ក្រុម​យុវជន​ស្វែងយល់​អំពី​ហានិភ័យ​នៅ​តំបន់​ព្រំដែន​ជាប់​ប្រទេស​វៀតណាម

ដោយ វ៉ែន សុមេធ
2020-08-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ និង​ទាហាន​វៀតណាម ឈរ​នៅ​តំបន់​ទួល​តា​ព្រាប និង​លើ​វាល​ស្រែ​ដែល​ពលរដ្ឋ​កម្ពុជា អះអាង​ថា ជា​អតីត​ទឹក​ដី​ខ្មែរ នា​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៥។
ពលរដ្ឋ និង​ទាហាន​វៀតណាម ឈរ​នៅ​តំបន់​ទួល​តា​ព្រាប និង​លើ​វាល​ស្រែ​ដែល​ពលរដ្ឋ​កម្ពុជា អះអាង​ថា ជា​អតីត​ទឹក​ដី​ខ្មែរ នា​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Tha Kitya

យុវជន​មួយ​ក្រុម​ធ្វើ​សិក្ខាសាលា​ចែករំលែក​ចំណេះដឹង​អំពី​ហានិភ័យ​នៅ​តំបន់​ព្រំដែន​ជាប់​ប្រទេស​វៀតណាម​ដល់​ក្រុម​យុវជន​ដូចគ្នា ដើម្បី​រួមគ្នា​ការពារ​អត្ថប្រយោជន៍​របស់​ជាតិ នៅ​តំបន់​ព្រំដែន​។ ពិធី​នេះ​មាន​យុវជន​ប្រមាណ ៧០​នាក់​ចូលរួម​នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី២ សីហា។

តំណាង​អ្នក​រៀបចំ​កម្មវិធី​យុវជន សុខ រដ្ឋា ថ្លែង​ថា សិក្ខាសាលា​នេះ​ធ្វើឡើង បន្ទាប់ពី​ពួក​លោក​បាន​ចុះ​សិក្សា​តាម​ព្រំដែន​នៅ​ខេត្ត​កំពត​តាកែវ និង​ខេត្ត​កណ្ដាល កាលពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី៦ កក្កដា រក​ឃើញ​បញ្ហា​មួយ​ចំនួន​ដូចជា កន្លែង​ខ្លះ​មិន​សូវ​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ កន្លែង​ខ្លះ​ទៀត​មាន​ជនជាតិ​វៀតណាម​រស់នៅ​ច្រើនជាង​ពលរដ្ឋ​ខ្មែរ និង​ពុំ​សូវ​មានការ​អភិវឌ្ឍន៍​នៅ​តំបន់​ព្រំដែន ជាដើម។ លោក​ព្រួយបារម្ភ​ថា បញ្ហា​ទាំងនេះ ប្រសិនបើ​យុវជន​មិន​ចូល​រួមគ្នា​ឈឺឆ្អាល​រឿង​ព្រំដែន​ទេ នោះ​អាច​នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​នៅ​ពេល​ខាងមុខ៖ «ខ្ញុំ​ចង់​ឱ្យ​យុវជន​យើង​ហ្នឹង​ចូលរួម​ឱ្យ​បាន​ច្រើន​ទោះបីជា​មានការ​គំរាមកំហែង ពី​អាជ្ញាធរ​ជាដើម ដូច​យើង​ទៅ​ហ្នឹង​គឺ​មាន​ការ​ប្រឈមមុខ​អាជ្ញាធរ​ដូចគ្នា​ហ្នឹង។ អាជ្ញាធរ​ហាមឃាត់​បិទ​សិទ្ធិ​ពួក​យើង គ្រាន់តែ​ឮឈ្មោះ​និស្សិត​ក៏​គេ​ទាក់ទង​ទៅ​គ្នា​គេ​ហាមឃាត់​ដែរ។ អីចឹង​វា​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​មួយ​ចំពោះ​យុវជន អីចឹង​យើង​ចង់​ឱ្យ​យុវជន​ចូលរួម​ឱ្យ​បាន​ច្រើន​ចំពោះ​រឿង​ហ្នឹង»

សិក្ខា​នេះ​មាន​បញ្ចាំ​រូបភាព​អំពី​សកម្មភាព​របស់​ក្រុម​យុវជន ចុះ​ពិនិត្យ​តាម​ព្រំដែន​ចែក​ជូន​អ្នកចូលរួម​ស្វែងយល់ ដើម្បី​រួមគ្នា​ការពារ​តំបន់​ព្រំដែន​ផង​ដែរ។

ចំណែក កញ្ញា ទូច សុខគា ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ​ឱ្យ​ដឹង​ថា នេះ​ជា​លើកទីមួយ​ហើយ​ដែល​កញ្ញា​បាន​ចូលរួម​ស្វែងយល់​បញ្ហា​ព្រំដែន​។​យុវតី​រូប​នេះ បញ្ជាក់​ថា សិក្ខាសាលា​នេះ​បាន​ជំរុញ​ឱ្យ​កញ្ញា​ស្រលាញ់​ជាតិ​កាន់តែ​ខ្លាំង ជាពិសេស​បញ្ហា​ទឹកដី​នៅ​តំបន់​ព្រំដែន។ កញ្ញា​បន្ថែម​ថា ក្រោយ​ពេល​ចប់​ពិធី​នេះ កញ្ញា​នឹង​ចូលរួម​ជាមួយ​ក្រុម​យុវជន​ដទៃ​ទៀត ចុះ​ពិនិត្យ​តាម​ព្រំដែន​ឱ្យ​បាន​សកម្ម៖ «សម្រាប់​សិក្ខាសាលា​ហ្នឹង​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​អាច​បំផុស​ទឹកចិត្ត​ដល់​ក្រុម​យុវជន​ស្វែងយល់​ច្រើន​ពី​បញ្ហា​ព្រំដែន​ហ្នឹង។ អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ឈឺចាប់​នៅ​ពេល​ដែល​គាត់​លើកឡើង​នោះ គាត់​និយាយ​ថា នៅ​ពេល​ដែល​គាត់​ចុះទៅ​ព្រំដែន​ម្ដងៗ​ហ្នឹង គឺ​មាន​ការរារាំង​ខ្លាំង​ពី​អាជ្ញាធរ។ ក្នុងនាម​យើង​ជា​ពលរដ្ឋ​ខ្មែរ ទៅ​សិក្សា​នៅ​តំបន់​ព្រំដែន​របស់​យើង​ហ្នឹង យើង​ត្រូវតែ​ភូត​កុហក​គេ​ថា ទៅ​លែង​ផ្ទះ​បងប្អូន ឬក៏​មានធុរៈ​មានការ​មានបុណ្យ​ទាន​អី​នៅផ្ទះ​បងប្អូន​នៅ​ក្បែរៗ​ហ្នឹង​ទើបបាន​គេ​ឱ្យ​យើង​ចូល​ទៅ​ដល់»

អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ផាត សុផានិត ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃ​ទី​២​សីហា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ពុំ​មាន​អ្នកទទួល។

ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​បក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​អាស៊ីសេរី​ថា ប្រជាពលរដ្ឋ​មិនបាច់​ព្រួយបារម្ភ​ខ្លាច​បាត់បង់​ទឹកដី​នៅ​តាម​ព្រំដែន​នោះ​ទេ ព្រោះ​រដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​បញ្ហា​ព្រំដែន​ជា​សំខាន់​រួចហើយ៖ «ខ្ញុំ​អត់​មាន​យោបល់​អី​ជាមួយ​គាត់​ទេ ក៏ប៉ុន្តែ​សំណូមពរ​របស់ខ្ញុំ​ថា​ទៅ​ណា​ឱ្យ​ជូនដំណឹង​គ្នា។ យើង​សុទ្ធតែ​ខ្មែរ​តើ​រឿង​អី​យើង​មិន​ទៅ​រក​អាជ្ញាធរ​មូលដ្ឋាន ភូមិ​មាន ឃុំ​មាន ប៉ូលិស​ព្រំដែន មាន​មូលហេតុ​អី​បានជា​យើង​ទៅ​តែ​ឯកឯង តើ​ទៅ​តែ​ឯកឯង​គេ​ថា​យើង​ជា​មនុស្ស​មិន​ប្រក្រតី​ហើយ​។ តែ​មិន​ប្រក្រតី​គេ​ឃាត់​ហើយ ទៅ​ចូល​អត់​ដឹង​ក្បាល​កន្ទុយ​អី​ទៅ​ចូល​ដី​គេ​គេ​ចាប់ចង​ទៅ​ពិបាក​យើង​ដោះស្រាយ​ទៀត​ហើយ»

ទោះជា​យ៉ាងណា​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា លោក សន ជ័យ មាន​ប្រសាសន៍​ថា ក្រុម​យុវជន​យកចិត្តទុកដាក់​បញ្ហា​ព្រំដែន គឺជា​រឿង​ល្អ​ដែល​ជួយ​ជំរុញ​ឱ្យ​ប្រទេស​មាន​ការ​អភិវឌ្ឍន៍​រីក​ចំរើន​បាន​ឆាប់រហ័ស​។ លោក​បញ្ជាក់​ថា ការអភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​នៅ​តំបន់​ព្រំដែន​នៅ​ជាប់​ប្រទេស​វៀតណាម​យឺត​ជាង​ប្រទេស​ជិត​ខាង​ឆ្ងាយ បណ្ដាល​ឱ្យ​ពលរដ្ឋ​មិន​ចង់​រស់នៅ​ព្រំដែន។ លោក​សំណូមពរ​ឱ្យ​រដ្ឋាភិបាល​សង់​សាលា​រៀន ផ្លូវថ្នល់ និង​មន្ទីរពេទ្យ​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​រស់នៅ​ព្រំដែន​ឱ្យ​បាន​ច្រើន ធ្វើ​ជា​រនាំង​ជួយ​ការពារ​ទឹកដី​ឱ្យ​បាន​គង់វង្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល