កម្មករ​ជាង ​៣០០​នាក់​នៅ​រោងចក្រ​មួយ​ក្នុង​ខណ្ឌ​កំបូល​ តវ៉ា​ឲ្យ​ថៅកែ​ទទួល​យក​តំណាង ​៤​នាក់​​ចូល​​ធ្វើ​ការ​​វិញ

ដោយ អាស៊ីសេរី
2020-03-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

កម្មករ​នៃ​រោងចក្រ​ផលិត​កាបូប​យួរ​ដៃ ​ប្រមាណ​ ៣០០​នាក់​ នាំ​គ្នា​ធ្វើ​កូដកម្ម​ ទាមទារ​ឲ្យ​ថៅកែ​ចិន​ទទួល​យក​តំណាង​ពួកគេ​ ៤​នាក់​ឲ្យ​ចូល​ធ្វើ​ការ​វិញ និង​ទទួល​ស្គាល់​ការ​បង្កើត​សហជីព​ក្នុង​រោងចក្រ​។

តំណាង​កម្មករ លោក អួក ឆវ័ន្ទ ប្រាប់​អាស៊ី​សេរី​ នៅ​ថ្ងៃ​ទី​៩ ខែ​មីនា​ថា​ ភាគី​ថៅកែ​នៅ​តែ​មិន​ព្រម​ទទួល​យក​ពួកគាត់​ទាំង​ ៤​នាក់ ឲ្យ​ចូល​ធ្វើការ​វិញ​ទេ ថ្វី​បើ​មាន​ការ​សម្របសម្រួល​ដោះស្រាយ​វិវាទ​នេះ​ពី​មន្ត្រី​នៃ​ក្រសួង​ការងារ​ម្ដង​ជា​ពីរ​ដង​ហើយ​ក៏​ដោយ។

លោក ឲ្យ​ដឹង​ថា កម្មករ​ភាគ​ច្រើន ​យល់​ព្រម​សម្រេច​ឲ្យ​គាត់​៤​នាក់​ ធ្វើ​ជា​តំណាង​ពួកគេ ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​កម្មករ​ ប៉ុន្តែ​ភាគី​រោង​ចក្រ​ បែរ​ជា​មិន​ចង់​ឲ្យ​មាន​តំណាង​កម្មករ ឬ​សហជីព​ណាមួយ​នៅ​ក្នុង​រោងចក្រ​នោះ​ទេ ក្រៅ​ពី​សហជីព​ខាង​ភាគី​ថៅកែ​បាន​​បង្កើត​ឡើង។

ប្រធាន​រដ្ឋបាល​រោងចក្រ ធី​អែន​អែល (T&L) លោក ឈុន ប៉េងឡេង ប្រាប់​អាស៊ី​សេរី​យ៉ាង​ខ្លី​ថា ភាគី​រោងចក្រ​កំពុង​ពិភាក្សា​ដោះស្រាយ​រឿង​នេះ ជាមួយ​មន្ត្រី​នៃ​ក្រសួង​ការងារ​និង​តំណាង​កម្មករ ប៉ុន្តែ​ការ​សម្រេច​យ៉ាង​ណា​នោះ​នៅ​មិន​លេច​ចេញ​នៅ​ឡើយ។

អាស៊ី​សេរី​ មិន​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​មន្ត្រី​ផ្សះផ្សា​វិវាទ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ឡាំ ប៊ុនថា ដែល​ចុះ​ដោះ​ស្រាយ​ករណី​វិវាទ​ការងារ​បាន​នៅ​ឡើយ​ទេ ដោយ​គ្មាន​ទទួល​ទូរស័ព្ទ។

ក្រុម​កម្មករ​បញ្ជាក់​ជំហរ​ថា ប្រសិន​បើ​ថៅកែ​មិន​ព្រម​ទទួលយក​តំណាង​ពួកគេ វិល​ចូល​ធ្វើ​ការ​វិញ​ទេ​ នោះ​ការ​ស្រែក​ទាមទារ​តវ៉ា​នៅ​ពី​មុខ​រោងចក្រ​ នឹង​បន្ត​ធ្វើ​ទៀត រហូត​ទទួល​បាន​ដំណោះ​ស្រាយ។ គិត​ចាប់​ពី​ថ្ងៃ​ទី៣ ខែ​មីនា កម្មករ​ចេញ​ធ្វើ​កូដកម្ម ដើម្បី​ឲ្យ​មាន​ដំណោះ​ស្រាយ​រឿង​នេះ អស់​រយៈ​ពេល​ជិត ១សប្ដាហ៍​មក​ហើយ។

រោងចក្រ​ផលិត​កាបូប​ដៃ ធី​អែន​អែល ខេមបូឌា (T&L Cambodia Handbags Industrial Co., Ltd) មាន​កម្មករ​បម្រើ​ការ​ងារ​សរុប​៣៨០​នាក់។ រោងចក្រ​នេះ​មាន ទីតាំង​ស្ថិត​នៅ​ភូមិ​តាភេម សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល