អតីត​គ្រូបង្រៀន ១១​នាក់​ដែល​រង​ការ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ រំពឹង​ឈ្នះ​ក្ដី​សាលាឧទ្ធរណ៍

ដោយ ទីន ហ្សាការីយ៉ា
2020-03-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក រ៉ុង ឈុន និង​គ្រូបង្រៀន ៦នាក់​ក្នុង​ចំណោម ១១នាក់ ថ្លែង​​ទៅកាន់​​​អ្នក​កាសែត នៅ​ទល់​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ២០១៩។
លោក រ៉ុង ឈុន និង​គ្រូបង្រៀន ៦នាក់​ក្នុង​ចំណោម ១១នាក់ ថ្លែង​​ទៅកាន់​​​អ្នក​កាសែត នៅ​ទល់​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ២០១៩។
រូបថត៖ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី

ក្រុម​អតីត​គ្រូបង្រៀន ចំនួន ១១​នាក់ ដែល​ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បញ្ចប់​ក្របខ័ណ្ឌ រំពឹង​ថា នឹង​ឈ្នះក្ដី​នៅ​សាលាឧទ្ធរណ៍ ហើយ​ទទួល​បាន​ក្របខ័ណ្ឌ​គ្រូ​បង្រៀន​មកវិញ​។ មន្ត្រី​ក្រសួង​អប់រំ មិន​អត្ថាធិប្បាយ​យ៉ាង​ណា​ទេ ដោយសារ​ជា​ឆន្ទានុសិទ្ធិ​របស់​មន្ត្រី​តុលាការ។

ក្រុម​អតីត​គ្រូបង្រៀន​ជឿជាក់​ថា បើ​ចៅក្រម​សាលាឧទ្ធរណ៍​កាត់ក្ដី​ត្រឹមត្រូវ ដោយ​យុត្តិធម៌ និង​មិន​លាយឡំ​នឹង​រឿង​នយោបាយ ពួកគេ​នឹង​ឈ្នះក្ដី នៅ​ថ្ងៃ​សវនាការ​ឧទ្ធរណ៍​ថ្ងៃ​ទី​៣ មីនា​ខាងមុខ។

អតីត​គ្រូបង្រៀន​ម្នាក់ ក្នុងចំណោម ១១​នាក់ អ្នកស្រី វង រុន្នី ឱ្យ​ដឹង​ថា សាលាដំបូង​រាជធានី បាន​តម្កល់ និង​មិន​ចាត់ការ​បណ្ដឹង​របស់​ដើមបណ្ដឹង​ច្រើនដង​ហើយ ដោយ​ហេតុផល​ផ្សេងៗ​។ អ្នកស្រី ជឿថា ម្ដង​នេះ ក្រុម​អតីត​គ្រូបង្រៀន​មាន​មេធាវី​ការពារ​ក្ដី​ត្រឹមត្រូវ ដូច្នេះ អ្នកស្រី​រំពឹង​ខ្ពស់​ក្នុង​ការ​ឈ្នះក្ដី​នៅ​សាលាឧទ្ធរណ៍ បើ​សិន​ការ​កាត់ក្ដី ផ្អែកលើ​ច្បាប់ និង​សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល។

អតីត​គ្រូបង្រៀន​នៅ​សាលា​គរុកោសល្យ និង​វិក្រិត្យការ​ខេត្ត​ព្រះសីហនុ​រូប​នេះ សោកស្ដាយ​ចំពោះ​ការ​សម្រេច​លុបឈ្មោះ​អតីត​គ្រូបង្រៀន​ទាំង ១១​នាក់ ចេញពី​ក្របខ័ណ្ឌ​គ្រូបង្រៀន ខណៈ​ដែល​អ្នកស្រី និង​អតីត​គ្រូ​ដទៃ​ទៀត បាន​លះបង់ ខិតខំ​បម្រើ​ជាតិ តាមរយៈ​បង្រៀន​សិស្ស និង​គរុ​សិស្ស​ម្នាក់ៗ ជាង ២០​ឆ្នាំ គឺ​តាំងពី​ជំនាន់ គ្មាន​ប្រាក់បៀវត្សរ៍​សមរម្យ​ត្រឹមត្រូវ។

អតីត​គ្រូបង្រៀន​ចិត្ត​វិទ្យា​រូប​នេះ ទទូច​ស្នើសុំ​ឱ្យ​តុលាការ និង​រដ្ឋាភិបាល គិតគូរ​ផ្ដល់​ក្របខ័ណ្ឌ សង​គ្រូបង្រៀន​ទាំង ១១​នាក់​វិញ ក្រោយ​ការសម្រេច​បញ្ចប់​ក្របខ័ណ្ឌ​ជាង ២​ឆ្នាំ​មកនេះ​។ អ្នកស្រី វង រុន្នី នៅតែ​អះអាង​ថា ការ​ធ្វើទុក្ខបុកម្នេញ គ្រប់​រូបភាព​កន្លង​មក​នេះ រួម​ទាំង​ការ​បញ្ចប់​ក្របខ័ណ្ឌ​ក្រសួង​អប់រំ ដោយសារ​រដ្ឋាភិបាល​ខឹង​ក្រុម​អតីត​គ្រូបង្រៀន ជា​សកម្មជន​បក្ស​ប្រឆាំង​ទាំង ១១​នាក់ មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច នៅ​ពេល​មានការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ៖ «បើ​សិន​ខាង​ឧទ្ធរណ៍ គេ​មាន​សុភវិនិច្ឆ័យ គេ​ពិតជា​កាត់ក្ដី​ឱ្យ​ពួក​ខ្ញុំ​ហ្នឹង​បាន​ទទួល នូវ​ការងារ​ហ្នឹង​វិញ​។ ប៉ុន្តែ​បើ​ផ្អែក​ទៅ​លើ​នយោបាយ ដើម្បី​គេ​ចង់ ដូច​ថា បំបាក់​ទឹកចិត្ត ខាង​គណបក្សប្រឆាំង​ហ្នឹង ខ្ញុំ​គិត​ថា គេ​មិន​កាត់ក្ដី​ឱ្យ​យើង​ឈ្នះ គេ​នៅ​តែ​មាន​វិធី​ណា តិចតួច ដើម្បី​រុញ​ចោល​ពាក្យ​បណ្ដឹង​របស់​យើង​ទាំង​អស់ហ្នឹង។ តែ​ខ្ញុំ​សង្ឃឹមថា តុលាការ​គេ​មាន​គតិយុត្តិ​ធម៌​ចុះ។ បើ​សិន ជា​គេ​ផ្អែក​ទៅ​លើ​ច្បាប់​សហ​លក្ខន្តិកៈ​ហ្នឹង ការ​លុបឈ្មោះ​ខ្ញុំ​របស់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ហ្នឹង គឺ​លុប​ទាំង​បំពាន អត់​មាន​គោរព​ទៅលើ​សហ​លក្ខន្តិកៈ​ហ្នឹង​ទេ»

កាល​ពី​ដើមឆ្នាំ​២០១៨ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន បាន​លុបឈ្មោះ​បុគ្គលិក​អប់រំ និង​គ្រូបង្រៀន ចេញពី​ក្របខ័ណ្ឌ​ជា​បន្តបន្ទាប់ សរុប​ចំនួន ១៣​នាក់ ដោយ​លើក​ហេតុផល​ថា ពួកគេ​បោះបង់​ចោលការ​ងារ និង​មួយ​ចំនួន​ទៀត អវត្តមាន ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។ គ្រូបង្រៀន ១១​នាក់ ក្នុងចំណោម ១៣​នាក់ បាន​ប្ដឹងតវ៉ា​ទៅ​ក្រសួង​អប់រំ និង​អះអាង​ថា ថ្នាក់ដឹកនាំ​ក្រសួង​នេះ គុំកួន​ពួកគាត់ ដោយសារ​មិន​ព្រម​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច តាម​ការ​អំពាវនាវ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ពួកគាត់​បន្ថែម​ថា ការ​បញ្ចប់​ក្របខ័ណ្ឌ​គ្រូបង្រៀន​ពេលនោះ ធ្វើឡើង​ចំពោះតែ​គ្រូបង្រៀន​ណា ជា​សមាជិក​បក្ស​ប្រឆាំង​ប៉ុណ្ណោះ​។ តែ​ចំពោះ​គ្រូបង្រៀន ដែល​ជា​សមាជិក​បក្ស​កាន់អំណាច ព្យួរ​ឈ្មោះ ដូចគ្នា ដើម្បី​ទៅកាន់​តួនាទី​មុខងារ​នយោបាយ​នៅ​មូលដ្ឋាន ជា​ក្រុមប្រឹក្សា​ខេត្ត ក្រុង​ស្រុក​ខណ្ឌ ឬ​ឃុំ​សង្កាត់ ឬ​បុគ្គលិក​អប់រំ ជា​សមាជិក​បក្ស​កាន់អំណាច​ខ្លះ មិនដែល​ទៅ​ធ្វើ​ការ​សោះ មិន​ត្រូវ​លុប​បាន​គេ​ឈ្មោះ បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​ទេ​។​

ក្រោយ​ការ​លុបឈ្មោះ និង​តវ៉ា​ទៅ​ក្រសួង​អប់រំ​រួច នៅ​ខែ​សីហា ឆ្នាំ​២០១៩ ក្រុម​គ្រូបង្រៀន ១១​នាក់ បាន​នាំគ្នា​ប្ដឹង​ទៅ​តុលាការ​។ នៅ​ដំណាក់កាល​សាលាដំបូង​រាជធានី​ភ្នំពេញ បណ្ដឹង​របស់​អតីត​គ្រូបង្រៀន​ទាំង ១១​នាក់ មិន​ទទួល​បាន​សវនាការ​ជំនុំជម្រះ​ទេ ដោយសារ​មន្ត្រី​តុលាការ​សំអាង​ថា ហួស​សុពលភាព​ប្ដឹង​។ ក្រុម​អតីត​គ្រូបង្រៀន បន្ត​ប្ដឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​។ សាលាឧទ្ធរណ៍ បាន​ជូនដំណឹង​មេធាវី​កាន់​សំណុំ​រឿង​នេះ គឺ​លោក​មេធាវី ជួង ជូងី ឱ្យ​ដើមបណ្ដឹង​ជា​គ្រូបង្រៀន​ទាំង​១១​នាក់ ចូល​សវនាការ​នៅ​ថ្ងៃ​ទី​៣ មីនា។

អតីត​គ្រូបង្រៀន​នៅ​អនុវិទ្យាល័យ​អ្នក​លឿង ខេត្ត​ព្រៃវែង លោក ជុំ ចាន់ ឱ្យ​ដឹង​ថា ក្រុម​គ្រូបង្រៀន​បាន​ប្រគល់​សិទ្ធិ​ជូន​មេធាវី​រួចហើយ​។ អតីត​គ្រូ​ឯកទេស​គណិតវិទ្យា និង​រូបវិទ្យា​រូប​នេះ សង្ឃឹមថា សាលាឧទ្ធរណ៍​ផ្ដល់​យុត្តិធម៌​ឱ្យ ព្រោះ​នេះ​មិនមែន​ជា​ការ​ប្ដឹង​យកឈ្នះ​ចាញ់ ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ទេ គឺ​ពួកគាត់ ប្ដឹង​ដើម្បី​ទាមទារ​ក្របខ័ណ្ឌ​មកវិញ​ប៉ុណ្ណោះ៖ «កាល​ណា យើង​ធ្វើការ​ទាមទារ ដោយ​ពឹង​ផ្អែក​ទៅ​លើ​មេធាវី ហើយក៏​យើង​ជឿជាក់ ទៅលើ​ផ្លូវច្បាប់ នៅ​ប្រទេស​របស់​យើង​ដែរ ថា ប្រាកដ​ជា​មាន​យុត្តិធម៌ សម្រាប់​ពួក​យើង​ទាំង​១១​នាក់ ហ្នឹង​ដែរ»

ឆ្លើយតប​នឹង​ពាក្យ​ប្ដឹង​នៅ​សាលាឧទ្ធរណ៍​នេះ អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សុវាចា ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១ មីនា​ថា ករណី​លុបឈ្មោះ​នេះ គឺ​ក្រសួង​ធ្វើ​ទៅ​តាមច្បាប់ ហើយ​ការសម្រេច​យ៉ាងណា​នោះ ជា​សមត្ថកិច្ច​របស់​តុលាការ៖ «មក​ដល់​ពេល​នេះ ទាក់ទង​នឹង​ករណី​ហ្នឹង នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​តុលាការ​(សាលា)ឧទ្ធរណ៍»

ថ្វីបើ​មន្ត្រី​ក្រសួង​អប់រំ​បញ្ជាក់​បែបនេះ ប៉ុន្តែ​អតីត​គ្រូបង្រៀន​នៅ​ខេត្ត​សៀមរាប រង​ការ​លុបឈ្មោះ លុប​ដែរ​នោះ បញ្ជាក់​ថា បើ​សាលាឧទ្ធរណ៍​មិន​អាច​ផ្ដល់​យុត្តិធម៌​ឱ្យ​ទេ ពួកគាត់​នឹង​បន្ត​ប្ដឹង​ឡើង​តុលាការ​កំពូល​ទៀត។

អតីត​គ្រូបង្រៀន​ឯកទេស​គណិតវិទ្យា នៃ​វិទ្យាល័យ​ចំណេះដឹង​ទូទៅ និង​បច្ចេកទេស​ពូក នៅ​ខេត្ត​សៀមរាប លោក ច័ន្ទ សុភា និយាយ​ថា ២​ឆ្នាំ​មកនេះ ពួកគាត់ បាន​ព្យាយាម​គ្រប់​មធ្យោបាយ ដើម្បី​ទាមទារ​យក​ក្របខ័ណ្ឌ​។ លោក​ថា បណ្ដឹង​នេះ ជា​ការ​បង្ហាញ ប្រាប់​សាធារណជន​ផងដែរ​។

អតីត​គ្រូ​បទពិសោធន៍​បង្រៀន​ជិត ៣០​ឆ្នាំ​ប្លាយ​រូប​នេះ រំលឹក​ថា លោក​ចេញ​បង្រៀន នៅ​ឆ្នាំ​១៩៩១​។ នៅ​ពេល​នោះ តំបន់​ខ្លះ នៅ​ខេត្ត​សៀមរាប មិនទាន់​បញ្ចប់​សង្គ្រាម​ជាមួយ​ក្រុម​ខ្មែរ​ក្រហម​ទេ​។ លោក​បង្រៀន​បណ្ដើរ កាន់​កាំភ្លើង​ក្នុង​ដៃ​បណ្ដើរ និង​ត្រូវ​ដេក​យាម​សាលារៀន ការពារ​មិន​ឱ្យ​ក្រុម​ខ្មែរ​ក្រហម វាយលុក​សាលារៀន​។ ឯ​ប្រាក់ខែ ពីរ ឬ​បី​ខែ ទើបបាន​បើក​ម្ដង ហើយ​ប្រាក់បៀវត្សរ៍​នោះ​សោត តិចតួច​ខ្លាំង ចាយ​ម្នាក់​ឯង​សឹង​មិន​គ្រប់​។ លោក​សន្សំ​ប្រាក់ខែ ១​ឆ្នាំ ទើប​ទិញ​បាន​កង់​មួយ សម្រាប់​ជិះ​ទៅ​បង្រៀន នៅ​ពេល​នោះ។

ក្រោយ​មក នៅ​ឆ្នាំ​២០០៥ លោក ច័ន្ទ សុភា បាន​ចូលរួម សកម្មភាព​នយោបាយ ជាមួយ​បក្ស​ប្រឆាំង ដើម្បី​ទាមទារ​អត្ថប្រយោជន៍​សម្រាប់​គ្រូ​បង្រៀន និង​បន្ត​សកម្មភាព​នេះ​រហូត​មក​។ លោក បន្ទោស រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ថា ទើបតែ​បាន​ឡើង​កាន់​តំណែង តែ​បែរជា​បញ្ឈប់ អ្នកតស៊ូ​ក្នុង​វិស័យ​អប់រំ​ច្រើន​ឆ្នាំ យ៉ាង​ងាយស្រួល៖ «ជួនកាល​បង្រៀនៗ​ទៅ ខ្មែរក្រហម​បាញ់​ឈប់​បង្រៀន​ទៅ ហើយ​ប្រាក់ខែ​៣​ខែ បាន​ស្បែកជើង​មួយ​សម្រាប់ ២៥​ដុល្លារ​។ បើក​ប្រាក់ខែ ៣​ខែ​ទើបបាន ហើយ​កង់​ជិះ​មួយ បើក​ប្រាក់ខែ​មួយ​ឆ្នាំ បាន​ទិញ​កង់​មួយ​ជិះ​បាន​។ យើង​តស៊ូ​តាំងពី​ហ្នុង​មក ហើយ​ដល់​គេ​មាន​ប្រាក់ខែ​១​លាន ៥០​ម៉ឺន គេ​លុបឈ្មោះ យើង​ចោល​បាត់»

បុគ្គលិក​អប់រំ និង​គ្រូបង្រៀន​ទាំង ១១​នាក់ រង​ការ​បញ្ឈប់​នោះ ក៏​មាន​លោក រ៉ុង ឈុន ជា​បុគ្គលិក​នៅ​នាយកដ្ឋាន​ស្រាវជ្រាវ និង​ជាទី​ប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ដែរ​។ លោក រ៉ុង ឈុន ត្រូវ​បាន​លុប​ឈ្មោះ​ពី​មន្ត្រី​ក្រសួង​អប់រំ ក្រោយពេល​លោក​បាន​លាលែង​ពី​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (​គ​.​ជ​.​ប​) ដោយសារ មានការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ឆ្នាំ​២០១៧។

ទោះ​យ៉ាង​ណា ក្រុម​អតីត​គ្រូបង្រៀន ទាំង ១១​នាក់ បង្ហាញ​ជំហរ​ថា គ្មាន​បំណង​ចង់​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច ដើម្បី​ទទួល​បាន​ក្របខ័ណ្ឌ​គ្រូបង្រៀន និង​តំណែង​ក្រុមប្រឹក្សា​មកវិញ​ឡើយ​។ ក្រោយពេល​បាត់បង់​ប្រាក់ខែ​គ្រូបង្រៀន មាន​អតីត​គ្រូ​ខ្លះ ប្រកប​របរ​រត់​ម៉ូតូឌុប ខ្លះ​ចិញ្ចឹម​មាន់ ខ្លះ​លក់ដូរ​ចាប់​ហួយ និង​អតីត​គ្រូ​ខ្លះ បាន​ប្រាក់​ពី​ការ​មើលថែ​ចៅ​នៅ​ផ្ទះ ក្នុង​ពេល​កូន​ៗ ធ្វើការ​រោងចក្រ និង​ធ្វើ​ពលករ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល