នគរបាល​រក​ឃើញ​គ្រឿង​ញៀន ១០០គីឡូ​ក្រាម​ពី​ជន​សង្ស័យ ៤នាក់ នាំ​ចូល​​ពី​ប្រទេស​ថៃ​ទៅ​ខេត្ត​កំពង់ធំ

ដោយ ខែ សុណង
2019-10-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(កណ្ដាល) ជនជាតិ​ខ្មែរ ៣នាក់ ថៃ​ម្នាក់ និង​គ្រឿងញៀន ១០០​គីឡូក្រាម ដែល​អាជ្ញាធរ​ចាប់​បាន​នៅ​ខេត្ត​កំពង់ធំ ថ្ងៃ​ទី២១ ខែតុលា ឆ្នាំ២០១៩។
(កណ្ដាល) ជនជាតិ​ខ្មែរ ៣នាក់ ថៃ​ម្នាក់ និង​គ្រឿងញៀន ១០០​គីឡូក្រាម ដែល​អាជ្ញាធរ​ចាប់​បាន​នៅ​ខេត្ត​កំពង់ធំ ថ្ងៃ​ទី២១ ខែតុលា ឆ្នាំ២០១៩។
រូប៖ ​នគរបាល​ជាតិ

នគរបាល​រក​ឃើញ​គ្រឿងញៀន​ចំនួន ៦០គីឡូ​ក្រាម​ថែម​ទៀត ​ពី​ក្រុម​​ជន​សង្ស័យ ៤នាក់ ដែល​ចាប់​បាន​នៅ​ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី២១ តុលា។ ការ​រក​ឃើញ​នេះ ក្រោយ​ពេល​នគរបាល​សួរ​ចម្លើយ​ជន​សង្ស័យ​ទាំង ៤នាក់ រយៈ​ពេល ២ថ្ងៃ គឺ​ពី​ថ្ងៃ​ទី២៣ និង ២៤ តុលា។

កាល​ពី​ថ្ងៃ​ទី២១ តុលា នគរបាល​ចាប់​ខ្លួន​ ជនជាតិ​ខ្មែរ ៣នាក់ និង​ថៃ​ម្នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ចំនួន ៤០​គីឡូក្រាម។ ក្រោយ​ពេល​សួរ​ចម្លើយ និង​ឆែកឆេរ​ផ្ទះ​ប្រក់​ស័ង្កសី​មួយ​កន្លែង ក្នុង​ភូមិ ​សាន​គរ​ ខ ឃុំ​សាន​គរ​ ស្រុក​កំពង់ស្វាយ​ ខេត្ត​កំពង់ធំ​ នគរបាល​រក​ឃើញ គ្រឿងញៀន ៥៣​គីឡូក្រាម​ថែម​ទៀត នៅ​ក្នុង​វ៉ាលីស៍ (កាបូប) ចំនួន ៣។ ចំនួន​នេះ បាន​ធ្វើ​ឲ្យ​គ្រឿងញៀន កើន​ដល់​ ៩៣​គីឡូ​ក្រាម។ នៅ​ថ្ងៃ​ទី២៤ តុលា សមត្ថកិច្ច​បាន​រក​ឃើញ គ្រឿងញៀន​ចំនួន​ ៧​គីឡូក្រាម​ថែម​ទៀត ដែល​ជន​សង្ស័យ​បាន​យក​លាក់​ទុក​ក្នុង​កាបូប​មួយ​ទៀត នៅ​ក្រៅ​ផ្ទះ​នោះ។

អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ទទួល​បន្ទុក​បង្ក្រាប​គ្រឿងញៀន លោក ម៉ក់ ជីតូ ប្រាប់​អាស៊ី​សេរី​ថា គ្រឿង​ញៀន​ចំនួន ៧គីឡូក្រាម​ ដែល​បាន​រក​ឃើញ​ថែម​ទៀត នៅ​ថ្ងៃ​ទី២៤ តុលា ធ្វើ​ឲ្យ​គ្រឿងញៀន​នេះ កើន​ដល់​ចំនួន ១០០​គីឡូ​ក្រាម​គត់។

លោក ម៉ក់ ជីតូ ប្រាប់​ថា សមត្ថកិច្ច​បាន​ដឹង​តម្រុយ​ពី​គ្រឿងញៀន​ទម្ងន់ ១០០​គីឡូក្រាម ដែល​​ក្រុម​ជន​សង្ស័យ​នាំ​ចូល​ពី​ប្រទេស​ថៃ​ចូល​កម្ពុជា តាម​ច្រក​អូរ​ស្មាច់ ទើប​សមត្ថកិច្ច​តាម​រក​ឲ្យ​ឃើញ​គ្រប់​ចំនួន។ មក​ដល់​ពេល​នេះ សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​លើ​ជន​សង្ស័យ​ទាំង៤។ លោក ម៉ក់ ជីតូ បន្ត​ថា សមត្ថកិច្ច​កម្ពុជា កំពុង​សហការ​ជាមួយ​ថៃ ដើម្បី​រក​មេ​ក្លោង​នៅ​ប្រទេស​ថៃ។ ចំណែក​នៅ​កម្ពុជា​វិញ លោកថា ក៏​មាន​មេ​ក្លោង​ជាប់​ពាក់ព័ន្ធ​សំណុំ​រឿង​មួយ​នេះ​ដែរ ហើយ​នគរបាល​កំពុង​ស្រាវជ្រាវ​រកមេខ្លោង​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល