គណៈរដ្ឋមន្ត្រី​បន្ត​លើក​ពេល​ប្រជុំ ដោយ​អវត្តមាន​​លោក ហ៊ុន សែន

ដោយ សុជីវី
2019-08-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាង​គណបក្ស​១៦ ចូល​ជួប​ប្រជុំ​ជាមួយ​លោក ហ៊ុន សែន នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី២១ ខែ​សីហា ឆ្នាំ​២០១៨។
តំណាង​គណបក្ស​១៦ ចូល​ជួប​ប្រជុំ​ជាមួយ​លោក ហ៊ុន សែន នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី២១ ខែ​សីហា ឆ្នាំ​២០១៨។
Photo courtesy of Hun Sen Facebook page

របប​ក្រុង​ភ្នំពេញ​នឹង​បន្ត​លើក​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​សុក្រ ចុង​សប្ដាហ៍​នេះ ទៅ​មុខ​ទៀត ដោយ​មិនទាន់​កំណត់​ពេលវេលា។ អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ឱ្យ​ដឹង​ថា មូលហេតុ​ដែល​បន្ត​លើក​ពេល​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ដោយសារ​គ្មាន​របៀបវារៈ​ត្រូវ​ប្រជុំ។

លោក ផៃ ស៊ីផាន ពន្យល់​ថា រដ្ឋាភិបាល​បាន​ប្រគល់​សិទ្ធិ​អំណាច ឱ្យ​រដ្ឋមន្ត្រី​គ្រប់​ក្រសួង​ដោះស្រាយ​ការងារ តាម​វិស័យ​រៀងខ្លួន ម្ល៉ោះហើយ កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី គឺ​មើល​តែ​លទ្ធផល​ចុងក្រោយ​របស់​ក្រសួង ហើយ​បើ​គ្មាន​ភាព​ចាំបាច់​ទេ គណៈរដ្ឋមន្ត្រី​មិន​បាច់​ប្រជុំ​ក៏បាន។

គណៈរដ្ឋមន្ត្រី បាន​ផ្អាក​កិច្ចប្រជុំ តាំងពី​ចុងខែ​កក្កដា​មក ដោយសារ​មន្ត្រី​ជាប់រវល់​ចុះ​មូលដ្ឋាន និង​គ្មាន​របៀបវារៈ​ត្រូវ​ប្រជុំ​។ ប៉ុន្តែ នៅ​ថ្ងៃ​ផ្អាក​កិច្ចប្រជុំ​កាលណោះ គឺ​ថ្ងៃ​ទី​២៦ កក្កដា មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន បង្ហោះ​ហ្វេសប៊ុក (facebook) ថា លោក​មាន​បញ្ហា​គ្រេច​ស្មា ត្រូវ​ទៅ សម្រាក​ព្យាបាល​នៅ​ប្រទេស​សិង្ហបុរី ជិត​មួយ​១​សប្ដាហ៍។ ស្របគ្នា​ពេល​នោះ ក្រុម​អ្នក​ប្រើ​ហ្វេសប៊ុក បាន​បង្ហោះ​សារ​ព្រោងព្រាត ថា លោក ហ៊ុន សែន ឈឺ​ធ្ងន់។ តែ​លោក ហ៊ុន សែន បដិសេធ និង​ព្រមាន​ចាប់ខ្លួន អ្នកប្រើប្រាស់​ហ្វេសប៊ុក​ណា ហ៊ាន​បង្ហោះ​សារ ថា លោក​ឈឺ​ធ្ងន់​តទៅទៀត។

លោក ផៃ ស៊ីផាន បដិសេធ ថា កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​សុក្រ ទី​១៦ សីហា ឬ​ការ​មិន​បាន​បង្ហាញមុខ​នៅ​ពេល​មាន​ទឹកជំនន់​ប៉ុន្មាន​ថ្ងៃនេះ មិនមែន​មានន័យថា លោក ហ៊ុន សែន ឈឺ​ទេ។ លោក បន្ត លោក ហ៊ុន សែន បាន​បញ្ជា​ពី​លើ​ទៅ​ឱ្យ​មន្ត្រី​ជំនាញ​ជួយ​សង្គ្រោះ​ពលរដ្ឋ​ឱ្យ​ទាន់​ពេល​វេលា។

បើ​ទោះ​ជា​មាន​មនុស្ស ៤​នាក់​ហើយ បាន​ស្លាប់​ដោយសារ​ជំនន់​ទឹកភ្លៀង ក្នុង​រយៈពេល​មួយ​សប្ដាហ៍​មកនេះ​ក៏ដោយ តែ​លោក ផៃ ស៊ីផាន ប្រាប់​ថា ស្ថានភាព​ទឹកជំនន់​មិន​ទាន់​មាន​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ ឬ​ប្រកាស​អាសន្ន​ទេ។ លោក​ធានា​ថា បើ​ទឹកជំនន់ ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន លោក ហ៊ុន សែន នឹង​ចុះ​ទៅ​ជួយ​ពលរដ្ឋ​ផ្ទាល់​ភ្លាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល