ជីវភាព​ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​ពោធិ៍សាត់​​​ជួប​ការ​លំបាក​បន្ទាប់​ពី​ប្ដី​ជាប់​ពន្ធនាគារ​ជា​ច្រើន​ខែ

ដោយ សេក បណ្ឌិត
2020-01-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ចាន់ សុផាល (រូប​ធំ) សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ស្រុក​វាលវែង និង​លោក ទួន សំអាត (កណ្ដាល) ពាក់​អាវ​ដៃ​វែង​ខោ​ជើង​វែង​ពណ៌​ដី អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដែល​ត្រូវ​អាជ្ញាធរ​ភ្នំពេញ​ចាប់​ដាក់​គុក កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ២០១៩។
លោក ចាន់ សុផាល (រូប​ធំ) សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ស្រុក​វាលវែង និង​លោក ទួន សំអាត (កណ្ដាល) ពាក់​អាវ​ដៃ​វែង​ខោ​ជើង​វែង​ពណ៌​ដី អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដែល​ត្រូវ​អាជ្ញាធរ​ភ្នំពេញ​ចាប់​ដាក់​គុក កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក

ជីវភាព​គ្រួសារ​របស់​ប្រពន្ធ​​សកម្មជន​ជន​គណបក្ស​ប្រឆាំង ​ដែល​កំពុង​ជាប់​គុក​នៅ​ខេត្ត​ពោធិ៍សាត់ ជួប​ការ​លំបាក​ខ្លាំង បន្ទាប់​ពី​ប្ដី​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​អស់​ជា​ច្រើន​ខែ។ប្រពន្ធ​អ្នក​ជាប់​ឃុំ​ទាំង​នោះ​ ​នៅ​តែ​ចាត់​ទុក​ការ​ចាប់​ប្ដី​របស់​ខ្លួន​ ថា ជា​រឿង​អយុត្តិធម៌​ ហើយ​ធ្វើ​ឱ្យ​ជីវភាព​ក្នុង​គ្រួសារ​របស់​ពួកគាត់​​កាន់​តែ​ក្រីក្រ។

ប្រពន្ធ​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ស្រុក​វាលវែង​​​នៅ​តែ​ទទូច​ឱ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ប្ដី​ ហើយ​ត្រូវ​ដោះលែង​ប្ដី​ពួកគេ​​ឱ្យ​បាន​ឆាប់​ ដើម្បី​ជួយ​ធ្វើ​ការងារ​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ។

លោក​ស្រី​ ជី វណ្ណី ប្រពន្ធ​លោក ទួន សំអាត ​ដែល​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​វាល​វែង​មាន​ប្រសាសន៍​ថា​ ប្ដី​របស់​គាត់​ជាប់ពន្ធនាគារ​ប្រមាណ​៨​ខែ​ហើយ។ លោក​ស្រី​បន្ថែម​ថា ចាប់​តាំង​ពី​ប្ដី​ជាប់​ឃុំ​មក​ ​ធ្វើ​ឱ្យ​​គ្រួសារ​របស់​ខ្លួន​​មាន​ទុក្ខ​ព្រួយ​ជា​រៀងរាល់​ថ្ងៃ​ ជា​ពិសេស​ធ្វើ​ឱ្យ​ជីវភាព​​កាន់​តែ​ក្រីក្រ ពីព្រោះ​បាត់​បង់​​មេ​​គ្រួសារ​ ដែល​ជា​មនុស្ស​បង្គោល​ជួយ​រក​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​។ ប្រពន្ធ​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ ​បន្ត​ថា​ សព្វថ្ងៃ​ក្នុង​មួយ​ខែ​លោក​ស្រី​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​១លាន​រៀល ដើម្បី​ផ្ញើ​ទៅ​ឱ្យ​ប្ដី​ចាយវាយ​នៅ​ក្នុង​គុក ពីព្រោះ​ប្ដី​មាន​ជំងឺ​ជា​ច្រើន​មុខ​ និង​ត្រូវ​ទិញ​អាហារ​​ហូប​ចុក​នៅ​ពន្ធនាគារ៖ «ខ្វល់​ខ្វាយ​ពី​រឿង​សុខភាព​គាត់​ ហើយ​ណា​មួយ​ខ្វល់​ពី​រឿង​ជីវភាព​ខ្លួន​ឯង​នៅ​ផ្ទះ​ក៏​ខ្វះខាត​ ណា​យក​ទៅ​អោយ​គាត់​ហូប​ចុក​ផង​ ខ្ញុំ​ពិបាក​ណាស់​រស់​ថ្ងៃ​ ខ្ញុំ​និយាយ​មិន​ចេញ​​ទេ​ ។ខ្ញុំ​ពិបាក​ខ្លាំង​ណាស់​ណា​មួយ​នៅ​ជា​មួយ​កូន​ ហើយ​ក៏​ឈឺ​ផង​ ទៅ​មន្ទីរ​ពេទ្យ​ថ្ងៃ​មុន​នោះ​ ហើយ​ជំងឺ​ខ្លួន​ឯង​ក៏​មិន​សូវ​ជា​ប៉ុន្មាន​ ណា​រក​សង​ធនាគារ​ផង​ ណា​មួយ​យក​ទៅ​ឱ្យ​គាត់​មួយ​ផ្នែក​ផង​ ។ខ្ញុំ​វេទនា​ខ្លាំង​ណាស់​រាល​ថ្ងៃ​នេះ​ ខ្ញុំ​ក៏​កាត់​បន្ថយ​ទៅ​គាត់​ច្រើន​ដែរ​ ជួន​កាល​ឱ្យ​៥ម៉ឺន​ទេ​ឥឡូវ​នេះ​ ខ្ញុំ​រក​លែង​បាន​ហើយ​ ណា​មួយ​ដើរ​ខ្ចី​គេ​ច្រើន​ទៅ​ក៏​គេ​លែង​ឱ្យ»

លោក​ស្រី​បន្ថែម​ទៀត​ថា ​​លោក​ស្រី​គ្មាន​លទ្ធភាព​រក​ប្រាក់​ជូន​ទៅ​ឱ្យ​​ប្ដី​ប្រើប្រាស់​នៅ​ក្នុង​ពន្ធនាគារ​បាន​ទៀត​ឡើយ ព្រោះ​លោក​ស្រី​ម្នាក់​ឯង​មាន​របរ​លក់​ចាប់ហួយ​តូចតាច​ រក​ប្រាក់​មិន​គ្រប់​ដោះ​ស្រាយ​ជីវភាព​គ្រួសារ​ផង​។ ម្យ៉ាង​ទៀត ត្រូវ​រក​ប្រាក់​បង់​ការ​ប្រាក់​ដែល​បាន​ខ្ចី​ពី​ធនាគារ​ ប្រមាណ​១ម៉ឺន​ដុល្លារ​អាមេរិក​យក​មក​ប្រកប​មុខ​របរ​លក់​បាយ​កាល​ដែល​​ប្ដី​មិន​ទាន់​ជាប់​គុក ហើយ​ប្រាក់​នោះ​មិន​ទាន់​សង​គេ​រួច​នៅ​ឡើយ​ទេ។​លោក​ស្រី​ថ្លែង​ទាំង​អួល​ដើម​ក​ទៀត​ថា​ ការ​ចាប់​ប្ដី​ប្រៀប​ដូច​សម្លាប់​លោក​ស្រី​ និង​កូន​ទាំង​រស់​ ពីព្រោះ​លោក ទួន សំអាត ​អាយុ ៧០ឆ្នាំ​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​​ ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ឡើយ៖ «វា​សាហាវ​ពេក​ក្រៃ​ហើយ​ ដើរ​ចាប់​ប្រជាពលរដ្ឋ​ ដោយ​គ្មាន​កំហុស​អីចឹង​យក​ទៅ​ដាក់​ពន្ធនាគារ​ ដោយ​គ្នា​មិន​បាន​ប្រព្រឹត្ត​ខុស​សោះ​ គ្រាន់​តែ​ថា​រឿង​បក្ស​នោះ​រំលាយ​គ្នា​អស់​តាំង​ពី​យូរ​ហើយ​ មក​ចាប់​គ្នា​ដាក់​ពន្ធនាគារ​ទៀត​ គ្នា​មាន​បាន​ធ្វើ​អី​​ នៅ​តែ​ផ្ទះ​មិន​បាន​ទៅ​និយាយ​ស្ដី​ជា​មួយ​ពលរដ្ឋ​​បន្តិច​ផង​ បើ​ថា​បាន​និយាយ​អី​មួយ​ពលរដ្ឋ​ណា​ក៏​អត់»

រីឯ​ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ឃុំ​ប្រមោយ​ ស្រុក​វាលវែង​លោក​ ឡុង ខន គឺ​លោក​ស្រី ឌី រិន ​ថ្លែង​ថា​ លោក​ស្រី​បាន​ជួប​ប្ដី​ក្នុង​ពន្ធនាគារ​ជា​រៀល​សប្ដាហ៍ ហើយ​សង្កេត​ឃើញ​ប្ដី​សុខភាព​ទ្រុឌទ្រោម​ ស្រប​ពេល​​ដែល​លោក​មាន​អាយុ​៧៤​ហើយ រស់​នៅ​ក្នុង​គុក​គ្មាន​អ្នក​មើល​ថែ​។ លោក​ស្រី​បន្ថែម​ថា ចាប់​តាំង​ពី​ប្ដី​ជាប់​គុក​មក​គឺ​ជាង​រយៈ​ពេល​៦​ខែ​មក​ហើយ​​ ហើយ​លោក​ស្រី​ត្រូវ​​រស់​នៅ​​មើល​​ចៅ​អាយុ​ក្រោម ១០ឆ្នាំ តែ​ម្នាក់​ឯង។ ប្រពន្ធ​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ បន្ត​ថា លោក​ស្រី​រវល់​តែ​នៅ​មើល​ចៅ​២នាក់​ ដែល​ម្ដាយ​ឪពុក​របស់​ពួក​គេ​​​ទៅ​ធ្វើ​ការងារ​នៅ​ឆ្ងាយ​ពី​ផ្ទះ​ ព្រោះ​នៅ​ផ្ទះ​គ្មាន​មុខ​របរ​រក​ប្រាក់​ចំណូល ហើយ​​លោក​ស្រី​ក៏​​មិន​មាន​មុខ​របរ​រក​ប្រាក់​ចំណូល​ដែរ៖ «គាត់​នៅ​បាន​ជួយ​ធ្វើ​ការ​ដឹក​បន្លែ​លក់​ ដល់​ឥឡូវ​ខ្ញុំ​វា​ម្នាក់​ឯង​ណា​ចៅ​ជាប់​ដៃ​ ពេល​ណា​ទៅ​មើល​គាត់​ម្ដង​ៗ​ផ្ញើ​គេ​ទៅ​។ខ្ញុំ​ចង់​ថា​បើ​គាត់​ចេញ​មក​វិញ​ធ្វើ​អី​មិន​កើត​នៅ​មើល​ចៅ​ទៅ​ខ្ញុំ​ចេះ​តែ​ដើរ​រក​ស៊ី​លក់​ដូរ​អីចឹង​ទៅ​។ពី​មុខ​ទោះ​បី​អត់​ឃ្លាន​អី​យើង​នៅ​ជុំ​គ្នា​ គ្រាន់​ដោះស្រាយ​ ដល់​ពេល​យើង​បាក់​បែក​គ្នា​ អីចឹង​វា​ពិបាក​ យើង​វា​អត់​វា​ពិបាក​សព្វ​មុខ»

លោក​ស្រីបន្ត​ថា ការ​ចាប់​ប្ដី​គឺ​ជា​រឿង​នយោបាយ​បាយ​ដោយសារ​លោក ឡុង ខន ​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​វាលវែង។ លោក​ស្រី​អំពាវនាវ​សុំ​ឱ្យ​លោក នាយករដ្ឋមន្ត្រី​ហ៊ុន សែន ជួយ​អន្តរាគមន៍​ដោះលែង ប្ដី​ឱ្យ​មាន​សេរីភាព​វិញ ដើម្បី​បាន​នៅ​មើល ​ហើយ​លោក​ស្រីអាច​ប្រកប​របរ​ជួយ​រក​ប្រាក់​ចំណូល​គ្រួសារ។

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ លោក ហេង ដូនីន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៧​មករា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។​​​​

ប៉ុន្តែ​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ពោធិ៍សាត់​លោក ហេង ដូនីន ធ្លាប់​ប្រាប់​អាស៊ី​សេរី​​ថា សំណុំ​រឿង​នេះ​មិន​មែន​ជា​រឿង​នយោបាយ​ទេ​ ប៉ុន្តែ​ជា​បទល្មើស​ព្រៃឈើ​ ហើយ​លោក​ថា តុលាការ​កំពុង​តែ​ដំណើរ​ការ​លើ​រឿង​នេះ៖ «ចាប់​មិន​ដែល​ចាប់​រឿង​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ ចាប់​មាន​តែ​បទល្មើស​បរិស្ថាន។ខាង​តុលាការ​កំពុង​តែ​ចាត់​ការ​រឿង​ហ្នឹង​បាទ

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្ត​នេះ​ មេធាវី​ការពារ​ក្ដី​ឱ្យ​លោក​ ទួន សំអាត​ គឺ​លោក​ ប៊ុន រិទ្ធី ប្រាប់​អាស៊ី​សេរី​ថា​ បើ​ជម្រះ​ក្ដី​តាម​ច្បាប់​លោក​សង្ឃឹម​ថា​ កូន​ក្ដី​របស់​នឹង​​ឈ្នះ​ក្ដី​ ពីព្រោះ​លោក​ថា​ មិន​បាន​កាន់​កាប់​ដី​នៅ​តំបន់​ដែល​តុលាការ​ចោទ​ប្រកាន់​នោះ​ទេ។​លោក​បញ្ជាក់​ថា​ សំណុំ​រឿង​នេះ​ចៅក្រម​ស៊ើបសួរ​បាន​បញ្ជូន​ទៅ​ដល់​តំណាង​អយ្យការ​នៃ​សាលាដំបូង​ខេត្ត​ពោធិ៍សាត់​ម្ដង​ហើយ​ ប៉ុន្តែ​ត្រូវ​តំណាង​អយ្យការ​រុញ​ត្រឡប់​មក​វិញ​ ក្រោម​ហេតុ​ផល​ថា​សំណុំ​រឿង​មិន​ទាន់​គ្រប់​គ្រាន់​​ដូច្នេះ​ លោក​ថា បច្ចុប្បន្ន​សំណុំ​​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​របស់​ចៅក្រម​ស៊ើប​សួរ​​ដដែល៖ «បើ​គេ​និយាយ​អំពី​ច្បាប់​យើង​អាច​មាន​សង្ឃឹម​ច្រើន បើ​គេ​និយាយ​ពី​អី​ក្រៅ​ពី​ច្បាប់​រឿង​ហ្នឹង​យើង​ពិបាក​ដែរ។ប្រសិន​ណា​យក​ច្បាប់​យក​អង្គហេតុ​មក​ធ្វើ​ការ​ចោទ​ប្រកាន់​នេះ​យើង​ឃើញ​​ថា​ភស្តុតាង​វា​អត់​គ្រប់គ្រាន់​ក្នុង​ការ​ចោទ​ប្រកាន់​ទេ តាម​អង្កេត​របស់​ខ្ញុំ»

មន្ត្រី​តុលាការ​នេះ​ មន្ត្រី​ស៊ើបអង្កេត​អង្គការ​ លីកាដូ (Licadho) ខេត្ត​ពោធិ៍សាត់ លោក កែម គីមស្រ៊ន់ យល់​ថា ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នេះ​ជា​រឿង​នយោបាយ​មិនមែន​ជា​បទ​ល្មើស​ព្រៃ​ឈើ​​នោះ​ទេ។​លោក​បន្ថែម​ថា ចាប់​តាំង​ពី​​សកម្មជន​នយោបាយ​ទាំង​នោះ​ជាប់​គុក​មក​ លោក​ចុះ​ស្រាវជ្រាវ​ដល់​ទីកន្លែង​ជា​ច្រើន​លើក​មក​ហើយ​ តែ​រក​មិន​ឃើញ​​មាន​បទល្មើស​នោះ​​ឡើយ។មន្ត្រី​សង្គម​ស៊ីវិល​វិញ​រូប​នេះ​បញ្ជាក់​ថា តុលាការ​បន្ត​ឃុំ​ខ្លួន​ពួកគាត់​យូរ​បែប​នេះ ​បាន​ប៉ះពាល់​ដល់​ការ​រក​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​របស់​ពួកគាត់​ ជា​ពិសេស​ធ្វើ​ឱ្យ​ប្រពន្ធ​និង​កូន​របស់​អ្នក​​ទាំង​នោះ​បាត់​បង់​​បង្គោល​ក្នុង​គ្រួសារ ដើម្បី​រក​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ៖ «ដី​របស់​ពួកគាត់​សុទ្ធតែ​មាន​ឯកសារ​មាន​ប្លង់​ត្រឹមត្រូវ​ ប៉ុន្តែ​ចោទ​ប្រកាន់​គាត់​យើង​មិន​យល់​ថា​ តើ​អាជ្ញាធរ​យក​អី​មក​សំអាង​ទេ​។ ប៉ុន្តែ​យើង​សង្ឃឹម​ថា​ អាជ្ញាធរ​នឹង​លើក​ពួកគាត់​ ដោយសារ​តែ​ការ​ចោទ​ប្រកាន់​ហ្នឹង​វា​ដាក់​បន្ទុក​ធ្ងន់ធ្ងរ​ យើង​ដឹង​ហើយ​ពួកគាត់​សុទ្ធសឹងតែ​ជា​អតីត​សកម្មជន​ ហើយ​គាត់​មាន​តួនាទី​ ហើយ​ប្រតិការណ៍​នៃ​ការ​ចាប់​ខ្លួន​គាត់​ហ្នឹង​ក្នុង​អំឡុង​ពេល​ស្ថានភាព​នយោបាយ​កំពុង​តែ​មាន​បញ្ហា​។អីចឹង​អាជ្ញាធរ​គួរតែ​យោគយល់»

ប្រពន្ធ​អ្នក​ជន​ជាប់​ឃុំ​​ទាំង​នោះ​ ថ្លែង​ថា​ មេធាវី​ការពារ​ក្ដី​បាន​ដាក់​ពាក្យ​សុំ​ឱ្យ​តុលាការ​​ដោះលែង​ប្ដី​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​លើក​ទី​រួច​ហើយ​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​ខាង​មន្ត្រី​តុលាការ​នៅ​ឡើយ​ទេ។ សមត្ថកិច្ច​បាន​ចាប់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​ចំនួន ៧នាក់ ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់ កាល​ពី​ខែ​ឧសភា​ឆ្នាំ​២០១៩។ ក្នុង​នោះ​មាន​អនុប្រធាន​គណបក្ស​ស្រុក​វាលវែង គឺ​លោក ទួន សំអាត ជំទប់​ទី​២ ឃុំ​អូរសោម លោក ប្រាក់ រិន សកម្មជន​គណបក្សប្រឆាំង​ឃុំ​ប្រមោយ លោក ចាន់ សុផល និង​អ្នក​ដទៃ​ទៀត​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ និង​ជា​សកម្មជន​គណបក្ស​ស្រុក​វាលវែង ដោយ​ចោទប្រកាន់​ពី​បទ​ទន្ទ្រានព្រៃ​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ខុសច្បាប់​ដូចគ្នា​។ ចំណែក​ឯ​សកម្មជន​គណបក្សប្រឆាំង​ស្រុក​វាលវែង​ជាច្រើន​នាក់​​ទៀត បាន​រត់​គេច​ខ្លួន​នៅ​ទី​សុវត្ថិភាព មិនទាន់​ត្រឡប់​ទៅ​​ផ្ទះ​វិញ​នៅឡើយ​ទេ ព្រោះ​ខ្លាច​អាជ្ញាធរ​ចាប់​ដាក់គុក​បន្ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល