សមត្ថកិច្ច​កម្ពុជា​ឃាត់ខ្លួន​ជនជាតិ​ចិន​​ជាង ​​​៣០០​​នាក់​ សង្ស័យ​ពី​បទ​បើក​ល្បែង​ស៊ីសង​តាម​ប្រព័ន្ធ​អ៊ីនធឹណិត

ដោយ អូន ភាព
2019-09-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នគរបាលអន្តោប្រវេសន៍ ឃាត់ខ្លួន ជនជាតិចិន ១០៥នាក់ពាក់ព័ន្ធករណីប្រព្រឹត្តល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធើណិត(VOIP) នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩។
នគរបាលអន្តោប្រវេសន៍ ឃាត់ខ្លួន ជនជាតិចិន ១០៥នាក់ពាក់ព័ន្ធករណីប្រព្រឹត្តល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធើណិត(VOIP) នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩។
រូបភាពពីអគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ

សមត្ថកិច្ច​ក្រសួង​មហា​ផ្ទៃ​បាន​ឃាត់​ខ្លួន​​ជនជាតិ​ចិន​ ចំនួនសរុប​ ​៣២៣នាក់​ ​ក្នុង ករណីបីដាច់ដោយឡែកពីគ្នា ពី​បទសង្ស័យថា​ បាន​ប្រព្រឹត្តករណី​ចាប់ជំរិត គំរាមកំហែង​ទារប្រាក់​ និង​​បើក​ល្បែង​ស៊ីសង​តាម​ប្រព័ន្ធអ៊ីនធឹណិត​។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក​ អាត់​ បូនី បាន​ប្រាប់​អាស៊ីសេរី​ថា​ ​សមត្ថកិច្ច​អគ្គស្នងការ​នគរបាល​ជាតិនៃ​​ក្រសួង​មហាផ្ទៃ​

​បាន​ចុះ​ឆែក​​ទីតាំង​មួយកន្លែង​ក្នុង​ខ័ណ្ឌទួល​គោក​ រាជធានី​​ភ្នំ​ពេញ​ នៅ​​យប់​​ថ្ងៃ​អង្គារ៍​​ទី​១០​​ ខែ​​កញ្ញា​ ប៉ុន្តែ​​លោក​​មិន​​ទាន់​អាច​ផ្តល់​​ព័ត៌មាន​ជាក់លាក់​នៅ​ឡើយ​ទេ។

ទោះ​បី​ជា​យ៉ាង​ណា​ សារព័ត៌មាន​ក្នុង​ស្រុក​ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ៍​ ទី១០ កញ្ញា​ បាន​ឲ្យដឹង​ថា​ សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​ ​បាន​ឃាត់​ជន​ជាតិ​ចិន​ចំនួន ​២១៨ ​បន្ទាប់​ពី​សង្ស័យ​ថា​ជន​ជាតិចិនទាំងអស់នេះ​បានប្រព្រឹត្តករណី​ចាប់ជំរិត គំរាម​កំហែង​​ទារ​ប្រាក់​ និង​បើក​ល្បែង​ស៊ីសង​តាម​ប្រព័ន្ធអ៊ីនធឹណិត​(VOIP)​។​​

ជនជាតិ​ចិន​ចំនួន​ ៧១ ​នាក់ដែល​​បាន​ឃាត់ខ្លួននៅព្រឹក​ថ្ងៃ​អង្គារ៍​នេះ​​នៅ​ខ័ណ្ឌ​ចំការមន​ សុទ្ធតែ​​មាន​​ដីកា​ឃាត់​ខ្លួន​​ពី​​ប្រទេសចិន​​ និង​ជនជាតិចិន​ ១៤៧​នាក់​ត្រូវ​បាន​​ឃាត់ខ្លួន​នៅ​​ខ័ណ្ឌទួលគោក​ ក្រុងភ្នំពេញ។

ចំណែក​ ​កាល​ពី​រសៀល​ថ្ងៃ​​ទី​៩​ កញ្ញា​វិញ ក្រសួង​មហា​ផ្ទៃ​ ក៏​បាន​​ឃាត់​​ជន​​ជាតិ​ចិន​​ចំនួន​​ ១០៥នាក់​ដែរ​​ ហើយ​​បាន​​នាំ​​មក​​សាក​សួរ​​នៅ​​​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ​​បន្ទាប់​ពី​សង្ស័យ​​ថា ​​ជនជាតិចិន​​​ទាំង​​អស់​​នេះ​​បាន​​ប្រព្រឹត្ត​​ល្បែង​​ស៊ីសង​​ខុស​​ច្បាប់ តាម​​ប្រព័ន្ធអ៊ីន​ធឹណិត។​

​ជន​ជាតិចិន​ទាំង​នេះ​ ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​អគារ​ពាណិជ្ជកម្ម​មួយ​កន្លែង​ឈ្មោះ​​ សាន់​ថោន (Suntown) ក្នុង​សង្កាត់​ អូរ​បែក​ក្អម​ ខ័ណ្ឌ​សែន​សុខ​ រាជធានី​​ភ្នំពេញ ហើយឥឡូវ​នេះ​សមត្ថកិច្ចកំពុង​សាក​សួរ​ ដើម្បី​រក​ឲ្យ​ឃើញ​ថា​មាន​ចំនួន​ប៉ុន្មាន​នាក់​ដែលបាន​ប្រព្រឹត្ត​បទ​ល្មើស។

លោក​​​ អាត់​ បូនី​ និយាយថា កម្លាំង​សមត្ថកិច្ច​បាន​​ចុះឆែក​ឆេរ​នៅ​អគារ​នោះ​ ព្រោះ​សង្ស័យ​ថា ​ជន​ជាតិ​ចិន​​ទាំង​​អស់​​នេះ​​​ប្រព្រឹត្ត​ល្បែង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ីនធឹណិត។ លោក​ថាសមត្ថកិច្ចបាន​នាំខ្លួន​ជនជាតិចិន​ទាំង​​១០៥​នាក់​​នេះ​មក​សាកសួរ​នៅ​​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​ ហើយ​ឥឡូវ​នេះ​កំពុង​ផ្ទៀង​ផ្ទាត់​ប័ណ្ណ​ការងារ ដូច្នេះ​លោកមិន​ទាន់​បាន​កំណត់​ថា​មាន​ជន​ជាតិចិន​ប៉ុន្មាននាក់​មាន​ទោស​នៅឡើយ​ទេ”។

លោក​ ​អាត់​ បូនី ប្រាប់ថា​ សមត្ថកិច្ច​បាន​ដក​ហូត​វត្ថុតាង​ មាន​ដូចជា​ទូរស័ព្ទ​ដៃ​ចំនួន​​ ១៩១គ្រឿង​ កំព្យូទ័រយួរដៃ​ (laptop) ចំនួន ​៤​គ្រឿង Ipaid ​ចំនួន ​២​គ្រឿង​ កាមេរ៉ា​ចំនួន ២គ្រឿង​ លិខិត​ឆ្លង​ដែន​ ចំនួន​ ៤៧ក្បាល​ រថយន្ត​ ម៉ាក​​ Lexus​​ ១ គ្រឿង​​ ម៉ូនីធ័រ​ (Monitor) ចំនួន​​ ៩៥គ្រឿង និង​ប្រអប់​ (Case) ចំនួន ៨០គ្រឿង។

លោកថា​ ​កម្ពុជា​នឹង​ចាត់វិធាន​ការ​តាម​ច្បាប់​​ បើសិន​ជា​រក​ឃើញ​​ពួកគេទាំង​នេះ​បាន​ប្រព្រឹត្ត​​បទ​ល្មើស​​មែន។

កន្លង​សង្គម​ស៊ីវិល​រិះគន់​អាជ្ញាធរ​ភ្នំពេញ​ថា​ មិន​បាន​ផ្ដន្ទាទោស​ជនជាតិ​ចិន មុន​នឹង​បញ្ជូន​ទៅ​ប្រទេស​ចិន​វិញ​នោះ​ទេ​ ដែល​បណ្ដាល​ឲ្យ​ជនជាតិ​ចិន​ទាំងនោះ​ មិន​ខ្លាច​នឹង​បន្ត​ប្រព្រឹត្ត​បទល្មើស​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល