ព្រះសង្ឃ​៣​អង្គ​នៅ​ឧត្ដរមានជ័យ​ដែល​អាជ្ញាធរ​ប៉ុនប៉ង​ចាប់​ផ្សឹក​ស្វែងរក​យុត្តិធម៌​នៅ​ភ្នំពេញ

ដោយ យាង សុជាមេត្តា និង​ខែ សុណង
2015-01-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះសង្ឃ​៣​អង្គ​(គង់​ជួរ​មុខ) ដែល​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​ឧត្តរមានជ័យ ព្យាយាម​ចាប់​ផ្សឹក​ដោយ​បង្ខំ ក្នុង​​សន្និសីទកាសែត នា​ភោជនីយដ្ឋាន​បៃតង រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែ​មករា ២០១៥។
ព្រះសង្ឃ​៣​អង្គ​(គង់​ជួរ​មុខ) ដែល​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​ឧត្តរមានជ័យ ព្យាយាម​ចាប់​ផ្សឹក​ដោយ​បង្ខំ ក្នុង​​សន្និសីទកាសែត នា​ភោជនីយដ្ឋាន​បៃតង រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែ​មករា ២០១៥។
RFA/Yeang Socheametta

ព្រះសង្ឃ​៣​អង្គ​ដែល​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​ឧត្តរមានជ័យ ព្យាយាម​ចាប់​ផ្សឹក​ដោយ​បង្ខំ បាន​និមន្ត​ឡើង​មក​ក្រុងភ្នំពេញ ដើម្បី​បន្ត​ស្វែងរក​យុត្តិធម៌​ពី​ស្ថាប័ន​ពាក់ព័ន្ធ។ ការ​អំពាវនាវ​ស្វែងរក​យុត្តិធម៌​នេះ ធ្វើឡើង​ក្នុង​សន្និសីទកាសែត រៀបចំ​ដោយ​អង្គការ​ធម្មទាន​សង្គម កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែ​មករា នា​ភោជនីយដ្ឋាន បៃតង ក្រុងភ្នំពេញ។

ព្រះសង្ឃ​ទាំង​៣​អង្គ គឺ​ព្រះតេជព្រះគុណ អ៊ុំ វិចិត្រ ព្រះតេជព្រះគុណ ឡា ហួរ និង ព្រះ​តេជព្រះគុណ ឃុន ឆេង ដែល​អះអាង​ថា ព្រះអង្គ​គ្មាន​កំហុស​អ្វី រហូតដល់​ធ្វើ​ឲ្យ​មន្ទីរ​ធម្មការ​និង​សាសនា ចាប់​ផ្សឹក​ព្រះអង្គ​នោះ កំពុង​បន្ត​ស្វែងរក​អន្តរាគមន៍ ពី​អង្គការ​ធម្មទាន​សង្គម​ដើម្បី​ឲ្យ​ជួយ ស្វែងរក​យុត្តិធម៌​ថ្វាយ​ព្រះអង្គ។

ថ្លែង​ក្នុង​សន្និសីទកាសែត ដែល​មាន​ការចូលរួម​ពី​ព្រះសង្ឃ ជា​សមាជិក​នៃ​អង្គការ ធម្មទាន​សង្គម ប្រមាណ​ជាង​២០​អង្គ អតីត​ព្រះ​ចៅអធិការ​ស្ដីទី​វត្ត​ធម្មសណ្តោសពុទ្ធវិន័យ ព្រះតេជព្រះគុណ អ៊ុំ វិចិត្រ មាន​ថេរ​ដីកា ថា​ព្រះអង្គ និង​ព្រះសង្ឃ​២​អង្គ​ផ្សេងទៀត មិនបាន ប្រព្រឹត្ត​កំហុស​ឆ្គង​អ្វី ផ្ទុយ​ពី​ធម៌​វិន័យ​ព្រះពុទ្ធសាសនា ដែល​ឈាន​ដល់​ការ ចាប់​ផ្សឹក​នោះ​ទេ។ ព្រះអង្គ​លើក​ឡើង​ថា គេ​បាន​ចោទប្រកាន់​ព្រះអង្គ​ថា មិន​គោរព​សង្ឃ​នាយក។ ប៉ុន្តែ​ព្រះអង្គ​ថា ការចោទប្រកាន់​នេះ គឺ​បន្ទាប់ពី​ក្រុម​ព្រះអង្គ បាន​ឡើង​ចូលរួម​មតិ ក្នុង​អង្គប្រជុំ​មួយ​ពាក់ព័ន្ធ​នឹង​ការងារ​ក្នុង​វត្ត ដែល​ធ្វើ​ឲ្យ​គេ​មិន​ពេញចិត្ត។

បើ​តាម​ព្រះ​តេជគុណ អ៊ុំ វិចិត្រ ព្រះអង្គ និង​ព្រះសង្ឃ​២​អង្គ​ផ្សេងទៀត ដែល​កំពុង​រង​ការ​គំរាម កំហែង​ចាប់​ផ្សឹក​ដូចគ្នា​ដែរ​នោះ មិន​ត្រូវ​បាន​មន្ទីរ​ធម្មការ និង​សាសនា ខេត្ត​ឧត្ដរមានជ័យ អនុញ្ញាត​ឲ្យ​ចូល​វត្ត​ទៀត​ឡើយ ទើប​ព្រះអង្គ​ឡើង​មក​ភ្នំពេញ​ស្វែងរក​អន្តរាគមន៍​ពី​ស្ថាប័ន នានា ឲ្យ​ជួយ​រក​យុត្តិធម៌។

ពាក់ព័ន្ធ​ករណី​ចាប់​ផ្សឹក​ព្រះសង្ឃ​នេះ ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា ខេត្ត​ឧត្ដរមានជ័យ លោក ឈឹម តឿ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​២៧ មករា ថា ការ​ចាប់​ផ្សឹក​ព្រះសង្ឃ​ទាំងនេះ គឺ​អនុវត្ត​ទៅតាម​ដីកា​របស់​គណៈ​សង្ឃនាយក​រង និង​ជា​ព្រះប្រធាន ថេរៈ​សភា ព្រះពុទ្ធសាសនា​គណៈ​ធម្មយុត្ត ហើយ​ថា​មន្ទីរ​ធម្មការ មិនបាន​ប្រើ​អំណាច នោះ​ទេ។ យ៉ាងណាក៏ដោយ លោក ឈឹម តឿ អះអាង​ថា ព្រះសង្ឃ​៣​អង្គ​នោះ បាន​ធ្វើ​ខុស វិន័យ ដោយ​បង្ក​បញ្ហា​ជាច្រើន និង​មិនមែន​ជា​សង្ឃ​ស្រែបុណ្យ​ទៀត​នោះ​ទេ។

ចំណែក​នាយក​ប្រតិបត្តិ​អង្គការ​ធម្មទាន​សង្គម ព្រះ​តេជគុណ ងឹម សៅរ៍សំខាន់ ដែល​បាន​ចូលរួម​ក្នុង​សន្និសីទកាសែត​ដែរ​នោះ មាន​ថេរ​ដីកា​ថា អង្គការ​ព្រះអង្គ​នឹង​ខិតខំ​គ្រប់ មធ្យោបាយ ដើម្បី​ស្វែងរក​យុត្តិធម៌​ប្រគេន​ព្រះសង្ឃ​ទាំង​៣​អង្គ។ ព្រះតេជព្រះគុណ បញ្ជាក់​ថា ព្រះអង្គ​នឹង​ទាមទារ​ឲ្យ​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា ខេត្ត​ឧត្ដរមានជ័យ បំភ្លឺ​ឲ្យ​ច្បាស់​ពី ករណី​ចាប់​ផ្សឹក​ព្រះសង្ឃ​នៅ​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Vachea rerng ayottetorr moy somrab preas sonk khmer del Tammaka tver beb nis va chea mean min laor som rab (preas pottasasna).

Jan 31, 2015 02:00 PM

គេហទំព័រ​ទាំងមូល