មនុស្ស​ប្រមាណ​១​ម៉ឺន​នាក់​រត់​ប្រណាំង​កីឡា​ពាក់​កណ្ដាល​ម៉ារ៉ាតុង​នៅ​មុខ​អង្គរ​វត្ត

ដោយ ហង្ស សាវយុត
2015-12-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កីឡាករ​កីឡាការិនី​ចម្រុះ​ជាតិ​សាសន៍​ច្រើន​ពាន់​នាក់ រត់​ប្រណាំង​ចេញ​ពី​ជិត​កន្លែង​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ សំដៅ​ទៅ​វង់​តូច​នៃ​ប្រាសាទ​អង្គរ​ធំ វាង​ទៅ​ប្រាសាទ​អង្គរ​វត្ត ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៥។
កីឡាករ​កីឡាការិនី​ចម្រុះ​ជាតិ​សាសន៍​ច្រើន​ពាន់​នាក់ រត់​ប្រណាំង​ចេញ​ពី​ជិត​កន្លែង​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ សំដៅ​ទៅ​វង់​តូច​នៃ​ប្រាសាទ​អង្គរ​ធំ វាង​ទៅ​ប្រាសាទ​អង្គរ​វត្ត ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Hang Savyouth

ការ​រត់​ប្រណាំង​កីឡា​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ (International half Marathon) លើក​ទី​២០ នៅ​តំបន់​អង្គរ​ខេត្ត​សៀមរាប បាន​ចាប់​ផ្ដើម​តាំង​តែ​ពី​ភ្លឺ​ស្រាងៗ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៦ ខែ​ធ្នូ។ ព្រឹត្តិការណ៍​ដែល​មាន​ទាំង​ជន​ពិការ​ជាតិ និង​អន្តរជាតិ​ចូលរួម​ដែរ​នោះ គឺ​រៀបចំ​ដោយ​ក្រសួង​ទេសចរណ៍ សហការ​ជាមួយ​អង្គការ​បេះដូង​មាស ធ្វើ​ឲ្យ​មាន​សភាព​យ៉ាង​អធិកអធម។

ក្រុម​មនុស្ស​ចម្រុះ​ជាតិ​សាសន៍​មក​ពី ៧៥​ប្រទេស ប្រមាណ ១​ម៉ឺន​នាក់ បាន​នាំ​គ្នា​មក​ចូលរួម និង​អបអរ​សាទរ​ការ​រត់​ប្រណាំង​កីឡា​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​លើក​ទី​២០ នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត នៃ​ខេត្ត​សៀមរាប។

កីឡា​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​នេះ មាន​កីឡាករ​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ប្រមាណ ៨​ពាន់​នាក់ បាន​ស្ម័គ្រ​ចិត្ត​រត់​ប្រណាំង​ចម្ងាយ​ខុសៗ​គ្នា គឺ ៣​គីឡូម៉ែត្រ ១០​គីឡូម៉ែត្រ និង​ចម្ងាយ ២០​គីឡូម៉ែត្រ ព័ទ្ធ​ជុំវិញ​តំបន់​អង្គរ។

ក្រុម​អ្នក​រត់​ប្រណាំង​ទាំង​ជនជាតិ​ខ្មែរ និង​បរទេស​ចម្រុះ​ជាតិ​សាសន៍ ក្រៅ​តែ​ពី​នាំ​គ្នា​រត់​ជា​ក្រុមៗ ពួក​គេ​ក៏​សម្ដែង​អារម្មណ៍​រីក​រាយ បើ​ទោះ​បី​ជា​ការ​រត់​ធ្វើ​ឲ្យ​បែក​ញើស​ពេញ​ខ្លួន និង​នឿយ​ហត់​ខ្លះ​ក៏ដោយ។

យុវតី​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​អ្នក​ស្ម័គ្រ​ចិត្ត​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​លើក​ទី​២០ ជាច្រើន​ទៀត គឺ​កញ្ញា អ៊ុច បូព៌ាអង្គារាសី។ នាង​មាន​ប្រសាសន៍​បន្ទាប់​ពី​មក​ដល់​ទី ហើយ​ទទួល​បាន​មេដាយ​អនុស្សាវរីយ៍​ថា រូប​នាង​បាន​ស្ម័គ្រ​ចិត្ត​រត់​ប្រណាំង​ចម្ងាយ ៣​គីឡូម៉ែត្រ។ ថ្វីត្បិតតែ​ការ​រត់​ជា​លើក​ដំបូង​របស់​នាង​ហត់​បន្តិច​ក្តី ក៏​នាង​សប្បាយ​ជា​ខ្លាំង ពីព្រោះ​នាង​មិន​ត្រឹម​តែ​រំភើប​នឹង​ព្រឹត្តិការណ៍​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​រួម​ចំណែក​លើក​ស្ទួយ​វិស័យ​កីឡា​ផង។ កញ្ញា អ៊ុច បូព៌ាអង្គារាសី បញ្ជាក់​ទៀត​ថា កីឡា​គឺ​មាន​សារសំខាន់​ដល់​សុខភាព​របស់​មនុស្ស​គ្រប់​រូប៖ «កីឡា​ធ្វើ​ឲ្យ​យើង​មាន​សុខភាព​ល្អ រាង​កាយ​រឹងមាំ ការ​ញ៉ាំ​អាហារ​ពេល​បច្ចុប្បន្ន គឺ​មាន​ជាតិ​គីមី​លាយឡំ​ច្រើន ដូច្នេះ​បើ​យើង​លេង​កីឡា នឹង​មាន​សុខភាព​ល្អ»

ជន​បរទេស​ចម្រុះ​ជាតិ​សាសន៍​ជាច្រើន​ទៀត ក៏​មាន​ទស្សនៈ​ប្រហាក់​ប្រហែល​គ្នា​នឹង​កញ្ញា អ៊ុច បូព៌ាអង្គារាសី ដែរ គឺ​ពួក​គេ​ខំ​នាំ​គ្នា​ស្កាត់​មក​ពី​ឆ្ងាយ ដើម្បី​ចូលរួម​ការ​រត់​ប្រណាំង​នេះ។

ស្ត្រី​ម្នាក់​ជា​ជនជាតិ​អាមេរិកាំង ដែល​មិន​បាន​ប្រាប់​ឈ្មោះ មាន​ប្រសាសន៍​ថា នាង​បាន​ចូលរួម​រត់​ប្រណាំង​កីឡា​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​នៅ​មុខ​អង្គរ​វត្ត​ជា​លើក​ដំបូង។ នាង​មាន​ប្រសាសន៍​ទៀត​ថា មិត្តភ័ក្ដិ​របស់​នាង​បាន​ឆែក​ដឹង​អំពី​ព័ត៌មាន​នៃ​ការ​ចុះ​ឈ្មោះ​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​លើក​ទី​២០ នៅ​មុខ​អង្គរ​វត្ត​នេះ ហើយ​នាង​ក៏​បបួល​គ្នា​ធ្វើ​ដំណើរ​ពី​ទីក្រុង​បាងកក ប្រទេស​ថៃ មក​ចូលរួម​តែ​ម្ដង៖ «ខ្ញុំ​រីក​រាយ​ខ្លាំង​ណាស់​ពេល​ដែល​ឃើញ​មនុស្ស​ជាច្រើន​ពោរពេញ​ដោយ​កម្លាំង នាំ​គ្នា​រត់​ប្រណាំង។ ពេល​ខ្ញុំ​កំពុង​រត់​ប្រណាំង គឺ​ខ្ញុំ​បាន​ឃើញ​អង្គរ និង​ធម្មជាតិ ព្រម​ទាំង​មនុស្ស​ជាច្រើន ហាក់​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សន្តិភាព​ក្នុង​ចិត្ត​ជា​ខ្លាំង»

មន្ត្រី​ក្រសួង​ទេសចរណ៍ និង​អាជ្ញាធរ​ខេត្ត​សៀមរាប រំពឹង​ថា ព្រឹត្តិការណ៍​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​នេះ ក្រៅ​តែ​ពី​ការ​ជួយ​លើក​ស្ទួយ​វិស័យ​កីឡា វា​ក៏​ជា​ព្រឹត្តិការណ៍​សម្រាប់​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស ឲ្យ​ចូល​មក​ទស្សនា​កម្ពុជា បាន​កាន់​តែ​ច្រើន​ថែម​ទៀត​សម្រាប់​ពេល​អនាគត​ដែរ៖ «»។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍​កីឡា​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​នេះ ក្រៅ​តែ​ពី​មាន​គោលដៅ​រក​មូលនិធិ​ទៅ​ជួយ​ដល់​ជន​ពិការ ជួយ​ដល់​កាកបាទ​ក្រហម ជួយ​ដល់​មន្ទីរពេទ្យ​កុមារ និង​ជន​រងគ្រោះ​ដោយសារ​គ្រាប់​មីន វា​ក៏​ជា​ព្រឹត្តិការណ៍​ដែល​អាច​ជួយ​ផ្សព្វផ្សាយ​សក្ដានុពល​ទេសចរណ៍​របស់​កម្ពុជា ផង​ដែរ៖ «យើង​គិត​ថា​យើង​បាន​ផ្សព្វផ្សាយ​ទូលំទូលាយ​ទៅ​ខាង​ក្រៅ តាម​រយៈ​ព្រឹត្តិការណ៍​នេះ​ពី ១​ឆ្នាំ​ទៅ ១​ឆ្នាំ។ អ៊ីចឹង​យើង​ឃើញ​ថា ៤​ពាន់​នាក់​ដែល​មក​ចូលរួម​ទាំង​កូន​ទាំង​ចៅ អាច ១​ម៉ឺន​នាក់​ជាង​ហើយ»

អភិបាល​ខេត្ត​សៀមរាប លោក ឃឹម ប៊ុនសុង មាន​ប្រសាសន៍​ថា ខេត្ត​សៀមរាប គឺ​ជា​ខេត្ត​មួយ​ដែល​ពឹង​ផ្អែក​លើ​វិស័យ​ទេសចរណ៍​ច្រើន​ជាង​គេ បន្ទាប់​ពី​វិស័យ​កសិកម្ម​ជា​ចម្បង។ លោក ឃឹម ប៊ុនសុង បញ្ជាក់​ទៀត​ថា នៅ​ពេល​ដែល​រដ្ឋាភិបាល និង​ក្រសួង​ទេសចរណ៍ កំពុង​ប្រឹងប្រែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឲ្យ​ចូល​មក​ទស្សនា​កម្ពុជា នេះ គឺ​លោក​ជា​អាជ្ញាធរ​ខេត្ត ក៏​កំពុង​ប្រឹងប្រែង​រៀបចំ​តំបន់​ទេសចរណ៍​ធម្មជាតិ​ឲ្យ​បាន​ច្រើន​កន្លែង​ថែម​ទៀត ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស បាន​មក​ស្នាក់នៅ​ខេត្ត​សៀមរាប បាន​ច្រើន​ថ្ងៃ៖ «ទាំង​ខ្ញុំ​ទាំង​ឯកឧត្តម​ដែល​មាន​វត្តមាន​នៅ​ទីនេះ បាន​គិតគូរ​គ្រប់​ពេលវេលា ដើម្បី​ពង្រីក​តំបន់​កម្សាន្ត​សម្រាប់​ភ្ញៀវ​ទេសចរ»

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ឲ្យ​ដឹង​ថា តាម​ការ​វាយ​តម្លៃ​របស់​ពិភពលោក គឺ​កម្ពុជា ជា​ប្រទេស​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​មាន​ឧត្តមភាព អាច​ប្រកួត​ប្រជែង​ផ្នែក​ទេសចរណ៍​វប្បធម៌ និង​ទេសចរណ៍​ធម្មជាតិ​ជាមួយ​បណ្ដា​ប្រទេស​ជាច្រើន​ទៀត​នៅ​ក្នុង​ពិភពលោក​បាន ដោយសារ​កម្ពុជា មាន​ប្រាសាទ​បុរាណ និង​តំបន់​ទេសចរណ៍​ធម្មជាតិ រួម​ទាំង​ឆ្នេរ​សមុទ្រ​ផង។ លោក ថោង ខុន រំពឹង​ថា សម្រាប់​ឆ្នាំ​២០២០ ខាង​មុខ កម្ពុជា អាច​នឹង​មាន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​មក​កម្សាន្ត​ប្រមាណ​ពី ៧​លាន ៥​សែន ទៅ ៨​លាន​នាក់។

នៅ​ឆ្នាំ​២០១៥ នេះ កម្ពុជា ធ្លាប់​រំពឹង​ទុក​ថា នឹង​អាច​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ៥​លាន​នាក់ ប៉ុន្តែ​មិន​ទាន់​បាន​សម្រេច​ជោគជ័យ​តាម​ការ​រំពឹង​ទុក​នៅ​ឡើយ​ទេ។ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ប៉ាន់​ប្រមាណ​ថា យ៉ាង​ហោច​ណាស់​រហូត​ដល់​ដំណាច់​ឆ្នាំ​២០១៥ កម្ពុជា ក៏​អាច​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ ៤​លាន ៨​សែន​នាក់​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Khmer American

ពី USA

A way to go to promote sports and tourism in Cambodia. I wish to see the Cambodian Angkor's marathon is well known and actively participated worldwide like the Boston and New York Marathons in the United States. Hanging more posters about the events everywhere and keep spreading the words. Special two thumps up to all the organizers and supporters of the Cambodian Angkor Marathons.

Dec 06, 2015 01:12 PM

គេហទំព័រ​ទាំងមូល