ភរិយា​សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​មណ្ឌលគិរី​ថា ប៉ូលិស​ចាប់​ស្វាមី​ដោយ​អយុត្តិធម៌​ និង​គ្មាន​អាវ​ជាប់​ខ្លួន

ដោយ ម៉ៅ សុធានី
2019-10-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​មណ្ឌលគិរី លោក ឃុំ កាន ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៣។
ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​មណ្ឌលគិរី លោក ឃុំ កាន ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៣។
RFA

ភរិយា​សកម្មជន​គណបក្ស​ប្រឆាំង​ខេត្ត​មណ្ឌលគិរី​ចោទ​មន្ត្រី​ប៉ូលិស​ខេត្ត​នេះ​ថា ចាប់​ស្វាមី​របស់​លោក​ស្រី​​យក​ទៅ​ឃុំ​ខ្លួន​ដោយ​អយុត្តិធម៌​ ព្រោះ​គាត់​មិន​ទាន់​ហូប​បាយ និង​មិន​បាន​ពាក់​អាវ​ផង។លោក​ស្រី​អំពាវនាវ​ដល់​អង្គការ​សង្គម​ស៊ីវិល​ជួយ​តាម​ដាន​រឿង​នេះ​ជា​បន្ទាន់ ដើម្បី​ជំរុញ​ដល់​សមត្ថកិច្ច​ឱ្យ​ដោះលែង​ស្វាមី​មាន​សេរីភាព​វិញ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ ហៅ​ការ​ចាប់​ខ្លួន​នេះ​ថា ជា​សកម្មភាព​អមនុស្ស​ធម៌​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​សកម្មជន​បក្ស​ប្រឆាំង​ដោយ​ខុស​ច្បាប់។

ប៉ូលិស​ចាប់​បញ្ជូន​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​មណ្ឌល​គិរី​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ លោក ឃុំ កាន​ ទៅ​ឃុំ​ខ្លួន​នៅ​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​យ៉ាង​តក់ក្រហល់ ក្រោយ​ពី​ចាប់​ខ្លួន​នៅ​ម៉ោង​១រសៀល​ថ្ងៃ​ទី​២៨​ តុលា។

ភរិយា​លោក ឃុំ កាន គឺ​លោកស្រី ម៉ន ពឿន ប្រាប់​អាស៊ី​សេរី​ ក្រោយ​ពេល​ប៉ូលិស​ចាប់​ខ្លួន​ស្វាមី​ថា ប៉ូលិស​នៃ​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ប្រមាណ ​២០​នាក់ បាន​ឡោម​ព័ទ្ធ​ចាប់​ស្វាមី​លោកស្រី​នៅ​លើ​ផ្ទះ​ក្នុង​ស្រុក​កែវសីមា។ លោក​ស្រី​ថ្លែង​ទាំង​អួល​ដើម​ក​ទៀត​ថា ប្ដី​របស់​លោក​ស្រី​​ទើប​ត្រឡប់​មក​ពី​ភ្ជួរ​ដី​នៅ​ក្បែរ​ផ្ទះ​​​​មិនទាន់​បាន​ហូប​បាយ​ព្រឹក​ផង ក៏​ត្រូវ​ប៉ូលិស​​ចាប់​វាយ​ខ្នោះ​ដៃ​រុញ​គាត់​ឡើង​ឡាន​បញ្ជូន​ចេញ​ពី​ផ្ទះ​យ៉ាង​តក់ក្រហល់។ លោក​ស្រី​ហៅ​ការ​ចាប់​ខ្លួន​របស់​ប៉ូលិស​នេះ​ថា ទង្វើ​អយុត្តិធម៌​មក​លើ​ស្វាមី​ ពីព្រោះ​គាត់​មិន​បាន​ធ្វើ​សកម្មភាព​នយោបាយ និង​​ប្រព្រឹត្ត​ខុស​ច្បាប់​អ្វី​ឡើយ៖ «គេ​ទាញ​ប្ដី​ខ្ញុំ​អត់​មាន​ខោអាវ​ទេ​ គាត់​ស្លៀក​សារុង​ខោខ្លី​ក៏​គ្មាន​ដែរ ខ្ញុំ​សុំ​អង្វរ​គេ​ឱ្យ​ប្ដី​ស្លៀក​ខោ​អាវ​សិន​ គេ​មិន​អោយ​ស្លៀក​ផង។ គេ​ចាប់​ប្ដី​ខ្ញុំ​ហើយ​មាន​តែ​ឱ្យ​គេ​សម្លាប់​ខ្ញុំ​ម្នាក់​ទៀត​ទៅ។ សូម​ជួយ​ខ្ញុំ​ផង​ ខ្ញុំ​ងើប​អត់​រួច​ទេ អូន​អាណិត​ខ្ញុំ​ផង​ កូន​ចៅ​ខ្ញុំ​យំ​ពេញ​ផ្ទះ។ ខ្ញុំ​យ៉ាប់​មែនទែន​គ្មាន​លុយ​មួយ​រៀល​ជាប់​ខ្លួន​ខ្ញុំ​ចេញ​ទៅ​ណា​អត់​រួច​ទេ»

លោក​ស្រី​បន្ត​ថា​ ប៉ូលិស​ចាប់​ខ្លួន​ស្វាមី​បែប​នេះ​ប្រៀប​ដូច​សម្លាប់​លោក​ស្រី​ទាំង​រស់​ ពីព្រោះ​លោក​ស្រី​មាន​ជំងឺ​ដេក​នៅ​ផ្ទះ​រាល់​ថ្ងៃ​មិន​អាច​ទៅ​ធ្វើ​ការងារ​រក​ប្រាក់​ចំណូល​បាន​ទេ ដោយ​​ពឹងផ្អែក​ទៅ​លើ​ស្វាមី​ដាំដុះ​ផលដំណាំ​រក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ​ ប៉ុន្តែ​ដល់​ពេល​ប៉ូលិស​ចាប់​ស្វាមី​​បែប​នេះ​ធ្វើ​ឱ្យ​លោក​ស្រី​គ្មាន​ទី​ពឹង​តែ​ម្ដង។

ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី លោក ឡោ សុខា ប្រាប់​អាស៊ី​សេរី​យ៉ាង​ខ្លី​ថា លោក​មិន​ទាន់​ដឹង​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នេះ​ដោយសារ​មូលហេតុ​អ្វី​នោះ​ទេ៖ «ខ្ញុំ​អត់​ទាន់​ដឹង​ទេ​ចាំ​មើល​ខ្ញុំ​សួរ​ទៅ​ខាង​ជំនាញ​ខ្ញុំ​បន្តិច​សិន ចាំ​តិច​ទៀត​ខ្ញុំ​ផ្ដល់​ឱ្យ​វិញ​ បាទ​ខ្ញុំ​កំពង់​នៅ​ប្រជុំ​បន្តិច​សិន»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នេះ​ថា ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក (Adhoc) លោក​ សឹង សែន​ករុណា មាន​ប្រសាសន៍​ថា ប្រទេស​ប្រជាធិបតេយ្យ​ដែល​គោរព​ច្បាប់​ទម្លាប់​បាន​ត្រឹមត្រូវ​នោះ​ សកម្មជន​បក្ស​រូប​នេះ​នឹង​មិន​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​នោះ​ឡើយ ពីព្រោះ​លោក​ថា សកម្មជន​បក្ស​ប្រឆាំង​ទាំង​ឡាយ​ដែល​ត្រូវ​ចាប់​ខ្លួន​កន្លង​មក​មិន​បាន​ធ្វើ​សកម្មភាព​ណា​មួយ​ផ្ទុយ​ពី​ច្បាប់​កំណត់​​នោះ​ទេ។ លោក​ហៅ​ការ​ចាប់​ខ្លួន​នេះ​ថា ជា​អំពើ​អមនុស្សធម៌​របស់​ប៉ូលិស​មក​លើ​សកម្មជន​បក្សប្រឆាំង​​ដោយ​ខុស​ច្បាប់៖ «អ្វី​ដែល​យើង​សោកស្ដាយ​គឺ សមត្ថកិច្ច​កម្ពុជា​មិន​បាន​អនុវត្តន៍​ ឬ​ក៏​លើក​ស្ទួយ​នូវ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ចុង​ក្រោយ​នេះ​យើង​ឃើញ​ការ​ចាប់​ខ្លួន គឺ​ហាក់​ដូច​លែង​មាន​ការ​ពិនិត្យ​តាម​នីតិវិធី​ច្បាប់​ហើយ​ អ៊ីចឹង​កាល​ណា​ប្រទេស​អនុវត្ត​ច្បាប់​បែប​នេះ​ វា​ជា​ការ​ប៉ះពាល់​សិទ្ធិ​របស់​ពលរដ្ឋ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង។ អង្គការ​សង្គម​ស៊ីវិល​យើង​តែង​តែ​លើក​ឡើង​ថា រឿង​នេះ​គឺ​ពាក់ព័ន្ធ​នឹង​ជម្លោះ​នយោបាយ​វា​មិន​មែន​ជា​រឿង​ការ​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​អី​ទេ»

ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​នេះ​ដែរ​ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ​លោក សួន ចំរើន​ ថ្លែង​ថា កាល​ពី​ថ្ងៃ​ទី២៧ តុលា ប៉ូលិស​ខេត្ត​មណ្ឌលគិរី​បាន​ចាប់​​ខ្លួន​អនុប្រធាន​ប្រតិបត្តិ​ឃុំ​ស្រែព្រះ​ស្រុក​កែវ​សីមា​លោក ដូង សំអេត ដោយ​ចោទ​ប្រកាន់​រួម​គំនិត​ក្បត់​ជាតិ​ ពាក់ព័ន្ធ​នឹង​គម្រោង​ទៅ​ចូល​រួម​អម​ដំណើរ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា។

គិត​ត្រឹម​រសៀល​ថ្ងៃ​ទី២៨ តុលា មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៥៧នាក់​ហើយ ដែល​ត្រូវ​របប​លោក ហ៊ុន សែន ចាប់​ និង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ហើយ​មាន​សកម្មជន​ចំនួន ១៨៦​នាក់​ផ្សេង​ទៀត ត្រូវ​បាន​កោះ​ហៅ​ទៅ​បំភ្លឺ និង​សមត្ថកិច្ច​តាម​ចាប់​ខ្លួន ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់។ ក្រៅ​ពី​នេះ​ ក៏​មាន​សកម្មជន​បក្ស​ប្រឆាំង​ជា​ច្រើន​នាក់​ទៀត​ បាន​រត់​ភៀស​ខ្លួន​រក​កន្លែង​មាន​សុវត្ថិភាព ដើម្បី​គេច​ចេញ​ពី​ការ​តាម​យាយី និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ឬ​ចាប់​ខ្លួន​ពី​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ។

លោក​ សឹង សែន​ករុណា​ យល់​ថា​ ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់​នេះ​ មិន​មែន​ជា​ដំណោះ​ស្រាយ​នយោបាយ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​រឹត​តែ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​គណបក្ស​នេះ ​ដែល​មាន​ជិត​កន្លះ​ប្រទេស​ក្ដៅ​ក្រហាយ​ និង​ស្អប់ខ្ពើម​រដ្ឋាភិបាល​កាន់​តែ​ច្រើន​ឡើង។ លោក​កត់​សំគាល់​ទៀត​ថា​ ប្រជាពលរដ្ឋ​ភាគ​ច្រើន​ចង់​ឱ្យ​ប្រទេស​មាន​ប្រជាធិបតេយ្យ​ពេញលេញ ​និង​មាន​ដំណោះ​ស្រាយ​នយោបាយ​ឡើង​វិញ​ ដើម្បី​រក្សា​ការ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប និង GSP របស់​សហរដ្ឋ​អាមេរិក ដែល​ជា​ប្រយោជន៍​ជួយ​ដល់​សេដ្ឋកិច្ច​ជាតិ ជា​ពិសេស​ធ្វើ​ឱ្យ​កម្មករ​រោងចក្រ​បន្ត​មាន​ការ​ងារ​ធ្វើ​បាន​ប្រាក់​ចំណូល​ដោះ​ស្រាយ​ជីវភាព​គ្រួសារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល