កម្មករ​រោងចក្រ​នៅ​ភ្នំពេញ​សម្រុក​វិល​ទៅ​ស្រុក​កំណើត ដោយសារ​បារម្ភ​ពី​វិបត្តិ​នយោបាយ

ដោយ ថន ថារ៉ូ
2019-11-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កងកម្លាំង​ចម្រុះ​ប្រមូល​ផ្ដុំ​នៅ​ទីរួម​ខេត្ត​ឧត្ដរមានជ័យ​ត្រៀម​ចេញ​ទៅ​ព្រំដែន កាល​ពី​ថ្ងៃទី៦ វិច្ឆិកា  ឆ្នាំ​២០១៩ ដើម្បី​ទប់ស្កាត់​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។
កងកម្លាំង​ចម្រុះ​ប្រមូល​ផ្ដុំ​នៅ​ទីរួម​ខេត្ត​ឧត្ដរមានជ័យ​ត្រៀម​ចេញ​ទៅ​ព្រំដែន កាល​ពី​ថ្ងៃទី៦ វិច្ឆិកា ឆ្នាំ​២០១៩ ដើម្បី​ទប់ស្កាត់​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។
រូប​ពី​ហ្វេសប៊ុក​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ

កម្មករ និង​កម្មការិនី​មួយ​ចំនួន ដែល​ធ្វើការ​តាម​រោងចក្រ​នានា ក្នុង​រាជធានី​ភ្នំពេញ​អះអាង​ថា ពួកគេ គ្មាន​អារម្មណ៍​ចូលរួម​ពិធីបុណ្យ​អុំទូក ដែល​អាជ្ញាធរ​ប្រារព្ធ​ឡើង ក្នុង​រាជធានី​ភ្នំពេញ​នោះ​ទេ។ ពួកគេ​បាន​សម្រុក​ទៅលេង​ស្រុកកំណើត​ចួប​ជុំ​ក្រុម​គ្រួសារ​រៀងៗ​ខ្លួន ព្រោះ​បារម្ភ​ពី​វិបត្តិ​នយោបាយ និង ការ​ពង្រាយ​កងកម្លាំង​ប្រដាប់​អាវុធ​តាម​ដង​ផ្លូវ និង​ក្នុង​ពិធីបុណ្យ​អុំទូក។

កម្មករ និង​កម្មការិនី ដែល​ធ្វើការ ក្នុង​រោងចក្រ នៃ​រាជធានី​ភ្នំពេញ ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃទី៩ ខែ​វិច្ឆិកា​ថា ឥទ្ធិពល​នយោបាយ និង​ការ​បង្ហាញ​កងកម្លាំងប្រដាប់អាវុធ​ច្រើន​ស្អេកស្កះ​តាម​ផ្លូវ និង​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ គឺជា​ផ្នែក​មួយ ធ្វើ​ឱ្យ​ពួកគេ មិន​ចង់​ចូលរួម​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ នៅ​ឆ្នាំនេះ។

កម្មករ​ធ្វើការ​រោងចក្រ​មួយ​កន្លែង ក្នុង​រាជធានី​ភ្នំពេញ ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ ឱ្យ​ដឹង​ថា មាន​កត្តា​រួមផ្សំ​ជាច្រើន ធ្វើ​ឱ្យ​កម្មករ​កម្មការិនី វិល​ទៅលេង​ស្រុកកំណើត​រួមមាន ជម្លោះ​នយោបាយ ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី និង​ការ​បង្ហាញ​អាវុធ​គ្រប់​ធុន​របស់​សមត្ថកិច្ច​។ លោក​ថា កាលពី​ឆ្នាំ ២០១៣ មានការ​បាញ់​កម្មករ​ស្លាប់ នៅ​ពេល​កម្មករ​ធ្វើបាតុកម្ម តាម​ដង​ផ្លូវ ពី​សំណាក់​អាជ្ញាធរ​ក្រុងភ្នំពេញ ក៏​ជា​ផ្នែក​មួយ​ជះឥទ្ធិពល​អាក្រក់​ដល់​អារម្មណ៍​កម្មករ​ដែរ​៖ «កម្មករ​ភ័យខ្លាច​រឿង​មិនសូវ​ស្រួល​។ មាន​សហជីព​ខ្លះ​គាត់​លើកឡើង​ដែរ​ថា កម្មករ​មិន​ព្រម​ធ្វើការ មិន​ព្រម​ថែម​ម៉ោង ដោយសារ​ខ្លាច​មានរឿង​អី​ទៅ​មិន​ទៅដល់​ផ្ទះ​ទៅ បែក​ប្រពន្ធ​កូន មិន​ជុំ​គ្នា​។ គាត់​ចេះតែ​ខ្លាច បូក​ផ្សំ​អ្នកផ្ទះ​ចេះតែ​ខល​មក»

ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ម្នាក់ ថ្លែង​សុំ​លាក់​ឈ្មោះ ប្រាប់​អាស៊ីសេរី​ថា បុណ្យអុំទូក​ឆ្នាំនេះ ស្ងាត់​ជាង​ឆ្នាំ​មុនៗ ហើយ​ទិដ្ឋភាព​ក្នុង​រាជធានី​ភ្នំពេញ ក៏​ស្ងប់ស្ងាត់​ជាង​សព្វ​មួយ​ដែរ​។ លោក​ថា ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​មួយ​ចំនួន បាន​ធ្វើ​ដំណើរ​កម្សាន្ត​ទៅលេង​ស្រុកកំណើត និង​តាម​រមណីយដ្ឋាន​នានា នៅ​គ្រា​ដែល​អាជ្ញាធរ​កំពុង​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ៖ «ព្រោះ​អី​ស្ងាត់​មែន ខ្ញុំ​ដើរ​មើល​។ ខ្ញុំ​ជិត​តាំងពី​ទីស្តីការ​គណៈរដ្ឋមន្ត្រី ទៅ​វត្តភ្នំ ទៅ​ផ្សារ​ធំ​ថ្មី រហូត​ដល់​វិមានឯករាជ្យ និង​ទៅ​មើល​មុខ​វាំង ដូច​ស្ងាត់ មិនសូវ​សំបូរ​មនុស្ស​ដូច​ឆ្នាំ​មុនៗ»

ឆ្លើយ​តប​រឿង​នេះ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែង​ថា កម្មករ​កម្មការិនី​ទៅ​លេង​ស្រុក​កំណើត ជា​រឿង​ដាក់​ដោយឡែក មិន​ពាក់ព័ន្ធ​រឿង​នយោបាយ​នោះ​ទេ​។ លោក​ថា ការ​ដាក់​ពង្រាយ​កម្លាំង​តាម​ព្រំដែន និង​កងកម្លាំង​សន្តិសុខ​ក្នុង​ពិធី​បុណ្យជាតិ ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល ដើម្បី​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់ មិន​ប៉ះពាល់​ដល់​អារម្មណ៍​ពលរដ្ឋ​ចូលរួម​ពិធីបុណ្យ​អុំទូក​នោះ​ទេ​៖ «ពិធី​អកអំបុក នៅតែ​ពិធី​បុណ្យជាតិ ប្រពៃណី​ជាតិ​របស់​យើង​ដដែល​។ រហូតដល់​ម៉ោង​នេះ ថ្ងៃនេះ រាជរដ្ឋាភិបាល ចំពោះ​កិច្ចការ​ថែរក្សា​សន្តិភាព និង​សុវត្ថិភាព​ជូន​ដល់​មហាជន​របស់​យើង​។ នេះ​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព សង្គម​កម្ពុជា លោក សន ជ័យ យល់ថា ប្រសិនបើ​ប្រទេស​កម្ពុជា ពិត​ជា​មាន​សន្តិភាព​ពេញលេញ​មែន កម្មករ និង​កម្មការិនី នឹង​គ្មាន​ការភ័យខ្លាច​រឿង​នយោបាយ​នោះ​ទេ​។ លោក​ថា គ្រោះថ្នាក់​ជាន់គ្នា​ស្លាប់​រាប់រ​យ​នាក់ កាលពី​ជិត ១០​ឆ្នាំមុន ក៏​ជា​មូលហេតុ​ធ្វើ​ឱ្យ​ពលរដ្ឋ​ភ័យខ្លាច មិន​ហ៊ាន​ចូល​រូ​ម​ពិធីបុណ្យ​អុំទូក​ដែរ​៖ «មាន​ពលរដ្ឋ​មានការ​ជឿជាក់​ថា កម្ពុជា​ពិត​ជា​មាន​សន្តិភាព ពេញលេញ​មែន​ម្ល៉េះ​សម​ពួកគេ គ្មាន​ការភ័យខ្លាច​បែបនេះ​ទេ​។ គួរតែ​មាន​វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នកណា ដែល​និយាយ​បំភ័យ​ពលរដ្ឋ ក្នុង​រូបភាព​បែបនេះ មិន​គួរ​មានការ​លើក​លែ​ន​នោះ​ទេ»

ថ្មីៗ​នេះ ក្រសួងមហាផ្ទៃ​ដាក់​ចេញ​នូវ​វិធានការ​រឹត​បន្តឹង​សន្តិសុខ​នៅ​អំឡុង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ និង​ព្រះ​រាជពិធី​បុណ្យអុំទូក ដោយសារតែ​ជា​ពេលវេលា​នៃ​ការប្រកាស​វិល​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​មកដល់​។ មន្ត្រី​សិទ្ធិមនុស្ស​យល់ថា វិធានការ​របស់​អាជ្ញាធរ​នេះ ជា​ទង្វើ​រឹតត្បិត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល