ពលករ​ខ្មែរ​មួយ​ក្រុម​ធ្វើ​ការ​នៅ​ថៃ​​​ប្ដេជ្ញា​ទៅ​ចូល​រួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ

ដោយ ហេង រស្មី
2019-10-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលករ​ខ្មែរ​ប្រមាណ ៥០នាក់ នៅ​ប្រទេស​ថៃ ​ប្រមូល​ផ្ដុំ​គ្នា​ប្ដេជ្ញា​ចិត្ត​ត្រៀម​ខ្លួន​ទៅ​អម​ដំណើរ​អ្នក​ដឹក​នាំ​គណបក្ស​ប្រឆាំង​វិល​ចូល​ស្រុក​​នៅ​​ថ្ងៃ​ទី៩ វិច្ឆិកា។
ពលករ​ខ្មែរ​ប្រមាណ ៥០នាក់ នៅ​ប្រទេស​ថៃ ​ប្រមូល​ផ្ដុំ​គ្នា​ប្ដេជ្ញា​ចិត្ត​ត្រៀម​ខ្លួន​ទៅ​អម​ដំណើរ​អ្នក​ដឹក​នាំ​គណបក្ស​ប្រឆាំង​វិល​ចូល​ស្រុក​​នៅ​​ថ្ងៃ​ទី៩ វិច្ឆិកា។
រូប៖ ពលករ​ផ្ដល់​ឱ្យ

ពលករ​ខ្មែរ​ប្រមាណ ៥០នាក់ ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ​ប្រមូល​ផ្ដុំ​គ្នា​ប្ដេជ្ញា​ចិត្ត​ត្រៀម​ខ្លួន​ទៅ​អម​ដំណើរ​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​វិល​ចូល​ស្រុក​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា។ ពួក​គេ មាន​សេច​ក្ដី​សង្ឃឹម​ថា​ ការ​ធ្វើ​មាតុភូមិ​និវត្តនេះ នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​កម្ពុជា​មាន​សេចក្ដី​សុខសាន្ត។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថ្លែង​​ថា ការ​ជួប​ជុំ​គ្នា​នេះ ​ជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ដោយ​ស្រប​ច្បាប់។

ក្រុម​ពលករ​ខ្មែរ​ទាំង​នេះ​ជួប​ប្រជុំ​គ្នា​នៅ​ខេត្ត​ជាប់​ទីក្រុង​បាងកក​ប្រទេស​ថៃ​នៅ​ព្រឹក​ថ្ងៃ​ទី២៧ តុលា។ ពួក​គេ​ប្ដេជ្ញា​ចិត្ត​ត្រៀម​ខ្លួន​វិល​ចូល​ស្រុក​វិញ​ ដោយ​មិន​ខ្លាច​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ចាប់​ដាក់​ពន្ធនាគារ​ឡើយ។

តំណាង​ពលករ​ម្នាក់​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ លោក គាំ គឹម​គុយ ប្រាប់​អាស៊ី​សេរី ក្រោយ​ពេល​ជួប​ប្រជុំ​គ្នា​ថា លោក​បែក​ពី​ឪពុក​ម្ដាយ​មក​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ប្រមាណ ១០ឆ្នាំ​ហើយ ដោយ​ពុំ​មាន​ប្រាក់​សង់​ផ្ទះ​ឱ្យ​បាន​សមរម្យ​ដូច​អ្នក​មាន​លុយ​មួយ​ចំនួន​នៅ​ក្នុង​ស្រុក​នៅ​ឡើយ​ទេ។ ពលករ​រូប​នេះ​បន្ថែម​ថា ពួក​លោក​ជួប​ប្រជុំ​គ្នា​ប្ដេជ្ញា​ចិត្ត​វិល​ចូល​ស្រុក​វិញ ដោយសារ​មិន​ពេញ​ចិត្ត​របប​ដឹក​នាំ​សព្វ​ថ្ងៃ​ចាប់​ចង​មនុស្ស​តាម​អំពើ​ចិត្ត​ ជា​ពិសេស​មួយ​រយៈ​ចុង​ក្រោយ​នេះ​សមត្ថកិច្ច​ចាប់​សកម្មជន​បក្ស​ប្រឆាំង​ជា​ច្រើន​នាក់​ដាក់​គុក​ ទោះ​ជា​ពួក​គេ​​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់ក៏​ដោយ៖ «បាទ​ខ្ញុំ​នឹង​ទៅ​អម​ដំណើរ​លោក​ សម រង្ស៊ី រហូត​មាន​ការ​ប្ដូរ​នាយករដ្ឋមន្ត្រី​ថ្មី។ ខ្ញុំ​ឃើញ​មន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន​គាត់​លះបង់​ប្រពន្ធ​កូន និង​ទ្រព្យសម្បត្តិ ហើយ​សុខ​ចិត្ត​ចុះ​ចេញ​ពី​តំណែង​មក​នៅ​ប្រទេស​ថៃ​ មិន​ចូល​ជា​មួយ​របប​លោក ហ៊ុន សែន ដល់​អ៊ីចឹង​ហើយ​ខ្ញុំ​ជា​ពលករ​ចង់​បាន​ប្រជាធិបតេយ្យ​ដល់​ប្រទេស​របស់​ខ្ញុំ ខ្ញុំ​ស្រឡញ់​ជាតិ​ខ្ញុំ»

លោក​បន្ត​ថា រោងចក្រ​ផលិត​គ្រឿង​បន្លាស់​រថយន្ត ដែល​លោក​ធ្វើ​ការ​នៅ​ជាប់​ទីក្រុង​បាងកក មាន​ពលករ​ខ្មែរ​ចំនួន ៣០០​នាក់ ក្នុង​នោះលោក​ថា ពលករ​ប្រហែល ៨០ភាគ​រយ​បាន​ត្រៀម​ខ្លួន​ទៅ​ចូល​រួម​អម​ដំណើរ​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ចូល​កម្ពុជា​វិញ​នៅ​ពេល​ខាង​មុខ។​​​

ពលករ​ខ្មែរ​មួយ​រូប​ទៀតមក​ពី​ខេត្ត​កំពង់ធំ​ធ្វើ​ការ​រោងចក្រ​ផលិត​គ្រឿង​បន្លាស់​រថយន្ត​នៅ​ប្រទេស​ថៃ​លោកស្រី ប៊ូ ស៊ីនិត ​ដែល​បាន​ចូល​រួម​ប្ដេជ្ញា​ចិត្ត​ត្រឡប់​ទៅ​កម្ពុជា​ដែរ​អះអាង​ថា មូលហេតុ​ដែល​លោក​ស្រី​ត្រឡប់​ទៅ​កម្ពុជា​វិញ​ ដោយសារ​មិន​ពេញ​ចិត្ត​លោក​ ហ៊ុន សែន ដែល​បាន​ដឹក​នាំ​ប្រទេស​ជិត​ ៤០ឆ្នាំ​ហើយ ប៉ុន្តែ​ពលរដ្ឋ​នៅ​តែ​ក្រីក្រ​ ហើយ​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក​ចោល​ឪពុកម្ដាយ ដើម្បី​រក​ប្រាក់​ដោះ​ស្រាយ​ជីវភាព​គ្រួសារ។ លោក​ស្រី​កត់​សំគាល់​ទៀត​ថា កត្តា​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ក្រីក្រ​ច្រើន​ដោយសារ​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ពុក​រលួយ​ដល់​ឆ្អឹង​ ប្រកាន់​បក្ស​ពួក​និយម និង​មិន​ជួយ​រក​ទីផ្សារ​លក់​កសិផល​ជូន​កសិករ។ លោក​ស្រី​ថា កសិករ​ដាំដុះ​បាន​ផល​ហើយ តែ​ត្រូវ​បង្ខំ​ចិត្ត​​លក់​ក្នុង​តម្លៃ​ទាប​ ឬ​គ្មាន​អ្នក​ទិញ​ ធ្វើ​ឱ្យ​ពួក​គាត់​​ខាត​ទុន​ ហើយ​ជំពាក់​ប្រាក់​ធនាគារ​កាន់​តែ​ច្រើន​ឡើង៖ «ហេតុ​ផល​គឺ​ខ្ញុំ​ចង់​ប្ដូរ​មេ​ដឹក​នាំ​ថ្មី​ឱ្យ​មាន​ការងារ​ធ្វើ​នៅ​ស្រុក​ខ្មែរ​កុំ​ឱ្យ​ពលករ​ខ្មែរ​មក​ធ្វើ​ការ​ស្រុក​គេ​ដូច​សព្វ​ថ្ងៃ ព្រោះ​មក​នៅ​ប្រទេស​គេ​មិន​ស្រួល​ដូច​នៅ​ស្រុក​កំណើត​នោះ​ទេ​ ពិបាក​ក្នុង​ការ​ទំនាក់ទំនង​គ្នា​ ដោយសារ​តែ​ក្រពះ»

មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន បាន​ប្រកាស​​ជា​បន្តបន្ទាប់​ថា ប្រជាពលរដ្ឋ​​ណា​ដែល​មាន​ពាក់ព័ន្ធ​នឹង​គម្រោង​​ចូល​រួម​អម​ដំណើរ​ប្រធាន​ស្ដី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម រង្ស៊ី ​វិល​ចូល​ស្រុក​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​មាន​ទោស​ក្បត់​ជាតិ ដែល​សមត្ថកិច្ច​របស់​លោក​នឹង​​តាម​ចាប់​ពួក​គេ​ដាក់​គុក ដោយ​មិន​ឱ្យ​រួច​ខ្លួន​ឡើយ។

ទោះ​ជា​យ៉ាងណា លោក សម រង្ស៊ី បាន​ប្រកាស​ម្ដង​ហើយ​ម្ដង​ទៀត​ថា លោក និង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រស់​នៅ​ក្រៅ​ប្រទេស​នឹង​ធ្វើ​មាតុភូមិ​និវត្តន៍​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាង​មុខ។ លោក​អះអាង​ថា ការ​វិល​ត្រឡប់​ចូល​ស្រុក​វិញនេះ គឺ​ដើម្បី​ទៅ​ដោះ​ស្រាយ​បញ្ហា​ជាតិ​ដែល​របប​លោក ហ៊ុន សែន មិន​អាច​ដោះ​ស្រាយ​បាន​ ជាពិសេស​គឺ​ ទៅ​ជួយ​កុំ​ឱ្យ​ប្រទេស​កម្ពុជា​បាត់​បង់​ការ​អនុគ្រោះ​ពន្ធ​ពី​ទីផ្សារ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក។

អ្នក​សម្រប​សម្រួល ​និង​អង្កេត​​អង្គការ​ ខុមហ្វ្រែល (comfrel) លោក កន សាវាង្ស  លើក​ឡើង​ថា​ ក្រុម​ពលករ​ជួប​ប្រជុំ​គ្នា​នេះ​ មិន​ខុស​ច្បាប់​នោះ​ទេ​ ព្រោះ​ជា​ការ​សម្ដែង​មតិ​ផ្នែក​នយោបាយ​ ដែល​ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ឈប់​ចាប់​ចង​តាម​អំពើ​ចិត្ត​បន្ត​ទៀត ព្រោះ​ការ​ធ្វើ​បែប​នេះ​បាន​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​របស់​ពលរដ្ឋ៖ «ហើយ​បើ​ប្រជាពលរដ្ឋ​បាន​សម្ដែង​មតិ​ហើយ​យើង​ចាត់​ថា ជា​ការ​គាំទ្រ​គណបក្ស​មួយ ដែល​មិន​មែន​ជា​គណបក្ស ឬ​ក្រុម​របស់​ខ្លួន​ ហើយ​ចាត់​ទុក​ថា​ជា​ក្រុម​ផ្សេង​ហើយ​ថា​ជា​ក្រុង​ប្រឆាំង​នឹង​ខ្លួន​ ដែល​ជា​ក្រុម​ក្បត់​ជាតិ​នោះ​មិន​ត្រឹម​ត្រូវ​ទេ ហើយ​ក្នុង​ច្បាប់​ក៏​មិន​ទាន់​បាន​ពេញលេញ​នៅ​ក្នុង​ការ​ចោទ​ប្រកាន់​ថា​ជា​ក្បត់​ជាតិ​ដែរ។ អ៊ីចឹង​ចំណុច​យើង​គួរ​តែ​ធ្វើ​ការ​ពិចារណា»

បន្ថែម​ពីលើ​នេះ ​លោក កន សាវាង្ស ទទូច​ដល់​មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​រក​ផ្លូវ​​ចរចា​ត្រូវ​រ៉ូវ​គ្នា​ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ ប្រសើរ​ជាង​ទាស់ទែង​គ្នា​នាំ​ឱ្យ​ខាត​បង់​ដល់​ប្រយោជន៍​ជាតិ​ ជា​ពិសេស កម្មករ​រោងចក្រ​ប្រឈម​នឹង​អត់​ការ​ធ្វើ​ ប្រសិនបើ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ EBA និង GSP មែន​នោះ។

ក្រុម​ពលករ​នៅ​ប្រទេស​ថៃ​ រំពឹង​ថា​ កម្លាំង​សាមគ្គី​របស់​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​ នឹង​អាច​ជួយ​ស្ដារ​មុខ​មាត់​របស់​កម្ពុជា​ឱ្យ​បាន​ប្រសើរ​ឡើង​វិញ​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​ប្រទេស​នឹង​មាន​ការ​អភិវឌ្ឍន៍​ជឿនលឿន​ជាង​ពេល​បច្ចុប្បន្ន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល