សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​​ឃាត់​​ជនជាតិ​​ចិន ​២​នាក់​​ពី​បទ​​មនុស្សឃាត

ដោយ អូន ភាព
2019-10-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជនជាតិ​ចិន ២​រូប ត្រូវនគរបាល​ចាប់​ខ្លួន ​ក្នុង​​ករណី​​បាញ់​​សម្លាប់​ជនជាតិ​ចិន​ដូច​គ្នា នៅ​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី៦ ខែ​តុលា ឆ្នាំ២០១៩។
ជនជាតិ​ចិន ២​រូប ត្រូវនគរបាល​ចាប់​ខ្លួន ​ក្នុង​​ករណី​​បាញ់​​សម្លាប់​ជនជាតិ​ចិន​ដូច​គ្នា នៅ​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី៦ ខែ​តុលា ឆ្នាំ២០១៩។
រូប៖ គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ

នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន ២​នាក់​ទៀត និង​ដកហូត​កាំភ្លើងខ្លី​មួយ​ដើម កាល​​ពី​​យប់​​ថ្ងៃ​​​ទី​១០ ខែ​តុលា បន្ទាប់ពី​ជន​សង្ស័យ​​ទាំងពីរ​រូប​នេះ បាន​បាញ់សម្លាប់​ជន​ជាតិ​ចិន​ដូចគ្នា​កាលពី​សប្ដាហ៍​មុន​។ មក​ទល់​ពេល​នេះ សមត្ថកិច្ច​ឃាត់​ជនល្មើស​បាន​ចំនួន​ ៤​នាក់ ចំណែក​ម្នាក់ទៀត​កំពុង​រត់​គេច​ខ្លួន។

ស្នងការ​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ បាន​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​​ទី​១១ ខែ​តុលា​ថា ​ជនសង្ស័យ​ទាំង​ពីរ​​នាក់​នេះ​បាន​រត់​គេច​ខ្លួន បន្ទាប់ពី​បាន​បាញ់​សម្លាប់​​ជន​ជាតិ​ចិន​ដូចគ្នា កាលពី​ព្រឹក​ថ្ងៃ​ទី៦ ខែ​តុលា ឆ្នាំ​២០១៩​។ លោក ជួន ណារិន្ទ បន្ត​ថា ជនសង្ស័យ​ទាំងពីរ​នាក់​នេះ ត្រូវ​បាន​កម្លាំង​ជំនាញ​នាំ​ខ្លួន​ទៅ​​ស្នងការដ្ឋាន​​នគរបាល​​ខេត្ត ដើម្បី​សាកសួរ និង​ស្រាវជ្រាវ​និង​តាម​ចាប់ខ្លួន​បក្ខពួក​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ឃាតកម្ម។

កាល​ពី​ថ្ងៃ​ទី៦ ខែ​តុលា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ មាន​ករណី​ជនជាតិ​ចិន ៣​នាក់ បាន​អូស​ជនជាតិ​​ចិន​​ម្នាក់​​ចេញ​ពី​​រថយន្ត ហើយ​បាន​បាញ់សម្លាប់​ភ្លាមៗ នៅ​ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​ជនល្មើស​ពីរ​នាក់​ដែល​ជា​ជនជាតិ​ចិន ក្រោយពី​កើតហេតុ​ភ្លាមៗ ដោយ​ក្នុង​នោះ​មាន​បុរស​ម្នាក់ និង​នារី​ម្នាក់។

កន្លងមក​មាន​ករណី​ឃាតកម្ម​លើ​ជនជាតិ​ចិន ដែល​បាន​កើត​ឡើងជា​បន្តបន្ទាប់​នៅ​ខេត្ត​ព្រះសីហនុ បាន​ធ្វើ​ឱ្យ​សង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​មាន​ក្តី​បារម្ភ និង​ភ័យខ្លាច​រាល់​បទល្មើស និង​ឃាតកម្ម​ផ្សេងៗ​ដែល​បង្ក​ដោយ​ជនជាតិ​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល