិនប្រក្រតីជាច្រើន ជាពិសេស រដ្ឋាភិបាលប្រើប្រាស់ផែនទីមិនត្រឹមត្រូវ ធ្វើឱ្យពលរដ្ឋឈឺចាប់ ដោយសារបាត់បង់ដីស្រែតាមបណ្ដោយព្រំដែនទៅវៀតណាម ៖ «គេបោះបង្គោលរួចហើយហ្នឹងគឺ ពលរដ្ឋគាត់អះអាងថា បាត់ដីស្រែចម្ការរបស់គាត់ បាត់ដីស្រែរបស់គាត់ គឺបាត់ដីខ្មែរហើយ។ ដូច្នេះ គឺការប្រគល់ ដីស្រែចម្ការ និងការប្រគល់ដីខ្មែរឱ្យយួនស្របច្បាប់ នៅពេលគេបោះបង្គោលចប់សព្វគ្រប់ នៅខេត្តទាំងបីហ្នឹង។ យើងដឹងហើយថា ការបោះបង្គោលហ្នឹងគឺ មិនបានអ្វី ដែលជាមរតករបស់បារាំងទេ»។
គណៈកម្មាធិការកិច្ចការព្រំដែនឱ្យដឹងថា ក្នុងចំណោមខេត្តទាំង៩របស់កម្ពុជា ដែលនៅជាប់ព្រំដែនវៀតណាម មានខេត្តព្រៃវែង ក្រចេះ និងត្បូងឃ្មុំ ការបោះបង្គោលព្រំដែន ត្រូវបានបញ្ចប់ទាំងស្រុងហើយ នៅសល់តែខេត្តកំពត ស្វាយរៀង រតនគិរី មណ្ឌលគិរី តាកែវ និងខេត្តកណ្ដាលប៉ុណ្ណោះ។ ទោះយ៉ាងណា គណៈកម្មាធិការជំនាញមួយនេះ មិនបញ្ជាក់លម្អិតថា ការបោះបង្គោលព្រំដែន នៅខេត្តទាំង ៣នេះ បានចាប់ផ្ដើមនៅពេលណានោះទេ។
លោក វ៉ា គឹមហុង ធ្លាប់ប្រាប់អាស៊ីសេរីថា បង្គោលព្រំដែនដែលនៅសេសសល់ចំនួន ១៦ភាគរយ ក៏មិនទាន់ច្បាស់ថា នឹងបញ្ចប់នៅពេលណាដែរ ព្រោះរដ្ឋាភិបាលកម្ពុជា និងវៀតណាម បានឯកភាពគ្នា ស្នើទៅរដ្ឋាភិបាលបារាំង ផ្ដល់បច្ចេកទេសផែនទី ក្នុងការកំណត់បង្គោលព្រំដែនដែលនៅសេសសល់។
កម្ពុជា និងវៀតណាម មានព្រំដែនគោករួមគ្នាប្រវែង ១.២៧០គីឡូម៉ែត្រ។ ភាគីទាំងពីរបានព្រមព្រៀងគ្នាបោះបង្គោលសរុបចំនួន ៣១៤បង្គោល ឬស្មើនឹង ៨៤% នៃបង្គោលព្រំដែនសរុប ៣៧៥បង្គោល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។