នគរបាល​ខេត្ត​ស្វាយរៀង​ជាង ១០០នាក់ សរសេរ​លិខិតស្នើ​ឱ្យ​ដក​តំណែង​លោកស្នងការ កឹង ឃន​

ដោយ វ៉ែន សុមេធ
2020-07-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក កឹង ឃន  ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង
លោក កឹង ឃន ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង
រូប៖ ហ្វេសប៊ុកឧត្ដមសេនីយ៍ កឹង ឃន

នគរបាល​ខេត្ត​ស្វាយរៀង ១៥១នាក់ បាន​សរសេរ​បណ្ដឹង​អនាមិក​រួម​គ្នា​ជាថ្មី​ទៀត ស្នើ​ឱ្យ​ក្រសួង​មហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ ដក​តំណែង​ស្នងការ​ខេត្ត​ស្វាយរៀង លោក កឹង ឃន ចេញ​ជា​បន្ទាន់។ ពួក​គេ​អះអាង​ថា ស្នងការ​រួប​នេះ​មាន​កំហុស​ជាច្រើន ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សង្គម​ជាតិ រួមមាន​អំពើ​ពុករលួយ​ដុះ​ស្លែ ការ​អនុញ្ញាត​ឱ្យ​ជន​ជាតិ​វៀតណាម​រាប់​ម៉ឺន​នាក់ ចូល​ដីខ្មែរ​ដោយ​សេរី និង​ជ្រើសរើស​មន្ត្រី​ចូល​ក្របខ័ណ្ឌ​នគរបាល មិន​ប្រក្រតី​ជា​ដើម។

នគរបាល​ខេត្ត​ស្វាយរៀង​ជាង ១៥១នាក់ បាន​សរសេរ​លិខិត​អនាមិក ៣ទំព័រ បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត ចំពោះ​ការ​ដឹកនាំ​របស់​ស្នងការ​នគរបាល​ខេត្ត​នេះ ដោយ​ចោទ​ថា លោក កឹង ឃន បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដល់​ឆ្អឹង ដឹក​នាំ​បែប​ផ្ដាច់ការ និង​បក្ខ​ពួក​និយម​ជា​ដើម។

ខ្លឹមសារ​លិខិត ដែល​អាស៊ី​សេរី​ទទួល​បាន អះអាង​ពី​ភាព​មិន​ប្រក្រតី​ជាច្រើន​ដែល​ប្រព្រឹត្ត​ដោយ​ស្នងការ​រូប​នេះ ក្នុង​នោះ​រួម​ទាំង​ការប្រើអំណាច​បញ្ជូន​សាច់ញាតិ​បងប្អូន​ឱ្យ​គ្រប់គ្រង​តាម​ច្រករបៀង​ព្រំដែន​ដើម្បី​ប្រមូល​លុយ​ពី​ជនជាតិ​វៀតណាម​រាប់​ម៉ឺន នាក់ ចូល​ដីខ្មែរ​ដោយសេរី ដោយ​គ្រាន់តែ​បង់លុយ​មួយ​សែន​ដុង ឬស្មើ៥ដុល្លារ សម្រាប់​ជនជាតិ​វៀតណាម​ម្នា​ក់ៗ។

នគរបាល​ខេត្ត​ស្វាយរៀង​ម្នាក់​ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ និង​សំឡេង ព្រោះ​បារម្ភ​ពី​សុវត្ថិភាព បញ្ជាក់​ប្រាប់​អាស៊ី​សេរី​ថា​ រឿង​អយុត្តិធម៌​កើត​មាន​ច្រើន​ជា​ឆ្នាំ​មក​ហើយ ដោយ​គ្មាន​ស្ថាប័ន​រដ្ឋាភិបាល​ណា​ដោះ​ស្រាយ​នោះ​ទេ។ លោក​ថា ការ​បណ្ដោយ​ឱ្យ​ស្នងការ​នគរបាល​ខេត្ត​ស្វាយ​លោក កឹង ឃន ក្រាញ​អំណាច នឹង​ប៉ះពាល់​កាន់តែ​ធ្ងន់ ដល់​សង្គមជាតិ រួមមាន ការ​នាំ​ទំនិញ​ខូចគុណភាព និង​ការ​ហូរ​ចូល​ជន​អន្តោប្រវេសន៍​រាប់​ម៉ឺន​នាក់​ជាដើម។ លោក​បន្ថែម​ថា កន្លងទៅ នគរបាល​ជិត ៦០នាក់ បាន​ផ្តិត​មេដៃ សរសេរ​លិខិត​អនាមិក ប្តឹង​ស្នងការ​រូប​នេះ​ដែរ ក៏ប៉ុន្តែ​មកទល់​ពេលនេះ គ្មាន​ដំណោះស្រាយ​នៅឡើយ​ទេ៖ «សូម​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង មេត្តា​ជួយ​ផ្លាស់​ប្តូរ លោក លោក កឹង ឃន ចេញពី​ស្នងការ​ខេត្តស្វាយរៀង ហើយ​ត្រូវ​ដាក់​ជំនួស​មកវិញ មន្ត្រី​ណា គោរពច្បាប់ ស្មោះត្រង់ មាន​សីលធម៌ និង មាន​សមត្ថភាព​ខ្ពស់ ដើម្បី​បម្រើ​រាស្ត្រ និង​សង្គមជាតិ​ឱ្យ​បាន​ល្អ»

ខ្លឹមសារ​ពាក្យ​បណ្តឹង បន្ថែម​ថា លោក កឹង ឃន បាន​ដាក់​ឱ្យ​សាច់​ញតិ​ខ្លួន យក​លុយ​តាម​រថយន្ត​ដឹកទំនិញ ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម ដោយ​ក្នុង​មួយ​រយ​រថយន្ត ត្រូវ​បង់​លុយ ១សែន​រៀល។ លើស​ពី​នេះ ស្នងការ​រូប​នេះ បាន​តែងតាំង ប្អូន​បង្កើត ជា​វរៈ​ព្រំដែន​ទិស​ខាង​ជើង និង​បាន​ឃុបឃិតជាមួយ​ស្នងការ​រង ពីរ​រូប​ទៀត ប្រព្រឹត្ត​អំពើពុករលួយ​រួមមាន ការដំឡើង​ឋានន្តរសក្ដិ និង​តួនាទី ជំរិត​ទារ​ប្រាក់​ពី​មន្ត្រី​ថ្នាក់ក្រោម និង​ការ​ប្រលង​ជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ​នគរបាល​ម្តងៗ តម្រូវ​ឱ្យ​បង់លុយ ចាប់ពី ១ម៉ឺន ៣ពាន់​ដុល្លារ ទៅ ១ម៉ឺន ៥ពាន់​ដុល្លារ សម្រាប់​បេក្ខជន​ម្នាក់ៗ។ ជាង​នេះ​ទៀត លោក កឹង ឃន បាន​ធ្វើបាប​មន្ត្រី​ស្លូតត្រង់ និង អនុញ្ញាត​ឱ្យ​នគរបាល​ខ្លះ អាច​បើកប្រាក់ខែ​បាន​ដោយ​មិនបាច់​ធ្វើការ។ អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ស្នងការ​ខេត្តស្វាយរៀង លោក កឹង ឃន ជាច្រើន​ថ្ងៃ​មក​ហើយ ដើម្បី​ផ្តល់​ឱកាស​ជូន​លោក​ឆ្លើយ​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​ទាំងនេះ ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ។ ទោះ​ជា​យ៉ាង​ណា នៅ​ថ្ងៃ​ទី២៨ កក្កដា លោក​កឹង ឃន បាន​លើក​ទូរស័ព្ទ តែ​លោក​ចុច​ផ្ដាច់​ទៅវិញ​នៅ​ពេល​ឮ​ថា អាស៊ី​សេរី​ទូរស័ព្ទ​មក​សួរ​លោក។

ចំណែក អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ខឿន មានប្រសាសន៍​ថា អគ្គស្នងការ​នគរបាល​ជាតិ នៅ​មិនទាន់​ទទួល​ព័ត៌មាន ទាក់ទិន​បណ្តឹង​អនាមិក​នេះ​នៅឡើយ​ទេ។ លោក​មិន​ជំទាស់ រាល់​បណ្ដឹង​អនាមិក​នោះ​ទេ ក៏ប៉ុន្តែ​ពេលខ្លះ ពាក្យ​បណ្ដឹង​អនាមិក​អាច​ជា​វិជ្ជមាន ហើយ​ថែមទាំង​អាច​បង្ក​ឱ្យ​មាន​ទំនាស់​ផ្ទៃក្នុង​ផង​ដែរ។ តែ​ទោះ​យ៉ាងណា​នេះ​ក្តី លោក​ថា ស្ថាប័ន​ជំនាញ​នឹង​ចុះ​ស៊ើប​អង្កេត​ករណី​នេះ​ជាថ្មី​ទៀត ក្រោយពី​ទទួល​ព័ត៌មាន​នេះ៖ «រឿង​ពិត ឬ​មិន​ពិត ស៊ើបអង្កេត​សិន ហើយ​មាន ១០០នាក់​ផ្សេងទៀត បង​មិនទាន់​ទទួល​ព័ត៌មាន ចាំ​មើល​បង​មើល តើ​ព័ត៌មាន​ហ្នឹង​ជា​ព័ត​មាន​ពិតមែន ​ឬ​អត់​? នេះ​គ្រាន់តែ​ជា​ការចោទប្រកាន់​អនាមិក ដែល​ប្អូន​ដឹង តែ​ការពិត​ជាក់​ស្ដែង ទាល់តែ​ឱ្យ​គេ​អង្កេត​សិន។ មន្ត្រី​អស់ហ្នឹង ខ្ញុំ​មិន​ចោទ​គាត់​ម៉េច​ទេ គាត់​ជា​មន្ត្រី​នគរបាល គាត់​ដឹងច្បាប់ គាត់​ដឹង​កន្លែង ដើម្បី​ប្ដឹង​ត្រួតពិនិត្យ ទៅលើ​មន្ត្រី​នគរបាល​ជាន់ខ្ពស់។ អ៊ីចឹង​យើង​រង់ចាំ តើ​បណ្ដឹង​ដល់ណា​ហើយ»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់ថា មូលហេតុ​សំខាន់ ដែល​ក្រុម​នគរបាល​បង្ខំ​ចិត្ត​សរសេរ​​បណ្ដឹង​អនាមិក​ជាថ្មី​ទៀត ដោយសារ​ពួក​គេ មិន​ទុក​ចិត្ត​ថ្នាក់​លើ​របស់​ខ្លួន។ លោក​បញ្ជាក់​ថា បណ្ដឹង​នេះ ក្រសួងមហាផ្ទៃ គួរតែ​យកចិត្ត​ទុកដាក់ ពិនិត្យមើល និង​ដោះស្រាយ​ឱ្យ​ត្រឹមត្រូវ ដើម្បី​បញ្ចៀស​ផល​ប៉ះ​ពាល់​អវិជ្ជមាន ដល់​សន្តិសុខ​សង្គម និង​ពលរដ្ឋ។ លោក​សង្កេតឃើញ​ថា ស្ថាប័ន​នគរបាល និង​កង​កម្លាំង​ប្រដាប់​អាវុធ កម្រ​នឹង​ប្ដឹង​ថ្នាក់​លើ​របស់​ខ្លួន​ដោយ​បើក​ចំហ​ណាស់ ព្រោះ​ពួក​គេ​បារម្ភ​ពី​សុវត្ថិភាព៖ «ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​កង​កម្លាំង​ប្រដាប់​អាវុធ​នេះ មានការ​អនុវត្ត​តាម​បែបបទ​បញ្ជា អ៊ីចឹង​ការ​ដាក់ពាក្យ​ប្ដឹង ឬ​មួយ​ការ​សរសេរ​លិខិត​ជា​ផ្លូវការ មិន​អាច​ទៅ​រួច​ទេ។ ពិធី​ដោះ​ស្រាយ​បញ្ហា ដូច​អ្វី​ដែល​បាន​ឃើញ ក៏​វា​ជាហេតុ​ផល​ដែរ គួរ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​បញ្ហា​នេះ។ វា​មាន​តម្រុយ​គួរតែ​ស៊ើបអង្កេត ពិនិត្យមើល​ទៅលើ អ្វី​ដែល​ជា​ការ​លើក​ឡើង​ដែរ វា​នឹង​មិន​ពិបាក​ទេ ប្រសិន​បើ​មាន​ការ​លើកឡើង ចំ​បុគ្គល​បែប​នេះ»

កាលពីដើម​ឆ្នាំ ២០១៩ នគរបាល​ខេត្ត​ស្វាយរៀង​ជិត ៥៧នាក់ បាន​ចុះ​ហត្ថលេខា​លើ​លិខិត​អនាមិក ប្ដឹង​ស្នងការ​ខេត្ត​ស្វាយរៀង លោក កឹង ឃន ម្ដង​ដែរ ដោយ​ចោទ​ថា ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​បាន​ប្រើ​អំណាច​គំរាមកំហែង​ជេរប្រមាថ​មន្ត្រី​ថ្នាក់​ក្រោម​របស់​ខ្លួន។ លើស​ពី​នេះ​ទៀត លិខិត​អនាមិក បញ្ជាក់​ថា​លោក កឹង ឃន មាន​លុយ​រាប់​សិប​លាន​ដុល្លារ និង​ទ្រព្យ​សម្បត្តិ​មហាសាល​មិន​ប្រក្រតី ដោយសារ​អំពើ​ពុក​រលួយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ក៏ប៉ុន្តែ​មកទល់​ពេលនេះ ក្រសួងមហាផ្ទៃ និង​រដ្ឋាភិបាល នៅ​មិនទាន់​ជួយ​រក​យុត្តិធម៌​ឲ្យ​មន្ត្រី​នគរបាល​ទាំងនោះ​នៅឡើយ​ទេ។

ឆ្លើយតប​បញ្ហា​នេះ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ខឿន ប្រាប់​អាស៊ី​សេរី​ថា អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ បាន​បញ្ជូន​មន្ត្រី​ជំនាញ ៣អង្គភាព ចុះ​ស៊ើបអង្កេត​ករណី​នេះ ៣ ដង​មក​ហើយ រក​មិន​ឃើញ​កំហុស ដូច​ការចោទប្រកាន់​នោះ​ទេ។ លោក​ចាត់​ទុក​បណ្ដឹង​នេះ ជា​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន។ ចំពោះ​សំណួរ​ថា លោក កឹង ឃន ក៏​ធ្លាប់​បាញ់​ប្រពន្ធ​ខ្លួន​ឯង​ឱ្យ​របួស​ធ្ងន់​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម និង​ធ្លាប់​យក​កាំភ្លើង​បាញ់​កូន​ចៅ​ខ្លួន​ឯង​ឱ្យ​របួស​ធ្ងន់​ដែរ​នោះ តើ​ស្ថាប័ន​ជំនាញ មាន​ស៊ើប​អង្កេត​ឬ​ទេ​? អ្នកនាំពាក្យ​រូប​នេះ ឆ្លើយ​យ៉ាង​ខ្លី​ថា សូម​ទុក​ពេល​ឱ្យ​ស្ថាប័ន​សាមី​ស៊ើប​អង្កេត​ជាក់​ស្ដែង​សិន៖ «គឺ​ជា​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម ហើយ​មានគំនិត​ផ្ចាញ់ផ្ចាល​ជាមួយ​ស្នងការ​នោះ (លោក កឹង ឃន​) ។ អគ្គស្នងការ​បាន​ត្រួតពិនិត្យ​ដល់កន្លែង មាន​ទាំង​អធិការកិច្ច និង​សវនកម្ម និង​នាយកដ្ឋាន​បុគ្គល ចង់និយាយ​ថា បី​អង្គភាព​សំ​ខាន់​ៗ ដែល​ចុះ​ស៊ើបអង្កេត ពាក់ព័ន្ធ​រឿង​ហ្នឹង»

ពលរដ្ឋ​រស់នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ឯម សុខ​សុវណ្ណ សង្កេត​ឃើញ​ថា ជន​ជាតិ​វៀតណាម ឆ្លងដែន​ចូល​ដីខ្មែរ​បាន​ដោយ​ងាយ ដោយ​គ្រាន់តែ​សូកប៉ាន់​សមត្ថកិច្ច​យាម​តាម​ប៉ុស្តិ៍​ព្រំដែន​នី​មួយៗ។ លោក​ថា ការគ្រប់គ្រង​ច្រក​ព្រំដែន របស់​អាជ្ញាធរ​ធូររលុង​ច្រើន និង​ពោរពេញ​ដោយ​អំពើ​ពុករលួយ ហើយ​ករណី​នេះ​កើត​មា​នដ​ដែល​ៗ ច្រើន​ឆ្នាំ​មក​ហើយ៖ «បើ​ខ្ញុំ​មើល​ឃើញ​ផ្ទាល់ គឺ​ធូររលុង​ណាស់ បើ​វៀតណាម​ចូល​យើង​ទេ ច្រក​ខ្លះ​ឱ្យ​តែ ១សែន​ដុង ឬ​ពីរ​សែន​ដុង (២ម៉ឺន​រៀល​ទៅ ៤ម៉ឺន​រៀល) អ៊ីចឹង មួយ​ដុំ ឬ​ពីរ​ដុំ​អ៊ីចឹង​ទៅ ស្មើនឹង ១០ម៉ឺន ២០ម៉ឺន​ដុង។ ចូល​មកឃើញ​ផ្ទាល់​ហ្នឹង​ភ្នែក កាលណា​ព្រំដែន​របស់​យើង​អន់​ហើយ គឺ​ពិបាក​ហើយ ជនជាតិ​វៀតណាម គេ​មើល​ងាយ​ហើយ»

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ជា​ប្រធាន​ក្រុមការងារ ១០០រាត្រី លោក មួង សូ​នី ថ្លែង​ថា បណ្ដឹង​របស់​នគរបាល ជា​រឿង​ពិត​ទាក់ទិន​ភាព​ធូររលុង​គ្រប់គ្រង​ច្រក​ព្រំដែន កម្ពុជា​-វៀតណាម។ លោក​ថា ក្រុមការងារ ១០០រាត្រី បាន​ចុះ​ស្រាវជ្រាវ បញ្ហា​នេះ​កន្លងទៅ រក​ឃើញ​ថា សមត្ថកិច្ច​ខ្មែរ បាន​អនុញ្ញាត​ឱ្យ​ជនជាតិ​វៀតណាម ចូល​ដោយសេរី តាម​ច្រក​របៀង និង​មាន​ជនជាតិ​វៀតណាម​ខ្លះ​ទៀត លួច​ឆ្លងដែន តាម​វាលស្រែ ដោយ​គ្មាន​ការរារាំង៖ «ច្រក​ទ្វេភាគី និង​ច្រក​តំបន់ គឺ​មានការ​ចេញចូល​បែក​សូក​លុយ ច្រើន​ជាពិសេស​ច្រក​របៀង​ហ្នឹង​ហ្មង។ ជនជាតិ​វៀតណាម ចូល​ក្នុង​ទឹកដី​កម្ពុជា គឺ​គ្មាន​ពីណា​តាមដាន ជនជាតិ​វៀតណាម​ហ្នឹង​ទេ តែ​គាត់​ចូល​មក​ហើយ ទៅ​ណា​បាន​ទាំងអស់។ ខ្ញុំ​គិត​ថា​ បណ្ដឹង​ង​របស់​មន្ត្រី​អាជ្ញាធរ​កម្ពុជា ក្នុង​ខេត្ត​ស្វាយរៀង​ហ្នឹង ជា​រឿង​ល្អ »។មន្ត្រី​សង្គម​ស៊ីវិល យល់​ថា ការ​អនុញ្ញាត​ឱ្យ​ជនជាតិ​វៀតណាម ចូល​ទឹកដី​ខ្មែរ​ខុស​ច្បាប់ ដើម្បី​ទទួល​ប្រយោជន៍ គឺ​ជា​ទម្រង់​បទ​ល្មើស​ធ្ងន់ធ្ងរ។ ពួក​គេ​ទាមទារ​ឲ្យ​ស្ថាប័ន​មានសមត្ថកិច្ច​ចុះ​ស៊ើប​អង្កេត​ប្រកប​ដោយ​តម្លាភាព និង​អនុវត្ត​ច្បាប់​ដល់​អ្នក​ពាក់ព័ន្ធ​ឱ្យ​បាន​ត្រឹមត្រូវ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល