ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​ព្រៃ​វែង ដែល​​សមត្ថកិច្ច​ចាប់​​រឿង​​បង្ហោះ​ព័ត៌មាន​​​ពី​​ជំងឺ​កូវីដ-១៩ ថា ប្ដី​កំពុង​ជាប់​ឃុំ​នៅ​គុក​​ព្រៃ​ស

ដោយ អាស៊ីសេរី
2020-03-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ឃុត ច្រឹក សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​គុក ក្រោយ​ពី​បង្ហោះ​ព័ត៌មាន​ទាក់ទង​នឹង​ជំងឺ​កូវីដ១៩ ដែល​អាជ្ញាធរ​ចាត់​ទុក​ថា បំផុស​ព័ត៌មាន​ក្លែងក្លាយ​ធ្វើ​ឲ្យ​មាន​ការ​ជ្រួលច្របល់​ក្នុង​សង្គម។
លោក ឃុត ច្រឹក សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​គុក ក្រោយ​ពី​បង្ហោះ​ព័ត៌មាន​ទាក់ទង​នឹង​ជំងឺ​កូវីដ១៩ ដែល​អាជ្ញាធរ​ចាត់​ទុក​ថា បំផុស​ព័ត៌មាន​ក្លែងក្លាយ​ធ្វើ​ឲ្យ​មាន​ការ​ជ្រួលច្របល់​ក្នុង​សង្គម។
រូប៖ ផ្ដល់​ដោយ​លោកស្រី ប៊ុត សាម៉ាក់ ភរិយា​លោក ឃុត ច្រឹក។

ប្រពន្ធ​​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ព្រៃ​វែង ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​រន្ធត់​ចិត្ត នៅ​ពេល​ឃើញ​ប្តី​ជាប់​ក្នុង​ពន្ធនាគារ​ព្រៃ​ស ដោយ​មាន​សភាព​ទ្រុឌ​ទ្រោម។ លោក​ស្រី​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដោះ​លែង​ប្ដី​របស់​ខ្លួន។ ការ​អំពាវនាវ​នេះ ស្រប​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​លិខិត​ថ្កោល​ទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​បាន​បង្កើន​ការ​ចាប់​ចង​សកម្មជន​បក្ស​ប្រឆាំង​ឡើង​វិញ។

 

លោកស្រី ប៊ុត សាម៉ាក់ ភរិយា​លោក ឃុត ច្រឹក ប្រាប់​អាស៊ី​សេរី​ថា លោក​ស្រី​ស្លុត​ចិត្ត​ពេល​ឃើញ​ស្វាមី​របស់​ខ្លួន​ជាប់​ពន្ធនាគារ​បែប​នេះ។ លោក​ស្រី​ថា ប្ដី​របស់​លោកស្រី​គឺ លោក ឃុត ច្រឹក មាន​សភាព​ស្លេកស្លាំង និង​កើត​កន្ទួល​រមាស់​ពេញ​ខ្លួន។ ភរិយា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​នៅ​តែ​យល់​ថា ប្តី​លោក​ស្រី​មិន​បាន​ប្រព្រឹត្តិ​ល្មើស​អ្វី​នោះ​ទេ ដូច្នេះ​លោកស្រី​ទទូច​ទៅ​រដ្ឋាភិបាល​ឲ្យ​ដោះ​លែង​ប្ដី​ខ្លួន​មក​វិញ៖ «គាត់ (លោក ឃុត ច្រឹក) នៅ​ក្នុង​គុក​គាត់​ពិបាក​គាត់​ឈឺ​គាត់​កើត​រមាស់​គាត់​ឈឺ​បំពង់​ក​ពង​បែក​មាត់»

លោក ឃុត ច្រឹក សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​ព្រះ​ស្ដេច ខេត្ត​ព្រៃ​វែង ត្រូវ​បាន​សមត្ថកិច្ច​កោះ​ហៅ​ទៅ​សាកសួរ​រឿង​បង្ហោះ​សារ​តាម​ហ្វេសប៊ុក កាល​ពី​ថ្ងៃ​ទី១០ មីនា កន្លង​ទៅ​នេះ ប៉ុន្តែ​ចាប់​ពី​ពេល​នោះ​មក សមត្ថកិច្ច​មិន​បាន​ផ្ដល់​ដំណឹង​ដល់​សាច់​ញាតិ ឬ​ភរិយា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ទេ ប៉ុន្តែ​ជិត​មួយ​សប្ដាហ៍​ក្រោយ​មក​ទើប​មាន​ដំណឹង​ពី​សារ​ព័ត៌មាន​ថា ត្រូវ​សមត្ថកិច្ច​ចាប់​ឃុំ​ក្នុង​ពន្ធនាគារ។

ទាក់ទង​ករណី​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នេះ គណបក្សសង្គ្រោះជាតិនៅថ្ងៃទី២០ មីនា បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថ្កោលទោស​របប​ក្រុង​ភ្នំពេញ ដែល​បាន​ឃុំ​ខ្លួន លោក ឃុត ច្រឹក និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ទៀត​ថា គ្មាន​មូលដ្ឋាន​ពាក់ព័ន្ធ​នឹង​ការ​សម្ដែង​មតិ​ជុំវិញ​ការ​រីក​រាល​ដាល​នៃ កូវិដ-១៩។ គណបក្ស​ប្រឆាំង​នេះ​ថា ការ​ចាប់​ឃុំ​ខ្លួន​ទាំង​នេះ គឺ​ជា​ទង្វើ​រំលោភ​បំពាន​យ៉ាង​កម្រោល​លើ​សិទ្ធិ​សេរីភាព​នៃ​ការ​សម្ដែង​មតិ​របស់​ពលរដ្ឋ ដែល​ត្រូវ​ការពារ​ដោយ​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ។

មេធាវី​ការពារ​ក្តី​ឲ្យ​លោក ឃុត ច្រឹក គឺ​លោក សំ សុខគង់ ឲ្យអាស៊ីសេរីដឹងថ្ងៃទី២០ ខែ​មីនា​ថា លោក​បាន​ស្នើសុំ​ថត​សំណុំ​រឿង​នេះ​ពី​តុលាការ ប៉ុន្តែ​ក្រឡា​បញ្ជី​បាន​ប្រាប់​លោក​ថា ចៅក្រម​កាន់​សំណុំ​រឿង​នេះ គឺ​លោក កូយ សៅ មិន​ទាន់​អនុញ្ញាត​ឲ្យ​ថត​សំណុំ​រឿង​នេះ​ទេ​ដោយ​សន្យា​ថា ចាំ​សប្ដាហ៍​ក្រោយ។ លោក មេធាវី​បន្ត​ថា ចៅក្រម​ហាក់​មិន​ចង់​ឲ្យ​លោក​ថត​ចម្លង​សំណុំ​រឿង​នេះ​ទាំង​ស្រុង​ទេ គឺ​គ្រាន់​ផ្ដល់​នូវ​ដីកា​សម្រេច​ឃុំ​ខ្លួន​កូន​ក្តី​របស់​លោក​ប៉ុណ្ណោះ។

លោក​មេធាវី សំ សុគង់ ឲ្យ​ដឹង​ទៀត​ថា ត្បិត​សមត្ថកិច្ច​ឃាត់​ខ្លួន​កូន​ក្តី​លោក​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ-១៩ ប៉ុន្តែ​តុលាការ​បែរ​ជា​ចោទ​ប្រកាន់​លើ​សំណុំ​រឿង​នយោបាយ កាល​ពី​ឆ្នាំ២០១៨ ពាក់ព័ន្ធ​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត ការ​ហូប​នំ​បញ្ចុក និង​ករណី ៩ វិច្ឆិកា​ទៅ​វិញ៖ «លោក ចៅក្រម កូយ សៅ បែរ​ជា​យក​សំណុំ​រឿង​ចាស់​មក​អនុវត្ត ហើយ​យក​មក​សម្រេច​ឃុំ​ខ្លួន​យ៉ាង​អយុត្តិធម៌ ដែល​ជា​ការ​សម្រេច​ផ្ទុយ​នឹង​ការ​ប្រសាសន៍​របស់​សម្ដេច ក៏​ដូច​ជា​គោល​ការណ៍​របស់​រដ្ឋាភិបាល​ផង​ដែរ»

មេធាវី​ការពារ​ក្តី​សកម្មជន​គណបក្ស​ប្រឆាំង​រូប​នេះ​រម្លឹក​ថា ប្រមុខ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន កាល​ពី​ឆ្នាំ២០១៩ បាន​បញ្ជា​ឲ្យ​ដោះ​លែង និង​មិន​ឲ្យ​បន្ត​ចាប់​ខ្លួន​មនុស្ស​ដែល​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​​នយោបាយ​ទាំង​នោះ​ទេ។ លោក សំ សុគង់ ស្នើ​ទៅ​តុលាការ​គួរ​ដោះ​លែង​កូន​ក្តី​លោក​ឲ្យ​មាន​សេរីភាព​ឡើង​វិញ៖ «ខ្ញុំ​យល់​ការ​ឃុំ​ខ្លួន​នេះ គឺ​ជា​រឿង​មួយ​មិន​គួរ​ឃុំ​ខ្លួន ហើយ​សុំ​ឲ្យ​តុលាការ​ពិចារណា​ឡើង​វិញ​អំពី​ប្រសាសន៍​របស់​សម្ដេច ដើម្បី​ដោះ​លែង​ពួក​គាត់​ឲ្យ​នៅ​ក្រៅ​ឃុំ ឬ​មាន​សេរីភាព​ក្នុង​ពេល​ឆាប់ៗ នេះ យើង​ឃើញ​ក្រុម​គ្រួសារ​គាត់​សុទ្ធតែ​ជួប​ការ​លំបាក ជា​ពិសេស មាន​បញ្ហា​ជីវភាព»

ជុំវិញ​ការ​លើក​ឡើង​របស់​មេធាវី​ការពារ​ក្តី​សកម្មជន​គណបក្ស​ប្រឆាំង​នេះ អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​លេខាធិការដ្ឋាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ និង​ព្រះ​រាជអាជ្ញា​អម​សាលា​ដំបូង​ក្រុង​ភ្នំពេញ លោក កែវ សុធា ​បាន​ទេនៅថ្ងៃទី២០ ខែមីនា ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

អ្នក​នាំ​ពាក្យ​សមាគម​អាដហុក លោក ស៊ឹង សែនករុណា យល់​ថា ការ​ចាប់​ខ្លួន និង​ការ​ចោទ​ប្រកាន់​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ឃុត ច្រឹក គឺ​មិន​ត្រឹម​ត្រូវ​តាម​នីតិវិធី​នោះ​ទេ។ មន្ត្រី​​សិទ្ធិ​រូប​នេះ​ពន្យល់​ថា ការ​ចាប់​ខ្លួន​ជន​សង្ស័យ ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​ប្រាប់​ដំណឹង គឺ​ជា​ការ​រំលោភ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ក្រុម​គ្រួសារ​ជន​សង្ស័យ។ លោក​បន្ថែម​ថា ការ​ដែល​តុលាការ​បាន​យក​សំណុំ​រឿង​ចាស់​ធ្វើ​ការ​ចោទ​ប្រកាន់​លើ​លោក ឃុត ច្រឹក គឺ​ជា​ការ​រាវ​រក​បទ​ល្មើស​ផ្សេង ដើម្បី​ដាក់​បន្ទុក​លើ​ជន​សង្ស័យ ដែល​ប្រការ​នេះ គឺ​មិន​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់​នោះ​ទេ៖ «ចាប់​ខ្លួន​ហើយ​រាវ​រក​បទ​ល្មើស​តាម​ក្រោយ​មាន​បទ​ល្មើស​អី​ដាក់​បទ​ល្មើស​ហ្នឹង ក្នុង​ច្បាប់​គេ​មិន​ឲ្យ​អនុវត្ត​បែប​នេះ​ទេ គួរ​តែ​មាន​ការ​ពិនិត្យ​ថ្នាក់​ជាតិ​ឡើង​វិញ អំពី​ការ​អនុវត្ត​ច្បាប់​កុំ​ចេះ​អនុវត្ត​ប៉ាត​ណា​ប៉ាត​ណី​របៀប​ហ្នឹង​គួរ​តែ​មាន​ការ​អនុវត្ត​មួយ​ឲ្យ​មាន​ភាព​ត្រឹមត្រូវ​ឲ្យ​ក្លាយ​ជា​ទំនុក​ចិត្ត»

មន្ត្រី​សិទ្ធិ​រូប​នេះ​យល់​ថា សំណុំ​រឿង​ដែល​សមត្ថកិច្ច និង​តុលាការ ធ្វើ​ខុស​នីតិវិធី បែប​នេះ​គួរ​ត្រូវ​ដោះ​លែង​ជន​សង្ស័យ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល